សមាគម​ធាង​ត្នោត​​បាន​ចូល​រួម​ព្រឹត្តិការណ៍​តាំងពិពណ៍ Barcamp​ ផ្សព្វផ្សាយអំពី​ Urban Voice Cambodia
Posted On : តុលា, 26, 2015 | By សំឡេងទីក្រុង

ប្រភព៖ សំឡេងទីក្រុង,​ ដោយ៖ សុវណ្ណារី, ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥

photo_2015-10-26_14-57-09 2015-10-24 09.03.15

2015-10-24 15.16.28-2 2015-10-25 09.28.16

2015-10-25 09.53.41

នៅ​ថ្ងៃ​ទី​ ២៤​-២៥​ ខែ​ តុលា​ ឆ្នាំ​ ២០១៥​ ក្រុម​ការងារ​​គម្រោង​​ប្រព័ន្ធ​​ផ្សព្វផ្សាយ​ និង​​គម្រោង​​បច្ចេក​វិទ្យាព័ត៌មាន​​ និង​​សារគមនាគមន៍​នៃសមាគម​ធាង​ត្នោត​​បាន​ចូល​រួម​ព្រឹត្តិការណ៍​តាំងពិពណ៍ និង​ធ្វើបទបង្ហាញ​អំពីសកម្មភាព​ការងារ​កម្មវិធីសំឡេងទីក្រុង​កម្ពុជា​ Urban Voice Cambodia ក្នុង​សិក្ខាសាលាស្តីពី​បច្ចេកវិទ្យា​ដើម្បី​ត្រៀមខ្លួន​ការ​ធ្វើ​សមាហរណកម្ម​អាស៊ាន​ ដែល​រៀបចំដោយ​ Barcamp​ នៅវិទ្យាស្ថានបច្ចេកទេសកម្ពុជា​ ។​ ព្រឹត្តិការណ៍នេះមានស្តង់ពិពណ៍របស់គ្រឹះស្ថានអប់រំ​បច្ចេកវិទ្យា​ អង្គការមិនមែនរដ្ឋាភិបាល និងក្រុមហ៊ុននានា ដោយ​បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​​​មនុស្សម្នា​ចូល​រួម​មានដូចជា​ សិស្ស និស្សិត និងសាធារណជន​យ៉ាងច្រើនកុះ​ករ​ប្រហែល​​ជា​ ៦០០០ ទៅ​ ៧០០០​ នាក់ ក្នុងរយៈពេល​​ពីរថ្ងៃនេះ​ ។​

ដោយឡែក​ស្តង់​ពិពណ៍​សំឡេងទីក្រុងទទួលបាន​ការ​ចាប់អារម្មណ៍យ៉ាងខ្លាំង​ពីសំណាក់អ្នកមក​ទស្សនា​ជាពិសេសក្នុងចំណោមយុវជនដែល​ចូលចិត្ត​លេង​បណ្តា​ញ​ សង្គមហ្វ៊េសបុកដែល​ចង់​តាន​ដាន​ពី​ស្ថាន​ភាព​ដែល​កំពុង​តែ​កើត​មាន​នៅ​ក្នុង​ទីក្រុង​ដែល​ពួកគេកំពុង​រស់នៅ​​ដូចជា​​ ស្ថានការណ៍ចរាចរណ៍​ ការផ្អាក​ចរន្តអគ្គិសនី​ ភ្លៀងលិចទីក្រុង​…ជាដើម​ ។​ អ្នកចូលរួម​ ភាគច្រើន​មានគណនីហ្វ៊េសបុក​ និងឧស្សាហ៍លេងបណ្តាញ​សង្គមមួយនេះ​ ។ ក្រុមការងារ​បាន​ណែនាំ​ពី​គេហទំព័រហ៊្វេសបុក​របស់សំឡេងទីក្រុង​ ដោយភ្ជាប់នឹង​ការពន្យល់លម្អិត​ពីសកម្មភាព​ចំបងៗប្រចាំថ្ងៃនៃគម្រោងយើង​ ។​

តាមការ​សង្កេត​​ អ្នកចូលរួមមានចំណាប់អារម្មណ៍ខ្ពស់ ដើម្បីស្វែងយល់ថា​អ្វីជាសំឡេងទីក្រុង តើ​ត្រូវ​តាមដាន​សំឡេងទីក្រុង​ដោយវិធីណា និង​តើ​ត្រូវធ្វើដូចម្តេចទើបគាត់អាចក្លាយ​ជា​អ្នករាយការណ៍​ប្រជាជន ។​ អ្នកចូលរួមក៏ចង់​ដឹង​​ពីព័ត៌មានភ្លាមៗនៃ​ការកកស្ទះចរាចរណ៍​ តាមដងផ្លូវដែលពួកគាត់​ធ្វើ​ដំណើរឆ្លងកាត់​​ និង​ការ​ផ្អាកផ្គត់ផ្គងអគ្គិសនីតាម​តំបន់នានា​ដែលពួកគាត់រស់នៅ​ ។​ ម្ប៉ាងវិញ​ទៀត​​អ្នកចូលរួមក៏ចង់ដឹង​ថា​តើ​សំឡេងទីក្រុង​ទទួលបានព័ត៌មាន​ទីក្រុងនេះដោយវិធីណាដែរ​ ។

សំឡេងទីក្រុងគឺជាផែនទីមូលដ្ឋាន​ដែលបង្ហាញ​ពី​ការ​អភិវឌ្ឍទីក្រុងដោយបង្កឱកាសឲ្យ​សាធារណជន​អាចផ្តល់ព័ត៌មានផ្សេងដែលគេពើបប្រទះ​នៅក្នុង​ទីក្រុងភ្នំពេញ​មកក្នុង​ក្រុម​ថេឡេក្រោម និង​វេបសាយសំឡេងទីក្រុង​​ ។​​ ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ មានទស្សនៈគំនិតផ្សេងៗគ្នា ហើយ សំឡេងទីក្រុងជាកន្លែងមួយដែលប្រមូលផ្តុំមនុស្សឲ្យមក ធ្វើការចែករំលែកព័ត៌មានទាំងនោះបាន។ សំឡេងទីក្រុង ជាប្រភពនៃព័ត៌មាន ហើយក៏ដូចជាទំព័រមួយ សម្រាប់ផ្សាភ្ជាប់កិច្ចអភិវឌ្ឍន៍​សង្គមផងដែរ។ ​អ្នកទស្សនា​អាចតាមដាន​សំឡេងទីក្រុង​ដើម្បី​ទទួលបាន​ព័ត៌មាន ព្រឹត្ដិការណ៍ បញ្ហា និងការអភិវឌ្ឍផ្សេងៗជាច្រើនទៀតនៅក្នុងទីក្រុង។

ដើម្បី​ចែករំលែកព័ត៌មាន​ទាន់ហេតុការណ៍​ សំឡេង​ទីក្រុង​បានកំពុងពង្រីកសមាជិក​រាយការណ៍ប្រជាជន​ដូចជា​អ្នករត់រឺម៉ក់​​កង់បី​​ សកម្មជនសហគមន៍ សិស្ស និងនិស្សិត​ នៅក្នុង​កម្មវិធីថេឡេក្រោម​ ។​ ថេឡេក្រោមគឺ​ជាកម្មវិធីដែលអាចទាញយកដោយឥតគិតថ្លៃសម្រាប់ប្រើនៅក្នុងទូរស័ព្ទឆ្លាតវៃ (ទាំង Android និង IOS)​ និង​កុំព្យូទ័រ​ ។ ពិតណាស់​ថា​សមត្ថភាព​អ្នក​រាយការណ៍​ប្រជាជននៅ​មានកម្រិត​ ដូច្នេះហើយក្រុមការងារ​បានបើកវគ្គបណ្តុះ​បណ្តាល​ជាច្រើ​នដល់​អ្នករាយការណ៍​ប្រជាជនឲ្យ​យល់ពី​របៀប​ប្រើ​ប្រាស់ថេឡេក្រាមនៅក្នុង​ទូរស័ព្ទឆ្លាតវៃ​ពួកគាត់​ ។​ ​លោក ង៉ែត វណ្ណា​​ ជា​មន្ត្រី​បណ្តុះ​បណ្តាលសហគមន៍មានចំណាប់អារម្មណ៍ខណៈពេលលោកចូលរួមក្នុង​ព្រឹត្តិការណ៍ពិពណ៍នេះថា៖ “ទោះបីជាមានការនឿយហត់យ៉ាងណាក៏ដោយ តែសប្បាយចិត្តដែលបានឃើញអ្នកចូលរួមជាច្រើន ចាប់អារម្មណ៍នឹងការដាក់បង្ហាញរបស់យើងហួសពីការរំពឹងទុក ” ។ ​​​

ព្រឹត្តិការណ៍បារខែម​គឺ​ជាឱកាសពិសេសដែលកម្មវិធីសំឡេងទីក្រុងអាចផ្តល់ព័ត៌មានលម្អិត​សកម្មភាពដល់​សាធារណៈជន​ និង​បង្កើនបណ្តាញក្នុងចំណោមសិស្ស និងនិស្សិតឲ្យក្លាយជា​អ្នករាយការណ៍ពីរឿងរ៉ាវដែលកំពុងតែកើតមាននៅក្នុងទីក្រុងភ្នំពេញ ។​ ក្រុមការងារសង្ឃឹមថាការចូលរួមនេះនឹងក្លាយជា​វេទិការដែលមហាជនអាចពិភាក្សាពី​បញ្ហាដែលពួកគាត់ពើបប្រទះក្នុងជីវភាពប្រចាំថ្ងៃ ។ ​

Related Posts

សំឡេងទីក្រុង!

សំឡេងទីក្រុង!