វិស័យ​ដីធ្លី ៖ អ្នក​វិនិយោគ​បរទេស​ចាប់អារម្មណ៍​នៅ​កណ្តាល​ក្រុង រីឯ​អ្នក​វិនិយោគ​ក្នុងស្រុក​កំពុង​ចាប់អារម្មណ៍​
Posted On : កុម្ភៈ, 15, 2015 | By សំឡេងទីក្រុង

ដោយ ចន្ទ្រគ្រាស, កោះសន្តិភាព, ថ្ងៃអាទិត្យ ទី១៥ ខែកុម្ភៈ ឆ្នាំ២០១៥

រាជធានី​ភ្នំពេញ ៖ ក្នុង​ឆ្នាំ​ថ្មី​នេះ វិស័យ​ដីធ្លី​ហាក់​មាន​កំណើន​ខ្លាំង​ជាង​ឆ្នាំ​កន្លង​ទៅ ដោយ​អ្នក​វិនិយោគ​មួយ​ចំនួន កាលពី​ឆ្នាំ​២០១៤​បាន​សរសើរ​ថា វិស័យ​ដីធ្លី​មាន​ស្ថាន​ភាពល្អ​ប្រសើរ តែ​ដោយឡែក​ឆ្នាំ​២០១៥ គ្រាន់តែ​រយៈ​ជាង​មួយ​ខែ​កន្លង​មកនេះ អ្នក​វិនិយោគ​មួយ​ចំនួន​ធំ​កាន់តែ​សរសើរ​ពី​កំណើន​នៃ​វិស័យ​ដីធ្លី​ថែម​ទៀត​ ជា​ពិសេស​លើ​តម្លៃ​តាម​តំបន់​នានា​ក្នុង​រាជធានី​ភ្នំពេញ ។

លោក​គី​ម ហ៊ា​ង ប្រធាន​គ្រប់គ្រង​ក្រុមហ៊ុន​អចលនទ្រព្យ​ខ្មែរ​រៀល​អីុស្ទេ​ត បាន​ឲ្យ​ដឹង​ថា ក្នុង​ឆ្នាំ​២០១៥​នេះ វិស័យ​ដីធ្លី​ដូច​ជា​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់ ។ ប៉ុន្តែ​ក៏​អាច​ជា​ការ​ព្រួយបារម្ភ​មួយ​ដែរ ដោយសារ​តំបន់​ខ្លះ​កើនឡើង​ខ្លាំង តែ​សកម្មភាព​ថយ​ចុះ ព្រោះ​អ្នក​វិនិយោគ​មួយ​ចំនួន​មិន​មាន​លទ្ធភាព​ទិញ​ដី​សម្រាប់​វិនិយោគ ឬ​សាងសង់ ។ ក្នុង​ឆ្នាំ​ថ្មី​នេះ​វិញ អ្នក​វិនិយោគ​បរទេស​បាន​សម្រុកចូល​មក​កម្ពុជា​យ៉ាងច្រើន ហើយ​បាន​និង​កំពុង​ស្វែងរក​ទិញ​ដី​សម្រាប់​បង្កើត​អាជីវកម្ម ឬ​សាងសង់​អគារ​ផ្សេង​ៗ​នៅ​កណ្ដាល​ក្រុង​ថែម​ទៀត ។ ចំណែក​អ្នក​វិនិយោគ​ក្នុងស្រុក​វិញ​ភាគច្រើន​រក​ទិញ​ដី​នៅ​ជាយក្រុង ព្រោះ​ដី​តំបន់​នោះ​នៅ​មាន​តម្លៃ​ទាប ហើយ​មួយ​ចំនួន​ធំ​នៃ​អ្នក​វិនិយោគ​ក្នុងស្រុក​ដែល​ទិញ​ដី​ហើយ ក៏​ពុំ​មែន​សាងសង់​ភ្លាម​ៗ​ដែរ ពួក​គាត់​ទិញ​ដើម្បី​រក្សា​ទុក​លក់​យកចំណេញ​ប៉ុណ្ណោះ ដែល​ខុស​ពី​អ្នក​វិនិយោគ​បរទេស​ទិញ​ដី​កណ្ដាល​ក្រុង​រួច គឺ​ចាប់ផ្តើម​រៀបចំ​សាងសង់​ជា​អ្វីមួយ​សម្រាប់​ដំណើរការ​អាជីវកម្ម​តែ​ម្តង​ ដូច​ជា អគារ​ខុន​ដូ អា​ផាត់​មែន ឬ​អគារ​ការិយាល័យ​ជាដើម ។

លោក​បន្ត​ថា សព្វ​ថ្ងៃនេះ​ដី​នៅ​កណ្ដាល​ក្រុង​តាម​តួលេខ​តម្លៃ​កើនឡើង​ខ្លាំង តែ​ធាតុ​ពិត​ចំពោះ​សកម្មភាព​ទិញ​លក់​វិញ មិន​អាច​ប្រៀបធៀប​នឹង​ជាង​ក្រុង​បាន​ឡើយ ដោយសារ​តែ​វា​មាន​តម្លៃ​ថ្លៃ​ខ្ពស់​ពេក ហើយ​វា​មិនមែន​ទើបតែ​ឡើង​ពេល​នេះ​ទេ​។ ម្យ៉ាងទៀត​ការ​សាងសង់​ក៏​ស្ទើរតែ​ពេញ​ផង​ដែរ ដូច​នៅ​បឹង​កេងកង​ជាដើម ។ ចំណែក​នៅ​ជាយក្រុង​គិត​ជា​ភាគរយ​កើនឡើង​ស្ទើរតែ​១០០​ភាគរយ​ទៅ​ហើយ​ក្នុង​ រយៈពេល​ជាង​១​ឆ្នាំ​នេះ​តួយ៉ាង​ដូច​ជា តំបន់​ជ្រោយ​ចង្វា កាលពី​ឆ្នាំ​មុន​មាន​តម្លៃ​ប្រមាណ​៨០០​ដុល្លារ ឬ​៩០០​ដុល្លារ​ក្នុង​១​ម៉ែត្រការ៉េ តែ​ពេល​នេះ​វា​ហក់​ឡើង​រហូត​ដល់​ប្រមាណ​១.៥០០​ដុល្លារ​ទៅ​ហើយ​ក្នុង​មួយ​ ម៉ែត្រការ៉េ ។ ទោះបីជា​វា​ឡើង​ប៉ុណ្ណេះ​ហើយ​ក្តី ក៏​នៅ​តែ​មាន​អ្នករក​ទិញ​ដែរ ដែល​ខុស​ពី​កណ្ដាល​ក្រុង​ឡើង​តែ​មាត់​ឡើង​តែ​តម្លៃ តែ​សកម្មភាព​មាន​តិចតួច ។ តំបន់​ផ្សេង​ៗ​ទៀត​ដែល​មាន​កំណើន​ខ្លាំង​ដែរ​នោះ មាននៅ​ភ្នំពេញ​ថ្មី ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ខណ្ឌដង្កោ​ជាដើម ។

គួរ​បញ្ជាក់​ថា រហូត​មក​ដល់​ពេល​នេះ ដីធ្លី​នៅ​រាជធានី​ភ្នំពេញ មិន​ទាន់​មាន​តំបន់​ណាមួយ​ដណ្ដើម​បាន​តម្លៃ​ខ្ពស់​ជាងគេ​ក្រៅពី​តំបន់​បឹង​ កេងកង ឬ​តំបន់​នានា​នៅ​ក្នុង​ខណ្ឌចំការមន​នៅឡើយ ។ ដី​ដែល​ស្ថិត​នៅ​កន្លែង​ត្រូវប៉ាន់​ដូច​ជា នៅ​ផ្លូវកែង​ជាប់​ផ្លូវ​ធំ និង​មាន​សក្ដានុពល​អាជីវកម្ម វា​មាន​តម្លៃ​រហូត​ដល់​ជិត​៧.០០០​ដុល្លារ​អា​មេ​រិ​ក​ទៅ​ហើយ​ក្នុង​មួយ​ ម៉ែត្រការ៉េ​។ មូលហេតុ​ដែល​ធ្វើ​ឲ្យ​ដី​តំបន់​ទាំងនេះ​នៅ​តែ​រក្សា​តម្លៃ​ខ្ពស់​ជាងគេ មាន​កត្តា​ជា​ច្រើន ដែល​អ្នក​ជំនាញ​​ខាង​វិស័យ​ដីធ្លី​បាន​បញ្ជាក់ ដោយសារ​វា​ជា​កន្លែង​ដែល​ល្បី​យូរ​មក​ហើយ​បន្ទាប់​ពី​សម័យ​សង្គ្រាម ជា​កន្លែង​ជិត​ទីស្នាក់ការ អង្គការសហ​ប្រជា​ជាតិ ជា​កន្លែង​ដែល​ប្រមូលផ្ដុំ​ទៅ​ដោយ​អាជីវកម្ម​ចម្រុះ និង​ការ​រស់នៅ​បែប​ទំនើប​ៗ​ជាដើម ៕

Related Posts

សំឡេងទីក្រុង!

សំឡេងទីក្រុង!