%e1%9e%94%e1%9e%93%e1%9f%92%e1%9e%90%e1%9f%82_%e1%9e%a2%e1%9f%92%e1%9e%93%e1%9e%80%e1%9e%9b%e1%9e%80%e1%9f%8b%e1%9e%94%e1%9e%93%e1%9f%92%e1%9e%90%e1%9f%82%e1%9e%93%e1%9f%85%e1%9e%95%e1%9f%92%e1%9e%9f

វិភាគ៖ តើ​ស្ថាប័ន​ណា​ខ្លះ​របស់​រដ្ឋាភិបាល ​​ទទួល​ខុស​ត្រូវ​​លើសុវត្ថិភាព​ចំណី​អាហារ​សម្រាប់​ប្រជា​ពលរដ្ឋ?

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី០២ ខែតុលា នេះ បានថ្លែងបែបស្ដីបន្ទោសទៅលើប្រជាពលរដ្ឋជាអ្នកប្រើប្រាស់ ឬបរិភោគបន្លែផ្ទាល់ ដោយលោកថា ពលរដ្ឋនាំគ្នាទិញបន្លែផ្ទុកសារធាតុគីមី ទើបមានបន្លែគីមីនាំចូលមកចរាចរលក់នៅលើទីផ្សារកម្ពុជា។

មិនត្រឹមតែបន្ទោសទៅលើពលរដ្ឋជាអ្នកប្រើប្រាស់ ឬបរិភោគបន្លែដោយផ្ទាល់ប៉ុណ្ណោះទេ លោក ហ៊ុន សែន ក៏បានប្រាប់ប្រជាពលរដ្ឋថា កុំឲ្យបន្ទោសទៅលើរដ្ឋាភិបាល ដែលមិនអាចទប់ស្កាត់ការនាំចូលបន្លែផ្ទុកទៅដោយសារធាតុគីមី ចូលមកក្នុងប្រទេសកម្ពុជា រួចហើយចែកចាយនៅលើទីផ្សារ ឬលក់បន្តទៅប្រជាពលរដ្ឋនោះ។

លោក ហ៊ុន សែន ថ្លែងថា៖ «ខ្ញុំសូមផ្ដាំផ្ញើត្រឡប់ទៅវិញថា សូមមេត្តាកុំទិញនូវអ្វីដែលមានជាតិគីមីទៅ វាចប់បាត់ហើយ វានៅត្រង់កន្លែងហ្នឹង។ ដោយសារតែយើងសម្រុកទៅទិញអាគីមីហ្នឹង ដូច្នេះ គេចេះតែលក់តទៅទៀត រួចហើយចេះតែមកចោទរដ្ឋាភិបាល ហើយខ្លួនឯងអ្នកទទួលទាន ម៉េចក៏មិនមើលផង! រួចចេះតែចោទរដ្ឋាភិបាលថា ទុកឲ្យអ្នកនោះផលិតដោយដាក់ជីគីមីច្រើន ឬក៏មានការនាំចូលបន្លែបង្កាដោយមានគីមីច្រើន ចុះមានយើងអ្នកទៅទិញ កុំទិញវាមានម៉េច អាហ្នឹងមិនមែនរបស់យើងយកទៅចែកណា»

បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងជាសាធារណៈបែបនេះ វាបានជំរុញឲ្យមានការចោទសួរថា តើរដ្ឋាភិបាលមានតួនាទីបែបណាខ្លះក្នុងការធានានូវសុវត្ថិភាពចំណីអាហារដែលត្រូវបាននាំចូល និងចែកចាយនៅលើទីផ្សារក្នុងប្រទេសកម្ពុជា។

ជុំវិញការចោទសួរអំពីតួនាទីរបស់រដ្ឋាភិបាលនៅក្នុងការធានាសុវត្ថិភាពចំណីអាហារ ក៏ដូចជាសុខមាលភាពប្រជាជននោះ សាស្ត្រាចារ្យច្បាប់ លោក យឿង សុធារ៉ា បានឲ្យដឹងថា ថ្វីបើកម្ពុជាពុំទាន់បង្កើតច្បាប់សុវត្ថិភាពចំណីអាហារក៏ដោយ ប៉ុន្តែ តួនាទីរបស់រដ្ឋ ឬរដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោតដោយប្រជាពលរដ្ឋនោះ ត្រូវបានចងដោយរដ្ឋធម្មនុញ្ញ អំពីការធានានូវសុវត្ថិភាពចំណីអាហារ និងសុខមាលភាពរបស់ប្រជាជន។

មាត្រា ៧២ នៃរដ្ឋធម្មនុញ្ញកម្ពុជា ត្រូវបានចែងថា សុខភាពប្រជារាស្ត្រត្រូវបានធានាដោយរដ្ឋ ហើយមាត្រា ៦៤ ក៏បានចែងផងដែរថា រដ្ឋហាមឃាត់ និងផ្ដន្ទាទោសជាទម្ងន់ដល់ជនណាដែលនាំចូល ផលិត លក់ដូរ គ្រឿងញៀន ទំនិញក្លែងក្លាយ ហួសរយៈពេលប្រើប្រាស់ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាព អាយុជីវិតរបស់អ្នកប្រើប្រាស់។

ជាអ្នកជំនាញកសិកម្មមួយរូបដែលបានដឹកនាំមជ្ឈមណ្ឌលកសិកម្មសេដាកជាច្រើនឆ្នាំផងនោះ លោកបណ្ឌិត យ៉ង់ សាំងកុមារ បានអះអាងថា បញ្ហាការនាំចូលបន្លែផ្ទុកសារធាតុគីមីចូលមកក្នុងប្រទេសកម្ពុជា វាគឺជាការទទួលខុសត្រូវរបស់រដ្ឋាភិបាល ដោយលោកថា រដ្ឋាភិបាលមិនត្រូវបន្ទោសប្រជាពលរដ្ឋនោះទេ។

លោក៖ «គាត់ត្រូវបន្ទោសក្រសួង ឬក៏មន្ត្រីជំនាញរបស់គាត់ដែរ ព្រោះជាផ្នែកមួយនៃការទទួលខុសត្រូវរបស់រដ្ឋាភិបាលដែរ ក្នុងការដឹកនាំឲ្យកសិករចេះដាំ ចេះផលិតបន្លែសុវត្ថិភាព ដើម្បីយកមកលក់នៅទីផ្សារ។ ទី២ ធ្វើការត្រួតពិនិត្យធ្វើយ៉ាងម៉េចកុំឲ្យមានផលិតផលដែលមានសារធាតុគីមីច្រើនមកចរាចរណ៍លើទីផ្សារ»

ពាក់ព័ន្ធនឹងបន្លែដែលត្រូវបានចែកចាយ និងដាក់លក់នៅលើទីផ្សារនៅទូទាំងប្រទេសកម្ពុជា ទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិអាមេរិក ហៅកាត់ថា USIAD បានលើកឡើងនៅក្នុងរបាយការណ៍របស់ខ្លួនកាលពីថ្ងៃទី២៧ ខែកញ្ញាថា ពលរដ្ឋកម្ពុជាជាង ៧០ភាគរយ កំពុងប្រកបរបរកសិកម្ម ប៉ុន្តែ កសិករកម្ពុជា អាចដាំបន្លែផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុកបានតែ ១ភាគ៣ប៉ុណ្ណោះ។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងនៅក្នុងរបាយការណ៍របស់ខ្លួនកាលពីថ្ងៃទី២៧ ខែកញ្ញាថា កម្ពុជាបាននាំចូលបន្លែពីប្រទេសជិតខាងប្រហែល ២០០ ទៅ ៤០០តោន ក្នុងមួយថ្ងៃៗ សម្រាប់ផ្គត់ផ្គង់តម្រូវការក្នុងស្រុក ដោយភាគច្រើនបំផុតនាំចូលពីប្រទេសវៀតណាម និងប្រទេសថៃ។ ជាមួយទំហំនៃការនាំចូលបែបនេះ ក្រសួងបញ្ជាក់ថា វាបានធ្វើឲ្យកម្ពុជាចំណាយប្រាក់ជាង ២០០លានដុល្លារក្នុងមួយឆ្នាំ ទៅលើការនាំចូលបន្លែទាំងនោះ។

យោងតាមប្រកាសអន្តរក្រសួងកាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១០ ការគ្រប់គ្រង និងត្រួតពិនិត្យលើសុវត្ថិភាពចំណីអាហារនៅក្នុងប្រទេសកម្ពុជា ត្រូវបានដាក់ឲ្យស្ថិតនៅក្រោមដែនសមត្ថកិច្ចនៃស្ថាប័ននានា មកពីក្រសួងចំនួន ៦ របស់រដ្ឋាភិបាល ដើម្បីធានាសុវត្ថិភាពចំណីអាហារ រាប់ចាប់តាំងពីការដាំដុះរហូតដល់អាហារត្រូវបានចម្អិនសម្រេចនៅលើតុនៅតាមភោជនីយដ្ឋាន។ ក្រសួងទាំងនោះមានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងពាណិជ្ជកម្ម ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងទេសចរណ៍ និងក្រសួងសុខាភិបាល។

ប៉ុន្តែ និយាយដោយឡែកចំពោះការត្រួតពិនិត្យបន្លែនាំចូលមកក្នុងប្រទេសកម្ពុជា វាស្ថិតនៅក្រោមដែនសមត្ថកិច្ចជាក់លាក់មួយរបស់អគ្គនាយកដ្ឋានកម្ពុជាត្រួតពិនិត្យទំនិញអាហ័រណ នីហ័រណ និងបង្ក្រាបការក្លែងបន្លំ ដែលត្រូវបានគេហៅជាទូទៅថា «កាំកុងត្រូល» របស់ក្រសួងពាណិជ្ជកម្ម។

ជារួមមក ការត្រួតពិនិត្យលើសុវត្ថិភាពបន្លែនាំចូលមកលក់នៅក្នុងប្រទេសកម្ពុជា គឺជាការទទួលខុសត្រូវទាំងស្រុងរបស់ស្ថាប័នរដ្ឋាភិបាល ខណៈដែលការចម្អិនអាហារប្រកបដោយសុវត្ថិភាពទៅតាមសេចក្ដីណែនាំរបស់អង្គការសុខភាពពិភពលោក គឺជាការទទួលខុសត្រូវរបស់ប្រជាពលរដ្ឋ។

អង្គការសុខភាពពិភពលោក (WHO) បានលើកឡើងនៅក្នុងរបាយការណ៍សុវត្ថិភាពចំណីអាហារថា ចំណីអាហារផ្ទុកទៅដោយសារធារពុលប្រកបដោយគ្រោះថ្នាក់ ដូចជាមេរោគ បាក់តេរី បារ៉ាស៊ីត ឬសារធាតុគីមី បង្កនូវជំងឺជាង ២០០ប្រភេទ រាប់ចាប់តាំងពីរាគរូសរហូតដល់ជំងឺមហារីក។

របាយការណ៍អង្គការសុខភាពពិភលោកកាលពីឆ្នាំ២០១៥ បានឲ្យដឹងថា ប្រជាជនប្រហែល ៦០០លាននាក់ ឬម្នាក់ក្នុងចំណោម ១០នាក់ នៅលើពិភពលោក បានធ្លាក់ខ្លួនឈឺ បន្ទាប់ពីបរិភោគចំណីអាហារផ្ទុកដោយសារធាតុពុល។

របាយការណ៍ WHO បានឲ្យដឹងទៀតថា មនុស្សយ៉ាងហោចណាស់ ៤២ម៉ឺននាក់ បានស្លាប់នៅរៀងរាល់ឆ្នាំ នៅក្នុងចំណោមពលរដ្ឋពុលចំណីអាហារប្រហែល ៦០០លាននាក់នៅរៀងរាល់ឆ្នាំ៕

ប្រភព៖ VODhotnews

Leave a Reply