លោក ជា សុផារ៉ា គ្រោង​អភិវឌ្ឍ​អគារ​ប៊ូលឌិញ

ប្រភព៖ VOA

ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ គ្រោងនឹងដាក់សំណើការវិនិយោគការសាងសង់អគារប៊ូលឌិញក្នុងពេលឆាប់ខាងមុខនេះទៅរដ្ឋាភិបាល ដើម្បីចាប់ផ្តើមការសាងសង់អគារប៊ូលឌិញថ្មីក្នុងឆ្នាំ២០១៧ខាងមុខនេះ។ នេះបើយោងទៅតាមលោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់។

លោក ជា សុផារ៉ា បានប្រាប់ VOA ខ្មែរកាលពីថ្ងៃច័ន្ទថា ក្រសួងនឹងដាក់សំណើទៅរដ្ឋាភិបាល ដើម្បីធ្វើការវិនិយោគការសាងសង់អគារប៊ូលឌិញ ដោយសារសភាពចាស់ទ្រុឌទ្រោមរបស់អគារនេះ ដែលអាចនាំឲ្យមានគ្រោះថ្នាក់ដល់ប្រជាជនដែលរស់នៅទីនោះ។

«ខ្ញុំចង់ជួយដើម្បីឲ្យគាត់ចៀសផុតពីហានិភ័យ។ ឥឡូវហ្នឹង ប៊ូលឌិញកាន់តែទ្រុឌទ្រោមឡើង ហើយអគារហ្នឹងខ្វះសុវត្ថិភាពធ្ងន់ធ្ងរណាស់។ បើយើងដោះស្រាយឥឡូវនេះគឺថា អត់មានវិប្បដិសារី»។

លោក ជា សុផារ៉ា បានបន្ថែមថា ការវិនិយោគការសាងសង់អគារថ្មីឡើងវិញ គឺជាការទទួលខុសត្រូវរបស់ក្រុមហ៊ុនឯកជន ដែលយល់ព្រមវិនិយោគនៅក្នុងគម្រោងនេះ។

រូបឯកសារ៖ លោក ជា សុផារ៉ា រដ្ឋមន្ត្រីថ្មីនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅឯការិយាល័យរបស់លោក ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៦។ (ហ៊ាន សុជាតា/VOA)
រូបឯកសារ៖ លោក ជា សុផារ៉ា រដ្ឋមន្ត្រីថ្មីនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅឯការិយាល័យរបស់លោក ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៦។ (ហ៊ាន សុជាតា/VOA)

លោក ជា សុផារ៉ា បាននិយាយថា ក្រុមហ៊ុននឹងទទួលខុសត្រូវសាងសង់កន្លែងស្នាក់នៅបណ្តោះអាសន្ន ដើម្បីឲ្យប្រជាជនអាចទៅស្នាក់នៅរហូតទាល់តែការសាងសង់អគារថ្មីនៅប៊ូលឌិញត្រូវបានបញ្ចប់។

«រដ្ឋអត់ពាក់ព័ន្ធអាហ្នឹងទេ ប៉ុន្តែយើងរៀបចំ។ ឧបមាថា ក្រុមហ៊ុនឯកជនមួយចង់អភិវឌ្ឍនៅកន្លែងហ្នឹង។ ប្រជាជនកាន់កាប់រស់នៅត្រង់ហ្នឹង យើងឲ្យគាត់ចេញសិន។ ដល់ហើយបានឲ្យគាត់ត្រឡប់មកនៅកន្លែងហ្នឹងវិញ ហើយជាន់ដែលសល់ពីហ្នឹងគឺក្រុមហ៊ុនឯកជនគេធ្វើអាជីវកម្មទៅ។ មានន័យថា អភិវឌ្ឍនៅនឹងកន្លែង»។

«កន្លែងថ្មីដែលឲ្យគាត់នៅបណ្តោះអាសន្ន គេធ្វើផ្ទះសម្រាប់ឲ្យគាត់ស្នាក់នៅបណ្តោះអាសន្នរយៈពេលបួនឆ្នាំ។ អាហ្នឹងគឺយើងឲ្យគាត់រស់នៅមិនមានការបង់ថ្លៃ។ ហើយក៏នៅកៀកនឹងភ្នំពេញដើម្បីកុំឲ្យមានការអស់សោហ៊ុយស្នាក់អាស្រ័យ»។

លោកបានបន្ថែមថា ប្រជាជនអាចសម្រេចចិត្តត្រឡប់មកវិញ អាចមករស់នៅក្នុងផ្ទះរបស់ពួកគេនៅកន្លែងដដែល និងទំហំដដែល ហើយចំពោះប្រជាជនដែលមិនចង់ត្រឡប់មកនៅកន្លែងនោះវិញអាចលក់ផ្ទះរបស់គេ។

អគារប៊ូលឌីងមើលពីផ្នែកខាងក្រោយកាលពីថ្ងៃសុក្រទី៥ ខែកញ្ញា ឆ្នាំ២០១៤។ (នូវ ពៅលក្ខិណា/VOA)
អគារប៊ូលឌីងមើលពីផ្នែកខាងក្រោយកាលពីថ្ងៃសុក្រទី៥ ខែកញ្ញា ឆ្នាំ២០១៤។ (នូវ ពៅលក្ខិណា/VOA)

លោកមានប្រសាសន៍ថា ក្រុមការងាររបស់លោកកំពុងសិក្សាពីទីតាំងកន្លែងស្នាក់នៅបណ្តោះអាសន្ននៅក្នុងសង្កាត់ទឹកថ្លា ហើយប្រជាពលរដ្ឋដែលរស់នៅក្នុងអគារប៊ូលឌិញ ដែលមិនមានការងារធ្វើ ពួកគាត់អាចទទួលបានការងារពីការសាងសង់អគារប៊ូលឌិញថ្មីនោះ។

«ឥឡូវកំពុងឲ្យគេសិក្សាកន្លែងថ្មី។ កន្លែងថ្មីប្រុងឲ្យគាត់ទៅរស់នៅត្រង់ក្រោយពេទ្យឡឺរ៉ូយ៉ាល់ ហើយប្រហែលជាយកកូនចៅគាត់ហ្នឹងធ្វើជាកម្មករសំណង់នៅកន្លែងហ្នឹងទៀត…យកកម្លាំងពលកម្មមកឈ្លេចប្រើប្រាស់ដើម្បីឲ្យគាត់បានកម្រៃក្នុងរយៈពេលបួនឆ្នាំនោះ»។

លោកបានបន្ថែមថា ការសាងសង់អគារថ្មីនេះនឹងមានតម្លាភាព។

«ខ្ញុំធ្វើពី A ដល់ Z ហើយតម្លាភាព ហើយធ្វើឲ្យជាក់លាក់។ ហើយប្រជាជនក៏អត់រងគ្រោះ ខ្ញុំក៏អត់មានទទួលហានិភ័យ»។

យ៉ាងណាក៏ដោយ ពលរដ្ឋមួយចំនួនដែលកំពុងរស់នៅក្នុងអគារប៊ូលឌិញនេះនៅតែមានការព្រួយបារម្ភ ប្រសិនបើមានការអភិវឌ្ឍអគារប៊ូលឌិញនេះ។

លោកស្រី នួន ស៊ីម អាយុ៧០ ដែលកំពុងរស់នៅក្នុងអគារប៊ូលឌិញ មានប្រសាសន៍ថា លោកស្រីមិនចង់ចាកចេញពីអគារនោះទេ ហើយថា អាជ្ញាធរគួរតែធ្វើឲ្យប្រាកដថា ប្រជាជនជាង៤០០គ្រួសារដែលរស់នៅក្នុងអគារនោះមានកន្លែងរស់នៅត្រឹមត្រូវ សមរម្យ នៅពេលដែលគេចាកចេញ។

«យើងចង់ឲ្យគាត់ដោះស្រាយថា ធ្វើយ៉ាងម៉េចឲ្យសមស្រប។ យើងអាចចេញទៅហ្នឹងបានផ្ទះយើងនៅវិញឲ្យស្រួលបួលវិញ កុំឲ្យវាពិបាក។ ចង់បានតែប៉ុណ្ណឹងទេ។ មិនចង់បានលើសហ្នឹង ឲ្យហួសហេតុហ្នឹងទេ ៦ឬ៧ម៉ឺន យើងអាចទៅរកអីនៅបានវិញ។ អាហ្នឹងបានហើយ»។

លោកស្រីបានបន្ថែមថា៖

«ឧបមាចេញពីហ្នឹងទៅមិនស្រួលដូចយើងនៅទីនេះ ហើយអគារនេះឈ្មួញចូលចិត្តបង្អាប់យើង ឬក៏ធ្វើឲ្យយើងភិតភ័យថា អគារនឹងនៅអត់បានប៉ុន្មានឆ្នាំទៀត។ គេចង់បានរបស់យើង។ គេធ្វើឲ្យយើងភ័យថា អគារហ្នឹងនៅមិនបានយូរ អីអញ្ចឹងទៅណា៎។ វាអាចបាក់ស្រុតអីអញ្ចឹង ធ្វើយ៉ាងម៉េចឲ្យយើងភ័យ»។

អ្នកស្រីកែវ សុផល អាយុ៥៤ឆ្នាំ ជាអ្នកភូមិម្នាក់រស់នៅក្នុងអគារប៊ូលឌិញ បាននិយាយថាអគារប៊ូលឌិញនៅរឹងមាំនៅឡើយ ហើយលោកស្រីមិនចង់ចាកចេញពីអគារនេះនោះទេ។ (ផនបុប្ផា/VOA)
អ្នកស្រីកែវ សុផល អាយុ៥៤ឆ្នាំ ជាអ្នកភូមិម្នាក់រស់នៅក្នុងអគារប៊ូលឌិញ បាននិយាយថាអគារប៊ូលឌិញនៅរឹងមាំនៅឡើយ ហើយលោកស្រីមិនចង់ចាកចេញពីអគារនេះនោះទេ។ (ផនបុប្ផា/VOA)

អ្នកស្រី កែវ សុផល អាយុ៥៤ឆ្នាំ មានប្រសាសន៍ថា លោកស្រីមិនចាកចេញពីអគារប៊ូលឌិញនោះទេ ហើយលោកស្រីបន្ថែមថា អគារនោះនៅមានសភាពរឹងមាំ បើទោះបីជាវាមើលទៅចាស់ក៏ដោយ។

«លេសគេទេ! អគារនេះរឹងមាំ។ គ្រឹះក្រោមរឹងមាំណាស់ អត់មានស្រុតទេ»។

ចំណែកលោក លឺ យ៉ាងតុង អាយុ៥៥ឆ្នាំ ជាពលរដ្ឋម្នាក់ដែលរស់នៅអគារនោះតាំងពីទសវត្ស៨០ បាននិយាយថា លោកមិនជឿថា លោកនឹងអាចបានផ្ទះរបស់លោកមកវិញនោះទេ ប្រសិនបើលោកចាកចេញពីផ្ទះរបស់លោកទៅរស់នៅកន្លែងផ្សេងជាបណ្តោះអាសន្ននោះ។

លោក លឺ យ៉ាងតុង អាយុ៥៥ឆ្នាំ អ្នកភូមិម្នាក់ដែលរស់នៅក្នុងអគារប៊ូលឌិញ ផ្តល់បទសម្ភាសន៍ដល់ VOA ដោយលោកមានប្រសាសន៍ថា លោកមិនចង់ចាកចេញពីអគារប៊ូលឌិញនេះទេ។ (ផន បុប្ផា/VOA)
លោក លឺ យ៉ាងតុង អាយុ៥៥ឆ្នាំ អ្នកភូមិម្នាក់ដែលរស់នៅក្នុងអគារប៊ូលឌិញ ផ្តល់បទសម្ភាសន៍ដល់ VOA ដោយលោកមានប្រសាសន៍ថា លោកមិនចង់ចាកចេញពីអគារប៊ូលឌិញនេះទេ។ (ផន បុប្ផា/VOA)

«អត់ជឿជាក់។ ពាក្យអញ្ចឹងៗអត់ជឿជាក់បានទេ។ រឿងថា ចេញទៅហើយត្រឡប់មកវិញគឺថា អត់មានជឿជាក់អីទេ»។

អគារប៊ូលឌិញត្រូវបានសាងសង់ឡើងនៅក្នុងឆ្នាំ១៩៦៣ដើម្បីឲ្យមន្ត្រីរាជការដែលមិនមានផ្ទះនៅអាចស្នាក់នៅបាន។

កាលពីខែកក្កដាឆ្នាំ២០១៥ អាជ្ញាធរសង្កាត់ទន្លេបាសាក់បានចេញសេចក្តីជូនដំណឹងប្រាប់ប្រជាពលរដ្ឋដែលរស់នៅក្នុងអាគារបន្សល់ទុកតាំងពីទសវត្ស១៩៦០នោះថា អគារប៊ូលឌិញនេះមានសភាពចាស់ទ្រុឌទ្រោម ហើយបានប្រាប់ឲ្យប្រជាជនដែលរស់នៅទីនោះមានការប្រុងប្រយ័ត្ន ឬអាចចាកចេញពីអគារជាបណ្តោះអាសន្ន។កាលពីខែមិថុនា មន្ត្រីក្រសួងដែនដីនគរូបនីយកម្ម និងសំណង់បានចុះត្រួតពិនិត្យសភាពរបស់អគារនោះ៕

Leave a Reply

Your email address will not be published. Required fields are marked *