សាលារាជធានីភ្នំពេញ អំពាវនាវឲ្យប្រជាពលរដ្ឋរុះរើសំណង់ឲ្យបានឆាប់​ ចាប់ពីវត្តក្តីតាកុយដល់ស្ពានព្រះមុនីវង្ស
Posted On : May, 7, 2015 | By សំឡេងទីក្រុង

ប្រភព៖ http://www.freshnewsasia.com

(ភ្នំពេញ)៖ ក្រោមកិច្ចសហប្រតិបតិ្តការរវាងរាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលជប៉ុន ក្នុងការស្ថាបនាកំណាត់ផ្លូវជាតិលេខ១ ប្រវែង ៤០០០ ម៉ែត្រ ចាប់ពីវត្តក្តីតាកុយ ដល់ស្ពានព្រះមុនីវង្ស ស្ថិតក្នុងខណ្ឌច្បារអំពៅ បានចាប់ដំណើរការសាងសង់ ពីថ្ងៃទី០១ ​ខែឧសភា ឆ្នាំ២០១៥​ ដោយតាមផែនការនឹងបញ្ចប់ការសាងសង់រយៈពេល ១៤ខែ ។

លោក សាំ ពិសិដ្ឋ ប្រធានមនី្ទរសាធារណការរាជធានីភ្នំពេញ បានថ្លែងប្រាប់ឲ្យដឹងថា សាលារាជធានីភ្នំពេញ និងក្រសួងសាធារណការ សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានលំនៅឋានសងខាងផ្លូវជាតិលេខ១ ដោយចាប់ពីវត្តកី្តតាកុយ ដល់ស្ពានព្រះមុនីវង្ស មេត្តាចូលរួមសហការរុះរើសំណង់ តូប យ៉ាប ដើមឈើ…ឲ្យបានឆាប់ ដើម្បីឲ្យការដ្ឋានសាងសង់ ដំណើរការទៅតាមផែនការដូចបានគ្រោងទុក ពោលគឺបញ្ចប់នៅក្នុងខែ៨ ឆ្នាំ២០១៦ខាងមុខ។ ហើយលោកបានបញ្ជាក់ថា កន្លងមកបងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់នៅលើ កំណាត់់ផ្លូវនោះមានចំនួន ៣៥៧គ្រួសារ បានទទួលយកតាមគោលការណ៍នយោបាយរួចហើយ ។

K-3329

ទន្ទឹមនឹងនោះសាលារាជធានីភ្នំពេញ ក៏ដូចជាក្រសួងសាធារណការ និងដឹកជញ្ជូន សូមស្នើដល់អគ្គិសនីកម្ពុជា រដ្ឋាករទឹករាជធានីភ្នំពេញ និងក្រសួងប្រៃសណីយ៍ មេត្តាជំរុញការរុះរើបណ្តាញរបស់ខ្លួនឲ្យបានឆាប់ ដើម្បីបង្កភាពងាយស្រួលដល់ការងារសាងសង់។

សាលារាជធានីភ្នំពេញ និងក្រសួងសាធារណការ ស្នើសុំការយោគយល់និងអធ្យាស្រ័យ ពីសំណាក់ប្រជាពលរដ្ឋ​ ចំពោះការប៉ះពាល់ដល់ការដ្ឋាន៕

Urban Voice Cambodia

Urban Voice Cambodia