សាលា​ក្រុង​និង​ក្រសួង​រ៉ែ​គ្រោង​ចុះ​ ពិនិត្យ​ទីតាំង​បូម​កំណក​ដី​ល្បាប់ ​នៅ​ចុង​ជ្រោយចង្វារ
Posted On : June, 12, 2015 | By សំឡេងទីក្រុង

ប្រភព៖ RFA, ដោយ អ៊ុក សាវបូរី, 2015-06-12

ការ​បូម​ដី​ល្បាប់​ក្នុង​ទន្លេ​នៅ​ផ្នែក​ខាង​ចុង​តំបន់​ជ្រោយចង្វារ បង្ក​ឲ្យ​ពលរដ្ឋ​មួយ​ចំនួន​ដែល​រស់នៅ​អម​ច្រាំង​ទន្លេ​ក្នុង​តំបន់​នោះ​តវ៉ា ដោយ​បារម្ភ​ថា​ខ្លាច​បាក់​ច្រាំង។ ពលរដ្ឋ​មាន​ក្តី​បារម្ភ​យ៉ាង​នេះ បន្ទាប់​ពី​សាលា​រាជធានី​ភ្នំពេញ​ធ្លាប់​បញ្ជាក់​ថា សកម្មភាព​បូម​ដី​ល្បាប់​នោះ​ធ្វើ​ឡើង​តាម​លក្ខណៈ​បច្ចេកទេស ដើម្បី​ការពារ​ច្រាំង​ទន្លេ​ទៅ​វិញ​ទេ។

សាលា​រាជធានី​ភ្នំពេញ និង​ក្រសួង​រ៉ែ និង​ថាមពល គ្រោង​ចុះ​ពិនិត្យ​ទីតាំង​បូម​ដី​ល្បាប់​ដុះ​កក​នៅ​ចុង​ជ្រោយចង្វារ ក្បែរ​សណ្ឋាគារ​សុខា​ភ្នំពេញ របស់​ក្រុមហ៊ុន អេច្ឆ.ធី.ស៊ី (HTC) ដែល​ទទួល​បាន​សិទ្ធិ​បូម​ដី​ល្បាប់​នៅ​បាត​ទន្លេ។

គម្រោង​ចុះ​ពិនិត្យ​នេះ បាន​ធ្វើ​ឡើង​ក្រោយ​ពេល​ដែល​អ្នក​រស់នៅ​អម​មាត់​ទន្លេ​តំបន់​ជ្រោយចង្វារ បាន​ចោទ​ថា ក្រុមហ៊ុន អេច្ឆ.ធី.ស៊ី បាន​បូម​ស្ដារ​ដី​ដុះ​នៅ​ចុង​ជ្រោយចង្វារ បំពាន​លើស​ការ​កំណត់​ទីតាំង​ឲ្យ​បូម​ស្ដារ​ដី​ដុះ ដែល​បាន​កំណត់​លក្ខខណ្ឌ​បច្ចេកទេស​របស់​ក្រសួង​ធនធាន​ទឹក។

បញ្ហា​នេះ អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌីម៉ង់ ថ្លែង​នៅ​ថ្ងៃ​ទី​១១ ខែ​មិថុនា ឆ្នាំ​២០១៥ ថា កង្វល់​របស់​ប្រជាពលរដ្ឋ​ពី​ការ​បាក់​ច្រាំង​ទន្លេ ដោយ​ការ​បូម​ស្ដារ​កំណក​ដី​ដុះ​នៅ​ចុង​ជ្រោយចង្វារ របស់​ក្រុមហ៊ុន អេច្ឆ.ធី.ស៊ី លោក​នឹង​ពិភាក្សា​ជាមួយ​មន្ត្រី​ជំនាញ ហើយ​គ្រោង​នឹង​ចុះ​ទៅ​សិក្សា​បន្ថែម៖ «បើ​សិន​ថា​បូម​យក​ដី ឬ​បូម​យក​ខ្សាច់​លើស​ពី​តំបន់​ដែល​សង្ស័យ​ថា ខុស​ពី​និយាមកា​ដែល​បាន​កំណត់​ដោយ​អ្នក​បច្ចេកទេស​នោះ យើង​ខ្ញុំ​ទទួល​យក​នូវ​រាល់​សំណូមពរ​របស់​ប្រជាពលរដ្ឋ​ទាំងអស់ ហើយ​យើង​ខ្ញុំ​នឹង​ទំនាក់ទំនង​សម្រប​សម្រួល​ជាមួយ​នឹង​ខាង​ក្រសួង​ធនធាន​ទឹក ជាពិសេស​ខាង​អ្នក​បច្ចេកទេស ដើម្បី​ឲ្យ​គាត់​កំណត់​និយាមកា​ឲ្យ​បាន​ច្បាស់ ថា​តើ​ចំណុច​ណា​ដែល​ត្រូវ​យក​ប៉ុណ្ណា ដែល​មិន​ត្រូវ​យក​ប៉ុន្មាន ដើម្បី​យើង​ពិនិត្យ​មើល​ធ្វើ​ម៉េច​កុំ​ឲ្យ​មាន​ក្រុមហ៊ុន​ដែល​ទទួល​សិទ្ធិ​ពី​សាលា​រាជធានី​ភ្នំពេញ​នេះ គាត់​អាច​ធ្វើ​អី​លើស​អំពី​គោល​បំណង​របស់​យើង ក្នុង​ការ​ដែល​យើង​ត្រូវ​ការ​បូម​ក៏​យើង​បាញ់​ដី នេះ​ចេញ​តែ​ប៉ុណ្ណឹង​ទេ»

បំពេញ​បន្ថែម​លើ​នោះ រដ្ឋលេខាធិការ​ក្រសួង​រ៉ែ និង​ថាមពល លោក ឌិត ទីណា ថ្លែង​ថា បើ​សិន​មាន​បណ្ដឹង​ពលរដ្ឋ​មក​ដល់​ក្រសួង​រ៉ែ ពី​ការ​បារម្ភ​បាក់​ច្រាំង​ទន្លេ​ដោយសារ​ការ​បូម​ស្ដារ​កំណក​ដី​ដុះ​នៅ​ចុង​ជ្រោយចង្វារ របស់​ក្រុមហ៊ុន អេច្ឆ.ធី.ស៊ី ក្រសួង​នេះ​នឹង​រៀបចំ​ពិនិត្យ​ឡើង​វិញ​ពី​បច្ចេកទេស​បូម​ស្ដារ​ដី​ល្បាប់​ជាមួយ​សាលា​រាជធានី​ភ្នំពេញ។ លោក​បន្ត​ថា ដោយសារ​តែ​ការ​បូម​ស្ដារ​នោះ​មាន​ការ​វាយ​តម្លៃ​លក្ខណៈ​បច្ចេកទេស​ពី​ក្រសួង​ធនធាន​ទឹក ត្រឹមត្រូវ ទើប​ក្រសួង​រ៉ែ និង​ថាមពល ប្រគល់​ភារកិច្ច​ទទួល​ខុស​ត្រូវ​ឲ្យ​សាលា​រាជធានី​ភ្នំពេញ​អនុវត្ត៖ «អ៊ីចឹង​យើង​ចាំ​ទទួល​បាន​ព័ត៌មាន​គ្រប់គ្រាន់ ហើយ​យើង​ចុះ​ទៅ​បោះ​ពោង​បោះ​អី​នោះ ពេល​នោះ​នឹង​បាន​ច្បាស់លាស់​ទាំងអស់​គ្នា។ ប៉ុន្តែ​ខ្ញុំ​គិត​ថា យើង​ត្រូវ​មាន​ការ​ជជែក​ចេញ​ពី​ការ​ផ្តល់​ព័ត៌មាន​បន្ថែម​ទៀត​ដែរ ទាក់ទង​នឹង​ការងារ​នេះ»

បញ្ហា​នេះ​ដែរ ចៅសង្កាត់​ជ្រោយចង្វារ លោក ពេជ្រ សារឿន ថ្លែង​ថា ពលរដ្ឋ​បារម្ភ​បាក់​ច្រាំង​ទន្លេ​ជា​ការ​ពិត ប៉ុន្តែ​លក្ខណៈ​បច្ចេកទេស​បូម​យ៉ាង​ណា​នោះ ហួស​សមត្ថភាព​អាជ្ញាធរ​មូលដ្ឋាន​ហើយ៖ «បើ​កាល​ណា​ចេះ​តែ​ដុះៗ​អ៊ីចឹង​ទៅ វា​ពាក់ព័ន្ធ​នឹង​បញ្ហា​ចរន្ត​ទឹក។ ហើយ​ក្រោយ​មក​មាន​លិខិត​ពី​សាលា​ក្រុង​មក​ថា នឹង​មាន​ក្រុមហ៊ុន​មួយ​នឹង​យក​ដី​នេះ​ចេញ គឺ​ខ្ញុំ​ដឹង​តែ​ប៉ុណ្ណឹង​ទេ»

បំភ្លឺ​ចំពោះ​ការ​បារម្ភ​នោះ អ្នក​នាំ​ពាក្យ​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម លោក ចាន់ យុត្ថា ពន្យល់​ថា ក្រសួង​បាន​សិក្សា​ពី​កំណក​ដី​ដុះ​នៅ​ចុង​ជ្រោយចង្វារ នោះ បង្ក​ផល​ប៉ះពាល់​ច្រាំង​ទន្លេ។ នៅ​ថ្ងៃ​ទី​៨ ខែ​ឧសភា ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បាន​ប្រគល់​ឯកសារ​លក្ខណៈ​បច្ចេកទេស​ទៅ​សាលា​រាជធានី​ភ្នំពេញ ឲ្យ​ធ្វើ​ការ​បូម​ស្ដារ​កំណក​ដី​ដុះ​នៅ​ចុង​ជ្រោយចង្វារ នោះ។

កាល​ពី​ថ្ងៃ​ទី​២៨ ខែ​ឧសភា ឆ្នាំ​២០១៥ សាលា​រាជធានី​ភ្នំពេញ បាន​ជូន​ដំណឹង​ស្ដីពី​ការ​បូម​ស្ដារ​យក​កំណក​ដី​ដុះ​នៅ​ចុង​ជ្រោយចង្វារ ស្ថិត​ក្នុង​ភូមិសាស្ត្រ​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ។ សេចក្តី​ជូន​ដំណឹង​នោះ គឺ​សុំ​ស្ដារ​ដី​ដុះ ដោយសារ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ចរន្ត​ទឹក​ហូរ និង​លក្ខណៈ​រូបសាស្ត្រ​នៃ​ទន្លេ បង្កើត​ឲ្យ​មាន​កំណក​ដី​ដុះ​កក​នៅ​ចុង​ជ្រោយចង្វារ។ ផ្អែក​តាម​លទ្ធផល​វាស់វែង​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​មេសា ដោយ​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម កំណក​ដី​មាន​ទំហំ ៥៣,៥០​ហិកតារ ក្នុង​នោះ​ដី​គោក​ជាង ១៤​ហិកតារ។ កំណក​ដី​នេះ វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រព័ន្ធ​អេកូឡូស៊ី​ជលសាស្ត្រ ចរន្ត​ទឹក​ហូរ ការ​ធ្វើ​ចរាចរ​របស់​ត្រី គន្លង​ផ្លូវ​នាវាចរ និង​អាច​បង្ក​ឲ្យ​មាន​ការ​បាក់​ច្រាំង​ទន្លេ ដែល​ចាំបាច់​ត្រូវ​ការ​បូម​ស្ដារ​កំណក​ដី​ដុះ​នោះ​ចេញ។ ការ​ស្ដារ​កំណក​ដី​នោះ ត្រូវ​អនុវត្ត​ពី​ម៉ោង ៦​ព្រឹក​ដល់​ម៉ោង ៦​ល្ងាច ដែល​ភាគី​ក្រុមហ៊ុន អេច្ឆ.ធី.ស៊ី ត្រូវ​អនុវត្ត​ឲ្យ​បាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Urban Voice Cambodia

Urban Voice Cambodia