cambodia-water-festival-6_large

សាលា​ក្រុង​ត្រៀម​កញ្ឆេ​ និង​ធុងដាក់​សម្រាម​សម្រាប់​មនុស្ស​៣លាននាក់​នៅថ្ងៃ​បុណ្យ​អុំទូក​

រដ្ឋបាលរាជធានីភ្នំពេញបានត្រៀមរួចសម្រាប់ផែនការប្រមូលសម្រាមនៅឱកាសពិធីបុណ្យអុំទូកខាងមុខនេះ ប៉ុន្តែអភិបាលក្រុងនៅតែសម្ដែងការព្រួយបារម្ភថា មិនបានជោគជ័យ ល្កឹកណាបងប្អូនមិនចូលរួម។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងក្នុងពិធីក្រុងពាលីបើកការដ្ឋានស្ថាបនាស្ពានចំនួនពីរឆ្លងទន្លេសាប កាលម្សិលមិញនេះថា ព្រះរាជពិធីបុណ្យអុំទូកនេះ សាលារាជធានីភ្នំពេញ បានរៀបចំនិងត្រៀមលក្ខណៈរយៈពេលមួយខែមកហើយ ដើម្បីរៀបចំការកែលម្អសួនច្បារ ការតុបតែងភ្លើង ការទុកដាក់បង្គន់អនាម័យ ត្រៀមទទួលបងប្អូនប្រជាពលរដ្ឋពីបណ្តាខេត្តដែលអញ្ជើញមកចូលរួមទស្សនាកម្សាន្តក្នុងព្រះរាជពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែ ។ លោកបានបញ្ជាក់ថា ក្នុងព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះរំពឹងថា នឹងមានមនុស្សប្រមាណ៣លាននាក់ចូលរួមក្នុងពិធីនេះ ។

អភិបាលរាជធានីភ្នំពេញ បានបន្តថាៈ «រដ្ឋបាលរាជធានីភ្នំពេញ ក៏បានរៀបចំបង្គន់អនាម័យ ចំនួន៤៦៦បង្គន់ សម្រាប់ទទួលបងប្អូនរជាពលរដ្ឋ ពីព្រោះថាបងប្អូនមកលេងកម្សាន្ត និងពិសារអាហារ ដូច្នេះបងប្អូនពិតជាត្រូវការបង្គន់អនាម័យជាចាំបាច់ ហើយដើម្បីកុំឲ្យពួកគាត់បត់ជើងផ្តេសផ្តាស ទាល់តែយើងមានកន្លែងសម្រាប់ទទួលពួកគាត់»។

ជាមួយគ្នានេះ លោកបានសម្តែងនូវការព្រួយបារម្ភផងដែរថា ចំពោះប្រជាពលរដ្ឋមកពីបណ្តាខេត្តមកចូលរួមក្នុងព្រះរាជពិធីបុណ្យអុំទូក បញ្ហាប្រឈម គឺការចោលសម្រាម។ មនុស្សជាអ្នកបង្កើតសំរាម ដូច្នេះមនុស្សទាំងអស់គ្នាត្រូវជួយគ្នា សុំកុំបោះសម្រាមតាមដងផ្លូវ និងតាមលើសួនច្បារ ដោយក្រុមការងារសាលារាជធានីនំពេញ បានរៀបចំកញ្ចេចំនួន១០០០ និងធុងសំរាមចំនួន១០០០ ដើម្បីឲ្យបងប្អូនបោះសំរាមចូលក្នុងធុងនេះ និងមានកម្មករប្រមូលសម្រាមចំនួន៦៧០នាក់ ដើម្បីរៀបចំប្រមូលសំរាមក្នុងពិធីបុណ្យចំភ្លាមៗជារៀងរាល់ថ្ងៃ។

«ប៉ុន្តែទោះជាយ៉ាងនេះក្តី ក៏យើងមិនសង្ឃឹមថាបានជោគជ័យ១០០ភាគរយដែរ នៅពេលដែលគ្មានការចូលរួមពីសំណាក់អ្នកមកចូលរួមក្នុងពិធីបុណ្យអុំទូកនេះ ។ ប្រសិនបើអ្នកមកចូលរួមពិធីបុណ្យទាំងអស់ បានចូលរួមទាំងអស់គ្នាក្នុងការទុកដាក់សំរាម និងប្រមូលសំរាម យើងសង្ឃឹមថានឹងបានជោគជ័យ»។ អភិបាលក្រុងបន្ថែម៕

ប្រភព៖ Sabaynews

Leave a Reply