សាកលវិទ្យាល័យ​​ភូមិន្ទ​​វិចិត្រ​សិល្បៈ​​ដែល​មាន​​អាយុ​​ជាង​១០០ឆ្នាំ​ នឹង​ត្រូវ​​ប្ដូរ​​ទី​តាំង​​ថ្មី
Posted On : May, 28, 2015 | By សំឡេងទីក្រុង

ដោយ វ៉ា សំណព្វ, ចុះផ្សាយ​នៅ​ថ្ងៃ 28/05/2015, RFI

សាកល​វិទ្យាល័យ​​ភូមិន្ទ​​វិចិត្រ​សិល្បៈ​ ​អតីត​​សាលា​​រចនា​​ ដែល​​មាន​​​អាយុ​​​ជាង​​១០០ឆ្នាំ​​ នឹង​​ត្រូវ​​​ប្តូរ​​​ទី​​តាំង​​​ថ្មី​​ ទៅ​​កាន់​​​តំបន់​​​ជ្រោយ​​ចង្វា​​ត្រើយ​​ខាង​កើត។ បើទោះ​បី​ជា​​មិន​ទាន់​មាន​​គម្រោង​​ច្បាស់​លាស់​​ក្តី​ ក៏​​ប៉ុន្តែ​​ទី​តាំង​​ថ្មី​ នឹង​​ផ្តល់​ភាព​ទូលាយ​​ជាង​​មុន​ ខណៈ​​ទីតាំង​​ចាស់​​នឹង​ត្រូវ​​ប្រើ​​សម្រាប់​​ការ​ពង្រីក​ បរិវេណ​​បន្ថែម​​របស់​​សារមន្ទីរ​​ជាតិ​។ ការ​ផ្លាស់​ប្តូរ​​ទីតាំង​​នេះ មិន​មាន​​ការ​ដោះដូរ​​ជាមួយ​​វិស័យ​​ឯកជន​​នោះទេ​។

 

ដំណឹង​នៃ​ការផ្លាស់ប្តូរ​ទីតាំង​ថ្មី​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ បាន​លេចលឺ​ជាច្រើន​ឆ្នាំ​មកហើយ ក៍​ប៉ុន្តែ​វា​មិនទាន់​ជា​ផ្លូវការ​នៅឡើយ។ ហើយ​ទើបតែ​ពេលនេះ ច្បាស់​ហើយ​ថា ទីតាំង​ថ្មី​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ អតីត​សាលា​រចនា​ដែលមាន​អាយុកាល​ជាង​១០០ឆ្នាំនេះ នឹងត្រូវ​ប្តូរ​ទៅ​ទីតាំង​ថ្មី ស្ថិតនៅ​តំបន់​អភិវឌ្ឍន៍​ជ្រោយចង្វារ​ត្រើយ​ខាងកើត ក្រោយ​ពី​អភិបាល​ក្រុងភ្នំពេញ​បានប្រកាស​ផ្តល់​ដី​ប្រមាណ​ជា២ទៅ៣ហិច​តា​សម្រាប់​ការ​សាងសង់​នេះ។ នេះ​បើតាម​ការបញ្ជាក់​ពី​លោក ថៃ នរៈ​សត្យា អ្នកនាំពាក្យ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​នៅ​ថ្ងៃទី២៨ឧសភា​នេះ។ ការផ្លាស់ប្តូរ​ទីតាំង​ថ្មី​របស់​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​នេះ ម្យ៉ាង​គឺ​ដើម្បី​បាន​ទីតាំង​ថ្មី​ដែល​ធំ​ទូលាយ​ជាមុន និង​ម្យ៉ាងទៀត គឺ​ដើម្បី​ផ្តល់​ទីតាំង​ចាស់​របស់​សាលកវិទ្យាល័យ​នេះ ទៅឱ្យ​សារមន្ទី​ជាតិ ដែល​កំពុង​ត្រូវការ​ពង្រីក​បន្ថែម។

បើទោះបីជា​មិនទាន់​ទទួលបាន​លិខិត​ប្រកាស​ផ្លូវការ​ក្តី តែ​លោក បុក សុវត្តិ ​សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​បាន​ស្វាគមន៍​ចំពោះ​ដំណឹង​នេះ នោះ​ក៏​ព្រោះថា ទី​តាំង​ចាស់​ដែលមាន​អាយុកាល​ជាង១០០ឆ្នាំនេះ តូចចង្អៀត ហើយ​អាគា​មួយចំនួន​បាន​ចាស់​ឌ្រុត​ទ្រោម​ទៅហើយ។ បើតាម​លោក​សកលវិទ្យាធិការ​រូបនេះ បច្ចុប្បន្ន​ទីតាំង​សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​ដែលមាន​ទំហំ​ត្រឹមតែ​ជាង​១ហិចតា​នេះ មិន​សមាមាត្រ​ទៅនឹង​ចំនួន​​និស្សិត​ជាង១៧០០នាក់ ដែល​កំពុង​សិក្សា​នៅតាម​មហាវិទ្យាល័យ​ទាំង៥នេះ​ទេ។ ប៉ុន្តែ​ជាមួយគ្នានេះ​សាស្ត្រាចារ្យ​មួយចំនួន​បានបង្ហាញ​ការព្រួយបារម្ភ​ថា ការផ្លាស់ប្តូរ​ទីតាំង​ថ្មី នឹង​ធ្វើឱ្យប៉ះពាល់​ទៅដល់​អត្ថន័យ​និង​ខ្លឹមសារ​ប្រវត្តិសាស្ត្រ​នៃ​សាកលវិទ្យាល័យ​មួយ​នេះ។

លោក ប៉ា សុជាតិ​វង្ស អភិបាលក្រុង​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៧​ឧសភា បានប្រកាស​នៅក្នុង​កិច្ចប្រជុំ​ជាមួយ​ប្រជាពលរដ្ឋ​ម្ចាស់​ដី​ដែល​រង​ផលប៉ះពាល់​នៅ​តំបន់​អភិវឌ្ឍន៍​ទីក្រុង​រណប​ជ្រោយចង្វា​រថា មាន​ស្ថាប័នរដ្ឋ​មួយចំនួន​នឹងត្រូវ​ប្តូរ​ទីតាំង​ថ្មី ទៅកាន់​តំបន់​ទីក្រុង​រណប​ជ្រោយ​ចង្វារ ដែល​រដ្ឋ​បាន​ជួល​ទៅឱ្យ​ក្រុមហ៊ុន​ឯកជន ICOC របស់លោក​ឧកញ៉ា ពុង ឃាវ​សែ ហើយ​ក្នុងនោះ ក៏មាន​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​មួយ​ដែរ។ នេះ​បើតាម​លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យ​សាលាក្រុង​ភ្នំពេញ។ ប៉ុន្តែ​លោក​ឌីម៉ង់​មិនទាន់​អាច​និយាយ​ពី​គម្រោង​ពិស្តារ​នៅឡើយ​ទេ តែ​លោក​បានដឹងថា នៅ​តំបន់​អភិវឌ្ឍន៍​ជ្រោយចង្វា​នេះ នឹង​ក្លាយជា​ចំណុចកណ្តាល​នៃ​ទីក្រុង​ភ្នំពេញ ដែលមាន​ហេដ្ឋារចនាសម្ព័ន្ធ​ល្អប្រសើរ​សម្រាប់​ស្ថាប័នរដ្ឋ។

សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ អតីត​សាលា​រចនា​ត្រូវបាន​កសាង​តំណាលគ្នា​នឹង​សារមន្ទីរ​ជាតិ​កម្ពុជា​ក្នុង​ឆ្នាំ១៩១៧ ត្រូវបាន​ប្រែក្លាយជា​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​នៅ​ឆ្នាំ១៩៦៥ ក្រោម​ព្រះរាជកិច្ច​ដឹកនាំ​របស់​ព្រះបរមរតន​កោដ្ឋ នរោត្តម សីហនុ។ សាកលវិទ្យាល័យ​នេះ បង្កើតឡើង​ដើម្បី​សិក្សា​ស្រាវជ្រាវ និង​បណ្តុះបណ្តាល​ធនធានមនុស្ស​ផ្តោតលើ​វិស័យ​សិល្បៈ និង​វប្បធម៌ ពោលគឺ​ការបង្ហាត់បង្រៀន​និស្សិត​ឱ្យក្លាយ​ជា​សិល្បករ, ស្ថាបត្យករ, និង​បុរាណវិទ្យា។ សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ សិ្ថត​នៅក្នុង​មណ្ឌល​តែមួយ​ជាមួយ​សារមនី្ទរជាតិ ហើយ​ដែល​ប្រជាជន​ខែ្ម​រតែង​ហៅថា សាលា​រចនា៕

Urban Voice Cambodia

Urban Voice Cambodia