សកម្មភាព​ទិញ លក់​ស្ងប់ស្ងាត់​តែ​តម្លៃ​កើនឡើង
Posted On : January, 31, 2015 | By សំឡេងទីក្រុង

ដោយ ស៊ុំ ម៉ាណេត, ភ្នំពេញ ប៉ុស្តិ៍ , ថ្ងៃ ទី ៣១ ខែ មករា​ ឆ្នាំ ២០១៥

តម្លៃ​អចលនទ្រព្យ​នៅ​តាម​បណ្តោយ​មហាវិថី​ព្រះមុនីវង្ស បាន​កើនឡើង​ខ្ពស់​គួរ​កត់សម្គាល់​នៅក្នុង​ឆ្នាំ​២០១៤ បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​ដូច​គា្ន​កាលពី​ឆ្នាំ​២០១៣​។

អ្នកជំនាញ​ផ្នែក​អចលនទ្រព្យ​ក្នុង​ស្រុក​ជាច្រើន​បាន​លើក​ឡើង​ថា តម្លៃ​អចលនទ្រព្យ​នៅ​តាម​បណ្តោយ​មហាវិថី​ព្រះមុនីវង្ស​មាន​ស្ថានភាព​ល្អ ប៉ុន្តែ​សកម្មភាព​នៃ​ការទិញ លក់​ហាក់​មិន​សូវ​មាន​ភាព​ផុសផុល​នោះ​ទេ បើ​ទោះបី​ជា​មាន​តម្រូវការ​ច្រើន​ក៏ដោយ​។

លោក ស៊ា ឆៃលីន នាយកប្រតិបត្តិ​ក្រុមហ៊ុន​អចលនទ្រព្យ ស៊ីអិល រៀលធី បាន​លើក​ឡើង​ថា តម្លៃ​អចលនទ្រព្យ​នៅ​តាម​បណ្តោយ​មហាវិថី​ព្រះមុនីវង្ស មាន​ការ​កើនឡើង​ក្នុង​រង្វង់​១០-១៥​ភាគរយ​ក្នុង​ឆ្នាំ​២០១៤ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៣​។ តម្រូវការ​អចលនទ្រព្យ​នៅ​ទីនោះ​បាន​កើនឡើង​ជា​លំដាប់ ប៉ុន្តែ​ការ​ប្រកាស​លក់​ដី ឬ​អចលនទ្រព្យ​នៅ​តាម​បណ្តោយ​មហាវិថី​ព្រះមុនីវង្ស ហាក់​មិន​សូវ​មាន​ច្រើន​នោះ​ទេ​។

លោក ឆៃលីន មាន​ប្រសាសន៍​ថា​៖​«តម្លៃ​ដី​នៅ​តាម​បណ្តោយ​មហាវិថី​ព្រះមុនីវង្ស នឹង​បន្ត​កើនឡើង​បន្ថែម​ទៀត​នៅក្នុង​ឆ្នាំ​២០១៥​នេះ ដោយ​មិន​មាន​សញ្ញា​ណា​មួយ​បង្ហាញ​ថា តម្លៃ​អចលនទ្រព្យ​នៅ​ទីនោះ​អាច​ធ្លាក់​ចុះ​ឡើយ​។ នៅក្នុង​រយៈពេល​៣-៤​ឆ្នាំ​ខាង​មុខ​ទៀត​ក៏​ខ្ញុំ​ហ៊ាន​អះអាង​ថា អចលនទ្រព្យ​នៅ​ទី​នោះ​នៅ​តែ​បន្ត​កើនឡើង​ដដែល​។ បើ​សួរ​ខ្ញុំ​ថា​ហេតុអី​បាន​ជា​ហ៊ាន​និយាយ​បែប​នេះ​? ការ​ដែល​ខ្ញុំ​ហ៊ាន​និយាយ​បែប​នេះ គឺ​ដោយសារ​ខ្ញុំ​គិត​ថា សេដ្ឋកិច្ច​ប្រទេស​កម្ពុជា និង​ពិភពលោក​ទាំងមូល​កំពុង​មាន​សញ្ញា​ល្អ​ប្រសើរ​។ លោក​បាន​បន្ត​ទៀត​ថា៖ «ការ​កើនឡើង​នេះ​យើង​មិន​ដឹង​ថា វា​នឹង​កើនឡើង​ដល់​កម្រិត​ណា​នោះ​ទេ ដោយ​យើង​មាន​តែ​រង់ចាំ​មើល​វា​បន្ត​ទៅ​ទៀត​តែ​ប៉ុណ្ណោះ»។

ទិន្នន័យ​របស់​ក្រុមហ៊ុន​អចលនទ្រព្យ ស៊ីអិល រៀលធី បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​តម្លៃ​ដី​នៅ​តាម​បណ្តោយ​មហាវិថី​ព្រះមុនីវង្ស ចាប់ពី​គល់​ស្ពាន​អាកាស​ក្បាល​ថ្នល់ មក​ដល់​ភ្លើង​ស្តុប​បូកគោ ដី​សម្រាប់​សាងសង់​អគារ​ធំ (​មាន​ទំហំ​ចាប់​ពី​១០០០​ម៉ែត្រការ៉េ​ឡើង​ទៅ​) គេ​អាច​រក​ទិញ​បាន​ក្នុង​ចន្លោះ​ពី​២៨០០ ទៅ​៣៣០០​ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​។ ប្រភេទ​ដី​សម្រាប់​ផ្ទះល្វែង ចាប់ពី​ចំណុច​ភ្លើងស្តុប​បូកគោ មក​ដល់​ភ្លើង​ស្តុប​អគារ Gold Tower 42 មាន​តម្លៃ​ចាប់ពី​៣២០០​ទៅ​៣៨០០​ដុល្លារ រីឯ​ចាប់ពី​ភ្លើងស្តុប​អគារ Gold Tower 42 ទៅ​ដល់​ភ្លើងស្តុប​អគារ កាណាឌីយ៉ា ដី​មាន​តម្លៃ​ចន្លោះ​ពី​៣៥០០-៤៥០០​ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ (តំបន់​នេះ​ពិបាក​ស្វែងរក​អចលនទ្រព្យ​ដាក់​លក់​ណាស់​) ចំណែក​ចាប់ពី​ភ្លើងស្តុប​អគារ កាណាឌីយ៉ា ទៅ​ដល់​គល់​ស្ពាន​ជ្រោយចង្វារ ដី​មាន​តម្លៃ​ចាប់ពី​៣៥០០​ទៅ​៤៥០០​ដុល្លារ​អាមេរិក​។

ទោះបី​ជា​យ៉ាង​ណា​នាយក​ក្រុមហ៊ុន ស៊ីអិល រៀលធី ខាង​លើ​បាន​អះអាង​ថា តម្លៃ​អចលនទ្រព្យ​នៅ​តាម​បណ្តោយ​មហាវិថី​ព្រះមុនីវង្ស អាច​ឡើង​ទៅ​ដល់​៦០០០-៧០០០​ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​ទៀត​ផង ដោយ​អ្វីៗ​អាស្រ័យ​ទៅតាម​ទីតាំង និង​ទំហំ​របស់​ដី​។

លោក​បាន​បន្ត​ទៀត​ថា តម្លៃ​ផ្ទះ​ល្វែង​នៅ​តាម​បណ្តោយ​មហាវិថី​នេះ​អាច​មាន​តម្លៃ​៥៥០ ០០០-៨០០ ០០០​ដុល្លារ​ក្នុង​មួយ​ល្វែង​ដោយ​អាស្រ័យ​លើ​ទំហំ​ផ្ទះ និង​កម្ពស់​របស់​អគារ​។

មហាវិថី​ព្រះមុនីវង្ស បាន​ក្លាយ​ជា​តំបន់​ពាណិជ្ជកម្ម​ដ៏រស់រវើក​មួយ​នៅក្នុង​រាជធានី​ភ្នំពេញ ដោយ​តាម​បណ្តោយ​មហាវិថី​នេះ​ជា​បណ្តុំ​នៃ​ភោជនីយដ្ឋាន សណ្ឋាគារ ធនាគារ ការិយាល័យ​ជួល សាលារៀន ទីស្នាក់ការ​ក្រុមហ៊ុន ផ្សារ និង​ហាង​ទំនើបៗ​ព្រមទាំង​មាន​ស្ថានទូត​ជាច្រើន​។

អគ្គនាយក​ក្រុមហ៊ុន Century 21 VTrust លោក ច្រឹក សុខនីម បាន​និយាយ​ថា តម្លៃ​អចលនទ្រព្យ​នៅ​តាម​បណ្តោយ​មហាវិថី​ព្រះមុនីវង្ស​ក្នុង​ឆ្នាំ​២០១៤ បាន​កើនឡើង​ប្រហែល​១៥​ភាគរយ ហើយ​ការ​កើនឡើង​នោះ គឺ​ដោយសារ​តែ​ទី​នោះ​ជា​តំបន់​ពាណិជ្ជកម្ម និង​មាន​តម្រូវការ​ច្រើន ប៉ុន្តែ​អចលនទ្រព្យ​នៅ​តាម​បណ្តោយ​មហាវិថី​នេះ​មិន​សូវ​ជា​មាន​អ្នក​ដាក់​លក់​ប៉ុន្មាន​ទេ ព្រោះ​បើ​អ្នក​មាន​ដី​នៅ​តាម​ផ្លូវ​នេះ គេ​កម្រ​លក់​ណាស់ ដោយសារ​គេ​អាច​ធ្វើ​អាជីវកម្ម និង​មុខជំនួញ​ផ្សេងៗ ខណៈ​បញ្ហា​តម្លៃ​ខ្ពស់​ក៏​ជា​ឧបសគ្គ​មួយ​ដែល​រារាំង​សកម្មភាព​នៃ​ការ​ទិញ លក់​អចលនទ្រព្យ​នៅ​ទី​នោះ​ផង​ដែរ។

លោក សុខនីម បាន​ឲ្យ​ដឹង​ទៀត​ថា អចលនទ្រព្យ​នៅ​តាម​បណ្តោយ​មហាវិថី​ព្រះមុនីវង្ស ចាប់ពី​គល់​ស្ពាន​ជ្រោយចង្វារ ទៅ​ដល់​ផ្សារ​ថ្មី មាន​តម្លៃ​ចន្លោះ​ពី ៣២០០-៤០០០​ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ ចំណែក​ចាប់ពី​ផ្សារថ្មី​រហូត​ទៅ​ដល់​ភ្លើងស្តុប​បូកគោ គេ​អាច​រក​ទិញ​បាន​ក្នុង​តម្លៃ​ចាប់ពី ៣៥០០​ទៅ​៤៥០០​ដុល្លារ ហើយ​ចាប់ពី​ភ្លើងស្តុប​បូកគោ ទៅ​ដល់​ស្ពាន​អាកាស​ក្បាលថ្នល់ មាន​តម្លៃ​ប្រហែល​ចាប់ពី​៣០០០​ដុល្លារ​ឡើង​។

លោក​អះអាង​ថា​៖«​តម្លៃ​អចលនទ្រព្យ​នៅ​មហាវិថី​ព្រះមុនីវង្ស​នឹង​នៅ​តែ​កើនឡើង បើ​ទោះបី​ជា​ការ​ទិញ​លក់​មិន​សូវ​មាន​ក៏ដោយ ព្រោះ​ផ្លូវ​នេះ​មាន​សក្តានុពល​ខ្លាំង​ណាស់​សម្រាប់​គ្រប់​អាជីវកម្ម​»។

លោក ឌឹត ចណ្ណា ប្រធាន​គ្រប់គ្រង​ក្រុមហ៊ុន​អចលនទ្រព្យ វីអឹមស៊ី មាន​សុទិដ្ឋិនិយម​ខ្ពស់​ចំពោះ​ស្ថានភាព​អចលនទ្រព្យ​នៅ​តាម​បណ្តោយ​មហាវិថី​ព្រះមុនីវង្ស ដោយ​លោក​បាន​និយាយ​ថា តម្លៃ​អចលនទ្រព្យ​នៅ​តាម​បណ្តោយ​មហាវិថី​ព្រះមុនីវង្ស បាន​កើនឡើង​ប្រហែល​៣៥​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០១៣​។

លោក ចណ្ណា មាន​ប្រសាសន៍​ថា​៖​«ស្រប​ពេល​ការ​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន​ជិត​ឈាន​ចូល​មក​ដល់ ខ្ញុំ​គិត​ថា តម្លៃ​អចលនទ្រព្យ​នៅ​តាម​បណ្តោយ​មហាវិថី​ព្រះមុនីវង្ស នឹង​បន្ត​កើនឡើង​ប្រហែល​២០-៣០​ភាគរយ​នៅក្នុង​ឆ្នាំ​២០១៥ នេះ​បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៤​»៕

Urban Voice Cambodia

Urban Voice Cambodia