សាលារាជធានីភ្នំពេញគ្រោងសង់អគារភ្លោះ ខ្ពស់ជាងគេនៅតំបន់អាស៊ាន
Posted On : July, 1, 2015 | By សំឡេងទីក្រុង

ប្រភព៖​ Business-Cambodia.com, ឆ្នាំ2015 ខែ07 ថ្ងៃទី01 ម៉ោង 04:30

ភ្នំពេញ៖ តាមប្រភពពត៌មានរបស់ទូរទស្សបុស្តិ៍ BTV News បានផ្សាយឲ្យដឹងកាលពីម្សិលមិញនេះថា សាលារាជធានីភ្នំពេញក្រោមការដឹកនាំរបស់លោក ប៉ា សុជាតិវង្ស គ្រោងនឹងសាងសង់អគារភ្លោះ កម្ពស់១១១ជាន់ ស្មើនឹង៥០០ម៉ែត្រ នៅចំកណ្តាលរាជធានីភ្នំពេញ។

លោក សេង ស៊ុន តំណាងសម្ព័ន្ធក្រុមហ៊ុនខេនីគ្រុប ក៏បានលើកឡើងផងដែរថា គម្រោងមួយនេះ ត្រូវបានរចនាឡើងយ៉ាងល្អប្រណិតក្នុងចំណោមគម្រោងធំៗទាំង១០ផ្សេងទៀត ដែលនៅក្នុងនោះមានទាំងគម្រោងពាណិជ្ជកម្ម សេដ្ឋកិច្ចទាំងក្នុងតំបន់ និងនៅលើពិភពលោក មជ្ឈមណ្ឌលចម្រុះជាតិសាសន៍ និងការិយាល័យទំនាក់ទំនងពាណិជ្ជកម្ម នៅក្នុងតំបន់អាស៊ានថែមទៀតផង។

តាមរយៈការលើកឡើងខាងលើនេះ លោក សេង ស៊ុន ក៏រំពឹងផងដែរថា គម្រោងសាងសង់អគារភ្លោះនៅព្រះរាជាណាចក្រកម្ពុជានេះ នឹងធ្វើឲ្យរាជធានីភ្នំពេញកាន់តែមានសក្តានុពលមួយកម្រិតទៀត ខាងផ្នែកវិនិយោគលើគ្រប់វិស័យមកពីបរទេស ដែលវាអាចជួយជម្រុញកំណើនសេដ្ឋកិច្ចជាតិបានកាន់តែល្អប្រសើរជាងមុនថែមទៀតផង។ បន្ថែមពីនេះទៀត លោកបានលើកឡើងថា គម្រោងសាងសង់មួយនេះ គឺត្រូវបានធ្វើឡើង ដោយផ្អែកទៅលើស្ថេរភាពនយោបាយ និងសន្តិសុខនៅកម្ពុជា ហើយណាមួយគេសម្លឹងឃើញថា កម្ពុជាមិនដែលធ្លាប់បានជួបគ្រោះមហន្តរាយធម្មជាតិធ្ងន់ធ្ងរដូចជាប្រទេសដទៃនៅឡើយ។
គួរបញ្ជាក់ផងដែរថា គម្រោងសាងសង់អគារភ្លោះនេះ គ្រោងនឹងសាងសង់ឡើងស្ថិតនៅទីតាំងក្បែរមាត់ទន្លេ ដែលមានរចនាប្លង់សួនច្បា និងទីកម្សាន្តសាធារណៈជាច្រើនផ្សេងទៀតជាមួយទឹកប្រាក់សរុបប្រមាណជា ៣ពាន់លានដុល្លារសហរដ្ឋអាមេរិក៕

Urban Voice Cambodia

Urban Voice Cambodia