28-6-023

លំនៅដ្ឋាន​តម្លៃ​ក្រោម​៣​ម៉ឺន​ដុល្លារ ក្លាយជា​ការចាប់រ​ម្មណ៍​ខ្លាំង​របស់​មហាជន​

រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ក្រុមហ៊ុនឯកជន មន្ត្រីអង្គការសង្គមស៊ីវិល និងតំណាងសហគមន៍  ចាប់អារម្មណ៍ខ្លាំងលើគម្រោងសាងសង់លំនៅដ្ឋាន ដែលមានតម្លៃក្រោម ៣ម៉ឺនដុល្លារ សម្រាប់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងពលរដ្ឋដែលមានចំណូលមធ្យម និងទាប។ លំនៅដ្ឋានតម្លៃសមរម្យនេះ ត្រូវបានលើកមកជជែកពិភាក្សានៅក្នុងទិវាលំនៅដ្ឋានថ្នាក់ជាតិលើប្រធានបទ «លំនៅដ្ឋានៅចំណុចមូលដ្ឋាន» នៅរាជធានីភ្នំពេញ កាលពីដើមសប្តាហ៍នេះ។

អ្នកស្រី ផុន សារេត តំណាងសហគមន៍ក្រីក្រ បានឡើងថ្លែងលើវេទិកាដែលមានមនុស្សរាប់រយនាក់ អង្គុយចាំស្តាប់នៅក្នុងសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ ដោយបានអះអាងថា បច្ចុប្បន្ន នៅរាជធានីភ្នំពេញ និងទីប្រជុំជនតាមបណ្តាខេត្ត សហគមន៍ក្រីក្រជាច្រើនមិនទាន់មាន ដីសម្រាប់រស់នៅឡើយ ដែលជំរុញឲ្យពួកគេសង់ផ្ទះ នៅលើគំនរសំរាម ប្រឡាយ ផ្នូរខ្មោច និងលើដីឯកជនរបស់រដ្ឋជាដើម។

ដៃកាន់កាន់ម៉ៃក្រូហ្វូន អ្នកស្រី បញ្ជាក់ដូច្នេះថា៖«សហគមន៍មានការប្រឈមច្រើនណាស់ ដូចជា មីក្រូហិរញ្ញវត្ថុ ឬធនាគារមិនឲ្យខ្ចីលុយរកស៊ី ពីព្រោះពួកយើងរស់នៅក្នុងសំណង់បណ្តោះអាសន្នគ្មានឯកសារបញ្ជាក់»។

អ្នកស្រីបន្តថា កង្វះលំនៅដ្ឋានសមរម្យ បានជំរុញឲ្យសហគមន៍រស់នៅដោយគ្មានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ និងខ្វះអនាម័យជាដើម។ អ្នកស្រី សង្ឃឹមថា រដ្ឋាភិបាល នឹងជួយសង់លំនៅដ្ឋានសមរម្យលក់ឲ្យប្រជាសហគមន៍ ដោយបង់រំលោះ និងមានការប្រាក់ទាប ដើម្បីជួយសម្រួលជីវភាពរបស់ប្រជាសហគមន៍ឲ្យបានរស់នៅប្រកបដោយសុខសុវត្ថិភាព និងភាពថ្លៃថ្នូរផងដែរ។

ទាក់ទងនឹងគម្រោងសង់ផ្ទះជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងពលរដ្ឋក្រីក្រនេះ លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា ក្រសួងដែនដី បានសហការជាមួយក្រុមហ៊ុន World Bridgeland និងក្រុមហ៊ុន B & BM ដើម្បីសាងសង់លំនៅដ្ឋាន ដែលមានតម្លៃទាបជាង៣ម៉ឺនដុល្លារ ក្នុងមួយលំនៅដ្ឋាន ដោយអនុវត្តន៍រូបមន្តនៃការបង់រំលោះប្រចាំខែក្នុងបរិមាណទឹកប្រាក់តិច និងមានរយៈពេលវែង។

លោកបន្តថា នៅ២០៣០ រាជធានីភ្នំពេញ និងទីប្រជុំជននៅកម្ពុជា ត្រូវការលំនៅដ្ឋានចំនួន៨០ម៉ឺនផ្ទះ និងប្រជាជនអាចកើនឡើងរហូតដល់៧,៩២លាននាក់»។  កាលពីដើមឆ្នាំ២០១៧ កន្លងទៅ ក្រុមហ៊ុន Worldbridge Land ដែលសហការជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបើកការដ្ឋានសាងសង់ គម្រោងលំនៅដ្ឋានសាធារណៈ តម្លៃសមរម្យនៅក្នុងស្រុកស្អាង ខេត្តកណា្តល។

យោងតាមការសិក្សាក្របខណ្ឌយុទ្ធសាស្ត្រអភិវឌ្ឍន៍ទីក្រុងនៅកម្ពុជា ៥ខែដំបូងក្នុងឆ្នាំ២០១៧ វិស័យសំណង់ មានកំណើន២០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៦ ពោល គឺមានទំហំជាទឹកប្រាក់ប្រមាណ ៤,៣៦២ លានដុល្លារសហរដ្ឋអាមេរិក ដោយបង្កើតការងារដល់ពលរដ្ឋ២០ម៉ឺននាក់ក្នុងមួយថ្ងៃ។ ទន្ទឹមនឹងនេះ ក៏មានពលរដ្ឋក្រីក្រ ដែលរស់នៅក្នុងសំណង់មិនរៀបរយជាច្រើន ត្រូវបាន      បណ្តេញចេញ និងផ្តល់សំណងមិនសមរម្យ ដូចជាសហគមន៍បុរីកីឡា សហគមន៍បឹងកក់ សហគមន៍ដីក្រហម សហគមន៍សម្បុកចាប និងសហគមន៍បឹងឈូកជាដើម។

ជុំវិញបញ្ហាលំនៅដ្ឋាននេះ លោក  សៀ ភារម្យ នាយកប្រតិបត្តិក្រុមការងារពិសេសសិទ្ធិលំនៅដ្ឋាន បានថ្លែងថា របៀបដោះស្រាយរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចំពោះពលរដ្ឋនៅអគារបូឌីញ«ស» គឺជាគំរូដ៏ល្អ ដែលគួរយកទៅអនុវត្តន៍នៅសហគមន៍ផ្សេងទៀត។

លោកបន្តថា នៅកម្ពុជាមានពលរដ្ឋប្រមាណជាង១៤ម៉ឺននាក់ក្នុងរាជធានីភ្នំពេញ ដែលគ្មានលំនៅដ្ឋានសមរម្យ ដែលពួកគេរស់នៅតាមផ្លូវរថភ្លើង តាមមាត់បឹង តាមមាត់ទន្លេជាដើម។  លោកបញ្ជាក់ថា៖«បច្ចុប្បន្ន មានបុរី និងខុនដូរជាច្រើន បានរីកលូតលាស់ ប៉ុន្តែវាមិនទាន់ឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលក្រីក្រ»។

លោកយល់ថា តម្លៃផ្ទះក្រោម៣ម៉ឺននេះ គឺជាតម្លៃមួយខ្ពស់ ខណៈដែលGDPរបស់ពលរដ្ឋកម្ពុជា មានត្រឹម ១ពាន់ដុល្លារ ក្នុងមួយឆ្នាំ។ លោកពន្យល់យ៉ាងដូច្នេះថា៖«សម្រាប់អ្នកមានជីវភាពមធ្យម តម្លៃក្រោម២ម៉ឺន ដោយបង់តម្លៃ៥០ ទៅ៨០ដុល្លារក្នុងមួយខែ គឺគាត់មានលទ្ធភាព ប៉ុន្តែ៣ម៉ឺន ឬជិត៣ម៉ឺន គឺពួកគាត់មានការលំបាក។ ចំណែក អ្នកក្រីក្រ ប្រហែលជាមិនអាចទេ ទាល់តែផ្ទះមានតម្លៃក្រោម១ម៉ឺន»៕

 

ប្រភព៖ ថ្មីៗ

Leave a Reply