សហគមន៍បុរីកីឡាជំរុញឲ្យសាលាក្រុងផ្ដល់សំណងលំនៅឋាន
Posted On : January, 5, 2015 | By សំឡេងទីក្រុង
ដោយ វិទ្យុអាស៊ីសេរី,ថ្ងៃទី០២ មករា ២០១៤
ពលរដ្ឋសហគមន៍បុរីកីឡា ប្រមាណ ៣០នាក់ បាននាំគ្នាទៅតវ៉ាដាក់ញត្តិនៅសាលារាជធានីភ្នំពេញ និងរដ្ឋសភា នៅព្រឹកថ្ងៃទី២ ខែមករា ស្វែងរកអន្តរាគមន៍ដោះស្រាយបញ្ចប់បញ្ហាដីធ្លីពួកគាត់ ដែលអូសបន្លាយរយៈពេល ៣ឆ្នាំមកហើយ។
ពួកគេជំរុញអោយសាលារាជធានីភ្នំពេញ ពន្លឿនដោះស្រាយផ្ដល់សំណង និងលំនៅឋាន បន្ទាប់ពីត្រូវអាជ្ញាធរឈូសឆាយបំផ្លាញកាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១២។
អ្នកសហគមន៍បុរីកីឡា ដែលហៅខ្លួនឯងថាក្រុម ៣មករា ដែលរំឭកដល់ថ្ងៃដែលផ្ទះសម្បែងពួកគាត់ត្រូវឈូសឆាយកម្ទេច ដើម្បីបណ្ដេញចេញពួកគាត់ពីសំណាក់អាជ្ញាធររាជធានីភ្នំពេញ កាលពី ៣ឆ្នាំមុន បានទទូចអោយសាលារាជធានីភ្នំពេញបញ្ឈប់អូសបន្លាយពេលវេលាក្នុងការ ផ្ដល់សំណង និងលំនៅឋានដល់ពួកគាត់។
ក្នុងដៃមានកាន់បដា អ្នកសហគមន៍បុរីកីឡា ដោយមានការគាំទ្រពីសហគមន៍ អេសអូអេស (SOS) សង្ឃឹមថា សាលារាជធានីភ្នំពេញនឹងយល់ពីការលំបាករបស់ពួកគាត់ ហើយពន្លឿនការដោះស្រាយ។
តំណាងក្រុមអ្នកតវ៉ា អ្នកស្រី ជុំ ង៉ាន់ មានប្រសាសន៍ថា ជីវភាពរស់នៅក្នុងជម្រកតង់ក្បែរគំនរសំរាមក្នុងតំបន់បុរីកីឡា គឺជាពេលវេលាដ៏លំបាកវេទនាបំផុតសម្រាប់គ្រួសារទាំងឡាយ ដែលត្រូវបានបណ្ដេញចេញ៖ «សំឡេង»។
តំណាងក្រុម ៣មករា នៃសហគមន៍បុរីកីឡា អះអាងថា សាលារាជធានីភ្នំពេញបានស្រង់ស្ថិតិប្រមូលព័ត៌មានពីចំនួនអ្នកដែល ត្រូវទទួលសំណង និងផ្ទះសម្បែងនោះរួចហើយ កាលពីឆ្នាំ២០១៣ ប៉ុន្តែនៅមិនឃើញមានលទ្ធផលយ៉ាងណាឆ្លើយតបនឹងពលរដ្ឋវិញឡើយ។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ មានប្រសាសន៍ថា សាលាក្រុងនឹងរកពេលវេលាជួបពិភាក្សាម្ដងទៀតជាមួយអ្នកសហគមន៍ បុរីកីឡា ប្រសិនបើពួកគាត់មានបំណងចូលរួមរកដំណោះស្រាយពិតប្រាកដ៖ «សំឡេង»។
ជម្លោះដីធ្លីរវាងអ្នកបុរីកីឡា ជាមួយក្រុមហ៊ុន ផាន អ៊ីម៉ិច (PhanImex) របស់ អ្នកស្រី ស៊ុយ សុផាន បានអូសបន្លាយជាច្រើនឆ្នាំមកហើយនៅតែមិនទាន់បញ្ចប់ នៅពេលក្រុមហ៊ុនអះអាងថា បានក្ស័យធនមិនអាចសាងសង់អគារអោយគ្រប់ចំនួន ១០អគារសម្រាប់ពលរដ្ឋតាមការសន្យា។
កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១២ អាជ្ញាធរសាលារាជធានីភ្នំពេញ កងប្រដាប់អាវុធចម្រុះរបស់រដ្ឋាភិបាល និងក្រុមហ៊ុន ផាន អ៊ីម៉ិច បានឈូសបំផ្លាញ និងកម្ទេចលំនៅឋាន ទ្រព្យសម្បត្តិរបស់ពលរដ្ឋនៅសហគមន៍បុរីកីឡា ដើម្បីបណ្ដេញពួកគាត់យកដីអោយក្រុមហ៊ុន។ ពលរដ្ឋមួយចំនួនត្រូវដឹកអោយទៅរស់នៅតំបន់ភ្នំបាត ចំណែកពលរដ្ឋជាង ១០០គ្រួសារ កំពុងរស់នៅក្នុងជម្រកតង់ក្នុងតំបន់បុរីកីឡារង់ចាំសំណង និងផ្ទះសម្បែងពីក្រុមហ៊ុន។ ប្រធានក្រុមហ៊ុន ផាន អ៊ីម៉ិច អ្នកស្រី ស៊ុយ សុផាន បានទៅបំភ្លឺក្នុងសភាកាលពីខែតុលា ឆ្នាំ២០១៤ ចំពោះការខកខានមិនបានសង់អគារអោយគ្រប់ចំនួនដូចការសន្យា ប៉ុន្តែនៅពុំទាន់មានលទ្ធផលយ៉ាងណានៅឡើយ៕