សាលា​ក្រុង​សិក្សា​ផល​ប៉ះពាល់​ជំរុញ​ការ​សង់​ស្ពាន​អាកាស​ទី​៤
Posted On : January, 14, 2015 | By សំឡេងទីក្រុង

ដោយ សែន ដាវីត, ភ្នំពេញបុស្តិ៍ុ, ថ្ងៃទី ១៤ មករា ២០១៥

សាលារាជធានី​ភ្នំពេញ​បាន​បង្ហាញ​របាយការណ៍​ស្តីពី​ផល​ប៉ះ​ពាល់​អំពី​ការ​ ស្ថាបនា​ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​ តិចណូ ​ស្ថិត​នៅ​ក្នុង​ខណ្ឌ​ទួល​គោក​រាជធានី​ភ្នំពេញ ក្នុង​គោល​បំណង​ឈាន​ទៅ​ធ្វើ​ការ​សាងសង់​ឲ្យ​បាន​ឆាប់​រហ័ស ដើម្បី​ចៀស​វាង​ការ​ថ្នាំង​ថ្នាក់​ពី​សំណាក់​គ្រួសារ​រង​ផល​ប៉ះ​ពាល់។

លោក ប៉ា សុជាតិវង្ស អភិបាល​រាជធានី​ភ្នំពេញ​បាន​បើក​កិច្ច​ប្រជុំ​កាល​ពី​ថ្ងៃ​ទី​១២ ខែ​មករា ​ជាមួយ​នឹង​ក្រុម​មន្ដ្រី​ជំនាញ​ដើម្បី​សិក្សា​អំពី​ផល​ប៉ះពាល់ ទៅ​លើ​ការ​ស្ថាបនា​ស្ពាន​អាកាស​ទី៤ ជិត​ស្តុប​សាលា​ តិចណូ ក្នុង​ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ។

លោក ឡុង ឌីម៉ង់ អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​កាល​ពី​ម្សិល​មិញ​ថា សាលា​​រាជធានី​ភ្នំពេញ ពិត​ជា​មាន​កិច្ច​ប្រជុំ ស្តី​ពី​ការ​សិក្សា​ផល​ប៉ះ​ពាល់​ស្ពាន​អាកាស​ តិចណូ ដើម្បី​ឈាន​ទៅ​រក​ការ​សាង​សង់​ស្ពាន​នេះ​ឲ្យ​បាន​រលូន។

លោកបន្តថា៖ «ពិត​ជា​មាន​កិច្ច​ប្រជុំ​ដើម្បី​សិក្សា​ អំពី​ផល​ប៉ះពាល់​ស្ពាន​អាកាស​តិចណូ​​នេះ​មែន»។

នៅក្នុង​បទ​បង្ហាញ​របស់​មន្ដ្រី​ជំនាញ​បាន​ឲ្យដឹង​ថា ​តាម​ការ​សិក្សា​គម្រោង​ស្ពាន​អាកាស​ទី ៤ តិចណូ នឹង​ផ្តល់​ផល​ប៉ះពាល់​ទៅ​លើ​លំនៅឋាន​ប្រជាពលរដ្ឋ​ជាង ៣០ គ្រួសារ ក្នុង​នោះ​មាន ៦ ខ្នងផ្ទះ​ប៉ះពាល់​ដល់​ប្លង់​កម្មសិទ្ធិ និង​ ៦ ខ្នងផ្ទះ ប៉ះពាល់​ផ្លូវ​ក្រោម​ដី ក្រៅពី​នេះ​ប៉ះពាល់ ២តឹក ទៅ​កន្លះ​ម៉ែត្រ។

លើសពីនេះ ស្ពាន​អាកាស​តិចណូ នឹង​ប៉ះពាល់​ដី​សាលា​តិចណូ ដី​របស់​ក្រុមហ៊ុន​លោក​ឧស្មាន ហាស្សាន់ ១ ពាន់​ម៉ែត្រការ៉េ ប៉ះពាល់​បំពង់​ទឹក​ស្អាត ខ្សែ​ភ្លើង ខ្សែ​កាប​ក្រោម​ដី​ជា​ដើម។

នៅក្នុង​កិច្ច​ប្រជុំ​នោះ​លោក ប៉ា សុជាតិ​វង្ស​ បាន​ណែ​នាំ​ឲ្យ​លោក អៀង អូននី អភិបាលរង​រាជធានី​ភ្នំពេញ ត្រូវ​ដឹកនាំ​មន្ទីរ​និង​ជំនាញ​ពាក់ព័ន្ធ​ទាំង​អស់ ចុះ​សិក្សា​ឲ្យ​បាន​ច្បាស់លាស់​លើ​បញ្ហា​នេះ ដើម្បី​ជំរុញ​ការ​ដោះ​ស្រាយ​ផល​ប៉ះពាល់ ឲ្យ​បាន​លឿន ចៀសវាង​ការ​ថ្នាំង​ថ្នាក់​ពី​ប្រជាពលរដ្ឋ។

លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ​រាជធានី​ភ្នំពេញ​ថ្លែង​ក្នុង​អង្គ​ប្រជុំ​ថា អ្វីដែល​ជា​បញ្ហា​ចោទ គឺ​ផល​ប៉ះពាល់​ទៅ​លើ​លំនៅឋាន និង​ដី​ជា​កម្មសិទ្ធិ​ប្រជាពលរដ្ឋ​ដែល​អាជ្ញាធរ​កំពុង​ជំរុញ​ការ​ដោះស្រាយ​ ក្នុង​ពេល​នេះ។

គម្រោង​ស្ពានអាកាស​ទី៤ នៅ​ស្តុប​តិចណូ មាន​ប្រវែង ៣៨២ ម៉ែត្រ ទទឹង​ ១៥ ម៉ែត្រ កម្ពស់​សុវត្ថិភាព ៥,២ ម៉ែត្រ ត្រូវ​សាង​សង់​តាម​បណ្តោយ​មហាវិថី​សហព័ន្ធ​រុស្ស៊ី រួម​និង​ផ្លូវ​ក្រោម​ដី​មួយ​ខ្សែ មាន​​ប្រវែង ៣៥៦ ម៉ែត្រ, ទទឹង​ពី ៦ ម៉ែត្រ ទៅ ៨ ម៉ែត្រ សង់​ក្រោម​មហាវិថី​សហព័ន្ធ​រុស្សី កាត់​ពី​មហាវិថី​ម៉ៅ​សេទុង ភ្ជាប់​ទៅ​មហាវិថី​គីម​អ៊ីលស៊ុង រង្វង់​មូល​ទួលគោក​ ប្រើ​ពេល​ ១៦ ខែ ថវិកា​ប្រមាណ ១៤ លាន​ដុល្លារ​អាមេរិក ទទួល​សាងសង់​ដោយ​ក្រុមហ៊ុន​ OCIC និង​បាន​សម្ពោធ​បើក​ការ​ដ្ឋាន​សាង​សង់ ដោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី៩ កញ្ញា ឆ្នាំ​២០១៤៕

Urban Voice Cambodia

Urban Voice Cambodia