វត្ត​សាមគ្គីរង្សី​ដែល​សម្បូរ​ដោយ​បញ្ហា កៀងគរ​ការ​គាំទ្រ​តាម​ Skype
Posted On : February, 6, 2015 | By សំឡេងទីក្រុង

ដោយ ខេមបូឌាដេលី ថ្ងៃទី ០៥ ខែកុម្ភៈ ឆ្នាំ ២០១៥

ព្រះសង្ឃ​នៅ​វត្ត​មួយ​ក្នុង​រាជធានី​ភ្នំពេញ​ ដែល​សាលា​រាជធានីគំរាម​បិទ​ចោល​​ជុំវិញ​ការ​ចោទ​ប្រកាន់ពីបទ​​បង្ក​​អំពើ​ ហិង្សា​យ៉ាង​រាល​ដាល និង​ “សកម្មភាព​​ប្រឆាំង​រដ្ឋាភិបាល​” បាន​រៀបចំ​វីដេអូ​ខុនហ្វើរិន​មួយ​ជាមួយ​អ្នកគាំទ្រ​នៅ​ក្នុង​ប្រទេស​កាណាដា និង​ប្រទេស​អូស្ត្រាលី​កាល​ពី​ម្សិលមិញ ដើម្បី​កៀងគរ​ការគាំទ្រ​​ ហើយ​ជា​ថ្មី​ម្ដង​ទៀត​​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​របស់​សាលា​រាជធានី។pagoda

កាលពី​សប្ដាហ៍​មុន​ សាលា​រាជធានី​បាន​ប្រកាស​ថា ​​ខ្លួន​នឹង​ចាប់​ផ្ដើម​ការ​ស៊ើបអង្កេត​នៅ​វត្ត​សាមគ្គីរង្សី​ ដើម្បី​​សិក្សា​ស្រាវ​ជ្រាវ​ថា តើ​​វត្ត​នេះ​ត្រូវ​បាន​ទទួល​ស្គាល់ដោយ​​រដ្ឋាភិបាល​​​​ និង​ថាតើ​ព្រះសង្ឃ​ក្នុង​វត្ត​នេះ​ត្រូវ​បាន​បំបួស​​ជា​ផ្លូវ​ការ​ឬយ៉ាង​ណា។

ព្រះសង្ឃ​ជាថ្នាក់ដឹកនាំ​គង់​នៅ​វត្ត​​សាមគ្គីរង្សី​​បានមាន​សង្ឃដីកា​ថា ​រដ្ឋាភិបាល​ចង់​បិទ​វត្ត​នេះ​ចោល​ដោយ​សារ​តែ​នេះ​ជា​វត្ត​មួយ​ក្នុង​ចំណោម​ វត្ត​​មួយ​ចំនួន​តូច​នៅ​ក្នុង​ប្រទេស​ ដែល​ហ៊ាន​ក្រោក​ឈរ​ការ​ពារ​​គ្រួសារ​​ដែល​​ប្រឈម​ការ​បណ្ដេញ​ចេញ​ពី​សំណាក់​ ក្រុម​ហ៊ុន​អភិវឌ្ឍន៍​ឯកជន។

កាលពី​ម្សិលមិញ វត្ត​នេះ​​បាន​រៀបចំ​វីដេអូ​ខុនហ្វើរិន​​មួយ​សម្រាប់​ព្រះសង្ឃ​​​ក្នុង​វត្ត ​នេះ​ជាមួយ​អ្នក​ឧបត្ថម្ភ​​គាំទ្រ​​សំខាន់​ចំនួន​ពីរ​រូប​របស់​វត្ត​នេះ​ គឺ​លោក ថាច់ ង៉ុកថាច់ ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ​មកពី​ប្រទេស​កាណាដា និង​ព្រះតេជគុណ លីវ ពៅ ​ជា​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​​គង់​នៅ​​ប្រទេស​​អូស្ត្រាលី ដែល​​បានជួយ​ហិរញ្ញវត្ថុ​ច្រើន​បំផុត​​ដល់​វត្ត​នេះ​។

ខ្មែរ​កម្ពុជា​ក្រោម​គឺ​ជាជន​ជាតិ​ភាគ​តិច​ខ្មែរ​​មកពី​កម្ពុជា​ក្រោម​ ជា​តំបន់​មួយ​នៅ​ក្នុង​ប្រទេស​វៀតណាម​​ភាគ​ខាង​ត្បូង ដែល​ធ្លាប់​ជា​របស់​អាណាចក្រ​ខ្មែរ​។ ​វត្ត​សាមគ្គីរង្សី​​មាន​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​គង់​នៅ​ជា​ច្រើន​។

ព្រះតេជគុណ ថាច់ ហាសំអាង ព្រះចៅអធិការ​ស្ដីទី​​នៃ​វត្ត​សាមគ្គីរង្សី​ បាន​មាន​សង្ឃដីកា​ទៅ​កាន់​អ្នក​ចូល​រួម និង​ភ្ញៀវ​​កិត្តិយស​របស់​ព្រះអង្គ​ថា វត្ត​នេះ​មាន​តែ​ជួយ​ប្រទេស​ជាតិ​។

ព្រះអង្គបានមាន​សង្ឃដីកា​យ៉ាង​ដូច្នេះ​ថា ” យើង​មិន​ដែល​ប្រឆាំង​សម្ដេច​ [នាយករដ្ឋ​មន្ត្រី ហ៊ុន សែន] និង​រដ្ឋាភិបាល​ទេ។ យើង​បាន​រួម​ចំណែក​យ៉ាង​ច្រើន​ជួយ​ដល់​សង្គម​ខ្មែរ ដើម្បី​លុប​បំបាត់​ភាព​ក្រីក្រ និង​អយុត្តិធម៌​ក្នុង​សង្គម។ យើង​ស្វាគមន៍​ការ​​​ចុះ​ធ្វើ​អធិការកិច្ច [របស់​សាលា​រាជធានី] ប៉ុន្តែ​បើ​ពួកគេ​មក​លើក​ព្រះសង្ឃ​បោះ​ចូល​ឡាន មិន​អាច​ទទួល​យក​បានទេ”។

លោក ថាច់ ង៉ុកថាច់ បានមាន​ប្រសាសន៍​ថា ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​ដែល​បាន​​​ភៀស​ព្រះកាយ​ពី​ប្រទេស​វៀតណាម​​ ដើម្បី​រត់​គេច​ពី​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​នៅ​ទីនោះ​ នឹង​បាត់​បង់​កន្លែង​ស្នាក់​អាស្រ័យ​ដែល​​ព្រះសង្ឃ​ទាំង​នេះ​​មាន​នៅ​ក្នុង​ ប្រទេស​កម្ពុជា​ ប្រសិន​បើ​រដ្ឋាភិបាល​បិទ​វត្ត​នេះ​ចោល។

ព្រះតេជគុណ លីវ ពៅ បាន​មាន​​សង្ឃដីកា​សំដៅ​ដល់​ការ​អត្ថាធិប្បាយ​របស់​លោក ឡុង ឌីម៉ង់ អ្នក​នាំពាក្យ​សាលា​រាជធានី​​ទៅ​កាន់​ប្រព័ន្ធ​​ផ្សាុយ​កាលពី​ពេល​ថ្មីៗ​នេះ ដែល​លើក​ឡើង​ថា វត្ត​នេះ​​រៀបផែន​ការ​អបគមន៍​។

ព្រះអង្គបាន​បន្ត​ថា “ព្រះសង្ឃ​គង់​នៅ​វត្ត​សាមគ្គីរង្សី​​​គ្មាន​បំណង​ធ្វើ​អបគមន៍​ទេ។ ព្រះសង្ឃ​​បាន​រង​ទុក្ខ​វេទនា​ ហើយ​បាន​និមន្ត​​មក​ប្រទេស​កម្ពុជា​​ដើម្បី​គង់​នៅ​វត្ត​សាមគ្គីរង្សី។ បើ​គាត់​ឈូស​​វត្ត​នេះ​កម្ទេច​ចោល​ យើង​មិន​អាច​ទទួល​យក​បាន​ទេ”។

លោក ឡុង ឌីម៉ង់ បានបដិសេធមិន​ធ្វើ​អត្ថាធិប្បាយ​ទេ ជុំវិញ​​វីដេអូ​ខុនហ្វើរិន​កាលពី​ម្សិល​មិញ​នៅ​វត្ត​សាមគ្គីរង្សី។ លោក​បានលើក​ឡើង​ថា មន្ត្រី​សាលា​រាជធានី​នឹង​ចុះ​ទៅ​វត្ត​នេះ​នៅ​ថ្ងៃអង្គារ ដើម្បី​ធ្វើ​ការ​ស៊ើបអង្កេត៕ សុខុម​​​​​​​​​​​​​​​​

 

Urban Voice Cambodia

Urban Voice Cambodia