99

សង្គមស៊ីវិលចង់ឲ្យរដ្ឋាភិបាលជ្រោមជ្រែងដល់គម្រោងកែឆ្នៃសំរាមនៅភ្នំពេញអោយកាន់តែខ្លាំង

នៅរាជធានីភ្នំពេញក្នុងមួយថ្ងៃៗមានសំរាមប្រមាណជិត២ពាន់តោន ត្រូវបានចាក់ស្រោច នៅតាមទីតាំងចាក់សំរាមផ្សេងៗ ដែលបរិមាណនៃសំរាមនេះបានក្លាយជាក្ដីកង្វល់យ៉ាងខ្លាំង ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ។ សំរាមដ៏ច្រើនសន្ធឹកសន្ធាប់នេះអាចនឹងបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពប្រជាជន បញ្ហាកង្វក់បរិស្ថាន ការបំភាយជាឧស្ម័នផ្ទះកញ្ចក់ទៅក្នុងបរិយាកាស ដែលប៉ះពាល់ផ្ទាល់ដល់ការប្រែប្រួលអាកាសធាតុ និងការកើនឡើងកម្ដៅផែនដីជាដើម។

គេនៅចាំបានថា កាលពីខែមិថុនា ឆ្នាំ២០១៤ កន្លងទៅក្រុមហ៊ុនចិនមួយមានគម្រោងបោះទុនវិនិយោគក្នុងការកែច្នៃសំរាមទៅជាថាមអគ្គិសនី ដែលត្រូវចំណាយថវិកាប្រមាណ១២០លានដុល្លារ និងត្រូវការសំរាមដើម្បីកែច្នៃប្រមាណ២០០០តោនក្នុងមួយថ្ងៃៗផងដែរ។ ក៏ប៉ុន្តែគម្រោងនោះហាក់ស្ងប់ស្ងាត់ទៅវិញ មិនទាន់មានសកម្មភាពអ្វីឡើយ។

លោក មាន ចាន់យ៉ាដា អភិបាលរង និងជាអ្នកនាំពាក្យសាលារាជធានីភ្នំពេញបាននិយាយថា ក្រុមហ៊ុនមានបំណងចង់វិនិយោគ ក្នុងការកែច្នៃសំរាមមានច្រើន ប៉ុន្តែនៅពេលនេះ កំពុងស្ថិតក្នុងដំណាក់កាលសិក្សាបច្ចេកទេសនៅឡើយ។

ដោយឡែកលោក សន ជ័យ អ្នកសម្របសម្រួល ប្រព័ន្ធគណនេយ្យភាពសង្គម បានផ្ដល់ជាយោបល់ថា រដ្ឋាភិបាលត្រូវសម្រួល ដល់ការវិនិយោគកែច្នៃសំរាមនេះ ធ្វើយ៉ាងណាធានាឲ្យបាននូវភាពស្អាតស្អំ កុំឲ្យអ្នកវិនិយោគបាក់ទឹកចិត្ត ដោយសារតែរឿងអាស្រូវ លុយក្រោមតុជាដើម។ សម្រាប់លោកយល់ថា គម្រោងកែច្នៃសំរាមគឺមានសារៈសំខាន់ណាស់ ដែលទាមទារឲ្យរដ្ឋាភិបាល យកចិត្តទុកឲ្យបានខ្លាំង។

ជាការកត់សម្គាល់ មានក្រុមហ៊ុនជាច្រើនចង់បោះទុនវិនិយោគលើគម្រោងកែច្នៃសំរាមទៅជាថាមពលអគ្គិសនី ក៏ដូចជាផលិតសម្ភាសំណង់។ ប៉ុន្តែរហូតមកដល់ពេលនេះគម្រោងទាំងនោះហាក់ស្ងាត់សូន្យទៅវិញ ខណៈសំរាមនៅទីក្រុងសព្វថ្ងៃកាន់តែកើនឡើងជាលំដាប់ដែរនោះ៕

ប្រភព៖ vayofm

Leave a Reply