សាលាក្រុង​ដាក់​ឲ្យ​ប្រើ​ផ្លូវ​ក្រោម​ដី​ស្ពាន​តិច​ណូ និង​គ្រោង​សង់​ស្ពាន​អាកាស​២​បន្ថែម​ទៀត
Posted On : July, 19, 2015 | By សំឡេងទីក្រុង

ប្រភព៖ rfi ខេមរភាសារ,ដោយ ហេង ឧត្តម,ថ្ងៃទី19.07.2015

ផ្លូវ​ក្រោម​ដី​របស់​ស្ពាន​អាកាស​តិច​ណូ នឹង​ធ្វើ​រួចរាល់​នៅ​ថ្ងៃ​ទៅ​២២​កក្កដា ហើយ​សា​លា​ក្រុងភ្នំពេញ នឹង​ដាក់​ឲ្យ​ចរាចរណ៍​ផ្លូវ​ក្រោម​ដី​នេះ នៅ​ថ្ងៃ​សៅរ៍​ទី​២៥​កក្កដា​ខាងមុខ។ លោក ឡុង ឌី​ម៉ង់ អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ ឲ្យ​ដឹង​ថា គម្រោង​ស្ពាន​អាកាស​ស្តុប​តិចណូ សម្រេចបាន​ជាង​៦០%​ហើយ ហើយ​នឹង​សម្រេច​សាង​សង់​រួច​ទាំង​ស្រុង​នៅ​មុន​ចូល​ឆ្នាំ​ខ្មែរ គឺ​មុន​ខែ​មេសា​ឆ្នាំ​២០១៦​ខាង​មុខ។ អ្នក​នាំ​ពាក្យ​រូប​នេះ បង្ហើប​ដែរ​ថា សាលា​រាជធានី​ភ្នំពេញ គ្រោង​នឹង​សាង​ស្ពាន​អាកាស​ចំនួន​បី​បន្ថែម​ទៀត។

នៅ​ពេល​នេះ ការ​ដ្ឋាន​សាង​សង់​ស្ពាន​អាកាស​តិច​ណូ កំពុង​អ៊ុត​កៅស៊ូ​ក្រាល​ផ្លូវ​ក្រោម​ដី ហើយ​នឹង​សម្រេច​នៅ​ថ្ងៃ​ទី​២២​កក្កដា។ ផ្លូវ​ក្រោម​ដី​នេះ មាន​ប្រវែង​៣៣៣​ម៉ែត្រ និង​ទទឹង​ប្រហែល​៧​ម៉ែត្រ ដែល​អ្នក​ដំណើរ​អាច​ធ្វើ​ចរាចរណ៍​បណ្តោះ​អាសន្ន​នៅ​ថ្ងៃ​ទី​២៥​កក្កដា​ខាងមុខ។ លោក ឡុង ឌី​ម៉ង់ អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ ឲ្យ​ដឹង​ថា ការ​បើក​ឲ្យ​ប្រើ​ផ្លូវ​ក្រោម​ដី​នេះ គឺ​ដើម្បី​សម្រួល​ការ​កក​ស្ទះ រវាង​ផ្លូវ​គីម​អ៊ីល​ស៊ុង និង​មហាវិថី​សហព័ន្ធរុស្ស៊ី។

ស្ពាន​អាកាស​ស្តុប​តិចណូ ជា​ស្ពាន​អាកាស​ទី​៤​នៅ​ភ្នំពេញ ដោយ​មាន​គម្រោង​ចំណាយ​ទឹកប្រាក់​ជាង​១៤​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។ ពេល​នេះ គម្រោង​សាង​សង់​សម្រេច​បាន​ជាង៦០​%​ហើយ ហើយ​នឹង​សម្រេច​សាង​សង់​រួច​ទាំង​ស្រុង នៅ​ពេល​មុន​ចូល​ឆ្នាំ​ខ្មែរ​ខាង​មុខ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ។

សូម​ជម្រាប​ថា សាលា​រាជធានី​ភ្នំពេញ គ្រោង​នឹង​សាង​សង់​ស្ពាន​អាកាស​ចំនួន​២​បន្ថែម​ទៀត។ នោះ​គឺ​ត្រង់​ចំណុច​ភ្លើង​ស្តុប​វិមាន​កាណាឌីយ៉ា និង​ស្តុប​ទឹកថ្លា ដែល​អាជ្ញាធរ​ក្រុង គ្រោង​នឹង​សិក្សា​សាង​សង់​ស្ពាន​អាកាស​និង​ផ្លូវ​ក្រោម​ដី។ បន្ថែម​ពី​នេះ សាលា​ក្រុង​នឹង​រៀប​ចំ​ជួស​ជួល​ស្ពាន​អាកាស​ក្បាល​ថ្នល់​ឡើង​វិញ ហើយ​ក៏​នឹង​ធ្វើ​ផ្លូវ​ក្រោម​ដី​ដើម្បី​សម្រួល​ឲ្យ​មាន​ទិស​ចរាចរណ៍​បត់​ឆ្វេង​ផងដែរ៕

Urban Voice Cambodia

Urban Voice Cambodia