សហគមន៍មានទំនាស់ដីធ្លីចេញតវ៉ាសុំកិច្ចអន្តរាគមន៍ពីស្ថាប័នពាក់ព័ន្ធ
Posted On : February, 6, 2015 | By សំឡេងទីក្រុង
ដោយ វិទ្យុអាស៊ីសេរី ថ្ងៃទី ០៥ ខែកុម្ភៈ ឆ្នាំ ២០១៥
ក្រុមសហគមន៍ដែលមានទំនាស់ដីធ្លីចំនួន ៧សហគមន៍ ក្នុងរាជធានីភ្នំពេញ និងខេត្តព្រះវិហារ បានចេញមកតវ៉ាព្រមៗគ្នាជាថ្មីម្ដងទៀត នៅព្រឹកថ្ងៃទី៥ ខែកុម្ភៈ ដើម្បីជំរុញឲ្យស្ថាប័នពាក់ព័ន្ធមួយចំនួនជួយអន្តរាគមន៍។
ពលរដ្ឋប្រមាណជាង ១០០នាក់ មកពី ៧សហគមន៍ផ្សេងគ្នា រួមមានសហគមន៍ស្ត្រីបឹងកក់ បណ្តាញអតីតស្ត្រីបឹងកក់ សហគមន៍បឹងឈូក បុរីកីឡា ព្រះវិហារ និងសហគមន៍ព្រលានយន្តហោះអន្តរជាតិ ភ្នំពេញ អេស.អូ.អេស (SOS) បានតវ៉ាដាក់ញត្តិទៅរដ្ឋសភាដើម្បីជំរុញឲ្យសភាកោះហៅរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជុំវិញករណីដែលតុលាការចាប់ឃុំខ្លួនសកម្មជនដីធ្លី ព្រះសង្ឃ និងសកម្មជននយោបាយ ១៩នាក់ ដាក់ពន្ធនាគារដោយអយុត្តិធម៌ ខណៈដែលសហគមន៍ផ្លូវរទេះភ្លើង តវ៉ានៅមុខធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ពាក់ព័ន្ធគម្រោងពង្រីកផ្លូវរថភ្លើងប៉ះពាល់ផ្ទះពលរដ្ឋ។
តំណាងសហគមន៍បឹងកក់ លោកស្រី យ៉ោម បុប្ឆា ឲ្យដឹងថា តាមគម្រោងពួកគាត់ចង់ទៅតវ៉ានៅទីលានប្រជាធិបតេយ្យ ប៉ុន្តែត្រូវអាជ្ញាធររារាំង ទើបសម្រេចយកញត្តិមកដាក់នៅរដ្ឋសភា ដោយសង្ឃឹមថា តំណាងរាស្ត្រទាំងពីរគណបក្សនឹងជួយកោះហៅរដ្ឋមន្ត្រីក្រសួងយុត្តិធម៌មកសួរនាំជុំវិញសំណើរបស់ពួកគាត់៖ «យើងសង្ឃឹមថា រដ្ឋសភានឹងចេញមកទទួលញត្តិរបស់យើងដើម្បីកោះហៅរដ្ឋមន្រ្តីក្រសួងយុត្តិធម៌មកបំភ្លឺក្នុងករណីចាប់សកម្មជនដីធ្លីទាំងអយុត្តិធម៌ ចាប់ព្រះសង្ឃដោយអយុត្តិធម៌ ចាប់សកម្មជននយោបាយដោយអយុត្តិធម៌»។
កាលពីថ្ងៃទី២៦ មករា ក្រុមប្រឹក្សាជំនុំជម្រះនៃសាលាឧទ្ធរណ៍សម្រេចផ្ដន្ទាទោសសកម្មជនដីធ្លីចំនួន ១០នាក់ និងព្រះសង្ឃ ១អង្គ ចន្លោះពី ៦ខែ ដល់ ១ឆ្នាំ។ ការសម្រេចក្រោមភាពចម្រូងចម្រាសនេះ ត្រូវបានអង្គការមិនមែនរដ្ឋាភិបាលដែលឃ្លាំមើលសវនាការអះអាងថា សាលដីកានេះគឺមានចរិតនយោបាយ និងគំនុំច្រើនជាង។
ក្រោយពីតវ៉ាក្រោមកម្ដៅថ្ងៃអស់ជាច្រើនម៉ោង ទីបំផុតសមាជិកគណៈកម្មការទី១នៃរដ្ឋសភា អ្នកស្រី ឡោក ខេង តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា និងប្រធានគណៈកម្មការទី១០រដ្ឋសភា លោក ហូរ វ៉ាន់ មកពីគណបក្សសង្គ្រោះជាតិ បានចេញមកទទួលញត្តិពីពលរដ្ឋ។
រីឯខាងសហគមន៍ព្រះវិហារ ដែលមានទំនាស់ដីធ្លីក៏បានដាក់ញត្តិមួយច្បាប់ថ្វាយព្រះមហាក្សត្រនៅរសៀលថ្ងៃទី២ កុម្ភៈ ដើម្បីឲ្យព្រះអង្គជួយរកយុត្តិធម៌ឲ្យ បន្ទាប់ពីផ្ទះសម្បែងរបស់ពួកគាត់ ២៥៣គ្រួសារ នៅភូមិស្វាយជ្រុំ ឃុំកន្ទួត ស្រុកជាំក្សាន្ត ត្រូវអាជ្ញាធរខេត្តព្រះវិហារ និងអាជ្ញាធរប្រាសាទព្រះវិហារ វាយកម្ទេចចោល ព្រមទាំងវាយកម្ទេចសាលារៀន មន្ទីរពេទ្យ វត្តអារាម និងចាប់ព្រះសង្ឃផ្សឹកកាលពីថ្ងៃទី១ មករា ហើយបង្ខំឲ្យពលរដ្ឋចាកចេញពីភូមិទៅរស់នៅក្នុងព្រៃដែលសំបូរទៅដោយយុទ្ធភណ្ឌមិនទាន់ផ្ទុះ គ្មានសេវាទឹកភ្លើង គ្មានដីស្រែចំការ សម្រាប់បង្កបង្កើនផល។
ដោយឡែកក្នុងថ្ងៃដដែលនោះ សហគមន៍ផ្លូវរថភ្លើង ក៏បានទៅតវ៉ានៅមុខធនាគារអភិវឌ្ឍន៍អាស៊ី ដើម្បីស្នើសុំឲ្យបើកវេទិកាសាធារណៈបង្ហាញពីព័ត៌មានជុំវិញការអភិវឌ្ឍន៍ផ្លូវដែក។
តំណាងប្រជាសហគមន៍ទួលសង្កែប៊ី (B) លោក ឡុង ចាន់ឌី ឲ្យដឹងថា ខាងធនាគារអភិវឌ្ឍន៍អាស៊ី បានសន្យាជាច្រើនលើកច្រើនសាថា នឹងជួយសម្របសម្រួលឲ្យក្រុមហ៊ុនថូល (Toll) និងក្រុមហ៊ុនរ៉ូយ៉ាល់ គ្រុប (Royal Group) របស់លោកឧកញ៉ា គិត ម៉េង បើកវេទិកាសាធារណៈមួយ បង្ហាញពីគម្រោងសាងសង់បណ្ដាញផ្លូវរថភ្លើងឲ្យបានច្បាស់ ដោយសារតែមានព័ត៌មានផ្ទុយគ្នាពីការកំណត់អ័ក្សផ្លូវរថភ្លើង។
ប្រភពដដែលបន្តថា តាមគម្រោងរបស់ធនាគារអភិវឌ្ឍន៍អាស៊ីកំណត់អ័ក្សចេញពីផ្លូវរថភ្លើង ៣ម៉ែត្រកន្លះ។ ប៉ុន្តែខាងក្រុមហ៊ុនបានចេញសេចក្ដីជូនដំណឹងឲ្យពលរដ្ឋរក្សាទុករហូត ១០ម៉ែត្រពីផ្លូវរថភ្លើង៖ «ក្នុងក្របខ័ណ្ឌ ADB តែ ៣ម៉ែត្រកន្លះហ្នឹង ប៉ះពាល់ទូទាំងប្រទេសចំនួន ៣.៥៨១គ្រួសារ ចុះទម្រាំតែ ១០ម៉ែត្រ តើប៉ះកើនឡើងចំនួនប៉ុន្មាន?»។
នាយកធនាគារអភិវឌ្ឍន៍អាស៊ី ប្រចាំកម្ពុជា លោក អៀរិក ស៊ីដវិច (Eric Sidgwick) បានសន្យាជាមួយពលរដ្ឋសហគមន៍ផ្លូវរថភ្លើងថា ខាងលោកនឹងព្យាយាមសម្របសម្រួលឲ្យខាងក្រុមហ៊ុនទាំងពីរចេញមកបំភ្លឺជុំវិញព័ត៌មានពីការអភិវឌ្ឍផ្លូវរថភ្លើងនោះ ប៉ុន្តែមិនទាន់កំណត់ថ្ងៃច្បាស់លាស់នៅឡើយ៕