ទួលគោក

សមិទ្ធិផល​ស្ពាន​ធំៗ​ទាំង ១៦ កន្លែង និង គម្រោងសាងសង់ស្ពានផ្សេងៗ​នៅ​កម្ពុជា​

ប្រភពៈ​​  pmhotnews.com​​​    ថ្ងៃទីៈ​ 1 មិថុនា, 2015

នៅ​ដើមឆ្នាំ ២០១៥ នេះ សម្តេចនាយក​រដ្ឋមន្ត្រី​បាន​អញ្ជើញ​ដើរ​សម្ពោធ​ស្ពាន​ដែល​ទើបតែ​សាងសង់​រួច​ជា​បន្តបន្ទាប់ ហើយ​ស្ពាន​ដែល​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​មុនគេ​នៅ​ដើមឆ្នាំ​នេះ ទី​១ គឺ​ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ​ដែល​ត​ភ្ជាប់​ខេត្តស្ទឹងត្រែង និង ខេត្តព្រះវិហារ​។ ទី ២ គឺ​ស្ពាន​ត្សឹ​បា​សា (​ស្ពាន​អ្នក​លឿង​) ដែលជា​ស្ពាន​វែង​ជាងគេ​ក្ន​ចំណោម​ស្ពាន​ទាំងអស់​នៅក្នុង​ប្រទេស​កម្ពុជា​។ រហូតមកដល់​ពេលនេះ មាន​ស្ពាន​ធំៗ​មួយចំនួន​ត្រូវបាន​សាងសង់​រួចរាល់​ហើយ ហើយក៏​បើក​ឱ្យ​ប្រជាពលរដ្ឋ​ធ្វើដំណើរ​រួចហើយ​ដែរ​គ្រាន់តែ​មិនទាន់​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​តែប៉ុណ្ណោះ​។ មាន​ស្ពាន​មួយចំនួនទៀត​កំពុងតែ​សាងសង់​នៅឡើយ​។ ក្រៅពី​ស្ពាន​ដែល​សាងសង់​រួច និង ស្ពាន​ដែល​កំពុង​សាងសង់​នោះ រដ្ឋាភិបាល​មាន​គម្រោង​សាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេសាប និង ទន្លេ​ចំនួន​ប្រាំ ឬ ប្រាំមួយ​ផ្សេងទៀត​។

១-​ ​ស្ពាន​ត្សឹ​បា​សា (​ស្ពាន​អ្នក​លឿង​)

​ស្ពាន​អ្នក​លឿង​នេះ​ត្រូវបាន​បើក​ការដ្ឋាន​ស្ថាបនា​កាលពី​ថ្ងៃទី ១២ ខែ កុម្ភៈ ឆ្នាំ ២០១១ ក្រោម​អធិបតីភាព​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង តំណាង​រដ្ឋាភិបាល​ជប៉ុន​ដែលជា​ម្ចាស់​ជំនួយឥតសំណង ។ សំណង់ ស្ពាន​អ្នក​លឿង​នេះ​ត្រូវ​ចំណាយ​ថវិកា​អស់​ចំនួន ១២៧ លាន​ដុល្លារ ដែលជា​ប្រាក់​ជំនួយឥតសំណង​ពី​រដ្ឋាភិបាល​ប្រទេស​ជប៉ុន​។ ស្ពាន​នេះ​ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ ១ មាន​ប្រវែង ២.២១៥ ម៉ែត្រ និង ទទឹង ប្រវែង ១៣,៥០ ម៉ែត្រ និង ផ្លូវ​ត​ភ្ជាប់​ស្ពាន​ប្រវែង ៣.១០០ ម៉ែត្រ ជា​ស្ពាន​ខ្នាត​អន្តរជាតិ​។ បន្ទាប់ពី​ស្ថាបនា​រួច​ស្ពាន​នេះ​ត្រូវបាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​កាលពី​ថ្ងៃទី ៦ ខែមេសា ឆ្នាំ ២០១៥ ក្រោម​អធិបតីភាព​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ។ ស្ពាន​ត្សឹ​បា​សា ឬ ស្ពាន​អ្នក​លឿង នេះ​ជា​ស្ពាន​វែង​ជាងគេ​ក្នុងចំណោម​ស្ពាន​ទាំងអស់​នៅក្នុង​ប្រទេស​កម្ពុជា ។​
អ្នកលឿង

២-​ ​ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ​ត​ភ្ជាប់​ខេត្តស្ទឹងត្រែង និង ខេត្តព្រះវិហារ​
​ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ​ពី​ខេត្តស្ទឹងត្រែង​ត​ភ្ជាប់​ទៅ​ស្រុក​ត្បែងមានជ័យ ខេត្តព្រះវិហារ បាន​សាងសង់​រួច​ហើយដោយ​ក្រុមហ៊ុន​ស៊ា​ង​ហៃ ប្រទេស​ចិន មាន​បណ្តោយ​ប្រវែង ១.៧៣១ ម៉ែត្រ និង ទទឹង ១៣ ម៉ែត្រ ។ ជាមួយគ្នា​នឹង​ការស្ថាបនា​ស្ពាន​នេះ​ក៏មាន​ការស្ថាបនា​កំណាត់​ផ្លូវ​លេខ ២១៤ ពី​ភូមិ​បា​ចុង សង្កាត់​ព្រះបាទ ក្រុង​ស្ទឹងត្រែង ទៅ​ស្រុក​ត្បែងមានជ័យ ខេត្តព្រះវិហារ មាន​ប្រវែង ១៤៣,៣៣ គីឡូម៉ែត្រ​។ គម្រោង​ស្ថាបនា​ស្ពាន​ថ្នល់​នេះ​ត្រូវ​ចំណាយ​ថវិកា​សរុប​ចំនួន ១១៦,៥ លាន​ដុល្លារ ដែលជា​ប្រាក់កម្ចី​ឥណទាន​សម្បទាន​ពី​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន រួមជាមួយ​ថវិកាបដិភាគ​របស់រ​ដ្ឋា​ភិ​បាល​កម្ពុជា​។ គម្រោង​នៃ​ការសាងសង់​ស្ពាន​នេះ​ត្រូវ​សាងសង់​រយៈពេល ៤៥ ខែ គឺ​គិត​ចាប់ពី​ថ្ងៃទី ១៥ ខែមេសា ឆ្នាំ ២០១២ ។ បន្ទាប់ពី​ការសាងសង់​រួច​ស្ពាន​នេះ​ត្រូវបាន​សម្ពោធ​ដាក់ឱ្យ​ដំណើរការ​កាលពី​ថ្ងៃទី ១ ខែមេសា ឆ្នាំ ២០១៥ ក្រោម​អធិបតីភាព​សម្តេច នាយករដ្ឋមន្ត្រី ហ៊ុន សែន ។​
ស្ទឹងត្រែង

៣-​ ​ស្ពាន​តាខ្មៅ​

​កាលពី​ថ្ងៃទី​៦ ខែ កក្កដា ឆ្នាំ ២០១១ ស្ពាន​តាខ្មៅ​ឆ្លងកាត់​ទន្លេបាសាក់ ដែល​ស្ថិតនៅ​ចំណុច​ភូមិ​ព្រែក​សំរោង សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល មាន​ប្រវែង ៨៥៥ ម៉ែត្រ និង ទទឹង ១៣,៥ ម៉ែត្រ ត្រូវបាន​បើក​ការដ្ឋាន​សម្ពោធ​ក្រោម​អធិបតីភាព​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​ប្រទេស​កម្ពុជា ។ ការស្ថាបនា​ស្ពាន​តាខ្មៅ នេះ​ប្រើ​រយៈពេល ៤២ ខែ និង ត្រូវ​សាងសង់​បញ្ចប់​នៅ​ចុងឆ្នាំ ២០១៤ ដែល​ត្រូវ​ចំណាយ​ថវិកា​អស់​ចំនួន ៣២,៨៩ លាន​ដុល្លារ ជា​ប្រាក់​កម្ចីសម្បទាន​ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង ថវិកាបដិភាគ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ។​
តាខ្មៅ

៤-​ ​ស្ពាន​ព្រះមុនីវង្ស​ចាស់ និង ថ្មី​

ស្ពាន​ព្រះមុនីវង្ស​ចាស់​ត្រូវបាន​សាងសង់​ទ្បើង​នៅក្នុង​ឆ្នាំ ១៩២៩ កាលពី​ដំបូង​ទ្បើ​យ​ស្ពាន​ព្រះមុនីវង្ស​ចាស់​នេះ គឺជា​ស្ពានដែក​ដែលមាន ឈ្មោះថា «​ស្ពាន​ជ្រោយ​តា​ឱក​» ហើយ​ស្ពានដែក​ដ៏​ចំណាស់​នេះ​បាន​បាក់​ខូច​បាត់​រូបរាង​នៅក្នុង​កំលុង​ទសវត្សរ៍​ឆ្នាំ ១៩៦០ ដោយ​ត្រូវបាន​សាងសង់​ជាថ្មី​ទ្បើង​វិញ​ពី​បេតុងអារម៉េ​មាន​ឈ្មោះថា «​ស្ពាន​ព្រះមុនីវង្ស​» រហូតមកដល់​សព្វថ្ងៃ​នេះ ។​ស្ពាន​ព្រះមុនីវង្ស​ថ្មី​ត្រូវបាន​បើក​ការដ្ឋាន​ស្ថាបនា​កាលពី​ថ្ងៃទី ២៣ ខែ ធ្នូ ឆ្នាំ ២០០៦ ក្រោម​អធិបតីភាព​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ហើយ​បាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​នៅ​ថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០០៩ ។ ស្ពាន​ព្រះមុនីវង្ស​ថ្មី​នេះ​សង់​អែប​នឹង​ស្ពាន​ព្រះមុនីវង្ស​ចាស់ មាន​ប្រវែង ២៦៩,២ ម៉ែត្រ និង ទទឹង​ប្រវែង ១៤ ម៉ែត្រ ចំណាយ​ថវិកា​អស់​ចំនួន ១០.៤៨៩.០៩៧ ដុល្លារ ដែលជា​ថវិកា​របស់រ​ដ្ឋា​ភិ​បាល​កម្ពុជា​តាមរ​យៈ​សាលា​រាជធានី​ភ្នំពេញ ។​

មុនីវង្ស

៥-​ ​ស្ពាន​អាកាស​ទី ១ ក្បាលថ្នល់

​ស្ពាន​អាកាស​ក្បាលថ្នល់​ជា​ស្ពាន​អាកាស​មុនដំបូង​គេ ត្រូវបាន​បើក​ការដ្ឋាន​សាងសង់​នៅ​ថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០០៩ ក្រោម​អធិបតីភាព​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ។ ស្ពាន​អាកាស​នេះ​មាន​ប្រវែង ៣០៨ ម៉ែត្រ និង ទទឹង ១៤,២ ម៉ែត្រ កម្ពស់ ៧,៤ ម៉ែត្រ ប្រើ​រយៈពេល ២ ឆ្នាំ និង ៥ ខែ ចំណាយ​ថវិកា​អស់​ចំនួន ៦.០៤៨.៤២៤ ដុល្លារ ដែលជា​ថវិកា​រដ្ឋាភិបាល​កម្ពុជា​តាមរយៈ​សាលា​រាជធានី​ភ្នំពេញ ហើយ​ត្រូវបាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​នៅ​ថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០១០ ។​

ក្បាលថ្នលទីមួយ

៦-​ ​ស្ពាន​អាកាស ៧ មករា​

ស្ពាន​អាកាស ៧ មករា ត្រូវបាន​បើក​ការដ្ឋាន​ស្ថាបនា​នៅ​ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០១០ ហើយ​បាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​នៅ​ថ្ងៃទី ៦ ខែមករា ឆ្នាំ ២០១២ ក្រោម​អធិបតីភាព​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។ ស្ពាន អាកាស ៧ មករា ជា​ស្ពាន​អាកាស​ទី ២ មាន​បណ្តោយ​ប្រវែង ៣៤៥ ម៉ែត្រ និង ទទឹង ១៥,២០ ម៉ែត្រ ហោះ​លើ​មហាវិថី​សហព័ន្ធរុស្ស៊ី និង ទម្លាក់​ខ្នែង​ជា​ដៃ​ស្ពាន​ទៅ​ស្រប​នឹង​មហាវិថី​កម្ពុជា​ក្រោម​មាន​បណ្តោយ​ប្រវែង ១៦០ ម៉ែត្រ និង ទទឹង ៦,៥ ម៉ែត្រ ។ ស្ថាបនា​រយៈពេល ១៣ ខែ និង អនុវត្ត​គម្រោង​ដោយ​ក្រុមហ៊ុន O.C.I.C.​។ ត្រូវ​ចំណាយ​ថវិកា​អស់​ចំនួន ៨,៧០៥,៨០៨ ដុល្លារ ជា​ថវិកា​បានមកពី​ជួល​ដី​នៅ​តំបន់​កោះ​ពេជ្រ ។​

៧មករា

៧-​ ​ស្ពាន​អាកាស​ស្ទឹងមានជ័យ​

ស្ពាន​អាកាស​ស្ទឹងមានជ័យ​ជា​ស្ពាន​អាកាស​ទី ៣ ដែល​ត្រូវបាន​បើក​ការដ្ឋាន​ស្ថាបនា​នៅ​ថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០១២ ក្រោម​អធិបតីភាព សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ។ ស្ពាន​អាកាស​ស្ទឹងមានជ័យ​នេះ​មាន​រូបរាង​ដូចជា​មេអំបៅ ត្រូវបាន​សិក្សា​ប្លង់​មេ​តាម​លក្ខណៈ​បច្ចេកទេស​ដូចខាងក្រោម​៖

-​សាងសង់​ស្ពាន​អាកាស​ធំ​ពី​បេតុងអារម៉េ​ស្រប​ពីលើ​ផ្លូវ​លេខ ២៧១ ត្រង់ចំណុច​ភ្លើងស្តុប​មាន​ទទឹង​ប្រវែង ១៤,៨០ ម៉ែត្រ សម្រាប់​ចរាចរណ៍ ទ្វេ​ទិស ដោយមាន​ពីរ​ខ្សែ​ទៅ និង ពីរ​ខ្សែ​មក ។​

-​សាងសង់​ស្ពាន​អាកាស​តូច​ពីរ​ឯកទិស​ពី​បេតុងអារម៉េ មាន​ទទឹង​ប្រវែង ៦,៥០ ម៉ែត្រ និង សាងសង់​ស្ពានបេតុង​មួយទៀត ជំនួស​ស្ពាន​បា​ទ្បេ ដែលមាន​ទទឹង​ប្រវែង ៨ ម៉ែត្រ ។​

-​អ៊ុត​កៅស៊ូ​អម​សងខាង​ស្ពាន​មាន​ទទឹង​ប្រវែង​ពី ៥,៥០ ម៉ែត្រ ទៅ ៧ ម៉ែត្រ និង ចិញ្ចើម ៣ ម៉ែត្រ ។​

-​កម្ពស់​សុវត្ថិភាព​ក្រោម​ស្ពាន​មាន​ប្រវែង ៥,២០​ម៉ែត្រ ។​

-​ក្រៅពីនេះ​ស្ថាបនា​លូ ច្រាំង​បេតុង ជើងទេរ​ប្រឡាយ សួនច្បារ ខឿន​បែងចែក​ទ្រូង​ស្ពាន ដំ​ទ្បើង​បង្គោល​ភ្លើង លាប​គំនូស​ចរាចរណ៍ ដាក់​ស្លាក​សញ្ញា​ចរាចរណ៍​ជាដើម ។

​នៅ​ដំណាក់​ការ​ទី ១ សាងសង់​ស្ពាន​អាកា​សមេ​ចំនួន ២ ស្ពាន​រូង ក្រោម​ដី ១ ដោយ​ប្រើ​រយៈពេល​សាងសង់ ១៨ ខែ និង ត្រូវ​ចំណាយ​ថវិកា​អស់​ចំនួន​ជាង ១២ លាន​ដុល្លារ​។ ដំណាក់កាល​ទី ២ សាងសង់​ស្ពាន​បែកខ្នែង​ចំនួន ១ និង ស្ពាន​ឆ្លងកាត់​ប្រ​ទ្បា​យ​ចំនួន ២ ដោយ​ប្រើ​រយៈពេល​សាងសង់ ៨ ខែ និង ត្រូវ​ចំណាយ​ថវិកា​អស់​ចំនួន ៥ លាន​ដុល្លារ ។

​ស្ពាន​អាកាស​ស្ទឹងមានជ័យ​ជា​ស្ពាន​អាកាស​ទី ៣ ថវិកា​សម្រាប់​សាងសង់​បានមកពី​គម្រោង​វិនិយោគ​នៅ​តំបន់​កោះ​ពេជ្រ ។ ស្ពាន​នេះ​ស្ថាបនា​ដោយ​ក្រុមហ៊ុន O.C.I.C. ជា​ក្រុមហ៊ុន​ក្នុងស្រុក ។ ស្ពាន​អាកាស​ស្ទឹង​មាន ជ័យ​នេះ​ត្រូវបាន​សម្ពោធ​ឱ្យ​ដំណើរការ​នៅ​ព្រឹក​ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០១៤ ក្រោម​អធិបតី​យ​ភាព​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ។ ស្ពាន​នេះ​ត្រូវបាន​សាងសង់​រួចរាល់​មុន​ផែនការ ៨ ខែ អស់​ទឹកប្រាក់​ចំនួន ១៨. ៩៧៦.៦៧៨ ដុល្លារ ។​
ស្ទឹងមានជ័យ

៨-​ ​ស្ពាន​ជ្រោយចង្វា​ចាស់​

ស្ពាន​ជ្រោយចង្វា​ចាស់​ត្រូវបាន​សាងសង់​ទ្បើង​ក្នុង​រជ្ជកាល​ព្រះបាទ​សម្តេច ព្រះ​នរោត្តម​សីហនុ ក្រោម​ការជួយ​ឧបត្ថម​របស់​ប្រជាជន និង រាជរដ្ឋាភិបាល​នៃ​ប្រទេស​ជប៉ុន​នៅ​ឆ្នាំ ១៩៦២ ប៉ុន្តែ​មាន​ឯកសារ​ខ្លះ​និយាយ ថា ស្ពាន​ជ្រោយចង្វា​ចាស់​នេះ​សាងសង់​នៅ​ឆ្នាំ ១៩៦៦ តែ​ជា​អកុសល ដោយសារតែ​ភ្លើងសង្គ្រាម​បានចាប់ផ្តើម​ឆេះ​រោលរាល​នៅក្នុង​ប្រទេស​កម្ពុជា ស្ពាន​នេះ​ត្រូវ​បានដាក់​គ្រាប់​បំផ្ទុះ​ឱ្យ​ខូច និង ដាច់ចេញ​ពីគ្នា​នៅវេលា​ម៉ោង ១២ យប់ ក្នុង​ឆ្នាំ ១៩៧៥ ដើម្បី​ផ្តាច់ទំនាក់ទំនង និង ការធ្វើដំណើរ​ឆ្លងកាត់​នាពេលនោះ ។

​ជាថ្មី​ម្តងទៀត​ស្ពាន​នេះ​ត្រូវបាន​ជួសជុល និង សាងសង់​ទ្បើង​វិញ​ចាប់ពី​ខែកញ្ញា ឆ្នាំ ១៩៩២ ហើយ​បាន​សាងសង់​បញ្ចប់ និង សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​នៅ​ខែកុម្ភៈ ឆ្នាំ ១៩៩៤ ហើយ​ស្ពាន​ជ្រោយចង្វា​ចាស់​នេះ​មាន​ប្រវែង ៧១០ ម៉ែត្រ ចំណាយ​ថវិកា​អស់​ចំនួន ២៣,២ លាន​ដុល្លារ ដែល ជា​ប្រាក់​ជំនួយ​របស់​ប្រជាជន និង រាជរដ្ឋាភិបាល​នៃ​ប្រទេស​ជប៉ុន ដោយ ដាក់ឈ្មោះថា «​ស្ពាន​មិត្តភាព​កម្ពុជា​-​ជប៉ុន​» ។​

៩-​ ​ស្ពាន​ជ្រោយចង្វា​ថ្មី​

​តាម​គម្រោង​សាងសង់​ស្ពាន​ជ្រោយចង្វា​ថ្មី​នេះ​ប្រើ​រយៈពេល ៣៦ ខែ ដោយបាន​ចាប់ផ្តើម​បើក​ការដ្ឋាន​សាងសង់​កាលពី​ខែវិច្ឆិកា ឆ្នាំ ២០១១ ហើយ​បញ្ចប់​ការសាងសង់​នៅ​ចុងឆ្នាំ ២០១៤ ។ ស្ពាន​នេះ​មាន​ប្រវែង ៧១៩ ម៉ែត្រ និង ទទឹង ១៣,៥ ម៉ែត្រ ដែល​ត្រូវ​ចំណាយ​ថវិកា​អស់​ចំនួន ២៧,៥ លាន​ដុល្លារ ដែលជា​ប្រាក់​ឥណទាន​ហិរញ្ញប្បទាន​ពី​ប្រទេស​ចិន ។ ការសាងសង់​ស្ពាន​នេះ​គឺ​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន​ថ្នល់​របស់​ប្រទេស​ចិន​ជា​អ្នក​សាងសង់ ។ ស្ពាន​នេះ​បាន​សាងសង់​រួចហើយ​បាន​បើក​ឱ្យ​ដំណើរការ​រួចហើយ​ដែរ​គ្រាន់តែ​មិនទាន់​សម្ពោធ​ឱ្យប្រើ​ប្រាស់​ជា​ផ្លូវការ​តែប៉ុណ្ណោះ ។
ជ្រោយចង្វាថ្មី

១០-​ ​ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន សេកុង​

​ស្ពាន​ឆ្លងកាត់​ទន្លេសេកុង​ដែល​គេ​ហៅថា «​ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន​» នេះ​មាន​ប្រវែង ១.០៧៥ ម៉ែត្រ និង ទទឹង​ប្រវែង ១១ ម៉ែត្រ កម្ពស់ ២១ ម៉ែត្រ នៅ​រដូវប្រាំង ។ ការស្ថាបនា​ស្ពាន​នេះ​ប្រើ​រយៈពេល ៤៤ ខែ ជាមួយនឹង​ការស្ថាបនា​ស្ពាន​នេះ​ក៏មាន​ការស្ថាបនា​កំណាត់​ផ្លូវ​លេខ ៧ ផងដែរ ដែលមាន​ប្រវែង ១៩៦,៩ គី​ទ្បូ​ម៉ែត្រ ។ ការស្ថាបនា​ស្ពាន និង ផ្លូវ​នេះ រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​បានផ្តល់​ប្រាក់កម្ចី​ចំនួន ៥២០ លាន​យន់ ស្មើនឹង ៧០ លាន​ដុល្លារ និង ថវិកាបដិភាគ​របស់​រដ្ឋា​ភិ​-​បាល​កម្ពុជា​ចំនួន ៤,៣ លាន​ដុល្លារ ដែល​បាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់ ជា​ផ្លូវការ​កាលពី​ថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០០៨ ។

សេកុង
១១-​ ​ស្ពាន​ព្រែក​ក្តាម​

ស្ពាន​ព្រែក​ក្តាម​បាន​បើក​ការដ្ឋាន​ស្ថាបនា​កាលពី​ថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០០៧ ក្រោម​អធិបតីភាព​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង លោក ស្រី យ៉ាង យី​ហ្វេ​ង ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ប្រចាំ​នៅក្នុង​ប្រទេស​កម្ពុជា ។ ស្ពាន​នេះ​បាន​ស្ថាបនា​ចប់​មួយរយ​ភាគរយ នៅ​ដើមខែ​មេសា ឆ្នាំ ២០១០ ដែល​បាន​ចំណាយ​ពេលវេលា​ក្នុងការ​ស្ថាបនា តែ ៣ ឆ្នាំ​ប៉ុណ្ណោះ ។ ថវិកា​សម្រាប់​ស្ថាបនា​ស្ពាន​នេះ​ជា​ប្រាក់កម្ចី​សម្បទាន​រយៈពេល​វែង ដែលមាន​អត្រា​ការប្រាក់​ទាប​ពី​ប្រទេស​ចិន និង ថវិកាបដិភាគ​របស់​រដ្ឋាភិបាល​កម្ពុជា​ប្រមាណ​ជា ៥ ភាគរយ ។ ស្ពាន​ព្រែក​ក្តាម មាន​បណ្តោយ​ប្រវែង ៩៧៥ ម៉ែត្រ ទទឹង​ប្រវែង ១៣,៥០ ម៉ែត្រ និង កម្ពស់ ១០ ម៉ែត្រ ចំណាយ​ថវិកា​អស់​ចំនួន ២៨,៨ លាន​ដុល្លារ ។​

ព្រែកក្តាម

១២-​ស្ពាន​ព្រែក​ព្នៅ

ស្ពាន​ព្រែក​ព្នៅ​នេះ​ជាការ​វិនិយោគ​របស់​ក្រុមហ៊ុន L.Y. P. Group របស់លោក​ឧក​ញ្ញ៉ា លី យ៉ុង​ផាត់ ដែលមាន​ប្រវែង ៩៩៦,២ ម៉ែត្រ និង ទទឹង​ប្រវែង ១៤ ម៉ែត្រ ចំណាយ​ថវិកា​អស់​ចំនួន ៤៣.៥៥០.០០០ ដុល្លារ ។ ស្ពាន​នេះ​ចាប់ផ្តើម​បើក​ការដ្ឋាន​ស្ថាបនា​នៅ​ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០០៨ ហើយ​ត្រូវបាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​នៅ​ថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០១០ ក្រោម​អធិបតីភាព​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ។​

ព្រែកព្នៅ

១៣-​ ​ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន ព្រែក​តា​មាក់

​ស្ពាន​ព្រែ​កតា​មាក់​មាន​បណ្តោយ​ប្រវែង ១.០៦៦ ម៉ែត្រ និង ទទឹង​ប្រវែង ១៣,៥០ ម៉ែត្រ ចំណាយ​ថវិកា​អស់​ចំនួន ៤៣,៥ លាន​ដុល្លារ ដែលជា​ប្រាក់កម្ចី​ពី​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ចំនួន ៤២.២០៨.៧៣៣ ដុល្លារ និង ប្រាក់​បដិភាគ​របស់រ​ដ្ឋា​ភិ​បាល​កម្ពុជា​ចំនួន ២.២២១.៥១២ ដុល្លារ ។ ស្ពាន​ព្រែ​កតា​មាក់​នេះ​បាន​បើក​ការដ្ឋាន​សាងសង់​នៅ​ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ ២០០៧ ការស្ថាបនា​ស្ពាន​នេះ​ប្រើ​រយៈពេល ៥០ ខែ ប៉ុន្តែ​ការស្ថាបនា​លឿន ជាង​គម្រោង ១០ ខែ ហើយ​ត្រូវ​បានដាក់​សម្ពោធ​ឱ្យប្រើ​ប្រាស់​នៅ​ថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០១១ ក្រោម​អធិបតីភាព​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ។​
ព្រែកតាមាក

១៤-​ ​ស្ពាន​គី​ហ្ស៊ូ​ណា​

​ស្ពាន​គី​ហ្ស៊ូ​ណា​ត្រូវបាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​នៅក្នុង​ឆ្នាំ ២០០១ ជា​ស្ពាន​ឆ្លងទន្លេ​មេគង្គ​មុនគេ​នៅក្នុង​ប្រទេស​កម្ពុជា ការសាងសង់​ស្ពាន​នេះ​ត្រូវ​ចំណាយ​ពេលវេលា ៣ ឆ្នាំ និង ថវិកា​ចំនួន ៥៦ លាន​ដុល្លារ ជា​ជំនួយ​ពី​រដ្ឋាភិបាល​ជប៉ុន ។ ស្ពាន​នេះ​មាន​ប្រវែង ១,៥០០ ម៉ែត្រ ត​ភ្ជាប់ ត្រើយ​ខាងកើត និង ត្រើយ​ខាងលិច​នៃ​ទន្លេមេគង្គ ។​

គីសូណា

១៥-​ ​ស្ពាន​តេ​ជោ​មរកត​( ស្ពាន​កោះពស់ )

​ការសាងសង់​ស្ពាន​នេះ​ប្រើ​រយៈពេល ៣០ ខែ គឺ​គិត​ចាប់ពី​ខែមករា ឆ្នាំ ២០០៨ ហើយ​បានដាក់​សម្ពោធ​ឱ្យប្រើ​ប្រាស់​នៅ​ថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០១១ ក្រោម​អធិបតីភាព​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង លោកជំទាវ ។ ថវិកា​ចំណាយ​ក្នុងការ​ស្ថាបនា​ស្ពាន​នេះ​មាន​ចំនួន ៣០០ លាន​អឺរ៉ូ ជា​ថវិកា​របស់​ក្រុមហ៊ុន​វិនិយោគ​កោះពស់ មាន​ប្រវែង ៩០០ ម៉ែត្រ ទទឹង​ប្រវែង ១២ ម៉ែត្រ និង កម្ពស់ ៣២,៥ ម៉ែត្រ ពីលើ​ផ្ទៃ សមុទ្រ ។​
កោះពោះ

១៦-​ ​ស្ពាន​កោះកុង​

​ស្ពាន​កោះកុង​ត្រូវបាន​សាងសង់​ដោយ​ក្រុមហ៊ុន ឡ​។​ួ​។​ភ​។ អ​រៀ​ុ​ផ របស់ លោក​ឧក​ញ្ញ៉ា លី យ៉ុង​ផាត់ ជា​ស្ពាន​យកប្រាក់​ពី​អ្នកធ្វើដំណើរ​ឆ្លងកាត់ បាន សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​កាលពី​ខែមេសា ឆ្នាំ ២០០២ តាម​កិច្ចសន្យា​ក្នុង ការវិនិយោគ​ស្ពាន​នេះ​មាន​រយៈពេល ៣០ ឆ្នាំ ។ ជា​ស្ពាន​ដែល​សាងសង់ ឆ្លងកាត់​ដៃសមុទ្រ​វែង​ជាងគេ​នៅក្នុង​ប្រទេស​កម្ពុជា មាន​បណ្តោយ​ប្រវែង ១.៩០០ ម៉ែត្រ ទទឹង​មាន​ប្រវែង ៩ ម៉ែត្រ និង កម្ពស់​ពី​ផ្ទៃ​ទឹក​ប្រវែង ៧ ម៉ែត្រ ត្រូវបាន​វិនិយោគ​ក្នុងការ​សាងសង់​តាមរយៈ​ប្រព័ន្ធ B.O.T.​។​
កោះកុង

ស្ពាន​ធំៗ​ដែល​កំពុង​សាងសង់​

១-​ ​ស្ពាន​ជ្រៃ​ធំ​-​ឡុង​ប៊ិ​ញ​

​ស្ពាន​ជ្រៃ​ធំ​-​ឡុង​ប៊ិ​ញ ត្រូវបាន​បើក​ការដ្ឋាន​ស្ថាបនា​កាលពី​ថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០១៤ ក្រោម​អធិបតីភាព​សម្តេចនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន និង នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​វៀតណាម ។ ស្ពាន​ជ្រៃ​ធំ​-​ឡុង​ប៊ិ​ញ​នេះ មាន​ប្រវែង ៤២៨ ម៉ែត្រ ភ្ជាប់​ព្រំដែន​កម្ពុជា និង វៀតណាម នៅ​ខេត្ត កណ្តាល មាន​ទទឹង ១៣,៥០ ម៉ែត្រ ដែល​នឹងត្រូវ​ចំណាយ​ថវិកា​សរុប​ចំនួន ៣៨,៣៩ លាន​ដុល្លារ ក្នុងនោះ​ភាគី​កម្ពុជា​ត្រូវ​ចំណាយ​ថវិកា​ចំនួន ២០,៥៩ លាន​ដុល្លារ ជា​ថវិកា​កម្ចីសម្បទាន​ពី​រដ្ឋាភិបាល​សាធារណរដ្ឋ​សង្គមនិយម វៀតណាម មាន​ចំនួន ១៨,៧៦ លាន​ដុល្លារ រួមជាមួយ​ថវិកាបដិភាគ​របស់ រដ្ឋាភិបាល​កម្ពុជា​ចំនួន ១,៨៣ ដុល្លារ សម្រាប់​ដោះស្រាយ​ផលប៉ះពាល់ ។ ជាមួយនឹង​គម្រោង​ស្ថាបនា​ស្ពាន​នេះដែរ ភាគី​វៀតណាម​ចំណាយ​ថវិកា ប្រមាណ​ជា ១៧,៨០ លាន​ដុល្លារ ។ ការស្ថាបនា​ស្ពាន​ជ្រៃ​ធំ​-​ឡុង​ប៊ិ​ញ នេះ​នឹងត្រូវ​ប្រើ​រយៈពេល ៣០ ខែ គឺ​គិត​ចាប់ពី​ខែមករា ដល់​ខែកក្កដា ឆ្នាំ ២០១៦ ទើប​បញ្ចប់ ។

ជ្រៃធំឡុងប៊ីញ

​២-​ ​ស្ពាន​កោះធំ ឆ្លងទន្លេ​បាសាក់​

​ស្ពាន​កោះធំ​ឆ្លងកាត់​ទន្លេបាសាក់​នេះ​ត្រូវបាន​បើក​ការដ្ឋាន​ស្ថាបនា​កាល ពីថ្ងៃ​ទី ២៥ ខែមីនា ឆ្នាំ ២០១៣ ក្រោម​អធិបតីភាព​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅក្នុង​ប្រទេស​កម្ពុជា ។ ស្ពាន​នេះ មាន​ប្រវែង ៤១៥ ម៉ែត្រ និង ទទឹង​ប្រវែង ១៣,៥០ ម៉ែត្រ ស្ថិតនៅក្នុង ភូមិ​ព្រែក​ធំ ឃុំ​ជ្រោយ​តាកែវ ស្រុក​កោះធំ ខេត្តកណ្តាល ដោយ​ត​ភ្ជាប់​ពី ផ្លូវជាតិ​លេខ ២១ ពី​ត្រើយ​ខាងលិច​ទន្លេបាសាក់ ទៅ​ផ្លូវជាតិ​លេខ ១១០ នៅ​ផ្នែក​ត្រើយ​ខាងកើត​នៃ​ទន្លេបាសាក់ ។ ស្ពាន​នេះ​គ្រោង​ចំណាយ​ថវិកា អស់​ចំនួន ១៩,៣៩ លាន​ដុល្លារ ជា​ថវិកា​កម្ចី​ពី​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ ប្រជាមានិត​ចិន រួមជាមួយ​ថវិកាបដិភាគ​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា ដែល​នឹងត្រូវ​ចំណាយ​រយៈពេល​សាងសង់​ចំនួន ៣៦ ខែ គឺ​គិត​ចាប់ពី​ខែមីនា ឆ្នាំ ២០១៣ ដល់​ខែមីនា ឆ្នាំ ២០១៦ ។​

៣-​ ​ស្ពាន​អាកាស​ទី​៤ នៅ​ស្តុ​ប​ទួលគោក​

​ជាមួយនឹង​ការបើក​សម្ពោធ​ឱ្យ​ដំណើរការ​ស្ពាន​អាកាស​ទី ៣ ស្ទឹងមានជ័យ កាលពី​ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០១៤ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​ឱ្យ​ស្ថាបនា​ស្ពាន​អាកាស​ទី ៤ មួយទៀត​នៅ​ស្តុ​ប​ទួលគោក ។ ស្ពាន​អាកាស​ទី ៤ នេះ​នឹងត្រូវ​ដាក់ឈ្មោះថា ស្ពាន​អាកាស​តិច​ណូ​គឺមាន ផ្លូវ ស្ពាន​អាកាស និង ផ្លូវ​ក្រោម​ដី ។ សាងសង់​ដោយ​ក្រុមហ៊ុន O.C.I.C. របស់លោក​ឧក​ញ្ញ៉ា ពុង ខៀវ​សែ តាម​គម្រោង​នឹងត្រូវ​ចំណាយ​ទឹកប្រាក់ អស់​ចំនួន​ជាង ១៤ លាន​ដុល្លារ ។ នៅវេលា​ព្រឹក​ថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០១៤ ស្ពាន​អាកាស​ទី ៤ នៅ​ស្តុ​ប​អឹម​បា​សា​ឌើ​ទួលគោក ត្រូវបាន​បើក​ការដ្ឋាន​សាងសង់​ក្រោម​អធិបតីភាព​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ។ ស្ពាន​អាកាស​ទី ៤ ឬ «​ស្ពាន​អាកាស​តិច​ណូ​» ដែល​លាតសន្ធឹង​តាម​បណ្តោយ​មហាវិថី​សហព័ន្ធរុស្ស៊ី​ឆ្លងកាត់​ខាងលើ​ប្រសព្វ​មហាវិថី គីម អ៊ី​ល​ស៊ុ​ង និង មហាវិថី ម៉ៅ សេង​ទុង មាន​បណ្តោយ ប្រវែង ៣៨២ ម៉ែត្រ ទទឹង ១៥,៨ ម៉ែត្រ និង មាន​ផ្លូវ​រត់​ក្រោម​ដី​ប្រវែង ៣៥៦ ម៉ែត្រ និង ទទឹង​ពី ៦ ទៅ ៨ ម៉ែត្រ ។ ស្ពាន​អាកាស​ទី ៤ នេះដែរ ត្រូវ​សាងសង់​ដោយ​ក្រុមហ៊ុន វិនិយោគទុន​អាណិកជន​កម្ពុជា (O.C.I.C.)​ត្រួតពិនិត្យ​បច្ចេកទេស​ដោយ​មន្ទីរ​សាធារណការ និង ដឹកជញ្ជូន​រាជធានី​ភ្នំពេញ ដោយ​ប្រើ​រយៈពេល​ក្នុងការ​សាងសង់ ១៦ ខែ ។ តាម​គម្រោង​នឹង​បញ្ចប់​ការសាងសង់​នៅ​ថ្ងៃទី ៩ ខែមករា ឆ្នាំ ២០១៦ និង ត្រូវ​ចំណាយ​ថវិកា​សាងសង់​អស់ ១៤.៥០២.៤៧៦ ដុល្លារ បានមកពី​គម្រោង​វិនិយោគ​នានា​របស់​ក្រុមហ៊ុន O.C.I.C. ។​

ទួលគោក
៤-​ ​គម្រោង​សាងសង់​ស្ពាន​ធំៗ​ចំនួន ៥ ផ្សេងទៀត​

​ក្រៅពី​ស្ពាន​ដែល​ស្ថាបនា​រួច និង ស្ពាន​ដែល​កំពុង​ស្ថាបនា​នោះ រដ្ឋាភិបាល​មាន​គម្រោង​សាងសង់​ស្ពាន​ចំនួន ៥ បន្ថែមទៀត​ចាប់ពី​ឆ្នាំ ២០១៥ ដល់​ឆ្នាំ ២០១៨ ដើម្បី​ភ្ជាប់​ទំនាក់ទំនង​ហេដ្ឋារចនាសម្ព័ន្ធ​រវាង​ទីក្រុង និង ជនបទ ។ ស្ពាន​ទាំង ៥ នោះ រួមមាន ផ្លូវ​លេខ ៦០ បេ ដែល​ត​ភ្ជាប់​ពី​ខេត្តក្រចេះ​ទៅកាន់​ទីប្រជុំជន​កំពង់ថ្ម​ក្នុង​ខេត្តកំពង់ធំ ដែល​ត្រូវ​ស្ថាបនា​ស្ពាន​មួយ​ឆ្លងកាត់​ទន្លេមេគង្គ​លើ ជា​ស្ពាន​ថ្មី​មួយ​មាន​ប្រវែង ១.៦៥០ ម៉ែត្រ ។ ស្ពាន​មួយទៀត​ត​ភ្ជាប់​ផ្លូវ​ពី​ខេត្ត​ត្បូងឃ្មុំ​ទៅ​ស្រុក​ក្រូចឆ្មារ​ឆ្លងកាត់​ទន្លេមេគង្គ​ត​ភ្ជាប់​ទៅ​ស្រុក​ចម្ការលើ ខេត្តកំពង់ចាម មាន​ប្រវែង​ជាង ១.០០០ ម៉ែត្រ ។ គម្រោង​សាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេបាសាក់​ត្រង់​ស្រុក​ស្អាង ខេត្តកណ្តាល ដោយ​ត​ភ្ជាប់​ត្រើយ​ខាងកើត និង ត្រើយ​ខាងលិច ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​សម្រាប់​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ឆ្លងកាត់​ទៅមក​ដោយ​មិនបាច់​ធ្វើដំណើរ​វាង​មក​តាខ្មៅ ។ គម្រោង​ស្ពាន​មួយទៀត​ត​ភ្ជាប់​ពី​តំបន់​ជ្រោយចង្វា​ទៅ​ស្វាយជ្រំ​ឆ្លងកាត់​ទន្លេសាប និង គម្រោង​សាងសង់​ស្ពាន​មួយទៀត គឺ​ត​ភ្ជាប់​ក្រវាត់ក្រុង​ទី ២ ក្នុង​សង្កាត់​ព្រែក​ឯង​ទៅកាន់​ស្រុក​ល្វាឯម ក្នុង​ខេត្ត កណ្តាល ឆ្លងកាត់​ដៃទន្លេ​មេគង្គ​ស្ពាន​នេះ​មាន​ប្រវែង​ជាង ២.០០០ ម៉ែត្រ ។​
​ជាមួយគ្នានេះ​រដ្ឋាភិបាល​ក៏មាន​គម្រោង​សាងសង់​ស្ពាន​ដ៏​វែង​មួយ​ដែល ឆ្លងកាត់​ដៃទន្លេ​សាប​ភ្ជាប់​ផ្លូវ ៥០ សេ ពី​ខេត្តកំពង់ឆ្នាំង​ត្រង់​ស្រុក​កំពង់លែង ទៅកាន់​ខេត្តកំពង់ធំ ស្ពាន​នេះ​មាន​ប្រវែង ៣.៨០០ ម៉ែត្រ ជា​ស្ពាន​ដែល វែង​ជាងគេ​បំផុត​ក្នុងប្រទេស​កម្ពុជា ប៉ុន្តែ​ក្រោយមក​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​លុបចោល​វិញ ដោយហេតុ​ផល​ថា​ប៉ះពាល់​ដល់ ធនធានធម្មជាតិ និង បរិស្ថាន​នៅ​តំបន់​នោះ ៕ ហេង ចំណូល​

About សំឡេងទីក្រុង

Urban Voice is a map-based visualisation of developments in the urban space that allows anyone to contribute. The citizens of Phnom Penh have many different interests, and Urban Voice is the place where these can be brought together. Urban Voice is a source of information, as well as a site for civic engagement. Check here for information on news, events, urban issues and many other developments that concern the city.

Leave a Reply