សង្គម​ស៊ីវិល៖ ពិនិត្យ​កាមេរ៉ា​សុវត្ថិភាព​តាម​ចាប់​អ្នក​បើកបរ​ខុស​ច្បាប់ គួរ​ធ្វើ​រឿង​នេះ​មុន​គេ?
Posted On : មករា, 4, 2018 | By Vantha

«អ្នកតូចមើលអ្នកធំ» អាចថាជាពាក្យមួយសំដៅដល់ជំងឺមើលបំណាំគ្នា ដែលធ្វើឲ្យអ្នកបើកបរយានជំនិះលើដងផ្លូវ នៅតែមានបទល្មើសចរាចរណ៍។ ម៉្លោះហើយចង់មិនចង់ ដើម្បីឲ្យការអនុវត្តច្បាប់មានប្រសិទ្ធភាព ក៏ដូចជា ផ្លាស់ប្ដូរឥរិយាបថអ្នកបើកបរនៅលើដងផ្លូវងាកមកគោរពច្បាប់ចរាចរណ៍ គឺផ្ដើមចេញពីអ្នកធំគោរពច្បាប់ជាមុនសិន។ នេះជាការលើកឡើងរបស់ លោក សន ជ័យ ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គម បានផ្ដល់បទសម្ភាសន៍មកកាន់ Sabay ព្រឹកថ្ងៃទី ៤ ខែមករា ២០១៧។

ផ្ដើមឆ្នាំថ្មី ឆ្នាំ២០១៨ភ្លាម រាជរដ្ឋាភិបាលបានប្រកាសអំពីវិធានការតឹងរឹងលើការអនុវត្តច្បាប់ ដោយសមត្ថកិច្ចបានប្រកាសថា នឹងពិនិត្យកាមេរ៉ាទំនើបតាមភ្លើងស្ដុប តាមរកអ្នកដែលជិះម៉ូតូមិនពាក់មួក សុវត្ថិភាព ដើម្បីផាកពិន័យ និងបញ្ជូនសំណុំរឿងទៅតុលាការចំពោះអ្នកដែលមិនព្រមបង់ប្រាក់ពិន័យជាដើម។

មិនបដិសេធនឹងវិធានការតឹងរឹងខាងលើរបស់សមត្ថកិច្ច លោក សន ជ័យ ដែលប្រឡូកក្នុងអង្គការសង្គមស៊ីវិលជិត ២០ឆ្នាំ បានបញ្ចេញទស្សនៈថា វិធានការត្រួតពិនិត្យកាមេរ៉ាសុវត្ថិភាព ដើម្បីរកឲ្យឃើញអ្នកមានបទល្មើសជារឿងល្អ ប៉ុន្តែកាន់តែល្អ គឺត្រូវបើកមើល និងស្វែងរកចាប់អ្នកធំជាមុនសិន។ ន័យត្រង់នេះ លោក សន ជ័យ បានបញ្ជាក់ថា កន្លងមករថយន្តដាក់ផ្លាកលេខរដ្ឋ ន.ប ឬរថយន្តដែលមានបំពាក់អាវនគរបាលក្នុងឡានបានប្រព្រឹត្តិបទល្មើសហើយហាក់ដូចជានគរបាលចរាចរណ៍នៅតាមដងផ្លូវហាក់មើលរំលង។ មើលរំលងពួកគេមិនចង់ឲ្យប៉ះពាល់អំពីតួនាទីជាដើម។

«ដើម្បីឲ្យអនុវត្តន៍ច្បាប់មានប្រសិទ្ធភាព ខ្ញុំយល់ថា ភាពជាគំរូ ជារៀងសំខាន់ ដូច្នេះការពិនិត្យមើលកាមេរ៉ានេះគួរចាប់ផ្ដើមរកមើលអ្នកធំប្រព្រឹត្តិបទល្មើសសិន និងឡានធំៗ វែងៗ ១តោនកន្លះជាដើម ដែលតែងតែប្រព្រឹត្តិបទល្មើស។ ពាក្យមួយគេតែងថា អ្នកតូចមើលអ្នកធំ»។

ឆ្លើយនឹងសំណួរថា តើកាមេរ៉ាសុវត្ថិភាពអាចចាប់បានអ្នកបើកបរមានបទល្មើសហើយ ប៉ុន្តែយានជំនិះទាំងនោះមិនទាន់កាត់ឈ្មោះ ដែលការផាកពិន័យមានការលំបាក? កន្លងមកតាមអ្វីដែលខ្ញុំដឹង នគរបាលចរាចរណ៍បានចេញលិខិតផាកពិន័យ ហើយម្ចាស់ដើមដែលមិនបានកាត់ឈ្មោះ បានស្ទុះស្ទាទៅកាត់ឈ្មោះ ដែលនេះជារឿងល្អមួយ វាជាវិធានការល្អ។ មួយទៀត ខ្ញុំសង្កេតឃើញថា រាជរដ្ឋាភិបាលបានកែទម្រង់បានច្រើនលើរឿងនីតិវិធីកាត់ឈ្មោះម្ចាស់យានជំនិះផងដែរ។

មែនទែនទៅ ច្បាប់ចរាចរណ៍ជើងគោកថ្មី បានចាប់ដាក់ឲ្យអនុវត្តន៍តាំងពីខែ មករា ឆ្នាំ ២០១៦ ដែលច្បាប់នេះរឹតបន្ដឹងជាងច្បាប់ចាស់ ដោយបានដាក់ការផាកពិន័យ១ទ្វេជា ៥នៃច្បាប់ចាស់។

ងាកទៅរបាយការណ៍ក្នុងឆ្នាំ២០១៧កន្លងទៅបង្ហាញថា នគរបាលបានទទួលការបង់ប្រាក់ពិន័យ តាមស្នាក់ការនគរបាលចរាចរណ៍ផ្លូវគោក ដែលបានកំណត់ទទួលបានប្រាក់ពិន័យចំនួនជាង ៣ ៨២០ ០០០ ០០០ រៀល ស្មើប្រមាណ ជាង ៩៥០ ០០០ ដុល្លារអាមេរិក។ នេះបើយោងតាមកិច្ចប្រជុំ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០១៧។

លោកនាយឧត្ដមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានថ្លែងក្នុងកិច្ចប្រជុំ កាលពីថ្ងៃពុធថា ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ត្រូវតែរឹតបន្តឹងមិនអាចធូររលុងបានទេ និងរិះរកវិធីធ្វើយ៉ាងណាឲ្យអ្នកជិះម៉ូតូត្រូវពាក់មួកសុវត្ថិភាព។

បន្ថែមលើនេះ លោក សន ជ័យ ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គម បានលើកឡើងថា ក្រៅពីការរឹតបន្តឹងច្បាប់ចរាចរណ៍ សំខាន់ឥរិយាបថអ្នកបើកបរ ជាពិសេសភាពជាគំរូ ជាអាទិភាព នៅក្នុងការអនុវត្តច្បាប់៕

 

ប្រភព៖ Sabaynews.com

សំឡេងទីក្រុង!

សំឡេងទីក្រុង!