លោក Nicolas, បែលហ្ស៊ិក​, បង្កើត​សេវា​ដឹកជញ្ជូន​តាម​កង់​នៅ​ភ្នំពេញ​ដើម្បី​កាត់បន្ថយ​ការបំពុល​បរិស្ថាន
Posted On : February, 1, 2017 | By Chamroeun Soy

Sorry, this entry is only available in Khmer. For the sake of viewer convenience, the content is shown below in the alternative language. You may click the link to switch the active language.

ប្រភព៖ ថ្មីៗ

ភ្នំពេញ៖ លោក Nicolas Van den Bossche អាយុ៣៤ឆ្នាំ ជនជាតិបែលហ្ស៊ិក បានសម្រេចចិត្តបង្កើតសេវាកម្មដឹកជញ្ជូនតាមកង់នៅទីក្រុងភ្នំពេញក្នុងគោលបំណងចូលរួមកាត់បន្ថយឧស្ម័នកាបូនិកដែលបង្កឡើងដោយម៉ូតូ និងរថយន្ត។ ២ខែក្រោយការបង្កើត លោក Nicolas ទទួលបានម៉ូយជាប្រចាំចំនួនបីហើយ, ហើយលោកមានម៉ូយរាយមួយចំនួនផ្សេងទៀត។ ដើម្បីជ្រាបព័ត៌មានលម្អិត សូមអញ្ជើញស្តាប់បទសម្ភាសជាភាសាបារាំងរវាងលោក គី សុខលីម អ្នកសារព័ត៌មានអេឡិចត្រូនិកថ្មីៗ និងលោក Nicolas ដូចតទៅ៖

មករស់នៅក្នុងប្រទេសកម្ពុជាអស់រយៈពេល៩ខែ ហើយបង្កើតសេវាកម្មដឹកជញ្ជូនតាមកង់កាលពី២ខែមុន, លោក Nicolas ហាក់បីដូចជាជាមានជំនឿ និងពេញចិត្តលើសេវាកម្មរបស់ខ្លួន។ រហូតមកដល់ពេលនេះ លោកទើបទទួលបានម៉ូយប្រចាំចំនួនបី និងម៉ូយរាយមួយចំនួនមែន។ តែលោកសង្ឃឹមថា ជំនួញខ្នាតតូចរបស់លោកនឹងអាចជោគជ័យនាពេលអនាគត។

រកប្រាក់ចំណេញជារឿងមួយ។ តែលោកបង្កើតសេវាកម្មនេះដោយមានគោលបំណងរបស់លោកច្បាស់លាស់។ ទី១ គឺលោកចង់ចូលរួមកាត់បន្ថយឧស្ម័នកាបូនិកដែលបង្កឡើងដោយម៉ូតូ និងរថយន្តនៅក្នុងទីក្រុងភ្នំពេញដែលកាន់តែមានចំនួនច្រើនឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ និងទី២ លោកគិតថា សេវាដឹកជញ្ជូនតាមកង់អាចលឿនជាងតាមម៉ូតូ ក្នុងខណៈពេលដែលចរាចរណ៍កាន់តែយ៉ាប់យ៉ឺនឡើងៗនៅទីក្រុងភ្នំពេញ។ លោក Nicolas គិតថា៖«កង់មិនបំពុល និងលឿនជាងម៉ូតូ»។

ក្នុងនាមជាអ្នកស្រឡាញ់បរិស្ថាន លោកបានទទួលបានគំនិតនេះពីក្រៅប្រទេស ដូចជា ប្រទេសអាមេរិក បារាំង អាឡឺម៉ង់ និងប្រទេសបែលហ្ស៊ិក ដើម្បីដាក់ឲ្យដំណើរការនៅក្នុងប្រទេសកម្ពុជា ជាពិសេស នៅទីក្រុងភ្នំពេញ។ លោកហៅសេវារបស់លោកថាជា«សេវាបៃតង» ជាភាសាអង់គ្លេស Green Delivery និង La livraison verte ជាភាសាបារាំង។

សេវាកម្មនេះ លោកទើបតែបង្កើតបានរយៈពេល២ខែទេ។ ខុសពីអ្នកជំនួញដទៃទៀតដែលខ្លាចអ្នកប្រកួតប្រជែងទីផ្សារ លោក Nicolas ស្វាគមន៍ឲ្យមានអ្នកជំនួញផ្សេងទៀតចូលមកប្រកួតប្រជែងក្នុងប្រភេទជំនួញនេះឲ្យកាន់តែច្រើនឡើង។ សម្រាប់លោក Nicolas, បើមានអ្នកជំនួញក្នុងវិស័យនេះ កាន់តែច្រើន នោះការបំពុលបរិស្ថាននៅទីក្រុងភ្នំពេញនឹងកាន់តែត្រូវកាត់បន្ថយ។

តើ«សេវាបៃតង»របស់លោក Nicolas យកកម្រៃដូចម្តេច?

លោក Nicolas បានពន្យល់ថា ចម្ងាយ៤គីឡូម៉ែត្រចុះក្រោម សេវាកម្មតម្លៃផ្ញើ គឺ៦ពាន់រៀល។ លើសពី៤គីឡូម៉ែត្រ លោកគិតតម្លៃបន្ថែម២ពាន់រៀលក្នុងមួយគីឡួម៉ែត្រ។ លោកបានបញ្ជាក់ប្រាប់អតិថិជនថា លោកអាចដឹកជញ្ជូនបានតែឥវ៉ាន់ស្រាលៗល្មមទេ។ ទំនិញធ្ងន់ៗពេក លោកមិនអាចដឹកបានឡើយ។

នៅក្នុងប្រទេសកម្ពុជា អ្នកជិះកង់ពេលខ្លះត្រូវបានគេគិតថា ជាអ្នកក្រ, តើលោក Nicolas យល់ឃើញយ៉ាងដូចម្តេចដែរ? លោកឆ្លើយភ្លាមថា តាមពិតខ្ញុំមិនមែនជាអ្នកមានទេ, នេះជារឿងពិត។ តែត្រង់ថា ពាក្យមើលងាយ ឬមិនមើលងាយនោះ ខ្ញុំមិនខ្វល់នឹងអារម្មណ៍បែបនោះឡើយ។ សម្រាប់លោក Nicolas, លោកខ្វល់តែពីរឿងកាត់បន្ថយការឡើងកម្រិតឧស្ម័នកាបូនិកនៅទីក្រុងភ្នំពេញតែប៉ុណ្ណោះ៕

Urban Voice Cambodia

Urban Voice Cambodia