សហគមន៍​ដីធ្លី​ដាក់​ញត្តិ​ជា​ថ្មី​ទៅ​សាលា​រាជធានី​ស្នើ​ឲ្យ​ពន្លឿន​ដំណោះស្រាយ​​
Posted On : March, 18, 2015 | By សំឡេងទីក្រុង

ដោយ៖​ ណាត សុភាព​ | ថ្ងៃពុធ ទី18 មិនា 2015, VOD

​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​មក​ពី​សហគមន៍​ផ្សេងគ្នាប្រមាណ​៥០​នាក់ នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​នាំគ្នា​តវ៉ា​នៅ​មុខ​សាលា​រាជធានី​ភ្នំពេញ ​ដោយ​ស្ងៀមស្ងាត់ដើម្បី​ស្នើ​អាជ្ញាធរ​ពាក់ព័ន្ធ​ពន្លឿន​ដោះស្រាយ​បញ្ហា​ឲ្យ​ពួកគេ​។​

​ស្ត្រី​សកម្មជន​ដីធ្លី​ទាំងនោះ មក​ពី​សហគមន៍​អតីត​បណ្តាញ​ស្ត្រី​បឹងកក់ សហគមន៍​បុរី​កីឡា ៣​មករា សហគមន៍​ព្រលានយន្តហោះ​អន្តរជាតិ​(SOS) និង​សមាគម​ស្ត្រី​បឹងកក់​ដែល​ទើប​បង្កើតឡើង​។

ការដាក់​ញត្តិ​នេះ​ធ្វើឡើង ក្រោយពេល​សាលា​រាជធានី​ភ្នំពេញ កាល​ម្សិលមិញ បាន​ចេញ​សេចក្តីជូនដំណឹង​បិទ​ផ្សាយ​ជា​សាធារណៈ​នូវ​លទ្ធផល​នៃ​ការវាយតម្លៃ​លក្ខណៈសម្បត្តិ​របស់​ប្រជាពលរដ្ឋ​បុរី​កីឡា​ដែល​បាន​តវ៉ា​កន្លងមក ដែល​ជា​ដំណាក់កាល​ចុងក្រោយ​នៃ​ដំណោះស្រាយ​បញ្ចប់​បញ្ហា​។ ចំពោះ​ប្រជាពលរដ្ឋ​ណា​ដែល​មិន​ទាន់​ឯកភាព​ទៅលើ​លទ្ធផល​វាយតម្លៃ​នេះ សាលា​រាជធានី​ភ្នំពេញ ទុក​រយៈពេល​ដល់​ថ្ងៃ​ទី​៣០ ខែ​មេសា ឆ្នាំ​២០១៥ ដើម្បីឲ្យ​ប្រជាពលរដ្ឋ​មានទំនាស់​ផ្តល់​ឯកសារ ឬ សាក្សី​បន្ថែម​ដល់​ក្រុមការងារ​ចម្រុះ​ធ្វើការ​ពិនិត្យ និង​ដោះស្រាយ​ជូន​នៅនឹងកន្លែង ។​

ពលរដ្ឋ​មក​ពី​សហគមន៍​បុរី​កីឡា អ្នកស្រី យិន ស្រ៊ី​ន ដែល​ចូលរួម​តវ៉ា​នៅ​ព្រឹក​នេះ​បាន​អះអាង​ថា អ្នកស្រី​មាន​ឯកសារ​បញ្ជាក់​និង​ប្លង់​ផ្ទះ តែ​បែរជា​មិន​ទទួលបាន​ដំណោះស្រាយ​ដែល​សាលា​រាជធានី​ភ្នំពេញ​បាន​ដាក់ចេញ​នោះទេ ។ អ្នកស្រី​លើកឡើងថា «​សាលាក្រុង​ហ្នឹង​បានប្រកាស​ដោះស្រាយ​ថា ឲ្យ​អ្នក​មាន​ឯកសារ ហើយ​ដ៏​ពេល​ខ្ញុំ​មាន​ឯកសារ​គ្រប់គ្រាន់​ដែរ គាត់​អត់​បាន​ហៅ​ពួក​ខ្ញុំ​មក​និយាយ​ថា​ដោះស្រាយ​ឲ្យ​គ្រប់គ្រាន់​តាម​ឯកសារ​ហ្នឹង​ទេ​ណា​។ អ្នកខ្លះ​បាន អ្នកខ្លះ​អត់​បាន ក្រុម​ខ្ញុំ៣មក​រា​បានតែ​៧​នាក់​ទេ ហើយ​សុទ្ធតែ​មាន​ឯកសារ​ទាំង​អស់​ពួក​ខ្ញុំ អញ្ចឹង​បាន​ថា​ពួក​ខ្ញុំ​នេះ​មក​គ្រាន់តែ​ថា សុំឲ្យ​សាលា​រាជធានី​ហ្នឹង​ដោះស្រាយ​ឲ្យ​បាន​យុត្តិធម៌​ចំពោះ​អ្នក​មាន​ឯកសារ​»​។​

តំណាង​សមាគម​ស្ត្រី​បឹងកក់ អ្នកស្រី យោ​ម បុប្ផា ថ្លែង​បន្ទាប់ពី​ដាក់​ញត្តិ​ជា​ថ្មី​នោះ​ថា សុំ​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​ជម្លោះ​ដីធ្លី​ដែល​នៅ​សេសសល់​ឲ្យបាន​ឆាប់ ព្រោះ​ពួកគាត់​កំពុង​ជួប​បញ្ហា​ប្រឈម​ជាច្រើន​នៅ​ក្នុង​ជីវភាព​គ្រួសារ ។ អ្នកស្រី​បញ្ជាក់ថា «​ពាក្យ​ថា​បញ្ចប់​នៅ​បឹង​កក់ ដរាបណា​តែ​បឹងកក់​ទាំងមូល​ត្រូវ​ចប់ មិន​គិត​ថា​អតីត​ឬក៏​អ្នក​ដែល​នៅ​ទេ​។ ត្រូវតែ​បញ្ចប់​ឲ្យ​ពួកគាត់ ពីព្រោះ​ពួកគាត់​ចាកចេញ​ទៅ​មិន​តាម​ការ​ដែល​គាត់​យល់ព្រម គឺ​ទៅ​តាម​តែ​រដ្ឋាភិបាល​ក៏ដូចជា​សាលាក្រុង​បង្ខំ​ពួកគាត់​។ គាត់​បាត់បង់​មុខរបរ គាត់​បាត់បង់​ផ្ទះ បាត់បង់​ជីវភាព​ថ្លៃថ្នូរ ដែល​ធ្វើឲ្យ​គាត់​ចេញពី​បឹងក​ក់ទៅ គាត់​រស់នៅ​ទាំង​វេទនា ដេក​តាម​ច​ញ្ចើម​សំយ៉ាបផ្ទះ​គេ​។ អ្នកខ្លះ​បែកបាក់​គ្រួសារ កូន​អត់​បាន​ទៅ​សាលារៀន ពេល​តវ៉ា​គេ​ប្រើ​កម្លាំង​វ៉ៃ​ធ្វើបាប ប្រើ​ហិង្សា ដូច្នេះ​ហើយ​ដែល​ធ្វើឲ្យ​គាត់​វេទនា​ទាំងអស់​ហ្នឹងហើ​យ ដែល​គាត់​មក​ទាមទារ​សារ​ជា​ថ្មី​នេះ​»​។​

​រីឯ​សហគមន៍​ព្រលានយន្តហោះ​អន្តរជាតិ​(SOS) និង​សហគមន៍​អតីត​អ្នក​បឹងកក់​ដែល​ទទួលបាន​សំណង​ហើយ ក៏​ដាក់​ញត្តិ​ទាមទារ​ដូចគ្នានេះដែរ​។​

​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​លោក ឡុង ឌី​ម៉ង់ មានប្រសាសន៍ថា សាលា​រាជធានី​កំពុង​ធ្វើ​ការដោះស្រាយ​ជូន​ពលរដ្ឋ​នៅ​តំបន់​បឹង​កក់ និង​តំបន់​បុរី​កីឡា​។ លោក​អះអាង​ថា ដំណោះស្រាយ​នេះ​នឹងត្រូវ​បញ្ចប់​មុន​ចូលឆ្នាំ​ខ្មែរ​។ លោក​មានប្រសាសន៍ថា «​យើងខ្ញុំ​កំពុងតែ​ដុតដៃដុតជើង​ជួយ​គាត់ គ្រប់​ម៉ោង គ្រប់​វេលា​ទាំងអស់​។ ឥឡូវ​ហ្នឹង​យើង​កំពុង​បញ្ចប់រឿង​បញ្ហា​បូរី​កីឡា និង​បឹងកក់​នេះ ឲ្យបាន​មុន​ចូលឆ្នាំ​ខ្មែរ បានន័យថា​មុន​ខែ​បួន​»​។​

ប្រធាន​ក្រុមការងារ​ពិសេស​សិទ្ធិ​លំនៅឋាន លោក សៀ ភារម្យ សារ​ទរ​នឹង​សាលា​រាជធានី​ភ្នំពេញ​ដែល​ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ​រងគ្រោះ​ទាំងនោះ​។ តែ​លោក​ស្នើ​ឲ្យ​សាលា​រាជធានី​ភ្នំពេញ​ដោះស្រាយ​ករណី​ដីធ្លី​នេះ​ឲ្យ​យុត្តិធម៌ និង​មាន​តម្លាភាព ជៀសវៀង​មាន​បញ្ហា​ប្រឈម​លើក​ក្រោយ​ទៀត​។​

​បើ​តាម​ក្រុម​ពលរដ្ឋ ពួកគេ ដាក់​ញត្តិ​ទៅ​សាលា​រា​ធានី​ភ្នំពេញ ទីស្តីការគណៈរដ្ឋមន្ត្រី ធនាគារពិភពលោក (World Bank) និង​រដ្ឋសភា ដើម្បី​ស្នើ​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​ទាំង​នេះ​ជួយ​ដោះស្រាយ​បញ្ហា​ជូន​ពួកគេ​ឲ្យបាន​ឆាប់​៕

Urban Voice Cambodia

Urban Voice Cambodia