សកម្មជន​ដីធ្លី​ពីរ​ក្រុម​ប្រមូលផ្តុំគ្នាតវ៉ានៅមុខ​សាលារាជ​ធានី
Posted On : April, 30, 2015 | By សំឡេងទីក្រុង

ដោយ បែន​ សុខហ៊ាន | APRIL 30, 2015, Cambodia Daily

អ្នកភូមិ​ប្រហែល​៥០​នាក់​មកពី​ភូមិ​បឹង​ឈូក ក្នុងរាជធានី​ភ្នំពេញ​បាន​ធ្វើ​ការ​តវ៉ា​នៅ​មុខ​សាលា​រាជធានី​កាលពី​ម្សិលមិញ ប្រឆាំង​នឹង​​ការ​​ព្យាយាមរបស់​អាជ្ញាធរ​មូលដ្ឋាន​​​ដើម្បី​បណ្តេញ​​ពួកគាត់​ចេញ​ពី​ផ្ទះ​សំបែង​របស់​ខ្លួន​។

អាជ្ញាធរ​ខណ្ឌ​ឫស្សីកែវ​បាន​ចោទ​ប្រកាន់​អ្នកភូមិ​ប្រហែល​៦០០​គ្រួសារ​​ថា បាន​តាំង​ទីលំនៅ​ខុស​ច្បាប់​លើ​ដី​របស់​រដ្ឋ​ ហើយ​បាន​​ជូនដំណឹង​ដដែល​​ៗ​ឲ្យ​ពួកគាត់​ចាក​ចេញ

ប៉ុន្តែ​គ្រួសារ​ទាំង​នេះ​អះអាង​ថា ​ពួកគាត់​មាន​សិទ្ធិ​រស់​នៅ​ទីនោះ ហើយ​បដិសេធ​មិន​ព្រម​ចាក​ចេញ​ឡើយ​។

យោង​តាម​អ្នក​ភូមិ​បាន​ឲ្យ​ដឹង​ថា ការ​ព្យាយាម​ចុង​ក្រោយ​របស់​អាជ្ញាធរ​ដើម្បី​បណ្ដេញ​ពួកគាត់​ចេញ​នោះ​បាន​កើត​ឡើង​កាលពី​ថ្ងៃ​ច័ន្ទ នៅ​ពេល​​​​អភិបាល​រង​ខណ្ឌ​ ជា ពិសី ​បាន​មក​ដល់​ជាមួយ​សន្តិសុខ​ខណ្ឌ​រារាំង​ពួកគាត់​មិន​ឲ្យ​ជួស​ជុល​ផ្ទះ​សំបែង​របស់​ខ្លួន​។

លោក ទូច សំអុន​ ដែល​បាន​ចូល​រួម​ធ្វើ​ការ​តវ៉ា​នៅ​មុខ​សាលា​រាជធានី​កាលពី​ម្សិលមិញ​បាន​និយាយ​ថា “យើង​គ្រាន់​តែ​ផ្លាស់​ប្ដូរ​ដំបូល​ប្រក់​ស្លឹក​ចាស់​របស់​យើង​ទៅ​ប្រក់​ស័ង្កសី​​តែ​ប៉ុណ្ណោះ ដោយ​សារ​តែ​រដូវ​វស្សា​ខិត​ជិត​មក​ដល់​​។ ប៉ុន្តែ​អាជ្ញាធរ​បានអះអាង​ថា ខ្ញុំ​បាន​រស់​នៅ​ខុស​ច្បាប់​លើ​ដី​រដ្ឋ​ ដូច្នេះ​ខ្ញុំ​គ្មាន​សិទ្ធិ​ជួស​ជុល​ផ្ទះ​របស់​ខ្ញុំ​ឡើយ​”។

លោក សំអុន បាន​និយាយ​ថា បន្ទាប់​មក​អភិបាល​រង​រូប​នេះ​បាន​ទុក​ពេល​ឲ្យ​ខ្ញុំ​បី​ថ្ងៃ ដើម្បី​រុះ​ផ្ទះ​របស់​ខ្ញុំ​ទាំងស្រុង​​ ដោយ​បង្ក​ឲ្យ​មាន​ការ​តវ៉ា​កាលពី​ម្សិលមិញ​។

ក្រុម​អ្នក​តវ៉ា​បាន​ប្រមូល​ផ្ដុំគ្នា​នៅ​មុខ​សាលា​រាជធានី​រយៈ​ពេល​ជាច្រើន​ម៉ោង ហើយ​ត្រូវ​បាន​រារាំង​ដោយ​ក្រុម​សន្តិសុខ​​មិន​ឲ្យ​ចូល​ក្នុង​បរិវេណ​​នោះ​​​ដើម្បី​ដាក់​ញត្តិ​សុំ​ឲ្យ​អាជ្ញាធរ​រាជធានី​ជួយ​អន្តរាគមន៍​ជំនួស​មុខ​ឲ្យ​ពួក​គាត់​។

ទីបំផុត​ពួក​គាត់​បាន​ចាក​ចេញ ហើយ​បាន​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​រដ្ឋសភា ​ដែល​នៅ​ទីនោះ​គណៈកម្មការ​សិទ្ធិ​មនុស្ស​ដែល​មាន​គណបក្ស​ប្រឆាំង​ជា​ប្រធាន​បាន​ទទួល​យក​ញត្តិ​របស់​ពួកគាត់​។

នៅ​សាលា​រាជធានី​ ក្រុម​អ្នកភូមិ​បឹង​ឈូក​​ត្រូវ​បាន​ចូល​រួម​ដោយ​សកម្មជន​ប្រហែល​៦០​នាក់​ទៀត ​ដែល​ត្រូវ​បាន​បណ្ដេញ​ចេញ​រួចហើយ​ពី​តំបន់​បឹង​កក់​​ក្នុង​រាជធានី ហើយ​បានមក​​ទាម​ទារ​សុំ​សំណង​បន្ថែម​។

សាលា​រាជធានី​បាន​បណ្ដេញ​អ្នកភូមិ​ប្រហែល​៣.០០០​គ្រួសារ​ចេញពី​តំបន់​បឹង​កក់ ដើម្បី​បើក​ផ្លូវ​​សម្រាប់​គម្រោង​អចលនទ្រព្យ​ដែលមាន​តម្លៃថ្លៃ​របស់​លោក ឡាវ ម៉េងឃិន សមា​ជិក​ព្រឹទ្ធសភា​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​ក្នុង​នោះ​លោក​បាន​ចំណាយ​ប្រាក់​៧៩​លាន​ដុល្លារ​​ដើម្បី​ទទួល​បាន​កិច្ច​សន្យា​ជួល​តំបន់​នេះ​រយៈ​ពេល​៩៩​ឆ្នាំកាលពី​ឆ្នាំ​២០០៧។

គ្រួសារ​អ្នកភូមិ​ត្រូវ​បាន​ផ្ដល់​ជម្រើស​រវាង​​ប្រាក់​សំណង​៨.៥០០​ដុល្លារ ឬ​ប្រាក់​៥០០​ដុល្លារ​ និង​ផ្ទះ​មួយល្វែង​នៅ​ជាយ​រាជធានី​ ជា​ជម្រើស​ដែល​ពួកគាត់​​និយាយ​ថា មិន​យុត្តិធម៌​។

សៀ ណារ៉េត បាន​និយាយ​ថា “យើង​ទទួល​បាន​សំណង​តិច​តួច ហើយ​​ត្រូវ​បាន​បង្ខំ​ឲ្យ​ចាក​ចេញ​។ យើង​គ្មាន​ជម្រើស​ទេ​។ ពួកគេ​បាន​ប្លន់​យក​ដី​របស់​យើង​។ ប្រសិន​បើ​មិន​មាន​ការ​ផ្ដល់​សំណង​បន្ថែម​ទេ​នោះ យើង​នឹង​មិន​ឈប់​តវ៉ាឡើយ​”។

ពី​សាលា​រាជធានី​ អ្នកដែលរង​ការ​បណ្តេញចេញ​នៅ​តំបន់​បឹងកក់​បាន​ធ្វើ​ដំណើរ​ទៅ​កន្លែង​ផ្ទះ​ចាស់​របស់​ពួក​គាត់ ដែល​ឥឡូវ​នេះ​ក្លាយ​ជា​ការដ្ឋាន​សំណង់ ហើយ​បាន​​ធ្វើ​ការ​តវ៉ា​នៅ​ទីនោះ​រហូត​ដល់​ប្រហែល​ជា​ថ្ងៃត្រង់​។

លោក ឡុង ឌីម៉ង់ អ្នក​នាំពាក្យ​សាលា​រាជធានី​បាន​មាន​ប្រសាសន៍​ថា​ អាជ្ញាធរ​រាជធានី​មិន​អាច​ធ្វើ​អ្វី​សម្រាប់​ក្រុម​ណាមួយ​បាន​ទេ ពីព្រោះ​​អ្នកភូមិ​បឹង​ឈូក​ជាច្រើន​គ្រួសារ​​តាំង​ទីលំនៅ​លើ​ដី​​រដ្ឋ​ដោយ​ខុស​ច្បាប់ ហើយ​​អ្នកភូមិ​តំបន់​បឹងកក់​បាន​ទទួល​សំណង​រួច​​ហើយ។

លោក​បាន​មាន​ប្រសាសន៍​ថា ” យើង​មិន​អាច​ដោះ​ស្រាយ​បញ្ហា​ជូន​ពួកគាត់​បាន​ទេ ពីព្រោះ​ពួក​គាត់​បាន​ទទួល​សំណង​រួចហើយ។ នោះ​មិនមែន​មាន​ន័យ​ថា​ យើង​មិន​ចង់​ជួយ​ពួក​គាត់​​ឲ្យ​មាន​បាន​នោះ​​ទេ ប៉ុន្តែ​យើង​មិន​អាច​ធ្វើ​បាន​ឡើយ”៕

Urban Voice Cambodia

Urban Voice Cambodia