លោក ​ស ខេង ​អំពាវ​នាវ​ឲ្យ​ចូលរួម​ទប់​ស្កាត់​គ្រោះ​ថ្នាក់​ចរាចរណ៍
Posted On : មេសា, 5, 2019 | By សំឡេងទីក្រុង

ភ្នំពេញៈ លោក ស ខេង ឧបនាយ​ករដ្ឋ​មន្រ្ដី រដ្ឋ​មន្រ្ដី​ក្រសួង​មហា​ផ្ទៃ បាន​អំពាវ​នាវ​ដល់សា​​ធារណជនឲ្យ​ចូល​រួម​​បង្ការ និង​ទប់​ស្កាត់​គ្រោះ​ថ្នាក់​ចរា​ចរ​ណ៍ ​នា​ឱកាស​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី ប្រពៃណីជាតិខាង​មុខ​ ខណៈ​ដែល​គ្រាន់​តែ​នៅ​ក្នុង​ខែ​មីនា​កន្លង​មក​ មានអ្នក​ស្លាប់​ដោយសារ​គ្រោះ​ថ្នាក់​ចរាចរណ៍​រហូត​ដល់​ ២០៣ នាក់។

​ក្នុង​នាម​ប្រធាន ​គណៈ​កម្មា​ធិការ​ជាតិ​​សុវត្ថិភាព​ចរាច​រណ៍​ផ្លូវ​គោក លោក ស ខេង បាន​ចេញ​​លិខិត​អំពាវ​នាវ​មួយ​ចុះ​ថ្ងៃ​ទី ៣​ ខែ ​មេសា ​ដោយ​បាន​កោត​សរសើរ​ចំពោះ​អ្នក​ប្រើ​​ប្រាស់​ផ្លូវ​ដ៏​ច្រើន​លើស​លប់​ ដែ​ល​មាន​ឆន្ទៈ ក្នុង​ការ​ចូល​រួម​គោរព​ និង​អនុវត្ដ​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវ​គោក​យ៉ាង​ផុលផុស​ ក្នុង​ពេល​ធ្វើ​ចរាចរណ៍ ដែល​បាន​រួម​​ចំណែក​ក្នុង​ការ​កាត់​បន្ថយ​ការ​បាត់​បង់​ជីវិត រង​របួស និង​ការ​ខូច​ខាត​ទ្រព្យ​សម្ប​ត្ដិ​ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍​​កន្លង​ទៅ។

ប៉ុន្តែទោះ​បីយ៉ាង​ណា លោកកត់​សម្គាល់​ថា ​គ្រោះ​ថ្នាក់​ចរាចរណ៍​ផ្លូវ​គោក​នៅ​តែ​ជា​បញ្ហា​ប្រឈម​ចំពោះ​មុខ និង​យូរ​អង្វែ​ង ដែល​អាច​កើត​ឡើង​ភ្លាមៗ​ ក្នុង​ករណី​អ្នក​ប្រើ​ប្រាស់​ផ្លូវ​មាន​ការ​ធ្វេសប្រហែស ឬខ្ជីខ្ជា​មិន​គោរព​ច្បាប់។

លោក​បាន​បញ្ជាក់​ថា៖ «ក្នុង​ឱកាសពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណីជាតិ​ឆ្នាំនេះ យាន​យន្ដ​ធ្វើ​ចរាចរណ៍​ នឹង​មាន​កំណើ​ន​កើន​ឡើង​ខ្ពស់​ខុស​ប្រ​ក្រតី​ ដែល​អាច​​មាន​កំណើន​គ្រោះ​ថ្នាក់​ចរាចរណ៍​ ឬការ​កកស្ទះ​ចរាចរណ៍»។

ដើម្បី​បង្ការនិង​ទប់​ស្កាត់​គ្រោះ​​​​ថ្នាក់​ចរាចរណ៍​ផ្លូវ​គោកនា​ឱកា​ស​​ពិធី​ចូលឆ្នាំ​ខ្មែរ​ដែល​នឹង​ប្រព្រឹ​ត្ដ​ទៅ​ចាប់ពីថ្ងៃ​ទី ១៤ ដល់​​ថ្ងៃ​ ១៦ ខែ​ មេសា​ លោក ស ខេង បាន​អំពាវ​នាវ ដល់​សាធារណជន ជាអ្នក​ប្រើ​ប្រាស់​ផ្លូវ​ ត្រូវ​ត្រួត ពិនិត្យ​លក្ខណៈ​បច្ចេក​ទេស​យា​ន​​​យន្ដ​ជានិច្ច ពិសេស​ត្រួត​ពិនិត្យ​កង់ ចង្កូត ហ្រ្វាំង ភ្លើង​បំភ្លឺ​ រប​ស់​​យាន​យន្ដ​ជា​ដើម​ មុន​នឹង​ធ្វើ​ដំណើរ​​ទៅ​ទីកន្លែង​ណាមួយ។

ជា​មួយ​គ្នា​នេះលោកស ខេង ​បញ្ជាក់​​ទៀ​ត​​ថា សាធារណជន​ ដែល​ជា​អ្នក​ប្រើ​ប្រាស់​ផ្លូវ ដោយ​បើក​បរ​ទោ​ចក្រ​យាន​យន្ដ ត្រូវ​ពាក់​មួក​សុវត្ថិភាព​ជានិច្ច និង​ត្រូវ​ពាក់​ខ្សែ​ក្រវាត់​សុវត្ថិភាពជានិច្ច ក្នុង​ពេល​ធ្វើ​ដំណើរ​ដោយ​រថយន្ដ​ និង​ត្រូវ​បើក​បរ​ក្នុង​ស្មារតី​ប្រុងប្រ​យ័ត្ន​ជានិច្ច ប្រកប​ដោយ​សីលធម៌​យោគយល់​អធ្យាស្រ័យ​គ្នា។

លោក​​បន្ដថា​៖ «ត្រូវ​គោរព​សិទ្ធិ​អាទិភាព គោរព​សញ្ញា​ចរា​ចរណ៍ និង​បើក​បរ​ប្រកាន់​ស្ដាំ​ជានិច្ច ត្រូវ​បើក​បរ​ក្នុង​ស្មារតី​ប្រុង​​ប្រ​យ័ត្ន​ជានិច្ចប្រកប​ដោ​យ​សីលធម៌​ យោគយល់​អធ្យាស្រ័យ​គ្នា​។ មិន​ត្រូវ​បើក​បរ​លើស​ល្បឿន​កំណត់​ជាដាច់​​ខាត។ មិន​ត្រូវ​បើក​បរ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង​ដាច់​ខាត។ មិន​ត្រូវ​បត់ ឬ​វ៉ា​ជែង ក្នុង​ភាព​ប្រថុយ​ប្រថាន ឬ​ធ្វេសប្រហែស​ឡើយ និង​មិន​ត្រូវ​បើក​បរ​ក្នុង​ស្ថានភាព​ងងុយ​ដេក​​ជា​ដាច់​ខាត»។

លោកស្រី លឹម សុខជា ទីប្រឹ​​ក្សា​ជាន់​ខ្ពស់ អង្គការ​សម្ព័​ន្ធ​ដើម្បី​សុវត្ថិភាព​ចរាច​រណ៍ផ្លូវ​គោក បាន​ថ្លែង​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍កាល​ពី​ម្សិល​មិញថា បញ្ហា​គ្រោះ​ថ្នាក់​ចរាចរណ៍​ នៅ​លើ​ដង​ផ្លូវ​ គឺ​ជាបញ្ហា​មួយ ដែល​ត្រូវ​ការ​ពេល​វេលា​យូរ​អង្វែង​ដើម្បី​ដោះស្រាយ ព្រោះ​កំណើ​ន​​យាន​យន្ដ និង​ប្រជាពលរដ្ឋ​មាន​​ការ​កើនឡើង​ខ្ពស់​ជា​រៀង រាល់​ថ្ងៃ។

លោក​ស្រី​​បន្ដថា​៖ «ទាក់ទង​នឹង​ការ​អន្ដរាគមន៍ ពី​ពេល​នេះរហូត​ដល់​ពេល​ចូល​ឆ្នាំ​ប្រពៃ​​​​ណីជាតិ​ខ្មែរ ចំពោះ​បញ្ហា​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ យើង​មិនអាច​ធ្វើ​តែ​ ១-២​ សប្ដា​ហ៍​អាច​ចប់​រួច​រាល់​នោះ​ទេ​ គឺ​ត្រូវ​ការ​ កែ​សម្រួល​រច​នា​សម្ព័ន្ធផ្លូវ​ថ្នល់ ការ​បំពាក់​ភ្លើងស​ញ្ញា ស្លាក​សញ្ញា​ឡើង​វិញ​​ដោយ​ទាម​ទារ​រយៈ​​ពេល​យូរ​ក្នុង​ការ​ធ្វើ»។

លោក​ស្រី​បន្ថែមថា​៖ «អ៊ីចឹង​អ្វីដែល​យើង​អាច​ចូលរួម​ដោះ​ស្រាយ​បញ្ហា​នេះ​បាន​ពេលនេះ គឺ​មាន​តែ​ប្រជា​ពលរដ្ឋ​ទាំង​អ​ស់​ត្រូវ​មាន​ការ​យោគ​​យល់ និង​ស្វែង​យល់​ឲ្យ​បាន​ច្បាស់​​ពី​បញ្ហា​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ» ។

បើ​តាមលោកស្រី សុខជា ក្នុង​រយៈពេល ​៣ ខែចុង​ក្រោយ​ឆ្នាំ ២០១៩ នេះ សម្ទុះ​គ្រោះថ្នាក់​ចរាចរណ៍​មាន​ការ​កើនឡើង​ខ្ពស់ហើយ​កំណើន​​យាន​យន្ដ​ មាន​ការ​កើន​ឡើង​រហូត​ដល់ជាង ​៣០​ ភាគរយ​ផងដែរ។

លោក​ស្រី​បាន​ឲ្យ​ដឹង​ថា ក្រុម​ការងាររបស់​លោកស្រី ក៏នឹង​មាន​បើក​យុទ្ធនាការ​ដ៏ធំមួយ​ដែរ នាថ្ងៃទី ១០-១១-១២ ខែ​ មេសា ដោយ​នឹង​ចុះ​ទៅ​តាម​ដង​ផ្លូវ ដើម្បី​អប់រំ​ដល់​ក្រុម​អ្នក​បើក​បរ​តាក់​ស៊ីតាម​ចំណតឡាន។ ចំណែក​​ថ្ងៃ​ទី ១២ និង​ចុះ​ទៅ​តាម​ផ្លូវ​ជាតិ​លេខ ៤​-៦ ដើម្បី​សហការ​ជាមួយ​ប៉ូលិស​ចរា​​​​​ចរណ៍ ​អប់រំ​ដល់​ក្រុម​អ្នក​បើកបរ​​រថយ​ន្ដ​ធុន​ធំឲ្យ​បើក​បរ​ដោយ​ប្រុង​ប្រយ័ត្ន​ និង​គោរព​ច្បាប់។

តាម​របាយការណ៍​រប​ស់​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ចេញ​កាលពី​​ថ្ងៃ​ទី ១ ​ខែ​ មេសា ​បាន​ឲ្យ​ដឹង​​ថា នៅ​ក្នុង​រយៈ​ពេល​ ៣១​ ថ្ងៃ​នៃ​ខែមីនា​កន្លង​មក​ មាន​គ្រោះ​ថ្នាក់​​ចរាចរណ៍​កើត​ឡើង​ចំនួន ៣៨៣ លើក បណ្ដាល​ឲ្យ​មនុស្ស​ចំនួន ២០​៣ នាក់ បាន​ស្លាប់ (ស្រី ៣០​ នាក់​)។ រីឯមូល​ហេតុ​​ដែល​បណ្តាល​ឲ្យ​កើត​មាន​គ្រោះ​ថ្នាក់ ភាគ ច្រើន​ គឺ​មកពី​បើកបរ​ក្នុង​ល្បឿន​លឿ​ន មិន​គោរព​សិទ្ធិ​អ្នក​ដទៃ ប្រជែង​គ្នា ស្រវឹង ងងុយ​ដេក និង​មក​ពី​មូលហេតុ​ផ្សេងៗ​ទៀត៕

សំឡេងទីក្រុង!

សំឡេងទីក្រុង!