វិនិយោគិន​ជាតិ​និង​អន្តរ​ជាតិ​កំពុង​មាន​ការ​ចាប់​អារម្មណ៍​ក្នុង​វិស័យ​សំណង់​នៅ​កម្ពុជា​
Posted On : កញ្ញា, 11, 2015 | By សំឡេងទីក្រុង

ប្រភព៖ K QUBE ,​ដោយ​ ៖​ សេង ពិសិដ្ឋ

នៅ​ថ្ងៃ​ទី​១០​ ខែ​កញ្ញា​ ឆ្នាំ​២០១៥​ នេះ​ មន្ត្រី​ជា​ន់​ខ្ពស់​ក្រសួង​រៀប​ចំ​ដែន​ដី​ នគរូបនីយកម្ម​ និង​សំណង់​ បាន​លើក​ឡើង​ថា​ បច្ចុប្បន្ន​នេះ​ វិស័យ​សំណង់ ​និង ​ការ​សាង​សង់​អគារ​ធំ​ខ្ពស់​ៗ​នៅ​កម្ពុជា​ កំពុង​តែ​មាន​សន្ទុះ​រីក​ចម្រើន​យ៉ាង​ខ្លាំង​និង​មាន​ការ​ចាប់​អារម្មណ៍​ពី​អ្នក​វិនិយោគិន​ជាតិ​និង​អន្តរជាតិ​។
ថ្លែង​នៅ​ក្នុង​ពិធី​ពិព័រណ៍​អន្តរជាតិ​ស្តី​ពី​សំណង់​អគារ​បរិក្ខារ​មេកានិក​និង​អគ្គិសនី​នៅ​ក​​ម្ពុជា​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១០​ ខែ​កញ្ញា​ ឆ្នាំ​២០១៥​ នៅ​មជ្ឈ​មណ្ឌល​សន្និបាត​ និង​ពិព័រណ៍​កោះ​ពេជ្រ​ ឯក​ឧត្តម​ ភឿង​ សុភ័ណ្ឌ​ រដ្ឋ​លេខាធិការ​ក្រសួង​រៀប​ចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​មាន​ប្រសាសន៍​ថា​ ការ​វិនិយោគ​ក្នុង​វិស័យ​សំណង់​ក្នុង​រយៈ​ពេល​ប៉ុន្មា​ន​ឆ្នាំ​ចុង​ក្រោយ​នេះ​ មាន​ការ​រីក​ចម្រើន​គួរ​ឱ្យ​កត់​សម្គាល់​ ដោយ​មាន​ក្រុម​ហ៊ុន​ក្នុង​ស្រុក​ និង​អន្តរជាតិ​ មក​វិនិយោគ​លើ​វិស័យ​នេះ​ ក្នុង​ទឹក​ប្រាក់​រាប់​ពាន់​លាន់​ដុល្លារ​អាម៉េរិក​ក្នុង​មួយ​ឆ្នាំ​ៗ​ហើយ​វិស័យ​សំណង់​នេះ ​ក៏​បាន​រួម​ចំណែក​ជំរុញ​ដល់​កំណើន​សេដ្ឋកិច្ច​ជាតិ​ជា​មួយវិ​ស័យ​ផ្សេង​ៗ​ទៀត​ដូច​ជា​ ឧស្សហកម្ម​កាត់​ដេរ​ ទេសចរណ៍​ និង​កសិកម្ម​។
ឯក​ឧត្តម​បាន​បញ្ជាក់​ថា​ ការ​រៀប​ចំ​ពិព័រណ៍​សំណង់​និង​អគារ​នៅ​ពេល​នេះ​ ពិត​ជា​មាន​សារៈ​សំខាន់​ណាស់​ចំពោះ​កម្ពុជា​ដែល​កំពុង​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​សំណង់​អគារ​ សម្រាប់​ការ​ស្នាក់​នៅ​អគារ​ការិយាល័យ​ និង​សម្រាប់​គោល​ដៅ​ពាណិជ្ជកម្ម​ ក្នុ​ងខណៈ​ពេល​សេដ្ឋកិច្ច​ជាតិ​ កំពុង​មាន​កំណើន​ខ្ពស់​និង​មាន​ស្ថិរភាព​នយោបាយ​។
ឯក​ឧត្តម​រដ្ឋ​លេខាធិការ​បាន​លើក​ឡើង​ទៀត​ថា​ ចំណែក​ទី​ផ្សារ​អចល​ន​ទ្រព្យ​នៅ​កម្ពុជា​មាន​ ការ​វិនិយោគ​លើ​សំណង់​ស្ថាបត្យកម្ម​ក៏​ត្រូវ​បាន​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​បណ្តា​អ្នក​វិនិយោគ​ជាតិ​ និង​អន្តរជាតិ​ហើយ​ជា​ក់​ស្តែង​មក​ដល់​ពេល​នេះ​ មាន​ក្រុម​ហ៊ុន​ធំ​ៗ​មក​ពី​បរទេស​មាន​ដូច​ជា​ កូរ៉េ​ ចិន​ ជប៉ុន​ និង​សិង្ហបុរី​។ ចំណែក​អ្នក​វិនិយោគិន​ដែល​ជា​ម្ចាស់​ក្រុម​ហ៊ុន​ធំ​ៗក្នុង​ស្រុក​ ដូច​ជា​ក្រុម​ហ៊ុន​ OCIC​ ក្រុម​ហ៊ុន​វឌ្ឍនៈ​ ក្រុម​ហ៊ុន​ម៉ុង​ឬទ្ធី​ ក្រុម​ហ៊ុន​ជីព​ម៉ុង​ជា​ដើម ​បាន​បោះ​ទុន​វិនិយោគ​យ៉ាង​ច្រើន​លើ​ការ​ងា​រសាង​សង់​សំណង់​ធំ​ៗ​និង​ទំនើប​ដូច​ជា​ អគារ​ខុន​ដូ ​បុរី​ ផ្ទះ​ល្វែង​ អគារ​ពាណិជ្ជកម្ម​ ផ្សារ​ទំនើប ​និង​តំបន់​សេដ្ឋ​កិច្ច​ពិសេស​។
លោក​ឧកញ៉ា​ ពុង​ ឃាវ​សែ ​ប្រធាន​សមាគម​អ្នក​សាង​សង់​កម្ពុជា​មាន​ប្រសាសន៍​ថា​ ពេល​បច្ចុប្បន្ន​នេះ​សមាគម​អ្នក​សាង​សង់​កម្ពុជា​មាន​សមាជិក​ចំនួន​១០៣​ក្រុម​ហ៊ុន​ ក្នុង​នោះ​មាន ​ក្រុម​ហ៊ុនប្រកប​អាជីវកម្ម​សិក្សា​គម្រោង​ប្លង់​ ក្រុម​ហ៊ុន​សាង​សង់​ទាំង​ផ្នែក​អគារ​ ស្ពាន​ថ្នល់​ ផ្លូវ​ដែក​ អាកាសយាន​ដ្ឋាន​ រោង​ចក្រ​ ក្រុម​ហ៊ុន​ផ្គត់​ផ្គង់​សម្ភារ​ បរិក្ខារ​និង​គ្រឿង​ចក្រ​សំណង់​គ្រប់​ប្រភេទ​ និង​ក្រុម​ហ៊ុន​ជា​ច្រើន​ទៀត​ដែល​ទាក់​ទង​ជា​មួយ​ការ​សាង​សង់​នៅ​ប្រទេស​កម្ពុជា​។
ចំណែ​ក​ក្រុម​ហ៊ុន​ធ្វើ​អាជីវកម្ម​ផ្នែក​សំណង់​ដែល​មក​ចុះ​បញ្ជី​នៅ​ក្រសួង​រៀប​ចំ​ដែន​ដី​ នគរូនីយ​ កម្ម​និង​សំណង់​កំពុង​មាន​សុពល​ភាព​ មាន​ចំនួន​៦៨៧​ក្រុម​ហ៊ុន​ ជា​មួយ​គ្នា​នេះ​គិត​ត្រឹម​ឆមាស​ទី​១​ ឆ្នាំ​២០១៥​ក្រោយ​ពី​បាន​ការ​លើក​ទឹក​ចិត្ត​របស់​រាជ​រដ្ឋាភិបាល​ឲ្យ​ជន​បរទេស​មាន​សិទ្ធិ​ទិញ​ចំណែក​អគារ​សហ​កម្ម​សិទ្ធិ​ បាន​កើន​ដល់​៤៤៦​ឯក​តា។​
យោង​តាម​របាយ​ការណ៍​ក្រសួង​រៀប​ចំ​ដែន​ដី​ នគរូប​នី​យកម្ម​ និង​សំណង់​ បាន​ឱ្យ​ដឹង​ថា​ ការ​វិនិ​យោគ​ក្នុង​វិស័យ​សំណង​ក្នុង​រយៈ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ​គឺ​គិត​ចាប់​ពី​ឆ្នាំ​២​០១១​មក​ដល់​បំណាច់​ឆ្នាំ​២០១៤​កន្លង​មក​នេះ​ គឺ​មាន​ទឹក​ប្រាក់​ជា​មធ្យម​ប្រមាណ​ ២.២០០​លាន​ដុល្លារ​អាម៉េរិក​ក្នុង​មួយឆ្នាំ​ៗ​។ ចំណែក​ការ​រៀប​ចំ​តាំង​ពិព័រណ៍​ក្នុង​ឆ្នាំ​នេះ​  មាន​ការ​ចូល​រួម​ពី​បណ្តា​ក្រុម​ហ៊ុន​ជាតិ​និង​ អន្តរ​ជាតិ​ប្រមាណ​ជាង​២០០​ក្រុម​ហ៊ុន​។

Related Posts

សំឡេងទីក្រុង!

សំឡេងទីក្រុង!