1486605106

សាលាក្រុង គ្រោង​ដាក់​ក​ប៉ាល់​​​លឿន​២០​គ្រឿងដឹក​អ្នក​ដំណើរ

សាលារាជធានីភ្នំពេញ គ្រោងនឹងរៀបចំសេវាកប៉ាល់ល្បឿនលឿនចំនួន ២០គ្រឿង សម្រាប់ដឹកជញ្ជូនអ្នកដំណើរតាមដងទន្លេចម្ងាយជិត២៥គីឡូម៉ែត្រពីចំណុចស្ពានព្រែកព្នៅរហូតទៅដល់ក្រុងតាខ្មៅដើម្បីជួយរំដោះបញ្ហាកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញ។

អភិបាលសាលារាជធានីភ្នំពេញ លោកប៉ា សុជាតិវង្ស បានឲ្យដឹងក្រោយកិច្ចប្រជុំឆ្លងគម្រោងដឹកជញ្ជូនអ្នកដំណើរតាមផ្លូវទឹកកាលពីថ្ងៃទី៧ ខែកុម្ភៈ ថា គម្រោងសេវាដឹកអ្នកដំណើរតាមផ្លូវទឹក (Water Taxi Service) នេះ នឹងមានខ្សែរត់ពីស្ពានព្រែកព្នៅ រហូតដល់ក្រុងតាខ្មៅ ដែលមានចំណតចំនួន ៩កន្លែង និងដំណើរការចាប់ពីម៉ោង ៦ព្រឹក ដល់ម៉ោង ៨យប់។ លោកបន្តថា គម្រោងនេះនឹងប្រើប្រាស់កប៉ាល់ដឹកអ្នកដំណើរល្បឿនលឿនទំនើបចំនួន ២០កប៉ាល់ ដែលក្នុងមួយកប៉ាល់អាចផ្ទុកអ្នកដំណើរបាន ៩០នាក់។

លោកបានបញ្ជាក់ថា៖ «គម្រោងនេះពិតជាល្អ នឹងអាចផ្តល់សារសំខាន់ច្រើនដល់ការរំដោះបញ្ហាកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញ បានមួយផ្នែកធំ»។

ចំណែកមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ បានឲ្យដឹងក្នុង Facebook ដែរថា គម្រោងនេះ នឹងដឹកជញ្ជូនអ្នកដំណើរតាមដងទន្លេសាប ទន្លេចតុមុខ ទន្លេបាសាក់ ចាប់ពីស្ពានព្រែកព្នៅ ដល់ក្រុងតាខ្មៅ ដែលមានចម្ងាយធ្វើដំណើរ ២៤.៩គីឡូម៉ែត្រ ឬទៅមកចម្ងាយ ៤៩.៨គីឡូម៉ែត្រ ដោយប្រើប្រាស់ល្បឿនកប៉ាល់ពី ៣០ ទៅ ៤០គីឡូម៉ែត្រក្នុងមួយម៉ោង។

មន្ទីរសាធារណការ បានបញ្ជាក់ថា៖ «រយៈពេលឈប់ចត [នៅចំណតកប៉ាល់នីមួយៗ] ចំនួន ៥នាទី ធ្វើដំណើរពីចំណតមួយទៅចំណតមួយ រយៈពេល ១២ ទៅ ១៥នាទី រយៈពេលធ្វើដំណើរ ៩៦នាទី»។

បើតាមមន្ទីរសាធារណការ គម្រោងសាងសង់ និងបញ្ជរទិញសំបុត្រជិះកប៉ាល់ នឹងត្រូវចំណាយរយៈពេល ១៤ខែ ដោយផែនការគ្រោងនឹងចាប់ផ្តើមប្រតិបត្តិការសេវាកប៉ាល់ល្បឿនលឿនដឹកអ្នកដំណើរនេះ នៅខែមេសា ឆ្នាំ២០១៨។

ការបង្ហាញពីគម្រោងនេះ បានធ្វើឡើងក្រោយពីរាជរដ្ឋាភិបាល តាមរយៈរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល កាលពីចុងខែធ្នូ ឆ្នាំ២០១៦ បានជំរុញឲ្យដំណើរការឡើងវិញនូវការដឹកជញ្ជូនអ្នកដំណើរ និងទំនិញនានា តាមទន្លេ ដើម្បីសម្រួលដល់អ្នកដំណើរ និងការដឹកជញ្ជូនទំនិញ ខណៈដែលកម្ពុជា សម្បូរទន្លេ ដូចជាទន្លេមេគង្គ ទន្លេសាប ទន្លេបាសាក់ និងទន្លេផ្សេងៗនៅតាមបណ្តាខេត្តមួយចំនួនទៀត ប៉ុន្តែកម្ពុជា មិនទាន់បានប្រើប្រាស់ធនធានទន្លេទាំងនេះឲ្យអស់សក្ដានុពលនៅឡើយ។ អគ្គលេខាធិការនៃសម្ព័ន្ធទេសចរណ៍ជាតិកម្ពុជា លោក ហូ វណ្ឌី បានបង្ហាញការគាំទ្រពេញទំហឹងលើគម្រោងនេះដែលនឹងអាចជួយកាត់បន្ថយការកកស្ទះចរាចរណ៍ផ្លូវគោក និងធ្វើឲ្យផ្លូវទឹករបស់កម្ពុជា ឡើងវិញម្តងទៀត។

តែយ៉ាងណា លោកជំរុញដល់រាជរដ្ឋាភិបាល គួរតែមានកំពង់ផែសម្រាប់ដឹកអ្នកដំណើរ កំពង់ផែដឹកទំនិញ និងកំពង់ផែដឹកអ្នកទេសចរណ៍ផ្សេងៗពីគ្នា ហើយគួរតែពង្រឹងកំពង់ផែនីមួយៗឲ្យបានល្អ ដើម្បីឲ្យប្រជាពលរដ្ឋចូលរួមច្រើនក្នុងការធ្វើដំណើរ និងគួរធានាពីសុវត្ថិភាពរបស់អ្នកដំណើរតាមផ្លូវទឹកឲ្យបានល្អផងដែរ៕

ប្រភព៖ khmertimeskh

Leave a Reply