សាលាក្រុងកាយប្រឡាយបើកមុខទឹកពីបុរីអង្គភ្នំពេញដល់ផ្លូវជាតិ៥បញ្ជូនទឹកទៅស្ថានីយបូមទឹកគីឡូម៉ែត្រលេខ៩
Posted On : កក្កដា, 10, 2018 | By សំឡេងទីក្រុង

ភ្នំពេញ៖ ដើម្បីដោះស្រាយបញ្ហាលិចលង់ដោយជំនន់ទឹកភ្លៀងនារដូវវស្សានេះ រដ្ឋបាលរាជធានីភ្នំពេញ បន្តធ្វើការកាយប្រឡាយបើកមុខទឹក នៅតំបន់ខណ្ឌឬស្សីកែវ គឺប្រឡាយនៅខាងមុខបុរីអង្គភ្នំពេញរហូតទៅស្ថានីបូមទឹកគីឡូម៉ែត្រលេខ៩ មានប្រវែងជាង២គីឡូម៉ែត្រ ក្នុងការកាត់បន្ថយការជន់លិចដោយទឹកភ្លៀង ក្នុងរដូវវស្សា។

នៅថ្ងៃទី១០ ខែកក្ដដា ឆ្នាំ២០១៨លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ប្រាប់ទូរទស្សន៍ហង្សមាសតាមទូរស័ព្ទ​មកថា “បច្ចុប្បន្ន សាលារាជធានីភ្នំពេញ អោយមន្ទីរសាធារណៈការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បន្តធ្វើការស្តារប្រឡាយនៅក្នុងខណ្ឌឬស្សីកែវ អោយមានផ្លូវធំ អោយមានផ្លូវទឹកហូរបានលឿន កុំអោយមានការជន់ទឹកភ្លៀងយូនៅពេលមានភ្លៀងធា្លក់ខ្លាំងម្តងៗ”។ លោកបន្តថា ជាក់ស្តែងអង្គភាពលូទឹកបូមទឹកនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរខណ្ឌពាក់ព័ន្ទ បាននិងកំពុងដាក់គ្រឿងចក្រ ចុះអន្តរាគមន៍កាយប្រឡាយ បើកមុខទឹកនៅក្នុងខណ្ឌឬស្សីកែវ។

លោក ដួង ចាន់សារ៉ាត់ ប្រធានអង្គភាពលូទឹកបូមទឹកនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹងដែរថា “តបតាមបញ្ជាដឹកនាំពី ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានអោយអង្គភាពលូទឹកបូមទឹកនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញនិងរដ្ឋបាលខណ្ឌពាក់ព័ន្ធចុះស្ដារប្រឡាយមេមួយខ្សែរប្រមាណ២ គីទ្បូរមែត្រ ដែលមានទំហំ៦មែត្រ ដោយចាប់ពីចុងប្រឡាយមុខបុរីអង្គរហូតដល់ផ្លូវជាតិ៥ ពោលគឺទៅដល់ស្ថានីយបូមទឹកគីឡូម៉ែត្រលេខ៩ ដើម្បីបូមទឹកចេញរំដោះការលិចលង់ជូនប្រជាពលរដ្ឋ។ លោកបន្តថា មកដល់ពេលនេះ ក្រុមការងារបានសម្រេចការងាររបស់ខ្លួនជិតដល់ទីបញ្ចប់ហើយ ដោយបានកាយបើកមុខទឹកមកដល់ស្ថានីយបូមទឹកគីឡូម៉ែត្រលេខ៩ហើយ។

ចំញ្ហាការស្តារលូ និងកាយប្រឡាយនេះ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនរាជធានីភ្នំពេញ អោយដឹងនាពេលកន្លងទៅថា គម្រោងរបស់រដ្ឋបាលរាជធានីភ្នំពេញ គឺបានដាក់ចេញជាផែនការ ដោយឱ្យមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញធ្វើការសិក្សាបច្ចេកទេស លើបញ្ហាដោះស្រាយទឹកលិចចំនួន ៥គម្រោង លើចំនួន ៥តំបន់ក្នុងរាជធានីភ្នំពេញនៅឆ្នាំ២០១៨នេះ។ តំបន់លិចទឹកទាំង៥កន្លែង ដែលត្រូវដោះស្រាយ រួមមានទី១-តំបន់ផ្លូវជាតិលេខ៤ មុខសាលាក្តីខ្មែរក្រហម ដោយកំពុងជីកភ្ជាប់ប្រឡាយស្របផ្លូវរថភ្លើង ប្រឡាយជើងឯក និងប្រឡាយទួលពង្រ។

ទី២-តំបន់មហាវិថីសហព័ន្ឋរុស្ស៊ី ខាងជើងព្រលានយន្តហោះ។ គម្រោងដាក់លូប្រអប់ក្នុងសាច់ផ្លូវតាំងកសាង ចាប់ពីមហាវិថីសហព័ន្ឋរុស្ស៊ីទៅភ្ជាប់ប្រឡាយទួលសំពៅនិង១ខ្សែទៀតទៅភ្ជាប់ប្រឡាយចំការឳឡឹក។ ទី៣-តំបន់ខាងត្បូងនិងខាងកើតព្រលានយន្តហោះ។ គម្រោងនឹងដាក់លូប្រអប់ទំហំ ៦.៨ម៉ែត្រ និង ៤.៨ម៉ែត្រ ដើម្បីដោះទឹកលិចនៅផ្លូវ ស ឡា ផ្លូវ ណ័រប្រ៊ីត ផ្លូវដួង ងៀប ភូមិថ្មគោល ប្រឡាយលូ៥ បុរី អូរបែកក្អម បុរី ស ឡា។ ទី៤-គម្រោងស្ថាបនាប្រឡាយបេតុងស្ទឹងមានជ័យ និងផ្លូវអបប្រឡាយ និងទី៥-គម្រោងស្តារលូ នៅក្នុងខណ្ឌចំការមន ដូនពេញ ៧មករា និងទួលគោក។

ដើម្បីដោះស្រាយបាននូវការលិចលង់នេះដែរ រដ្ឋបាលរាជធានីភ្នំពេញក៏បានដាក់ចេញជា គម្រោងសាងសង់ស្ថានីយ៍បូមទឹកថ្មីចំនួន៤កន្លែងទៀតផងដែរ ដូចជា នៅគឺទី១ស្ថានីយ៍បុរី១០០ខ្នង ទី២ស្ថានីយ៍លូ៥ ទី៣ស្ថានីយ៍បឹងទំពុន និងទី៤ស្ថា​នីយ៍​ទួលសំពៅ ដែលបង្កើនសមត្ថភាពបូមទឹកបាន៣ដង។ ជាងនេះទៅទៀត រដ្ឋបាលរាជធានីភ្នំពេញនូវបានដាក់ចេញជាយុទ្ធនាការស្តារលូទាំងខ្នាតតូចនិងខ្នាតធំ នៅ៤ខណ្ឌកណ្តាលក្រុងដែលមានប្រវែង ៤១៨គីឡូម៉ែត្រថែមទៀតផងដែរ៕

ប្រភព៖ ហង្សមាសព័ត៌មាន

សំឡេងទីក្រុង!

សំឡេងទីក្រុង!