សកម្មជន​ដីធ្លី​២០០​នាក់ សុំ​អន្តរាគមន៍​ពី​ក្រសួង​ពីរ
Posted On : February, 12, 2015 | By សំឡេងទីក្រុង

ដោយ , ភ្នំពេញបុស្តិ៍, ថ្ងៃទី ១២ កុម្ភៈ​​២១០៥

ភ្នំពេញៈ សកម្មជន​ដីធ្លី និង ព្រះសង្ឃ​ប្រមាណ​ជិត​២០០​អង្គ​នាក់ មកពី​១៧​ខេត្ត ក្រុង​ទូទាំង​ប្រទេស​កាលពី​ព្រឹក​ម្សិលមិញ បាន​នាំគ្នា​ដាក់​ញត្តិ​សុំ​អន្តរាគមន៍​ទៅ​ក្រសួង​មហាផ្ទៃ​និង​ក្រសួង​យុត្តិធម៌ សុំ​ឲ្យ​ជួយ​ដោះស្រាយ​ជម្លោះ​ដីធ្លី​ពួកគាត់​ជា​ជនក្រីក្រ​ដោយ​ភាពយុត្តិធម៌​និង​បញ្ឈប់​ការ​ប្រើ​អំពើ​ហិង្សា និង​ចាប់​ពួកគាត់​ដាក់គុក ដែល​គ្រាន់តែ​មក​តវ៉ា​ទាមទារ​ដំណោះស្រាយ​ដោយ​សន្តិវិធី​នោះ​។

ក្រុម​សកម្មជន​ដីធ្លី​ទាំងនោះ បាន​ដាក់​ញតិ្ត​ដោយឡែក​ពី​គ្នា។ អ្នក​បឹងកក់ បុរីកីឡា ថ្មគោល ផ្លូវរថភ្លើង​(នៅ​ភ្នំពេញ)​ព្រមទាំង​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ បាន​ដាក់​ញត្តិ​ស្នើ​លោកឧបនាយករដ្ឋមន្ត្រី ស ខេង និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ អន្តរាគមន៍​ទៅ​មន្ត្រី​ថ្នាក់​ក្រោម​បញ្ឈប់​ការ​ប្រើ​អំពើ​ហិង្សា និង​ចាប់​ពលរដ្ឋ មក​តវ៉ា​រក​ដំណោះស្រាយ​ដីធ្លី​ដោយ​សន្តិវិធី និង​ជំរុញ​ឲ្យ​មន្ត្រី​ថ្នាក់​ក្រោម​ជាពិសេស​អាជ្ញាធរ រាជធានី​ដោះស្រាយ​បញ្ចប់​វិវាទ​ដីធ្លី និង​លំនៅឋាន​ឲ្យ​បាន​ឆាប់​បំផុត និង​សុំ​ឲ្យ​លោក អង្គវង្ស​វឌ្ឍានា រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ជួយ​អន្តរាគមន៍​ផ្ដល់​ភាព​យុត្តិធម៌ និង​ដោះលែង​សកម្មជន បឹងកក់​និង​អ្នកគាំទ្រ សរុប​១១​នាក់​ដោយ​គ្មាន​លក្ខខណ្ឌ។

ដូច​គ្នា​នេះ អ្នកតវ៉ា​មកពី​ខេត្ត​កោះកុង កំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ស្ទឹងត្រែង និង​ខេត្ត​មួយ​ចំនួន​ទៀត​នៅ​ភាគ​ឦសាន បាន​ស្នើសុំ​ឲ្យ​មាន​ការ​ដោះស្រាយ​ដីធ្លី​ពួកគាត់ ប្រកប​ដោយ​តម្លាភាព​និង​យុត្តិធម៌ និង បញ្ឈប់​ការ​សម្លុត​បំភ័យ​តាម​គ្រប់​រូបភាព​មក​លើ​ពលរដ្ឋ​ក្រីក្រ​ទន់ខ្សោយ និង​បញ្ឈប់​ការ​ចាប់​អ្នកតំណាង​ពួកគាត់​ឃុំ។

នៅ​មុន​មាន​ការ​អនុញ្ញាត ឲ្យ​ចូល​ដាក់​ញតិ្ត​ពី​រដ្ឋមន្ត្រី​នៃ​ក្រសួង​ទាំង​ពីរ ក្រុម​អ្នកភូមិ​ទាំងនោះ ពិសេស អ្នកភូមិ​បឹងកក់​បាន​រិះគន់​ចំៗ​ទៅលើ​សមត្ថកិច្ច​នគរបាល​ថា​«អសមត្ថភាព» ក្នុង​ការ​ចាប់​ខ្លួន​ពិរុទ្ធជន​ឈ្មោះ ឈូក បណ្ឌិត និង ថោង សារ៉ាត់ មក​ផ្ដន្ទាទោស និង​ចោទ​មន្ត្រី​តុលាការ​ថា​«មិន​ឯករាជ្យ​និង ពុករលួយ ខ្វះ​ភាព​យុត្តិធម៌»។

អ្នកស្រី ប៊ូវ សោភា តំណាង​សហគមន៍​បឹងកក់ បាន​និយាយ​ថា អំពើ​អយុត្តិធម៌​ក្នុង​សង្គម កម្ពុជា​ត្រូវ​គេ​មើល​ឃើញ​ជាទូទៅ តាម​ការ​រំលោភបំពាន​សិទ្ធិមនុស្ស ដែល​ផ្ដើម​ចេញ​ពី​ជម្លោះ​ដីធ្លី ដែល​ពោរពេញ​ទៅ​ដោយ​អំពើ​ពុករលួយ ចាក់ស្រេះ​គ្នា​ជា​លក្ខណៈ​ប្រព័ន្ធ។ ពលរដ្ឋ​ក្រីក្រ ដែល​ចេញ​តវ៉ា​រក​ដំណោះស្រាយ​ដោយ​សន្តិវិធី ត្រូវ​គេ​វាយដំ​លើ​ដោយ​ដំបងឆក់ ឬ កណ្ដាប់ដៃ និង​ច្រំធាក់​យ៉ាង​កម្រោល ហើយ​អ្នកតំណាង​ជាច្រើន​នាក់ ត្រូវ​គេ​ចាប់​ដាក់​គុក​ទាំង​អយុត្តិធម៌​ទៀត​។ តែ​ផ្ទុយ​ទៅវិញ អ្នក​មាន​អំណាច​និង ទ្រព្យ ដែល​ប្រព្រឹត្ត​បទល្មើស​បាញ់​សម្លាប់​កម្មករ និង​អ្នក​ជំនួញ​មួយ​ចំនួន ដូចជា លោក ឈូក បណ្ឌិត អតីត​អភិបាល​ក្រុងបាវិត និង​លោកឧកញ៉ា ថោង សារ៉ាត់ មិន​ត្រូវ​បាន​ចាប់ខ្លួន​ដាក់​ពន្ធនាគារ​នោះ​ទេ។

អ្នកស្រី និយាយ​ថា៖ «​ខ្ញុំ​យល់​ថា វា​អយុត្តិធម៌​ណាស់​សម្រាប់​ពលរដ្ឋ​ក្រីក្រ ដែល​បាត់បង់​ដីធ្លី និង​ផ្ទះ​សម្បែង ដែល​ត្រូវ​បាន​គេ​ចាប់​ដាក់គុក​ដោយ​គ្រាន់តែ​ទៅ​តវ៉ា​រក​ដំណោះស្រាយ​នោះ​។ ប៉ុន្តែ សម្រាប់​ឪពុកម្ដាយ​ឧកញ៉ា ថោង សារ៉ាត់ ដែល​អាជ្ញាធរ​រកឃើញ​មាន​ទាំង​អាវុធ​ខុសច្បាប់ និង​ម៉ូតូ​ដែល​បាន​ប្រើប្រាស់​ក្នុង​ករណី​បាញ់​សម្លាប់​ឧកញ៉ា អ៊ឹង ម៉េងជឺ បែរ​ជា​ត្រូវ​តុលាការ​ដោះលែង​ឲ្យ​នៅ​ក្រៅឃុំ​ទៅ​វិញ»។

មាន​ការ​លើក​ឡើង​ស្រដៀង​គ្នា​នេះ​ដែរ ពី​ក្រុម​អ្នក​សង្កេតការណ៍​មកពី​អង្គការ​ក្រៅ​រដ្ឋាភិបាល​លើ​ការ​សម្រេច​សេចក្ដី​របស់​តុលាការ​ខុស​គ្នា​នេះ។

លោក អំ សំអាត ទីប្រឹក្សា​ផ្នែក​ច្បាប់​នៃ​អង្គការ​សិទិ្ធមនុស្ស លីកាដូ យល់ថា ករណី​ស្ត្រី​បឹងកក់​៧​នាក់ ដែល​ទៅ​តវ៉ា​នៅ​មុខ​សាលារាជធានី​ដើម្បី​ទាមទារ​ឲ្យ​អាជ្ញាធរ ជួយ​បូម​រំដោះ​ទឹកស្អុយ ដែល​លិច​ផ្ទះ​គាត់​ជាច្រើន​ថ្ងៃ ព្រោះ​តែ​ភ្លៀង​ខ្លាំង​ជាប់ៗ​គ្នា និង​អ្នក​ទៅ​គាំទ្រ​បួន​នាក់​នោះ មិន​ត្រូវ​តុលាការ​លើកលែង​ឲ្យ​នៅ​ក្រៅឃុំ​នោះ បើ​ទោះ​ជា​ពុំមាន ព្យសនកម្ម និង​ភ័ស្ដុតាង ដាក់​បន្ទុក​ក្ដី និង​ក្នុង​ចំណោម​អ្នក​ទាំងនោះ​មាន​អ្នក​ដែល​មាន​ជំងឺ​បេះដូង​និង​ចាស់ជរា​ក្ដី ប៉ុន្តែ ករណី​ឪពុក​ម្ដាយ​ឧកញ៉ា ថោង សារ៉ាត់ ដែល​ពាក់ព័ន្ធ​ទៅ​នឹង​អំពើឃាតកម្ម ដែល​សមត្ថកិច្ច​រកឃើញ​មាន​ទាំង​អាវុធ និង មធ្យោបាយ​ប្រព្រឹត្ត​បទល្មើស​ផង បែរ​ជា​ទទួល​បាន​ការ​លើកលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​ពី​តុលាការ​សាលាឧទ្ធរណ៍​ទៅវិញ។

លោក​ថ្លែង​ថា​៖​«ខ្ញុំ​យល់​ថា តុលាការ​កាត់​សេចក្ដី​មិន​ផ្អែក​ទៅលើ​អង្គហេតុ អង្គច្បាប់ និង ភ័ស្ដុតាង​នោះ​ទេ ប៉ុន្តែ​ផ្អែក​ទៅលើ​ការ​ស្ដាប់​ខ្យល់​ពី​ខាង​ក្រៅ។ បើ​នៅ​តែ​ដូច្នេះ វា​គ្មាន​ទេ យុត្តិធម៌​និង​នីតិរដ្ឋ​នៅ​កម្ពុជា»។

ទោះ​យ៉ាងណា​ញតិ្ត​ពួកគាត់ ត្រូវ​មន្ត្រី​រដ្ឋបាល​នៃ​ក្រសួង​ទាំង​ពីរ [មហាផ្ទៃ​និង​យុត្តិធម៌]​ទទួល​យក ដោយ​សន្យា​ថា នឹង​បញ្ជូន​ទៅ​ដល់​ដៃ​របស់​រដ្ឋមន្ត្រី​ពិចារណា និង​ធ្វើការ​សម្រេច៕

Urban Voice Cambodia

Urban Voice Cambodia