សកម្មជន​​ដីធ្លី​ ដាក់​ញត្តិ ដើរ​ហែ​ក្បួន នាំ​មុខ​ដោយ​ប៉ូលិស​សម្រួល​ចរាចរណ៍​​
Posted On : February, 11, 2015 | By សំឡេងទីក្រុង

ដោយ លី ម៉េងហួរ, ចុះផ្សាយ​នៅ​ថ្ងៃ 11/02/2015, ប្រភព RFI

សកម្ម​ជន​​ដីធ្លីរាប់សិបនាក់​ មកពីសហគមន៍នៅភ្នំពេញ និងតាមបណ្តាខេត្ត​នានា បានជួបជុំ ថ្លែងការណ៍ និងដាក់ញត្តិ នៅក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ និងតុលាការកំពូល​។ ញត្តិដីធ្លី​ទាំងនោះ បាន​ជំរុញ​ឲ្យ​ស្ថាប័នទាំងបី អន្តរាគមន៍​ទៅមន្ត្រីថ្នាក់ក្រោម កុំឲ្យប្រើអំពើហិង្សា ចាប់​ប្រជាពលរដ្ឋ​រងគ្រោះដោយដីធ្លីដាក់ពន្ធនាគារ ព្រមទាំងស្នើសុំ​អន្តរាគមន៍ឲ្យ​ដោះ​លែង​សកម្មជន​ដីធ្លី និងព្រះសង្ឃ។ សកម្មជនដីធ្លី និងព្រះសង្ឃ សរុប ១១ នាក់ ត្រូវបានចាប់ខ្លួន និង​កាត់ទោសដាក់ពន្ធនាគារ ព្រោះតែការតវ៉ាដីធ្លី​ កាលពីខែវិច្ឆិកា។

 

ខុស​​ពី​លើក​មុនៗ នៅពេលនេះ សកម្មជនដីធ្លីរាប់សិបនាក់ បានជួ​បជុំ លើកបដា ថ្លែងសារ និងដើរ​ហែក្បួនដាក់ញត្តិ នៅក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ និងនៅតុលាការកំពូល នៅព្រឹកថ្ងៃទី១១កុម្ភៈ  ដោយគ្មានការរារាំង។ ប៉ូលិសក្រសួងមហាផ្ទៃ បាន​សម្រប​សម្រួល និងជិះម៉ូតូនាំ​មុខក្បួនបាតុកម្មដីធ្លីដែលនាំមុខ​ដោយព្រះសង្ឃ ចេញ​ពីក្រសួងមហាផ្ទៃ ទៅកាន់ក្រសួងយុត្តិធម៌​។

ក្រោយពីប្រមូលផ្តុំ លើកបដារូបថតសកម្មជនដីធ្លី ដែលជាប់ឃុំ និងសម្តែង​​មតិ​នៅ​មុខ​ក្រសួង​មហាផ្ទៃ​​រួចមក តំណាងសកម្មជនដីធ្លី ត្រូវបានអនុញ្ញាតឲ្យនាំញត្តិ ចូលទៅដាក់នៅ​ក្នុង​ក្រសួងមហាផ្ទៃ។ ញត្តិជូនលោកសខេង រដ្ឋមន្ត្រីក្រសួងមហា​ផ្ទៃ ត្រូវបានសហគមន៍បឹងកក់ សហគមន៍ដីធ្លីនៅខេត្ត​សៀមរាប និងនៅ​ខេត្តបាត់ដំបង ធ្វើឡើង​ផ្សេងៗពីគ្នា។
 
ញត្តិដីធ្លីទាំង​នោះ បានស្នើសុំលោករដ្ឋមន្ត្រី ឲ្យអន្តរាគមន៍ទៅកាន់​មន្ត្រីថ្នាក់ក្រោម កុំ​ឲ្យ​ប្រើ​អំពើ​ហឹង្សា លើប្រជាពលរដ្ឋក្រីក្ររងគ្រោះដោយសារការរំលោភដីធ្លី ហើយជំរុញឲ្យមន្ត្រីថ្នាក់ក្រោមស្វែងរកដំណោះស្រាយ​ដោយសន្តិវិធី​។
 
ក្រុមសកម្មជនដីធ្លី បានស្នើសុំអន្តរាគមន៍ជាបន្ទាន់​ពីលោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ទៅសាលាឧទ្ធរណ៍​ឲ្យបញ្ជូនសំណុំរឿងស្ត្រី​ទាំង ១០​នាក់ និងព្រះសង្ឃ ១​អង្គ ទៅតុលាការ​កំពូល ដើម្បី​ឲ្យតុលាការ​កំពូល យកសំណុំរឿងក្តីនោះ មកកាត់ក្តី​ឲ្យបានឆាប់​បំផុត ដើម្បីផ្តល់​យុត្តិធម៌​ដល់ពួកគាត់​។ សំណុំរឿងក្តីលើសកម្មជនដីធ្លី និងព្រះសង្ឃ កាលពី​ថ្ងៃ១១​វិច្ឆិកា ឆ្នាំ២០១៤ ត្រូវបានតុលាការសាលាដំបូងរាជធានីភ្នំពេញ សម្រេចដាក់ពន្ធនាគាររយៈ​ពេល ១ ឆ្នាំ និងពិន័យជាប្រាក់​ពីរលានរៀល ក្នុងម្នាក់ៗ។ បន្ទាប់មក នៅថ្ងៃ២៣មករា សាលាឧទ្ធរណ៍ បានយកសំណុំរឿងក្តីនោះ មកកាត់ម្តងទៀត ហើយ​សម្រេចមិនដោះលែងអ្នកទាំងនោះ ដោយបានត្រឹមតែ​បន្ធូរបន្ថយ​ទោស​ប៉ុណ្ណោះ។​
 
តំណាងក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ និងតុលាការកំពូល បានទទួលយកញត្តិទាំងនោះ ពី​សកម្មដីធ្លី​ ហើយសន្យាថា នឹងបញ្ជូនបន្ត​ទៅកាន់លោក​រដ្ឋមន្ត្រី​៕

Urban Voice Cambodia

Urban Voice Cambodia