សាលា​ក្រុង​មិន​អនុញ្ញាត​ឲ្យ​ប្រារព្ធ​ខួប​បាត់​បង់​ទឹក​ដី​កម្ពុជា​ក្រោម​នៅ​ទីលាន​ប្រជាធិបតេយ្យ
Posted On : May, 29, 2015 | By សំឡេងទីក្រុង

ប្រភព៖ RFA, ដោយ យាង សុជាមេត្តា

អាជ្ញាធរ​សាលា​រាជធានី​ភ្នំពេញ មិន​អនុញ្ញាត​ឲ្យ​អង្គការ-សមាគម​ខ្មែរ​កម្ពុជា​ក្រោម ធ្វើ​ពិធី​រំឭក​ខួប​បាត់បង់​ទឹក​ដី​កម្ពុជា​ក្រោម នៅ​លើ​ទីលាន​ប្រជាធិបតេយ្យ​នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា ដូច​ការ​ស្នើសុំ​នោះ​ទេ។ អាជ្ញាធរ​អះអាង​ថា ទីលាន​ប្រជាធិបតេយ្យ​មិន​មែន​ជា​កន្លែង​សម្រាប់​ប្រារព្ធ​ពិធី​បែប​សាសនា​ ឡើយ។

តំណាង​អង្គការ-សមាគម​ខ្មែរ​កម្ពុជា​ក្រោម សម្ដែង​ការ​មិន​សប្បាយ​ចិត្ត​ចំពោះ​អាជ្ញាធរ​រាជធានី​ភ្នំពេញ ដែល​មិន​អនុញ្ញាត​ឲ្យ​ខ្មែរ​ក្រោម​រៀបចំ​ពិធី​បុណ្យ​រំឭក​ខួប​បាត់បង់​ទឹក​ ដី​នៅ​ទី​សាធារណៈ ដូច​នៅ​លើ​ទីលាន​ប្រជាធិបតេយ្យ។

ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម លោក ថាច់ សេដ្ឋា ថ្លែង​នៅ​ក្រោយ​ជំនួប​ជាមួយ​អាជ្ញាធរ​នៅ​សាលា​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃ​ទី​២៨ ឧសភា ថា ការ​ដែល​សាលា​រាជធានី​ភ្នំពេញ​មិន​អនុញ្ញាត​នេះ ដោយ​ពួក​គេ​លើក​ហេតុផល​ថា ទីលាន​ប្រជាធិបតេយ្យ គឺ​ជា​កន្លែង​សម្រាប់​ធ្វើ​ការ​សម្ដែង​មតិ ប៉ុន្តែ​មិន​មែន​ជា​ទីកន្លែង​សម្រាប់​ធ្វើ​ពិធី​បែប​សាសនា​នោះ​ឡើយ។

ចំណែក​មូលហេតុ​ផ្សេង​មួយ​ទៀត​ដែល​សាលា​រាជធានី​ភ្នំពេញ មិន​អនុញ្ញាត​នោះ គឺ​ដោយសារ​មាន​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ដាច់​ដោយ​ឡែក​មួយ​ទៀត ដែល​ដឹក​នាំ​ដោយ​ប្រធាន​គណៈកម្មាធិការ​សម្រប​សម្រួល​ខ្មែរ​កម្ពុជា​ក្រោម លោក គឹម វ៉ាន់ឆេង ក៏​បាន​ស្នើសុំ​យក​ទីតាំង​ទីលាន​ប្រជាធិបតេយ្យ​សម្រាប់​ធ្វើ​ពិធី​រំឭក​ខួប​ បាត់បង់​ទឹក​ដី​កម្ពុជា​ក្រោម នៅ​ថ្ងៃ​ទី​៤ មិថុនា ក្នុង​ពេល​ជាមួយ​គ្នា​ដែរ។ ដូច្នេះ សាលា​រាជធានី​ភ្នំពេញ មិន​អាច​អនុញ្ញាត​ឲ្យ​មួយ អត់​មួយ​នោះ​ទេ។

យ៉ាង​ណា​ក៏ដោយ លោក ថាច់ សេដ្ឋា មាន​ប្រសាសន៍​ថា ការ​អះអាង​របស់​អាជ្ញាធរ​ពុំ​សម​ហេតុផល​ឡើយ។ លោក​ថា ការ​ធ្វើ​ពិធី​បុណ្យ​រំឭក​ខួប​បាត់បង់​ទឹក​ដី ក៏​ជា​សកម្មភាព​សម្ដែង​មតិ​មួយ​ផង​ដែរ។ ចំណែក​រឿង​ដែល​អាជ្ញាធរ​លើក​ឡើង​ថា ដោយសារ​មាន​ការ​ស្នើសុំ​ផ្ទួន​គ្នា​នោះ លោក​ចាត់​ទុក​ថា វា​គ្រាន់​តែ​ជា​លេស​ប៉ុណ្ណោះ ដោយ​ហេតុ​ថា គណៈកម្មាធិការ​សម្រប​សម្រួល​ខ្មែរ​កម្ពុជា​ក្រោម​របស់ លោក គឹម វ៉ាន់ឆេង ដែល លោក ថាច់ សេដ្ឋា អះអាង​ថា ស្និទ្ធ​នឹង​គណបក្ស​ប្រជាជន​កម្ពុជា នោះ តែង​ស្នើសុំ​យក​ទីកន្លែង​ដូច​គ្នា​ដែល​អង្គការ-សមាគម​ខ្មែរ​កម្ពុជា​ក្រោម ស្នើ​ទៅ​អាជ្ញាធរ​ក្នុង​បំណង​រារាំង​ការ​ប្រារព្ធ​ពិធី​របស់​អង្គការ-សមាគម​ ខ្មែរ​កម្ពុជា​ក្រោម​ដទៃ​ទៀត នៅ​តាម​ទី​សាធារណៈ​ធំៗ។

ពិសេស​ជាង​នេះ​ទៅ​ទៀត លោក ថាច់ សេដ្ឋា យល់​ឃើញ​ថា ការ​ដែល​អាជ្ញាធរ​ខ្មែរ​មិន​អនុញ្ញាត​ឲ្យ​ខ្មែរ​ក្រោម​រៀបចំ​ពិធី​រំឭក​ខួប​ បាត់បង់​ទឹក​ដី​កម្ពុជា​ក្រោម នៅ​តាម​ទី​សាធារណៈ​ធំៗ​មួយ​លើក​ជា​ពីរ​លើក​នេះ គឺ​ដោយសារ​តែ​អាជ្ញាធរ​ខ្មែរ​ខ្លាច​ប្រទេស​វៀតណាម ខឹង​សម្បារ​នឹង​ខ្លួន៖ «នៅ ​តែ​បង្ហាញ​ខ្លួន​ក្រោម​ឥទ្ធិពល​របស់​យួន ដដែល ខ្លាច​តែ​យួន អាក់អន់​ស្រពន់​ចិត្ត យើង​ខ្ញុំ​ដំបូង​សង្ឃឹម​ថា​វប្បធម៌​ចរចា​សំខាន់​ណាស់​ហើយ ប៉ុន្តែ​ដល់​ទីបំផុត​ទៅ នៅ​តែ​មិន​បាន​ធ្វើ​អ្វី​ដែល​ជា​ប្រយោជន៍​របស់​ជាតិ​ដដែល»

លោក ថាច់ សេដ្ឋា បញ្ជាក់​ថា មូលហេតុ​ដែល​អង្គការ-សមាគម​ខ្មែរ​កម្ពុជា​ក្រោម ស្នើសុំ​យក​ទីលាន​ប្រជាធិបតេយ្យ​ជា​កន្លែង​ប្រារព្ធ​ពិធី ព្រោះ​លោក​មើល​ឃើញ​ថា ទីលាន​ប្រជាធិបតេយ្យ​មាន​ទីធ្លា​ធំ​ទូលាយ ងាយ​ស្រួល​ក្នុង​ការ​ប្រារព្ធ​ពិធី និង​ក្នុង​ការ​ការ​សន្តិសុខ​សុវត្ថិភាព ជាដើម។

យ៉ាង​ណា​ក៏ដោយ អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌីម៉ង់ មាន​ប្រសាសន៍​ថា សាលា​រាជធានី​ភ្នំពេញ បាន​ស្នើ​ឲ្យ​ខ្មែរ​ក្រោម​ទៅ​ធ្វើ​នៅ​ទីតាំង​ឯកជន​វិញ ដោយសារ​អាជ្ញាធរ​មើល​ឃើញ​ថា ទីតាំង​ឯកជន​ដូចជា​វត្ត​អារាម ជាដើម មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ប្រារព្ធ​ពិធី​បែប​សាសនា​ជាង​នៅ​ទីលាន​ ប្រជាធិបតេយ្យ។ លើស​ពី​នេះ លោក​ថា ដោយសារ​នៅ​ដើម​ខែ​មិថុនា ខាង​មុខ អាជ្ញាធរ​សាលា​រាជធានី​ភ្នំពេញ ក៏​ត្រូវ​ជាប់​មមាញឹក​ក្នុង​ការ​រៀបចំ​សន្តិសុខ​សម្រាប់​ពិធី​ដង្ហែ​ព្រះ​ គោរមងារ​របស់​ព្រះមហាក្សត្រ​នៅ​មុខ​ព្រះបរមរាជវាំង​ទៀត​ផង។

លោក ឡុង ឌីម៉ង់ ក៏​អះអាង​ដែរ​ថា ការ​សម្រេច​មិន​អនុញ្ញាត​ឲ្យ​ខ្មែរ​ក្រោម ធ្វើ​ពិធី​នៅ​លើ​ទីលាន​ប្រជាធិបតេយ្យ​នេះ គឺ​មិន​មាន​ពាក់ព័ន្ធ​នឹង​ហេតុផល​នយោបាយ ឬ​ជា​ការ​ខ្លាច​រអា​ប្រទេស​វៀតណាម អ្វី​នោះ​ឡើយ ប៉ុន្តែ​លោក​ថា វា​គ្រាន់​តែ​ជា​ការ​សម្រេច​ចិត្ត​បែប​រដ្ឋបាល​ប៉ុណ្ណោះ៖ «សូម​បញ្ជាក់​ ថា យើង​អត់​បាន​គិតគូរ​ពី​បញ្ហា​នយោបាយ ឬ​ក៏​ពី​បញ្ហា​ប្រវត្តិសាស្ត្រ​ទេ ការងារ​ក្នុង​ទំនាក់ទំនង​អន្តរជាតិ​អត់​ទេ យើង​ខ្ញុំ​គឺ​ជា​មន្ត្រី​រដ្ឋបាល យើង​ខ្ញុំ​ជា​ស្ថាប័ន​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ដូច្នេះ​យើង​ខ្ញុំ​គិតគូរ​តែ​បញ្ហា​រដ្ឋបាល និង​បញ្ហា​សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ​ប៉ុណ្ណោះ»

លោក ថាច់ សេដ្ឋា មាន​ប្រសាសន៍​ថា ដោយសារ​អាជ្ញាធរ​មិន​អនុញ្ញាត​ឲ្យ​ខ្មែរ​ក្រោម​ប្រារព្ធ​ពិធី​នៅ​ទីលាន​ ប្រជាធិបតេយ្យ លោក​បាន​ទៅ​ស្នើសុំ​ព្រះ​ចៅអធិការ​វត្ត​ថ្មី ដែល​ឋិត​នៅ​ត្រើយ​ម្ខាង​ទល់​មុខ​ព្រះបរមរាជវាំង ដើម្បី​ធ្វើ​ពិធី​នៅ​ទីនោះ។ លោក ថាច់ សេដ្ឋា អះអាង​ថា ព្រះ​ចៅអធិការ​វត្ត​ថ្មី នេះ បាន​អនុញ្ញាត​ឲ្យ​ពួក​លោក​រួច​ហើយ។

គិត​ដល់​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​២០១៥ គឺ​មាន​រយៈពេល ៦៦​ឆ្នាំ​ហើយ​ដែល​អាណានិគមនិយម​បារាំង បាន​កាត់​ទឹក​ដី​កម្ពុជា​ក្រោម ទៅ​ឲ្យ​ស្ដេច​យួន បាវ ដាយ កាល​ពី​ឆ្នាំ​១៩៤៩។ ចាប់​តាំង​ពី​ពេល​នោះ​មក ខ្មែរ​ក្រោម​បាន​យក​ថ្ងៃ​ទី​៤ មិថុនា គឺ​ជា​ទិវា​ចងចាំ​តៗ​រៀង​មក។

លោក ថាច់ សេដ្ឋា មាន​ប្រសាសន៍​ថា ពិធី​បុណ្យ​រំឭក​ខួប​បាត់​បង់​ទឹក​ដី​ឆ្នាំ​នេះ អាច​មាន​មនុស្ស​ច្រើន​ពាន់​នាក់​ចូលរួម ក្នុង​នោះ​ព្រះសង្ឃ​ជិត ២​ពាន់​អង្គ ក៏​នឹង​ត្រូវ​និមន្ត​ចូលរួម​ក្នុង​ពិធី​រាប់​បាត្រ​ផង​ដែរ។ លោក​ក៏​បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ ចូលរួម​ក្នុង​ពិធី​បុណ្យ​រំឭក​ខួប​បាត់​បង់​ទឹក​ដី​កម្ពុជា​ក្រោម​នេះ​ឲ្យ​ បាន​ច្រើន​កុះករ ព្រោះ​លោក​ថា បញ្ហា​បាត់​បង់​ទឹក​ដី មិន​មែន​ជា​បញ្ហា​របស់​ខ្មែរ​ក្រោម​តែ​មួយ​នោះ​ទេ ប៉ុន្តែ​វា​ជា​បញ្ហា​របស់​ខ្មែរ​ទាំងអស់​គ្នា៕

Urban Voice Cambodia

Urban Voice Cambodia