សភា​ធ្វើ​​វិសោធន​​កម្ម​​​ច្បាប់​​ចរាចរណ៍​​​​​​​មិន​តម្រូវ​​​​ឱ្យមាន​​​ប័ណ្ណ​​​បើកបរ
Posted On : ធ្នូ, 27, 2016 | By Sarim Tith

កាលពីម្សិលមិញ រដ្ឋសភាបានអនុម័តការធ្វើវិសោធនកម្មចំនួន៩លើច្បាប់ចរាចរណ៍ផ្លូវគោកចំនួន៩ ដោយដំឡើងអាយុបើកបរអប្បបរមា បង្កើនការពិន័យសម្រាប់បទល្មើសបើកបរមួយចំនួន និងដកចេញលក្ខខណ្ឌតម្រូវឱ្យមានប័ណ្ណបើកបរសម្រាប់អ្នកបើកបរម៉ូតូដែលមានកម្លាំងចាប់ពី១២៥សេសេចុះក្រោម។

កាលពីខែមករា ពោលគឺប៉ុន្មានសប្ដាហ៍បន្ទាប់ពីច្បាប់ចរាចរណ៍ផ្លូវគោកថ្មីចូលជាធរមាន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា អ្នកបើកបរម៉ូតូដែលមានកម្លាំងចាប់ពី១២៥សេសេចុះក្រោមមិនចាំបាច់ត្រូវការប័ណ្ណបើកបរទៀតឡើយ។ សេចក្ដីណែនាំរបស់លោកត្រូវបានដាក់បញ្ចូលជាផ្លូវការទៅក្នុងច្បាប់កាលពីម្សិលមិញ នៅពេលសមាជិក

សភាបានបោះឆ្នោតគាំទ្រការធ្វើវិសោធនកម្មទាំងនេះដោយសំឡេង៩៣ទល់នឹង៧។

លោក ហ៊ុន សែន បានថ្លែងទៅកាន់សភាកាលពីម្សិលមិញថា “បញ្ហាធំបំផុតមិនមែនជាបញ្ហាប័ណ្ណបើកបរទេ បញ្ហាដែលធំគឺយើងមិនចេះច្បាប់ចរាចរណ៍” ហើយលោកចាំបានថា អ្នកបើកបរធ្លាប់បានស្នើសុំឱ្យលោកបញ្ចុះតម្លៃប័ណ្ណបើកបរកាលពីដើមឆ្នាំនេះ។ លោកបន្តថា “នៅពេលនោះ ខ្ញុំបានសម្រេចថាពួកគេមិនចាំបាច់មានប័ណ្ណបើកបរទេ”។

លោក កឹម សុខា ប្រធានស្ដីទីនៃគណបក្សសង្គ្រោះជាតិបានគាំទ្រការធ្វើវិសោធនកម្មរបស់គណបក្សប្រជាជនកម្ពុជា ហើយបានលើកឡើងថា គណបក្សរបស់លោកមិនប្រកាន់ជំហរលើប័ណ្ណបើកបរទេ។

លោកបានគូសបញ្ជាក់ថា “សម្រាប់ខ្ញុំ ខ្ញុំគាំទ្រវិសោធនកម្មទាំងនេះ។ គណបក្សសង្គ្រោះជាតិគ្មានគោលការណ៍លុបចោល ឬមិនលុបចោលប័ណ្ណបើកបរទេ”។

តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិផ្សេងទៀតបានស្នើសុំឱ្យមានលិខិតបញ្ជាក់ប្រភេទខ្លះសម្រាប់អ្នកបើកបរ។ លោក អេង ឆៃអ៊ាង តំណាងរាស្ត្រគណបក្សប្រឆាំងបានមានប្រសាសន៍ថា “ខ្ញុំមិនជំទាស់ទេ ប៉ុន្តែខ្ញុំសុំឱ្យរដ្ឋាភិបាលធ្វើអ្វីម្យ៉ាងដើម្បីអប់រំអ្នកបើកបរឱ្យយល់ដឹងអំពីច្បាប់ចរាចរណ៍”។

យោងតាមរបាយការណ៍មួយរបស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបង្ហាញថា ម៉ូតូមាន៨៧ភាគរយនៃយានយន្តសរុបទូទាំងប្រទេស ហើយករណីគ្រោះថ្នាក់ចរាចរណ៍ដែលបណ្ដាលឲ្យមនុស្សស្លាប់ និងរបួសនៅក្នុងឆ្នាំ២០១៣ គឺជិត៧០ភាគរយបង្កឡើងដោយអ្នកបើកបរម៉ូតូ។

វិសោធនកម្មមួយទៀតបានដំឡើងអាយុបើកបរអប្បបរមាពី១៦ឆ្នាំដល់១៨ឆ្នាំ។ ចំណែកឯវិសោធនកម្មមួយទៀតបានបង្កើនការពិន័យសម្រាប់អ្នកបើកបរម៉ូតូ ឬរថយន្តដែលគ្មានប័ណ្ណបើកបរ ឬប័ណ្ណបើកបរព្យួរ ដោយពេលនេះនឹងត្រូវប្រឈមការជាប់ពន្ធនាគារពី១ខែដល់៦ខែ និងពិន័យជាប្រាក់ពី៨០០.០០០រៀល ដល់៤.០០០.០០០រៀល។

ពេលនេះ អ្នកបើកបរដោយគ្មានប័ណ្ណសម្គាល់យានយន្ត ឬគ្មានស្លាកលេខដែលនគរបាលចាប់បានលើសពីម្ដង នឹងត្រូវពិន័យជាប្រាក់ពី៤០០.០០០រៀលដល់១.០០០.០០០រៀល ប៉ុន្តែម៉ូតូ ត្រីចក្រយាន និងរ៉ឺម៉កម៉ូតូកង់បីត្រូវបានលើកលែងសម្រាប់ការពិន័យថ្មីនេះ។

លោក អ៊ា ចរិយា នាយកវិទ្យាស្ថានសុវត្ថិភាពចរាចរណ៍បានមានប្រសាសន៍ថា ការព្រួយបារម្ភធំបំផុតរបស់លោកចំពោះច្បាប់ដែលធ្វើវិសោធនកម្មថ្មីនេះ គឺការដកបទប្បញ្ញត្តិស្ដីពីប័ណ្ណបើកបរ។

លោកគូសបញ្ជាក់ថា “នៅពេលយើងដក [លក្ខខណ្ឌតម្រូវឲ្យមាន] ប័ណ្ណបើកបរសម្រាប់អ្នកបើកបរម៉ូតូ បានន័យថាយើងកំពុងអនុញ្ញាតឱ្យអ្នកបើកបរទាំងនោះបើកបរម៉ូតូសេរីដោយមិនចាំបាច់ចេះពីរបៀបបើកបរ”៕

ប្រភព៖ cambodiadaily

Related Posts

សំឡេងទីក្រុង!

សំឡេងទីក្រុង!