សហគមន៍​បឹងត្របែក​បដិសេធ​ដំណោះ​ស្រាយ​សាលាក្រុង
Posted On : June, 5, 2015 | By សំឡេងទីក្រុង

ប្រភព៖ បុស្តិ៍ខ្មែរ  Fri, 5 June 2015 ដោយ៖ សែន ដាវីត

ភ្នំពេញៈ តំណាង​សហគមន៍​បឹងត្របែក​ខាង​ជើង​បាន​ បដិសេធ​ដំណោះ​ស្រាយ​របស់​សាលា​រាជធានី​ភ្នំពេញ លើ​គម្រោង​អភិវឌ្ឍន៍​របស់​រដ្ឋ​នៅ​តំបន់​បឹងត្របែក។

ការ​បដិសេធ​នេះ​ធ្វើ​ឡើង​ក្នុង​វេទិកា​សាធារណៈ​មួយ​កាល​ពី​ម្សិលមិញ​នៅ​ វត្ត​ទួលទំពូង​រវាង​ប្រជាពលរដ្ឋ​ជាង​៥០​គ្រួសារ និង​សាលា​រាជធានី​ភ្នំពេញ។

លោក អ៊ុំ កែវ អនុប្រធាន​សហគមន៍​បឹងត្របែក​បាន​ថ្លែង​ថា តំបន់​បឹងត្របែក​បច្ចុប្បន្ន​មាន​ប្រជាជន​ចំនួន​៦៣៧​គ្រួសារ​រស់​នៅ​តំបន់​ បឹងត្របែក​ខាងត្បូង និង​៩៩​គ្រួសារ​នៅ​បឹងត្របែក​ខាង​ជើង។

សាលា​រាជធានី​ភ្នំពេញ​បាន​ផ្តល់​ជម្រើស​ពីរ​ដល់​ប្រជាពលរដ្ឋ​រង​ផល​ប៉ះ​ ពាល់​គឺ​សាលា​រាជធានី​ភ្នំពេញ​អាច​ឲ្យ​ពលរដ្ឋ​ទិញ​ដី​នៅ​តំបន់​អាង​ស្តុក​ ទឹក​បឹងត្របែក​នោះ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ​​ ៥០០​ ដុល្លារ​និង​ទី ២ ប្រជាពលរដ្ឋ​អាច​លក់​ដី​ឲ្យ​សាលា​រាជធានី ភ្នំពេញ​វិញ​ក្នុង​តម្លៃ​មួយ​ម៉ែត្រ​ការ៉េ​២៥០​ដុល្លារ។

ប៉ុន្តែ លោក អ៊ុំ កែវ បាន​ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ភាគ​ច្រើន​មិន​យល់​ព្រម​ចំពោះ​តម្លៃ​នោះ​ទេ​ព្រោះ​តំបន់​នេះ​ បច្ចុប្បន្ន​មាន​តម្លៃ​ទី​ផ្សារ​ខ្ពស់។

លោក​បន្តថា៖ «យើង​ម៉េច​ព្រម​បើ​ដី​បឹងត្របែក​ស្ថិត​នៅ​កណ្តាល​ក្រុង​តម្លៃ​ជាង ​៣ ០០០ ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ អ៊ីចឹង​តម្លៃ ២៥០ ដុល្លារ​និង ៥០០ ដុល្លារ​មិន​អាច​ទៅ​រួច​ទេ ព្រោះ​លក់​តម្លៃ​នេះ​ហើយ​ទៅ​ទិញ​ដី​ក្បែរ​តំបន់​នោះ​វា​មិន​បាន​ទេ»។

លោក នន អូនី មន្ត្រី​ផ្នែក​ច្បាប់​នៃ​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំ​នៅ​ឋាន​បាន​ថ្លែង​ថា ​ជម្រើស​ផ្តល់​ឲ្យ​របស់​សាលា​រាជធានី​ភ្នំពេញ​ត្រូវ​ធ្វើ​យ៉ាង​ណា​តាម​ បទដ្ឋាន​ច្បាប់​ដោយ​ធានា​ថា​នឹង​មិន​នាំ​ឲ្យ​មាន​អំពើ​ហិង្សា​ណា​មួយ​កើត​ ឡើង​ព្រោះ​បច្ចុប្បន្ន​ភាគ​ច្រើន​តំបន់​នោះ​មាន​សំណង់​រឹង​មាំ​ផ្ទះ​ ភោជនីយដ្ឋាន សណ្ឋាគារ និង​ប្រជាពលរដ្ឋ​មួយ​ចំនួន​ទៀត​រស់​នៅ​តាម​ប្រឡាយ។

លោក​បាន​បន្តថា៖ «បញ្ហា​បឹងត្របែក​រដ្ឋ​ត្រូវ​ប្រយ័ត្ន​ប្រយែង។ ខ្ញុំ​មិន​ជឿ​ថា​បញ្ហា​នេះ​នឹង​មាន​វាសនា​ដូច​បឹងកក់​និង​បុរី​កីឡា បើ​ពុំ​មាន​ដំណោះស្រាយ​ណា​មួយ​សម​ស្រប​ប្រជាពលរដ្ឋ​ទទួល​យក​បាន»។

ក្នុង​វេទិកា​សាធារណៈ​នេះ​ធ្វើ​ឡើង​ក្រោម​វត្តមាន​លោក អៀង អូននី អភិបាលរង​រាជធានី​ភ្នំពេញ​ស្តី​ពី​គម្រោង​អភិវឌ្ឍន៍​តំបន់​បឹងត្របែក​ខាងជើង ​ដោយ​ជម្រាប​ពី​បំណង​របស់​សាលា​រាជធានី​ក្នុង​ការ​អភិវឌ្ឍ​គម្រោង​ បឹងត្របែក។

លោក អៀង អូន​នី បាន​ថ្លែង​នៅ​មុខ​ប្រជាពលរដ្ឋ​ចូល​រួម​ដោយ​សង្ឃឹម​ថា ប្រជាពលរដ្ឋ​អាច​ទទួល​យក​ដំណោះស្រាយ​របស់​សាលា​រាជធានីភ្នំពេញ​បាន​ដោយ​ សន្តិវិធី។

គម្រោង​នោះ​ត្រូវ​បាន​សាលា​រាជធានី​ភ្នំពេញ​មាន​បំណង​ស្តារ​លូ​បឹងត្របែក និង​ពង្រីក​ស្ថានីយ​បូមទឹក​ដើម្បី​បញ្ចៀស​ទឹក​ជំនន់​នៅ​ភ្នំពេញ៕

Urban Voice Cambodia

Urban Voice Cambodia