សាលាក្រុង​សាងសង់​អគារ​ថ្មី​កម្ពស់​១៣​ជាន់​សម្រាប់​ធ្វើ​ជា​កន្លែង​ធ្វើការ
Posted On : February, 20, 2015 | By សំឡេងទីក្រុង

ប្រភព៖ ភ្នំពេញប៉ុស្តិ៍, ថ្ងៃ ទី១៩ ខែ កុម្ភះ ឆ្នាំ ២០១៥

ភ្នំពេញ: ក្នុង​គោលបំណង​ដើម្បី​ពង្រីក​ការិយាល័យ​ធ្វើការ​ថ្មី​បន្ថែម​ទៀត​សាលារាជធានី​ភ្នំពេញ​ពេល​នេះ​កំពុង​សាងសង់​អគារ​រដ្ឋបាល​ថ្មី​មួយ​ទៀត​ដែល​មាន​កម្ពស់​១៣​ជាន់។

អ្នក​នាំពាក្យ​សាលារាជធានី​ភ្នំពេញ លោក ឡុង ឌីម៉ង់ បាន​ប្រាប់​ថា អគារ​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​ថ្មី​នេះ​គ្រោង​នឹង​បញ្ចប់​ការ​សាងសង់​ផ្នែក​គ្រឿងបង្គុំ​នៅ​ខែ​កញ្ញា ឬ​ខែ​តុលា​ខាង​មុខ។ ការ​សាងសង់​អគារ​ថ្មី​នេះ គឺ​ដើម្បី​សម្រួល​ដល់​កន្លែង​ធ្វើការ​របស់​មន្ត្រី​រាជការ​នៃ​សាលា​រាជធានី​ដែល​កំពុង​ខ្វះខាត​។ លោក​បន្ត​ថា បច្ចុប្បន្ន​សាលារាជធានី​ភ្នំពេញ​មាន​បុគ្គលិក​បំពេញ​ការងារ​សរុប​៣៥០​នាក់​ដោយ​មិន​ទាន់​រាប់​បញ្ចូល​មន្ត្រី​កំពុង​បម្រើ​ការងារ​នៅ​តាម​បណ្តា​ខណ្ឌ​ទាំង​១២​ក្នុង​រាជធានី​ភ្នំពេញ​នោះ​ទេ។

លោក​បាន​ប្រាប់​ទៀត​ថា ថវិកា​សម្រាប់​ចំណាយ​លើ​ការ​សាងសង់​អគារ​ថ្មី​នេះ​ជា​ថវិកា​របស់​សាលា​រាជធានី​ភ្នំពេញ​។ តែ​ទោះបី​ជា​យ៉ាងណា​លោក​មិន​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា មាន​ចំនួន​ប៉ុន្មាន​ពិតប្រាកដ​នោះ​ទេ ដោយ​លោក​បាន​រុញ​ឲ្យ​ទៅ​សួរ​នៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ព្រោះ​ថវិកា​ដែល​ត្រូវ​ចំណាយ​លើ​ការ​សាងសង់​នេះ​សុទ្ធតែ​ឆ្លងកាត់​ការ​ដេញ​ថ្លៃ​តាម​នីតិវិធី​ត្រឹមត្រូវ​នៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។

ទោះបី​ជា​យ៉ាងណា​អ្នក​នាំពាក្យ​ខាងលើ​មិន​បាន​ប្រាប់​ឲ្យ​ដឹង​ពី​ឈ្មោះ​ក្រុមហ៊ុន​សាងសង់​អគារ និង​មិន​បាន​ប្រាប់​ពី​ទំហំ​របស់​អគារ​ទេ​។ បើ​តាម​ការ​ពិនិត្យ​ជាក់ស្តែង​ការ​សង់​អគារ​ខាងលើ​សម្រេច​បាន​ប្រមាណ​៦០​ភាគរយ​ហើយ។

លោក ម៉ី វ៉ាន់ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ឧស្សាហកម្ម ហិរញ្ញវត្ថុ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​និយាយ​ថា លោក​មិន​ដឹង​រឿង​នេះ​ទេ​។ តែ​លោក​បាន​ប្រាប់​ថា ធម្មតា​ការ​ដេញ​ថ្លៃ​អ្វី​មួយ​តែងតែ​ធ្វើ​នៅ​ក្រសួង ឬ​ស្ថាប័ន​ផ្ទាល់ ដោយ​មន្ត្រី​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​គ្រាន់តែ​ទៅ​ចូលរួម​ប៉ុណ្ណោះ។

លោកបណ្ឌិត កែម ឡី អ្នក​ស្រាវជ្រាវ​បញ្ហា​សង្គម​ឯករាជ្យ​បាន​លើក​យក​បញ្ហា​ចំនួន​៤​មក​វិភាគ​ទាក់ទង​នឹង​ការ​ធ្វើ​ការងារ​គ្មាន​តម្លាភាព​របស់​រដ្ឋាភិបាល​ដូចជា ទី​១​បច្ចុប្បន្ន​នេះ​អ្វីៗ​ជា​រួម​បាន​ក្លាយ​ទៅ​ជា​របស់​បុគ្គល ឬ​ជា​របស់​នីតិបុគ្គល​របស់​រដ្ឋ​ទាំងអស់​ដែល​ពួកគេ​អាច​សម្រេច​អ្វីៗ​តាម​អំពើ​ចិត្ត ទី​២ រដ្ឋាភិបាល​មាន​ឯកសារ មាន​នីតិវិធី​រដ្ឋបាល​សម្រាប់​ដេញ​ថ្លៃ​ជាមួយ​ធនាគារ​ពិភពលោក ឬ​ជាមួយ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ថា ត្រូវ​ធ្វើ​យ៉ាង​ម៉េច គឺ​រដ្ឋាភិបាល​រៀបចំ​បាន​យ៉ាង​ល្អ​តែ​ការ​អនុវត្ត​ជាក់ស្តែង​មិន​បាន​ល្អ​នោះ​ទេ ទី​៣​ចំណូល​ចំណាយ​របស់​រដ្ឋមាន​ភាព​អាថ៌កំបាំង​ទោះ​ជា​មាន​ការ​បង្ហាញ​ឯកសារ​មួយ​ចំនួន​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្តី​ក៏​ការ​បង្ហាញ​នោះ​មាន​ដោយ​ផ្នែក​តែ​ប៉ុណ្ណោះ និង​ទី​៤​បញ្ហា​នេះ​ក៏​ទាក់ទង​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​ផង​ដែរ​៕

Urban Voice Cambodia

Urban Voice Cambodia