លោក ស៊ុន ចាន់ថុល អំពាវនាវ​ឲ្យ​បញ្ឈប់​ការ​បង្ហូរ​ទឹក​កខ្វក់​ចូល​សមុទ្រ
Posted On : May, 2, 2019 | By សំឡេងទីក្រុង

Sorry, this entry is only available in Khmer. For the sake of viewer convenience, the content is shown below in the alternative language. You may click the link to switch the active language.

ព្រះសីហនុៈ លោក​ ស៊ុន ចាន់ថុល ​រដ្ឋមន្ត្រី​ក្រសួង​សាធារ​ណការ ​និង​ដឹកជញ្ជូន ​​អំពាវ​នាវ​ឱ្យ​បញ្ឈប់​សកម្មភាព​បង្ហូរទឹក​កខ្វក់​ចូល​សមុទ្រ​នៅខេត្ត​ព្រះ​សីហនុ ​ស្របពេល​លោក​អះអាង​ថា​ មាន​ជនខិលខូច​ខ្លះ​បាន​លួច​បូមទឹក​កខ្វក់​ទម្លាក់​ចូលទៅ​សមុទ្រ ថ្វី​ដ្បិត​រដ្ឋាភិបាល​បាន​សម្រេច​បិទ​មិនឱ្យ​មាន​ការ​បង្ហូរទឹក​កខ្វក់​ចូល​សមុទ្រ​តាំង​ពី​មុន​ចូល​ឆ្នាំ​មក​ក្ដី។

លោក​ ស៊ុន ចាន់ថុល ​បាន​អំពាវ​នាវ​បែបនេះ​ នៅពេល​លោក​ និង​លោក ​អូន ព័ន្ធមុនីរ័ត្ន ​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ ​រួមទាំង​អភិបាល​ខេត្ត​ព្រះសីហនុ​លោក​យន្ត មីន​ បាន​ធ្វើ​ដំណើរ​ទៅពិនិត្យ​ស្ថានភាព​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​ក្រុង​ព្រះសីហនុ​ ខេត្ត​ព្រះសី​ហនុ​កាលពី​ថ្ងៃ​ម្សិល​មិញ។ លោក​ ស៊ុន ចាន់ថុល​ ក៏​អំពាវនាវ​ឱ្យ​លោក​ យន្ត មីន ​ត្រូវ​ខំប្រឹងប្រែង​បន្ថែមទៀត​ដើម្បី​ទប់ស្កាត់​សកម្មភាព​បង្ហូរ​ទឹក​កខ្វក់​ចូល​សមុទ្រ​នេះ។

លោក​ថា​៖ «ដោយសារ​មាន​ជនខិលខូច​នៅពេល​យប់​គាត់​បង្ហូរ​ទៅ អាហ្នឹង [ទឹក​កខ្វក់] ទៅ​ផ្ទាល់​ហ្មង​ចូល​សមុទ្រ​ អត់​ចូល មក​កន្លែង​ប្រព័ន្ធ​ចម្រោះ​ទេ។ ​ខ្ញុំ​ក៏​សូម​អំពាវនាវ​ដែរ ទៅ​ម្ចាស់​សណ្ឋា​គារ។ល។ សូម​មេត្តា​កុំ​បង្ហូរទឹក​កខ្វក់​ចូល​សមុទ្រ​ ត្រូវ​បង្ហូរ​តាម​ប្រព័ន្ធ​លូ​ឱ្យចូល​កន្លែង​យើង ​[ប្រព័ន្ធ​ចម្រោះ​ទឹក]​ សិន​ បើ​ទោះ​មិនអាច​កាត់បន្ថយ​អា​ជាតិគីមី​ ១០០% ​តែ​វា​ល្អ​ជាង​ការហូរ​ទៅ​សមុទ្រ​ផ្ទាល់​តែ​ម្ដង។ ដូច្នេះ​សូមកុំ​បំពាន​បង្ហូរទឹក​កខ្វក់​ចូល​សមុទ្រ​ វា​ធ្វើ​ឱ្យ​ប៉ះពាល់​បរិស្ថាន​ទឹក​សមុទ្រ​របស់​យើង»។

កាលពី​ចុងខែ​មីនា ​ឆ្នាំ​ ២០១៩ ​នេះ​ លោក ​ជា សុផារ៉ា ​រដ្ឋមន្ត្រី​ក្រសួងរៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់ ​និង​ជា​ប្រធាន​​គណៈ​កម្មាធិការ​ជាតិ​គ្រប់គ្រង​និង​អភិវឌ្ឍន៍​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​កាលពី​ចុងខែ​មីនា បាន​ដឹកនាំ​មន្ត្រី​ក្រសួងរៀបចំ​ដែនដី​ជាង​ ៣ ពាន់​នាក់ ទៅ​សិក្សា​ឈ្វេង​យល់​អំពី​បរិស្ថាន​នៅតាម​តំបន់​ឆ្នេរ​សមុទ្រ​នៃ​ព្រះសីហនុ ​បន្ទាប់​ពី​ការបញ្ឈប់​ការបង្ហូរ​ទឹក​កខ្វក់​ចូល​សមុទ្រ​ និង​ក្រោយពី​មាន​ការ​ដាក់​ដំណើរការ​ស្ថានីយបូម​ទឹកកខ្វក់​ចំនួន​ ៤ ទីតាំង ​សម្រាប់​បូម​បង្វែរ​ទឹក​កខ្វក់​ដែល​ធ្លាប់​ចូល​សមុទ្រ​ឲ្យ​ទៅ​កាន់​ស្ថានីយ​ចម្រោះ​ទឹក​កខ្វក់​វិញ។

លោក​ ស៊ុន ចាន់ថុល ​បាន​លើក​ឡើង​ទៀតថា ​មូលហេតុ​នាំឱ្យ​មានការ​បង្ហូរទឹក​កខ្វក់​ចូល​សមុទ្រ​កាលពីពេល​កន្លង​នេះ​ គឺ​ដោយសារ​ខេត្ត​ព្រះសីហនុ​មាន​ការ​រីកចម្រើន​ខ្លាំង​ផ្នែក​សំណង់​លឿន​ពេក​ និង​ហួស​ពី​ការ​ស្មាន ទុក ហើយក៏​ជា​កំ​ហុស​របស់​ក្រសួង​សាធារណ​ការ​ដែល​ពុំបាន​សិក្សា​អំពី​ផែន​ការមេ​ជា​មុន​ដើម្បី​គ្រប់គ្រង​ទឹក​កខ្វក់។

លោក​បន្ថែមថា ​បច្ចុប្បន្ន​ខេត្ត​ជាប់មាត់​សមុទ្រ​នេះ​ ត្រូវការ​សាងសង់ប្រព័ន្ធ​លូ​សម្រាប់​​ បង្ហូរទឹក​កខ្វក់​ និង​ធ្វើការ​កែលម្អ ​និង​សាងសង់​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់​បន្ថែម​ទៀត ​ដើម្បី​ការពារ​កុំឱ្យ​ទឹក​កខ្វក់​ហូរ​ចូល​សមុទ្រ​សាជា​ថ្មី។

បើតាម​លោក ​ស៊ុន ចាន់ថុល​ ទឹក​កខ្វក់​ដែល​ហូរ​ចូលមក​ប្រព័ន្ធ​ចម្រោះ​ទឹក​សព្វថ្ងៃនេះ​ គឺមាន​ចំនួន​ ៤ ម៉ឺន​ម៉ែត្រ​គុប​ក្នុង​ ១ ថ្ងៃ​ ប៉ុន្តែ​មាន​លទ្ធភាព​អាច​ចម្រោះ​បានតែ​ជាង ៧ ពាន់​ម៉ែត្រ​គុប​ប៉ុណ្ណោះ​ក្នុង​ ១ ថ្ងៃ ​ហើយ​ដែល​ត្រូវឱ្យ​ក្រសួង​រៀបចំ​ប្រព័ន្ធ​បន្ថែមទៀត​ ដើម្បី​អាច​ចម្រោះ​បាន​ទាំង ៤ ម៉ឺន​ម៉ែត្រ​គុប​ក្នុង ១ ថ្ងៃ។

រដ្ឋមន្ត្រី​ក្រសួង​សាធារ​ណ​​ការ​ដដែល​នេះ​បន្ថែមថា ​នៅ​ថ្ងៃទី ២១ ​ខែ ឧសភា​ នេះ ​លោក​ ជា សុផារ៉ា ​នឹង​ដឹកនាំ​កិច្ចប្រជុំ​អន្តរក្រសួង​មួយ​ ជាមួយ​ក្រ​សួង​​បរិស្ថាន ​ក្រសួង​សេដ្ឋកិច្ច ​និង​ក្រសួង​សាធារណការ​ ដើម្បី​ផ្ដោតលើ​វិធានការ​បន្ថែម​ទៀត​ ក្នុងការ​គ្រប់​គ្រងទឹក​កខ្វក់ ក្នុងនោះ​មាន​ដូចជា​ការទិញ​ម៉ាស៊ីន​ភ្លើង​បំពាក់​តាម​ស្ថានីយ បូមទឹក​កខ្វក់​ទាំង ៤​ ទីតាំង​ ដើម្បី​បង្ការ​ឱ្យ​ស្ថានីយ​ទាំង​នោះ​បន្ត​ដំណើរការ​នៅ​ពេល​ដាច់​ភ្លើង។

លោក​ ឃាង ភារម្យ ​មន្ត្រី​នាំពាក្យ​សាលា​ខេត្ត​ព្រះ​សីហនុ​បានលើកឡើង​ដែរ​ថា ​កន្លងមក ​អាជ្ញាធរ​ខេត្ត​ធ្លាប់​ចេញ​វិធាន​ការបិទ​ភោជនីយដ្ឋាន​មួយចំនួន​ជា​បណ្ដោះ​អាសន្ន​រួចហើយ ​បន្ទាប់ពី​ម្ចាស់​ទីតាំង​ទាំង​នោះបាន​លួច​បង្ហូរ​ទឹក​កខ្វក់​ចូល​សមុទ្រ។

លោកបានបញ្ជាក់​ថា​៖ «​អ៊ីចឹង​​បើសិនជា​កន្លែង​ខ្លះ​គាត់​នៅតែ​បន្ត​លួច​បូម​ ឬក៏​បង្ហូរ​ទឹកស្អុយ​ចូល​ទៅក្នុង​សមុទ្រ​បន្ត​ទៀត​ គឺ​យើង​នឹង​បិទ​អាជីវកម្ម​របស់​គាត់ ​ហើយ​ករណីខ្លះ ​យើង​នឹង​បញ្ជូន​ទៅ​តុលាការ​តែម្ដង»៕

ប្រភព៖ ភ្នំពេញប៉ុស្តិ៍

Urban Voice Cambodia

Urban Voice Cambodia