សហគមន៍​ដី​ធ្លី​នៅ​ភ្នំពេញ​ជូន​ដំណឹង​ធ្វើ​បាតុកម្ម​១​ខែ​នៅ​ទីលាន​ប្រជាធិបតេយ្យ
Posted On : January, 13, 2015 | By សំឡេងទីក្រុង

ដោយ៖ RFA, អ៊ួន ឈិន, 2015-01-12

ប្រជាពលរដ្ឋ​មាន​ជម្លោះ​ដី​ធ្លី​មក​ពី​សហគមន៍​ចំនួន ៤ បាន​ជូន​ដំណឹង​ដល់​សាលា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១២ មករា ពី​គម្រោង​ធ្វើ​បាតុកម្ម​នៅ​ទីលាន​ប្រជាធិបតេយ្យ​រយៈពេល ១ខែ ចាប់​ពី​ថ្ងៃ​ទី​២០ មករា ដល់​ថ្ងៃ​ទី​២០ កុម្ភៈ ឆ្នាំ ២០១៥ ។

សហគមន៍​ទាំង ៤ មាន​សហគមន៍​បុរីកីឡា សហគមន៍​ព្រលាន​យន្តហោះ អេស.អូស.អេស (SOS) សមាគម​ស្ត្រី​បឹងកក់ និង​បណ្ដាញ​អតីត​ស្ត្រី​បឹងកក់។

តំណាង​សមាគម​ស្ត្រី​បឹងកក់ និង​ជា​អ្នក​ដឹកនាំ​គម្រោង​បាតុកម្ម អ្នកស្រី យ៉ោម បុប្ផា បញ្ជាក់​ពី​គោល​បំណង​នៃ​បាតុកម្ម​គឺ​ដើម្បី​ទាមទារ ឲ្យ​រដ្ឋាភិបាល​ដោះស្រាយ​បញ្ចប់​វិបត្តិ​ដីធ្លី​របស់​ពួកគាត់ ដោះលែង សកម្មជន​ដីធ្លី និង​សកម្មជន​ដទៃ​ទៀត​ពី​ពន្ធនាគារ ហើយ​និង​បញ្ចប់​ជម្លោះ​នយោបាយ​នៅ​កម្ពុជា៖ «សកម្មជន​ដីធ្លី​មាន​អ្នកស្រី ទេព វន្នី អ្នកស្រី បូ ឆវី សុងស្រីលាភ ង៉ែត ឃុន ផាន់ ឈុនរ៉េត អ៊ឹម ស្រីទូច និង​សកម្មជន​ផ្សេង​ៗ​ទៀត រួម​ទាំង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ដែរ និង​ព្រះសង្ឃ​ផង​ដែរ»។

ទោះយ៉ាងណា មន្ត្រី​រដ្ឋបាល​នៃ​សាលា​រាជធានី​ភ្នំពេញ បាន​ទទួល​យក​សេចក្ដី​ជូន​ដំណឹង​នោះ​ហើយ​នៅ​រសៀល​ថ្ងៃ​ដដែល ហើយ​ថា​នឹង​ដាក់​ជូន​អភិបាល​រាជធានី​ភ្នំពេញ​ដើម្បី​ពិនិត្យ​និង​សម្រេច៕

Urban Voice Cambodia

Urban Voice Cambodia