សមត្ថកិច្ចបំពាក់កាមេរ៉ាតាមភ្លើងស្តុបដើម្បីថតសកម្មភាពល្មើស
Posted On : July, 15, 2015 | By សំឡេងទីក្រុង
ប្រភព៖ VOD ដោយ៖ ថោ ស៊ីណា និង ឈុន វួចលាង | ថ្ងៃពុធ ទី15 កក្កដា 2015,
សមត្ថកិច្ចបានបំពាក់កាមេរ៉ាសុវត្ថិភាព នៅតាមភ្លើងស្តុបនៃមហាវិថីសំខាន់ៗក្នុងរាជធានីភ្នំពេញ ដើម្បីថតសកម្មភាពល្មើសច្បាប់ ដែលនគរបាលអះអាងថា ជាការធានាសុវត្ថិភាព សណ្តាប់ធ្នាប់សង្គម។
យោងតាមគេហទំព័របស់អគ្គស្នងនគរបាលជាតិ ចុះផ្សាយថ្ងៃទី១៤ ខែកក្កដា ឲ្យដឹងថា វិធានការនេះធ្វើឡើងដោយមានការសហការជាមួយក្រសួងសន្តិសុខសាធារណៈចិន ក្នុងការបំពាក់កាមេរ៉ាសុវត្ថិភាពនៅតាមភ្លើងស្តុបនៃមហាវិថីសំខាន់ៗ ក្នុងរាជធានីភ្នំពេញ។
នគរបាលចរាចរណ៍ម្នាក់ លោក មាឃ គុណ ដែលចុះប្រចាំការនៅស្តុបផ្សារទួលទំពូងរៀបរាប់ថា កាមេរ៉ាសុវត្ថិភាពជាការពញ្ញាក់ស្មារតីឲ្យអ្នកធ្វើចរាចរណ៍ឲ្យមានការ ប្រុងប្រយ័ត្ន គឺមិនបើកហួសល្បឿនកំណត់និងថតរាល់សកម្មភាព ដូចជា ឃាតកម្ម លួច ឆក់ ប្លន់ជាដើម។ លោកថា៖ «ឧទាហរណ៍ថា មានចោរឆក់ នៅគោលដៅអ៊ីចឹង យើងអាចស្រាវជ្រាវតាមកាមេរ៉ានេះអាចដឹងមុខសញ្ញាខ្លះ ទី១ ហើយទី២ កាលណាមានការកក់ស្ទះចរាចរណ៍ ហើយប៉ូលីសយើងមានម្នាក់ ពីរនាក់មិនអាចទប់បាន មេអាចឲ្យកម្លាំងមកជួយបន្ថែម»។
អាជីវករលក់ដូនៅកែងស្តុបផ្សារទួលទំពូង គឺ អ្នកស្រី មឹង សេរី បានបង្ហាញការពេញចិត្តនឹងការបំពាក់កាមេរ៉ាតាមដងវិថីនេះ ដែលអ្នកស្រីថា ជាផ្នែកជួយការពារសុវត្ថិភាពដល់មុខរបរលក់ដូររបស់គាត់ដែរ។ អ្នកស្រីបញ្ជាក់ថា៖ «កាមេរ៉ាហ្នឹងក៏វាអាចកាត់បន្ថយ អ្នកគាស់ផ្ទះ ឬចោរលួច ចោរឆក់ប្លន់ម៉ូតូ ក៏យើងអាចចាប់បានខ្លះៗដែរ វាមិនមែនចេះតែអត់មានប្រយោជន៍ទេ វាមានប្រយោជន៍ច្រើន»។
អ្នកធ្វើដំណើរម្នាក់ទៀត គឺលោក អែម ប៉េងសេង ប្រាប់ VOD នៅកែងស្តុបបូកគោថា ការដាក់មេរ៉ាសុវត្ថិតាមដងផ្លូវនេះ នឹងជួយកាត់បន្ថយអំពើល្មើសច្បាប់ផ្សេងៗ។ លោកថា៖ «អ្នកដែលមិន គោរពច្បាប់យើងអាចមើលដឹង ព្រោះឥឡូវសព្វថ្ងៃអ្នកខ្លះបើអត់មានប៉ូលីសយាមអី គាត់ច្រើនអត់គោរពភ្លើងស្តុបទេ គាត់ចេញចូលដោយអត់គិតរឿងភ្លើងស្តុប ច្រើនបង្កគ្រោះថ្នាក់ផ្សេងៗដោយសារអ្នកមិនគោរពហ្នឹង ហើយបើសិនសាលាក្រុងដាក់អ៊ីចឹង ខ្ញុំមានចិត្តត្រេកអរណាស់ បានដឹងថាអ្នកណាខុស អ្នកណាត្រូវពេលមានគ្រោះថ្នាក់»។
ទីប្រឹក្សាឯករាជ្យផ្នែកចរាចរណ៍ លោក អ៊ា ចរិយា យល់ថា ការបំពាក់កាមេរ៉ាសុត្ថិភាពនេះ នឹងធានាបានសណ្តាប់ធ្នាប់សង្គមបន្ថែមទៀត ហើយជួយទប់ស្កាត់អំពើពុករលួយ របស់នគរបាលចរាចរណ៍នៅតាមស្តុបនីមួយៗ។ លោកថា៖ «តាមដាន ត្រួតពិនិត្យទៅលើបទល្មើសផ្សេងៗនៅតាមផ្លូវនោះ រួមទាំងជួយជំរុញឲ្យមន្ត្រីដែលអនុវត្តច្បាប់នៅតាមដងផ្លូវហ្នឹង ប្រព្រឹត្តទៅបានត្រឹមត្រូវដែរ កាលណាយើងមានកាមេរ៉ាត្រួតពិនិត្យអ៊ីចឹង គាត់មិនហ៊ានធ្វើអីផ្តេសផ្តាស។ អាចជាអំពើពុករលួយ ឬក៏ការយកលុយដោយពុំមានចេញជាវិក្កយបត្រផាកពិន័យត្រឹមត្រូវ»។
គេហទំព័របស់អគ្គស្នងដ្ឋាននគរបាលជាតិឲ្យដឹងថា ស្តុបសំខាន់ៗក្នុងរាជធានីដែលត្រូវបានបំពាក់កាមេរ៉ាសុវត្ថិភាព សរុបមានចំនួន២០គោលដៅគឺមាន ស្តុបច្រមុះជ្រូកក្បាលថ្នល់ ស្តុបក្រសួងមហាផ្ទៃ ស្តុបចំការមន ស្តុបបូកគោ ស្តុបពេទ្រចិន ស្តុបទូតអាល្លឺម៉ង់ ស្តុបផ្សារអូរឫស្សី ស្តុបផ្សារថ្មី ស្តុបសួនកាណាឌីយ៉ា ស្តុបសណ្ឋាគារណានជីង ស្តុបដេអិន ស្តុបវិទ្យាល័យសន្ធរមុខ ស្តុបទេពផន ស្តុបម៉ុងឌីយ៉ាល់ ស្តុបផ្សារដើមគរ ស្តុបអាងទឹកអូឡាំពិច ស្តុបនាងគង្ហីង ស្តុបផ្សារដេប៉ូ ស្តុបអូឡាំពិច និងស្តុបច្បារអំពៅ២៕