សង្គ្រាម​ដណ្តើម​ដី​គ្នា​បាន​កើត​ឡើង បន្ទាប់​ពី​ការ​សម្រេច​ក្តី​របស់​តុលាការ
Posted On : January, 8, 2015 | By សំឡេងទីក្រុង

Thu, 8 January 2015,  and 

ភ្នំពេញៈ ការ​ប្រយុទ្ធ​គ្នា​បាន​ផ្ទុះ​ឡើង​នៅ​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី​កាល​ពី​ថ្ងៃ​អង្គារ ខណៈ​ប្រជា​ពលរដ្ឋ​ដែល​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​សហគមន៍​មួយ ដែល​ពួក​គេ​ធ្លាប់​រស់​នៅ​ជុំ​គ្នា​ត្រូវ​បាន​រារាំង​មិន​ឲ្យ​ចូល​ទៅ​ដី​របស់​ពួកគេ​ដោយ​ស្រ្តី​ម្នាក់​ដែល​ធ្លាប់​ជា​អ្នក​តំណាង​ពួកគេ។

ប្រជាពល​រដ្ឋ​រាប់​សិប​នាក់​ដែល​តំណាង​ឲ្យ​ពលរដ្ឋ​ចំនួន ១៦៣ គ្រួសារ​ដែល​ត្រូវ​បាន​បណ្តេញ​ចេញ​ទាំង​បង្ខំ ពី​តំបន់​នេះ​កាល​ឆ្នាំ​២០០៥​ បាន​នាំ​គ្នា​ចូល​ទៅ​កន្លែង​អតីត​ផ្ទះ​របស់​ពួកគេ​វិញ​កាល​ពីព្រឹក​​ថ្ងៃ​ពុធ ដែល​ប្រដាប់​ដោយ​ឧបករណ៍​និង​ឈើ​ដើម្បី​សាង​សង់​ផ្ទះ​ឡើង​វិញ។

ពួកគេ​បាន​ប្រកាស​នៅ​ក្នុង​លិខិត​មួយ​ផ្ញើ​ទៅ​អភិបាល​រាជធានី​ភ្នំពេញ​លោក ប៉ា សុជាតិវង្ស ​នា​សប្តាហ៍​នេះ​ថា៖ «​យើង​នឹង​ត្រឡប់​ទៅ​រស់​នៅ​លើ​ដី​របស់​យើង​វិញ»។ ​ប៉ុន្តែ​ក្តី​សង្ឃឹម​នៃ​ការ​វិល​ត្រឡប់​ទៅ​វិញ​របស់​ពួកគេ​​ត្រូវ​បាន​បំផ្លាញ​ភ្លាមៗ ខណៈ​អតីត​តំណាង​របស់​ពួកគេ​ ​អ្នក​ស្រី ជា សារុំ អាយុ​ ៥៦ ឆ្នាំ​បាន​រារាំង​ពួក​គេ​មិនឲ្យ​ចូល​ទៅ​សាង​សង់។

អ្នក​ស្រី សារុំ ​ដែល​​ជា​អតីត​តំណាង​​ក្រុម​ប្រជាជន​ដែល​ត្រូវ​បាន​បណ្តេញ​ចេញ​នៅ​ក្នុង​ជម្លោះ​ជាមួយ​ស្រ្តី​ពាណិជ្ជករ​ឈ្មោះ កែវ​ នាម​ បាន​ដឹក​នាំ​ពលរដ្ឋ​ទៅ​រក​ភាព​ជោគ​ជ័យ​ក្នុង​ឆ្នាំ​ ២០១១ ដោយ​តុលាការ​កំពូល បាន​សម្រេច​ថា ពួក​គេ​មាន​កម្មសិទ្ធិ​លើ​ដី​នេះ។ ​ប៉ុន្តែ​​គ្រួសារ​​ទាំង​នោះ ​បាន​និយាយ​ថា​ អ្នក​ស្រី សារុំ ចាប់​តាំង​ពី​​ពេល​នោះ​មក​​បាន​រារាំង​ពួកគេ​ពី​ការ​វិល​ត្រឡប់​ទៅ​​រស់​នៅ​លើ​ដី​នោះ​វិញ។

ក្រុម​ប្រជាជន​ដែល​ត្រូវ​បាន​បណ្តេញ​ចេញ​បាន​ចោទ​ប្រកាន់​អតីត​តំណាង​របស់​ពួកគេ​ថា​ ដាក់​ឈ្មោះ​​មិន​ពិត​​នៅ​លើ​ឯកសារ​ផ្លូវ​ការ​ដើម្បី​ឲ្យ​គាត់​អាច​អះ​អាង​ភាព​ជា​កម្មសិទ្ធិ​លើ​ដី​នេះ​ទាំង​មូល។

តំណាង​ពលរដ្ឋ​បច្ចុប្បន្ន​លោក ប្រាំង សុជាតិ បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​កាល​​ពី​ថ្ងៃ​អង្គារ​​ថា ​​ពលរដ្ឋ​ទាំង​អស់ ១៦៣​ គ្រួសារ​​ត្រូវ​បាន​ដក​ចេញ​ពី​ឯកសារ​​ផ្លូវ​ការ​​ដែល​ដាក់​ទៅ​​តុលាការ។

លោកសុជាតិ ​បាន​ថ្លែង​ថា៖ «អ្នក​ស្រី ជា សារុំ ​ជា​តំណាង​របស់​យើង​ ប៉ុន្តែ​នៅ​ពេល​តុលាការ​ផ្តល់​ឲ្យ​យើង​នូវ​ដី​ដែល​អ្នក​ស្រី​បាន​អះ​អាង​ថា​ ជា​កម្មសិទ្ធិ។ ​អ្នក​ស្រី​ក្លែង​បន្លំ​ឈ្មោះ​ប្រជាពលរដ្ឋ​ចំនួន ១៦៣ គ្រួសារ»។

ក្រុម​ប្រជាជន​ទាំង​នោះ​កាល​ពី​ថ្ងៃ​អង្គារ​​បាន​ប្រឈម​មុខ​ដាក់​គ្នា​ជាមួយ​អតីត​តំណាង​របស់​ខ្លួន​ដែល​អម​ដោយ​ក្រុម​មនុស្ស​ដែល​និយាយ​ថា ជា​អ្នក​ត្រូវ​បាន​បណ្តេញ​ចេញ​ពិត​ប្រាកដ ប៉ុន្តែ​ក្រុម​ប្រជាជន​ ១៦៣ ​គ្រួសារ​អះ​អាង​ថា ពួកគេ​ជា​សមាជិក​គ្រួសារ​និង​ជា​ក្រុម​ដែល​គាត់​ជួល​មក​។

ការប្រយុទ្ធ​គ្នា​បាន​ផ្ទុះ​ឡើង​រវាង​ក្រុម​ទាំង​ពីរ​ខណៈ​ក្រុម​អ្នក​គាំទ្រ​អ្នក​ស្រី សារុំ បាន​បញ្ឈប់​ក្រុម​ប្រជាពលរដ្ឋ​ ១៦៣ គ្រួសារ​មិន​ឲ្យ​សាង​សង់​ផ្ទះ​ដោយ​រឹប​អូស​យក​សម្ភារ​និង​គ្រវាត់​ចោល​នូវ​សម្ភារ​ទាំង​នោះ។

នគរបាល​និងសន្តិសុខ​បាន​ឈរ​មើល​ខណៈ​​ក្រុម​ទាំង​ពីរ​​បាន​ប្រយុទ្ធ​គ្នា​​និង​ជេរ​គ្នា។

អ្នកស្រីងួន ចាន់​ថា បាន​ថ្លែងថា៖ «ខ្ញុំ​តែង​តែ​ចូលរួម​ការ​តវ៉ា​ជាមួយ​គ្នា​ដើម្បី​ទាមទារ​ដី​នេះ​ ​ហើយ​ខ្ញុំ​បាន​លក់​មាស​ ដើម្បី​ឲ្យ​អ្នកស្រី។ ​ប៉ុន្តែ​នៅ​ពេល​ឈ្នះ អ្នក​ស្រី​អះអាង​ជា​កម្មសិទ្ធិ​តែ​ម្នាក់​ឯង​លើ​ដី​នេះ​ទៅ​វិញ»។

ប៉ុន្តែ​​អ្នក​ស្រី សារុំ បាន​ថ្លែង​ថា ប្រជាជន​ទាំង​នោះ​គឺ​ជា​អ្នក​ធ្វើ​ពុត​ជា​អ្នក​ត្រូវ​គេ​បណ្តេញ​ចេញ។ អ្នក​ស្រី​ថ្លែងថា​៖«​​យើង​​មាន​​ ១៦៣ ​គ្រួសារ​​ ដូច្នេះ​ឥឡូវ​នេះ​ យើង​មិន​អនុញ្ញាត​ឲ្យ​គ្រួសារ​ទាំង​នេះ​​សាង​សង់​ផ្ទះ​នៅ​លើ​ដី​របស់​យើង​ទេ​»។ ​«ខ្ញុំ​មិន​ដែល​ក្លែង​បន្លំ​ឯកសារ​ទេ​»។

កាល​ខែ​វិច្ឆិកា ​ព្រះ​រាជ​អាជ្ញា​រង​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក លី សុផាណា បាន​ចោទ​ប្រកាន់​​អ្នក​ស្រី សារុំ ពាក់​ព័ន្ធ​នឹង​ឯកសារ​នោះ​ពីបទ​ «រំលោភ​លើ​សេចក្តី​ទុក​ចិត្ត​​និង​​ប្រកាស​ក្លែង​ក្លាយ» និង​ដាក់​អ្នក​ស្រី​នៅ​ក្រោម​ការ​ឃ្លាំ​មើល​របស់​តុលាការ។ សាលក្រម​គ្រោង​នឹង​ចេញ​​នៅ​ចុង​ខែ​នេះ​។

បើ​ទោះ​បី​ជា​មាន​​សំណុំ​រឿង​ប្រឆាំង​នឹង​​ស្ត្រី​​រូប​នេះ​ក្តី​ ក៏​លោក ហូ សិទ្ធី នាយក​ខុទ្ទ​កាល័យ​លោក​នាយក​រដ្ឋ មន្រ្តី ហ៊ុន សែន ​​បាន​ជំរុញ​ជា​ដដែល​ៗ​ឲ្យ​អាជ្ញាធរ អនុញ្ញាត​ឲ្យ​អ្នក​ស្រី សារុំ​ ធ្វើ​ការ​សាង​សង់​នៅ​លើ​ដី​នោះ។

នៅ​ក្នុង​លិខិតចុះ​ថ្ងៃ​ទី​៤ ធ្នូ ​និង​​ទទួល​បាន​ដោយ​ភ្នំពេញ​ប៉ុស្តិ៍​​កាល​ពី​ថ្ងៃ​អង្គារ​លោក សិទ្ធី ​បាន​អំពាវ​នាវ​​ឲ្យ​ក្រសួង​ដែន​ដី នគរូបនីយកម្ម​និង​សំណង់ ចុះ​បញ្ជី​​ដី​នោះ​​នៅ​ក្រោម​​ឈ្មោះ​​ដែល​ប្រើ​ក្នុង​​ឯកសារ​ដែល​ចោទ​ថា​​ ក្លែង​បន្លំ​ ព្រម​ទាំង​​ក្រោម​ឈ្មោះអ្នក​ស្រី សារុំ។ ​

កាលពី​ថ្ងៃ​ចន្ទ ​លោក សិទ្ធី ​បាន​សរសេរ​នៅ​ក្នុង​លិខិត​ទី​ពីរ​​ទៅ​លើ​លោក​ ប៉ា សុជាតិ​វង្ស ​​អភិបាល​រាជធានី​ភ្នំ​ពេញ​ថា៖ «​សូម​អន្តរាគមន៍​ទៅ​អាជ្ញាធរ​ខណ្ឌ​សែន​សុខ​​ដើម្បី​អនុញ្ញាត​ឲ្យ​អ្នក​ស្រី​ជា សារុំ ដែល​ជា​​តំណាង​​ប្រជាពលរដ្ឋ​១៦៣ ​គ្រួសារ​ចាក់​ដី​នៅ​លើ​ដី​​ ៩ ៩៩២ ម៉ែត្រ​ការ៉េ​ដើម្បី​សាង​សង់​ផ្ទះ»។

លោក កែវ សុថូត នាយ​ប៉ុស្តិ៍​សង្កាត់​ភ្នំ​ពេញ​ថ្មី​ ​បាន​ថ្លែង​​ថា ​លោក​មិន​ត្រូវ​បាន​បញ្ជា​ឲ្យ​​គាំទ្រ​ខាង​​ណា​មួយ​ទេ​»។ «យើង​មិន​អាច​និយាយ​ថា​នរណាត្រូវ​នរណា​ខុស​ទេ​ ​ប៉ុន្តែ​​យើង​នៅ​ទី​នេះ​ ដើម្បី​ការ​ពារ​កុំ​ឲ្យ​មាន​ហិង្សាឬ​​ការ​ប៉ះ​ទង្គិច​គ្នា​ធំ​»។

លោក មូវ ម៉ានិត អភិបាល​រង​ខណ្ឌ​សែន​សុខ​បាន​បដិសេធ​មិន​និយាយ​លម្អិត​តាម​ទូរស័ព្ទ​ទេ ដោយ​​គ្រាន់​តែ​និយាយ​ថា ​ប្រជាជន​ត្រឡប់​ទៅ​ផ្ទះ​របស់​ពួក​គេ​វិញ​ដោយ​មិន​បាន​សាង​សង់​អ្វី​នៅ​លើ​​ដី​នោះទេ។

លោក ណាន់​ អូនី មន្រ្តី​ច្បាប់​នៅ​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅឋាន បាន​ថ្លែង​ថា លិខិត​គាំទ្រ​អ្នក​ស្រី សារុំ ​មិន​គួរ​ផ្ញើ​អន្តរាគមន៍​បែប​នោះ​ទេ។

លោ​ក​បានថ្លែង​ថា​៖ «ខុទ្ទកាល័យ​លោក​នាយក​រដ្ឋ​មន្រ្តី​ មិន​បាន​ធ្វើ​ការ​​សិក្សា​​ឲ្យ​បាន​ច្បាស់​អំពី​បញ្ហា​តុលា​ការ»។ «​ដី​នេះ​ជា​របស់​ពលរដ្ឋ​១៦៣ ​គ្រួសារ​ មិនមែន​របស់​បុគ្គល​ម្នាក់​ទេ»៕PS

Urban Voice Cambodia

Urban Voice Cambodia