សាលារាជធានី ស្ថាបនាផ្លូវនិងគ្រោងលុបរង្វង់មូលទួលគោកដើម្បីតម្លើងភ្លើងស្តុបឆាប់ៗខាងមុខនេះ
Posted On : វិច្ឆិកា, 30, 2016 | By Sarim Tith

រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងស្ថាបនា និងជួសជុលវិថីសម្តេច ប៉ែន នុត ឬ ផ្លូវលេខ ២៨៩ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦ ដែលស្ថិតក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ។

បើតាមការអះអាងរបស់សាលារាជធានីភ្នំពេញបានឱ្យដឹងថា គម្រោងជួសជុលវិថីសម្តេច ប៉ែន នុត ឬ ផ្លូវលេខ ២៨៩ ចាប់ពីរង្វង់មូលទួលគោកដល់អង់តែនទួលគោក និងដាក់លូទំហំ ១ម សងខាងផ្លូវ ស្ថិតក្នុងខណ្ឌទួលគោកផងដែរ។

ដោយសារនៅតំបន់នេះ មានការកកស្ទះចរាចណ៍ជារៀងរាល់ថ្ងៃ សាលារាជធានី បានឯកភាពគ្នា ដើម្បីគ្រោងស្ថាបនាពង្រីកផ្លូវ និងតម្លើងភ្លើងស្តុបទាំងនេះជាបន្តបន្ទាប់។ ម៉្យាងវិញទៀត ដោយសារនៅតំបន់នោះមានផ្លូវតភ្ជាប់ដល់ទៅ៥ខ្សែដែលមានចរាចរណ៍មមាញឹកខ្លាំង។

ជាមួយគ្នានេះសាលាក្រុងភ្នំពេញ មានគម្រោងនិងចាប់ផ្តើមលុបរង្វង់មូលទួលគោកដោយធ្វើការតម្លើងភ្លើងស្តុប និងពង្រីកផ្លូវសងខាងផ្លូវ រហូតដល់ផ្លូវរថភ្លើងជំនួសរង្វង់មូលទួលគោកវិញ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ ព្រោះទីតាំងរង្វង់មូលនេះមានលក្ខណៈតូចចង្អៀត ហើយមានផ្លូវជួបគ្នាដល់ទៅ៥ខ្សែ ដែលធ្វើឱ្យមានការកកស្ទះខ្លាំងជាប្រចាំ។

គួររំលឹកថាកាលពីខែមេសា សាលារាជធានីភ្នំពេញ មានគម្រោងកែប្រែរង្វង់មូល ៣ រួមទាំងរង្វង់មូលទួលគោកនេះ មានដូចជា រង្វង់មូលចោមចៅ និងរង្វង់មូលកាំកូស៊ីធី ឱ្យទៅជាភ្លើងស្តុបវិញ ដើម្បីសម្រួលដល់បញ្ហាកកស្ទះចរចរណ៍ តែចំនុចរង្វង់មូលចោមចៅត្រូវបានសិក្សា និងស្ថាបនាទៅជាស្ពានអាកាសវិញ៕

15135744_652508858263203_2831060333187152664_n

សំឡេងទីក្រុង!

សំឡេងទីក្រុង!