សហជីព​ចង់​ឲ្យ EDC កែ​ទម្រង់​គម្រោង​បញ្ចុះ​តម្លៃ​អគ្គិសនី​កម្មករ
Posted On : January, 30, 2015 | By សំឡេងទីក្រុង

ដោយ ប៉ិច សុធារី, ភ្នំពេញ ប៉ុស្តិ៍ , ថ្ងៃ ទី ៣០ ខែ មករា ឆ្នាំ ២០១៥

ភ្នំពេញៈ សហជីព​កម្មករ​មួយ​ចំនួន​កំពុង​លើក​សំណើ​កំណែ​ទម្រង់​ចំពោះ​គម្រោង​របស់​អាជ្ញាធរ​អគ្គិសនី​កម្ពុជា (EDC) ក្នុង​ការ​បញ្ចុះ​តម្លៃ​អគ្គិសនី​ដល់​កម្មករ​កាត់​ដេរ​នៅ​រាជធានី​ភ្នំពេញ ដោយ​មន្ត្រី​សហជីព​បាន​បញ្ជាក់​កាល​ពី​ម្សិលមិញ​ថា ការ​រៀប​ចំ​បច្ចុប្បន្ន​នៅ​ស្មុគស្មាញ​ណាស់​ក្នុង​ការ​អនុវត្ត​ឲ្យ​បាន​សម្រេច។

កាល​ពី​ ២ សប្តាហ៍​មុន EDC បាន​ប្រកាស​ថា ​ខ្លួន​នឹង​កាត់​បន្ថយ​ថ្លៃ​អគ្គិសនី​ដើម្បី​​ជាការ​សម្រាល​បន្ទុក​របស់​កម្មករ​ក្រីក្រ បន្ទាប់​ពី​ពួកគេ​បាន​ត្អូញត្អែរ​ពី​​ការ​ដំឡើង​​ថ្លៃ​នៅ​តាម​ផ្ទះ​ជួល​ដោយ​ម្ចាស់​ផ្ទះ​យក​ថ្លៃ​ភ្លើង​ចាប់​ពី ១០០០ ទៅ ២៥០០ រៀល ក្នុង​មួយ​គីឡូវ៉ាត់។

យោង​តាម​គម្រោង​ថ្មី ​កម្មករ​នឹង​បង់​តម្លៃ​ ៦១០ រៀល ​ក្នុង​មួយ​គីឡូវ៉ាត់ លើ​ការ​ប្រើ​ប្រាស់​តិច​ជាង ៥០ គីឡូវ៉ាត់​ ក្នុង​មួយ​ខែ។ ទោះ​ជា​យ៉ាង​ណា ការ​ប្រើ​ប្រាស់​លើស​ពី​ចំនួន​នោះ ត្រូវ​បង់​ថ្លៃ ដូច​ពលរដ្ឋ​ទូទៅ​ដែរ។

លោក កែវ រតនៈ អគ្គ​នាយក EDC ​បាន​ឲ្យ​ដឹង​ក្នុង​វីដេអូឃ្លីប កាល​ពី​សប្តាហ៍​មុន​ថា ក្នុង​ការ​អនុវត្ត​គម្រោង ២ លាន​ដុល្លារ​នេះ EDC បាន​ចាប់​ផ្តើម​ដំឡើង​ខ្សែ​ត​ភ្ជាប់​ថ្មី​កាល​ពី​ម្សិល​មិញ នៅ​បន្ទប់​ជួល​ក្នុង​ខណ្ឌ​ចំនួន ៣ ​ដែល​កម្មករ​ភាគ​ច្រើន​រស់​នៅ គឺ​ចាប់​ផ្តើម​ត​ពី​ខណ្ឌ​ឫស្សីកែវ មុន​គេ។

EDC នឹង​មិន​ពាក់​ព័ន្ធ​ម្ចាស់​ផ្ទះ ហើយ​ចុះ​កិច្ច​សន្យា​ផ្ទាល់​ជាមួយ​នឹង​កម្មករ ដោយ​គិត​ថ្លៃ​អគ្គិសនី ពី​ពួក​គេ​ដោយ​ផ្ទាល់ ដើម្បី​ចៀស​វាង​ការ​បំភ្លៃ​តម្លៃ។

លោក មឿន តុលា ​ប្រធាន​កម្មវិធី​ការងារ​នៅ​មជ្ឈមណ្ឌល​អប់​រំ​ច្បាប់​សហគមន៍ បាន​ថ្លែង​ថា៖ «យើង​ពិត​ជា​កោត​សរសើរ​ដល់​រដ្ឋាភិបាល​ដែល​​ប្រកាស​ពី​​គោល​នយោបាយ​នេះ ប៉ុន្តែ វា​មិន​មាន​ភាព​ជាក់​ស្តែង​គ្រប់គ្រាន់​ក្នុង​ការ​អនុវត្ត​ទេ»។

លោក អាត់ ធន់ ​ប្រធាន​សហព័ន្ធ​សហជីព​ ស៊ីខៅឌូ ​បាន​យល់​ស្រប​ ដោយ​លើក​ឡើង​ថា ៖ «កម្មករ​មួយ​ចំនួន​មិន​មាន​ឯកសារ​ចាំ​បាច់ ដើម្បី​ចុះ​កិច្ច​សន្យា​ទេ ហើយ​ពុំ​មាន​ពេល​ដើម្បី​បង់​ថ្លៃ​ភ្លើង ដោយ​ឡែក​ពី​ប្រព័ន្ធ​បច្ចុប្បន្ន»។

លោក អាត់ ធន់ ​បាន​បញ្ជាក់​ថា សមាជិក​ស៊ីខៅឌូ​ប្រហែល ២០ ភាគរយ មិន​ចង់​បង់​ប្រាក់​ដំ​ឡើង​ខ្សែ​អគ្គិសនី​និង​កុងទ័រ​ភ្លើង​ថ្មី​ ៣៥០០០ រៀល​ទេ។

ដើម្បី​​ឲ្យ​ដំណើរ​ការ​កាន់​តែ​ងាយ​ស្រួល ​ប្រធាន​ផ្នែក​ការងារ​​ទាំង​ពីរ​រូប​បាន​ស្នើ​ឲ្យ​ EDC ​​ទុកឲ្យ​ម្ចាស់​ផ្ទះ គ្រប់​គ្រង​លើ​ការ​បង់​ប្រាក់ហើយ​ពិន័យ​​ម្ចាស់​ផ្ទះ​ ដែល​គិត​តម្លៃ​លើស​វិញ។

លោក មឿន តុលា បាន​បន្ត​ថា៖ «យើង​នឹង​មើល​ថា​តើ ការ​ដំឡើង​ដំបូង​នឹង​​ប្រព្រឹត្ត​របៀប​​យ៉ាង​ដូច​ម្តេច…បន្ទាប់​មក​ទើប​យើង​ផ្តល់​អនុសាសន៍​មួយ​ច្បាស់​លាស់»។

តាម​លោក អាត់ ធន់ បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​ម្ចាស់​ផ្ទះ​ភាគ​ច្រើន​ជំទាស់​នឹង​គំនិត​ផ្តួច​ផ្តើម​នេះ ប៉ុន្តែ ​​EDC បាន​ប្រាប់​ពួក​គេ​ថា ពួកគេ​មាន​កាតព្វ​កិច្ច​ត្រូវ​គោរព​តាម​គោល​នយោបាយ​របស់​រាជ​រដ្ឋាភិបាល។

លោក ឡុង ឌីម៉ង់ អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ ដែល​កំពុង​ជួយ EDC ជាមួយ​នឹង​ការ​អនុវត្ត​កម្មវិធី​នេះ​ បាន​ឲ្យ​ដឹង​ថា ៖ «​យើង​នឹង​សម្រុះ​សម្រួល​ជាមួយ​នឹង​ម្ចាស់​ផ្ទះ ដើម្បី​ធ្វើ​ឲ្យ​គម្រោង​នេះ​ទទួល​បាន​ជោគ​ជ័យ»។

លោក កែវ រតនៈ បាន​គូស​បញ្ជាក់​ថា មន្រ្តី EDC នឹង​ជួប​ជាមួយ​នឹង​ម្ចាស់​ផ្ទះ​ពី​ថ្ងៃ​ចន្ទ ដល់ថ្ងៃ​សុក្រ ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្តាហ៍​ទៀត ​ដើម្បី​​ធ្វើ​ការ​ដោះ​ស្រាយ​បញ្ហា​សេស​សល់​មួយ​ចំនួន។

លោក គិត ម៉េង កម្មករ​រោង​ចក្រ​កាត់​ដេរ គឹម តាយ បាន​និយាយ​ថា ៖ «​ការ​បញ្ចុះ​តម្លៃ​គឺ​ល្អ​សម្រាប់​យើង ប៉ុន្តែ យើង​បារម្ភ​​​ខ្លាច​ថា ឥឡូវម្ចាស់​ផ្ទះ​អាច​គិត​ថ្លៃ​ទឹកខ្ពស់ ឬ​បង្កើន​ថ្លៃ​ឈ្នួល ដើម្បី​ប៉ះប៉ូវ​ការ​ខាត​បង់​ប្រាក់​​ពី​តម្លៃ​អគ្គិសនី របស់​ពួក​គេ ដូច្នេះ មន្រ្តី​ត្រូវតែ​ចរ​ចា​ជា​មួយ​នឹង​ពួកគេ​»។

EDC មិន​អាច​ទាក់​ទង​សុំ​ការ​អត្ថា​ធិប្បាយ​បាន​ទេ៕

Urban Voice Cambodia

Urban Voice Cambodia