សាលា​ខណ្ឌ​ចំការ​មន ចេញ​សេចក្ដី​ជូន​ដំណឹង​ឲ្យរុះរើ​ផ្កា ចេញ​ពី​កន្លែង​ចាក់​សំរាម
Posted On : ឧសភា, 17, 2015 | By សំឡេងទីក្រុង

ប្រភពៈ Dap-News Sunday, 17 May 2015 ដោយ៖ សយ សុភាព

ភ្នំពេញ៖ យោងតាមមន្ត្រីជាន់ខ្ពស់សាលារាជធានីភ្នំពេញ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ឲ្យដឹងថា បន្ទាប់ពីមានការរិះគន់ពីប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរឆ្លងកាត់ប្រឡាយទឹកស្អុយ ក្បែរពន្ធដារខណ្ឌចំការមន ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ សាលារាជធានីភ្នំពេញ បានបញ្ជាឲ្យអភិបាលខណ្ឌចំការមន ចេញសេចក្ដីជូនដំណឹងប្រាប់ទៅម្ចាស់ជួល ទីតាំងទីធ្លាចាក់សំរាម ឲ្យរុះរើផើងផ្កា និងសម្ភារចេញ ដោយយកទីតាំងនោះ បន្តជាកន្លែងផ្ទុកសំរាមធម្មតា ចៀសវាងសំរាមបច្ចុប្បន្នដែលបានចាក់នៅលើផ្លូវ និងចូលទៅមាត់ប្រឡាយ ដែលបង្កឲ្យស្ទះប្រឡាយ ក្លិនស្អុយ និងស្ទះចរាចរណ៍។

លោក យ៉ាដា នាយករដ្ឋបាលសាលារាជធានីភ្នំពេញ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនៅវេលាថ្ងៃត្រង់ ថ្ងៃអាទិត្យ ទី១៧ ខែឧសភា ឆ្នាំ២០១៥នេះថា សាលារាជធានីភ្នំពេញ បានបញ្ជាឲ្យសាលាខណ្ឌចេញសេចក្ដីជូនដំណឹង ទៅម្ចាស់ភាគីរួចរាល់ហើយ ហើយទីតាំងនេះនឹងនៅរក្សាជាទីតាំងផ្ទុកសំរាម ព្រមទាំងសាលារាជធានីភ្នំពេញ យកចិត្តទុកដាក់សម្អាតប្រឡាយជាប្រចាំ ដោយមិនឲ្យសំរាមធ្លាក់ចូលប្រឡាយ ដែលបង្កការកកស្ទះទឹកលូ ដែលហូរចេញឆ្ពោះទៅកន្លែងស្តុកបឹងជើងឯក ដែលមានម៉ាស៊ីនចាំបូម នៅមិនឆ្ងាយទីតាំងនោះឡើយ។

ប្រជាពលរដ្ឋនៅតំបន់នោះ ក៏ដូចជាអ្នកធ្វើដំណើរឆ្លងកាត់ សូមថ្លែងអំណរគុណចំពោះ អភិបាលរាជធានីភ្នំពេញ ក៏ដូចជាអភិបាលខណ្ឌ ដែលបានទទួលយកនូវសំណូមពរ ចំពោះការស្នើសុំឲ្យរក្សាកន្លែងស្តុកសំរាម ប្រយោជន៍រក្សាទុកសំរាមសម្រាប់ឲ្យក្រុមហ៊ុន ស៊ិនទី្រ មកប្រមូល៕

K-3492

១. ដេប៉ូសំរាមនៅផ្លូវ លេខ៤៨៤ កែង១០៥ ក្នុងសង្កាត់ផ្សារដើមថ្កូវនេះ មានទំហំ ៥×១០ម៉ែត្រ ដែល

មានការប៉ះពាល់បរិស្ថានយ៉ាងខ្លាំង បានជះក្លិនស្អុយរំខានដល់ការសិក្សារបស់សិស្ស និងប្រជាពលរដ្ឋជិតខាង ក្នុងនោះលោកស្រីនាយិកា សាលាបឋមសិក្សាបឹងត្របែកខាងកើត និងប្រជាពលរដ្ឋរស់នៅជិតខាងដេប៉ូនេះ បានផ្ញើលិខិតទៅសាលារាជធានីភ្នំពេញ សុំអន្តរាគមន៍បិទដេប៉ូសំរាមនេះ ហើយសាលារាជធានីបានប្រជុំ
និងបានចេញលិខិតឲ្យបញ្ឈប់ការចាក់សំរាមនៅទីតាំងនេះទៀត ហើយបានប្រគល់ឲ្យក្រុមហ៊ុនស៊ិនទ្រី សម្អាតទីតាំងនេះឲ្យបានស្អាត ។

កន្លងមកសាលាខណ្ឌ សាលាសង្កាត់ បានសហការជាមួយក្រុមហ៊ុនស៊ិនទ្រី ធ្វើការងារនេះជាប្រចាំ ដោយដាក់កម្លាំងកម្មករ និងរទេះរុញចល័តនៅទីតាំងនេះ ក៏ប៉ុន្តែនៅតែមានប្រជាពលរដ្ឋលបលួច យកសំរាមមកបោះចោលក្បែរៗ ទីតាំងនេះយ៉ាងអនាធិបតេយ្យ។ ចំពោះមុខសាលាខណ្ឌ នឹងខិតខំធ្វើការទំនាក់ទំនងជាមួយអ្នក គ្រប់គ្រងសំរាមប្រចាំខណ្ឌ ដើម្បីចាត់ការសំរាមនេះអោយបានល្អ។

២. បញ្ហាលើកឡើងថា សាលាខណ្ឌបានជួលអតីតដេប៉ូសំរាមនេះទៅឲ្យឯកជនដើម្បីលក់ផ្កា យើងខ្ញុំសូមបំភ្លឺថា សាលាខណ្ឌមិនបានជួលទីតាំងនេះទេ គឺប្រជាពលរដ្ឋដែលមានផ្ទះនៅក្បែរទីតាំងនេះឈ្មោះ លឹម ប្រែក ជាអ្នកជួល។ ដំបូងបានជួលទៅអោយអ្នកលក់ទឹកកក ឃើញដូច្នេះសាលាខណ្ឌ បានអញ្ជើញឈ្មោះ លឹម ប្រែក មកធ្វើកំណត់ហេតុណែនាំ ហើយបានចេញ ស.ជ.ណ ចុះថ្ងៃទី១៦ មីនា ២០១៥ ឲ្យឈ្មោះ លឹម ប្រែក និងអ្នកលក់ទឹកកករុះរើសំណង់ជញ្ជាំងថ្មចេញ ហើយបញ្ឈប់ការលក់ដូរក្នុងរយៈពេល ០៣ថ្ងៃ ចាប់ពីថ្ងៃចេញ ស.ជ.ណ នេះតទៅ។ ហើយឈ្មោះ លឹម ប្រែក និងអ្នកលក់ទឹកកក ក៏បានអនុវត្តតាម ស.ជ.ណ នេះរួច រាល់ហើយ។ ក្រោយមកទៀតឈ្មោះ លឹម ប្រែក នេះដដែល បានជួលទីតាំងអតីតដេប៉ូសំរាមនេះ ទៅឲ្យអ្នកលក់ផ្កាម្តង ទៀត ហើយថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៥ សាលាខណ្ឌបានណែនាំឈ្មោះ លឹម ប្រែក និងអ្នកលក់ផ្កា ព្រមទាំងចេញ ស.ជ.ណ ឲ្យបញ្ឈប់ការលក់ដូរហើយរុះរើសម្ភារចេញក្នុងរយៈពេល ០៧ថ្ងៃ ចាប់ពីថ្ងៃចេញ ស.ជ.ណ នេះ។

៣. បញ្ហារថយន្តធុនធ្ងន់ចូលរាជធានី អនុវត្តតាមអនុសាសន៍ដឹកនាំ របស់ឯកឧត្តមអភិបាលរាជធានី សាលាខណ្ឌចំការមន បានរៀបចំក្រុមការងារថ្នាក់ខណ្ឌមួយ ដោយមានលោកអភិបាលរងខណ្ឌម្នាក់ ដឹកនាំអនុវត្ត។ ការងារនេះយើងបានធ្វើជាប់ជាប្រចាំព្រមទាំងបានឃាត់រថយន្តធំៗជាច្រើនមកអប់រំណែនាំ រីឯរថយន្តធំៗចូលក្នុងរាជធានីបាននោះ គឺសុទ្ធតែមានលិខិតអនុញ្ញាតពីសាលារាជធានី ដែលជារបស់ jica (គំរោងអភិវឌ្ឍន៍លូ) និងក្រុមហ៊ុន ocic (កោះពេជ្រសាងសង់ស្ពានអាកាស) ៕

សំឡេងទីក្រុង!

សំឡេងទីក្រុង!