លោក ឃួង ស្រេង អភិបាលរងរាជធានី​ភ្នំពេញ ​​ដឹកនាំ​កម្លាំង​ចុះ​ត្រួតពិនិត្យ​បែបបទ​រដ្ឋបាល នៅក្នុង​វត្ត​សាមគ្គី​រង្សី ដែល​គ្រប់គ្រង​ដោយ​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម
Posted On : February, 10, 2015 | By សំឡេងទីក្រុង

ប្រជាពលរដ្ឋ​ និងព្រះសង្ឃប្រមាណជាង ​៣០០​ អង្គ/នាក់ បាន​ចូល​រួម​ឃ្លាំ​មើល សកម្មភាព​ត្រួត ពិនិត្យ​របស់​អាជ្ញាធរនៅវត្តសាមគ្គីរង្សី ដែលដឹកនាំដោយ លោក ឃួង ស្រេង អភិបាលរង​រាជធានី​ភ្នំពេញ។ លោក ឃួង ស្រេង និងកម្លាំងចម្រុះបានចុះ ត្រួតពិនិត្យបែបបទរដ្ឋបាលនៅវត្តសាមគ្គីរង្សី កាលពីម៉ោង១៣ និង ៤៥នាទី ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៥ ដែលស្ថិត​នៅ​ក្នុង​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ។

វត្តសាមគ្គីរង្សីជាវត្តមួយក្នុងប្រទេសកម្ពុជា ដែលមានព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម ជាង​៨០​ភាគរយ ដែលគង់​ស្នាក់នៅ និងប្រជាពលរដ្ឋដែលមានទំនាស់ដីធ្លីស្នាក់នៅវត្តនេះត្រូវបានអាជ្ញាធរ និងសាលាក្រុង ទាមទារ​ពិនិត្យ​មើល​ត្រា ឯកសារ​ស្របច្បាប់​ និងរបៀបរបបនៃការរស់នៅរបស់​វត្តនេះ​ ។

pagoda samki rangsey_2

pagoda samki rangsey_1

កម្លាំងចម្រុះប្រមាណជាង១០០នាក់បានធ្វើការព័ទ្ធជុំវិញវត្ត ហើយកម្លាំងនៅខាងក្នុងបានធ្វើសកម្មភាព ត្រួតពិនិត្យស្ថានភាពរស់នៅស្របច្បាប់របស់ព្រះសង្ឃ និងប្រជាពលរដ្ឋមានជម្លោះដីធ្លីដែលបាន ស្នាក់នៅក្នុងវត្តជាបណ្តោះអាសន្ន ព្រមទាំងត្រួតពិនិត្យនូវ​អត្តសញ្ញាណប័ណ្ណរបស់ ព្រះសង្ឃគ្រប់ ព្រះអង្គក្នុងព្រះវិហារ ដោយមន្ត្រីធម្មការ និងសាសនាពីរនាក់បានធ្វើការកត់ត្រាទិន្នន័យ និងថតទុកជាឯកសារ ។

​សកម្មភាព​ចុះ​ត្រួត​ពិនិត្យ​ពីសំណាក់អាជ្ញាធរ និងកងកម្លំាង ​មិន​មាន​ភាព​តានតឹង និងការប៉ះទង្គិច​រវាង​សមត្ថកិច្ច និង​ព្រះសង្ឃ ក៏​ដូច​ជា​ពលរដ្ឋ​ឡើយ។

ជុំវិញ​ការ​ពិនិត្យ​មើល​ត្រា និង​ឯកសារ​របស់​វត្ត​សាមគ្គីរង្សី​នេះ អាជ្ញាធរ​ពុំ​ទាន់​បញ្ជាក់​ថា នឹង​ត្រូវ​ធ្វើ​យ៉ាង​ណា​នៅ​ឡើយ ។

លោក ឃួង ស្រេង បានគូសបញ្ជាក់ថា “ជុំវិញការត្រួតពិនិត្យមើលត្រា និងឯកសាររបស់វត្តសាមគ្គីរង្សីជាក់ស្តែងនេះ យើងឃើញថា វត្តនេះពុំទាន់មានការទទួលស្គាល់ និងមានសិទ្ធិពេញលេញស្របច្បាប់នៅឡើយទេ ព្រោះវត្តនៅតែបន្តប្រើត្រាជ័រ ក្លែងក្លាយលើការបោះត្រាសំណុឯកសារផ្សេងៗ ដែលខុសពីវត្តផ្សេងៗ ដែលមានប្រើសុទ្ធតែត្រាស្ងួតស្របច្បាប់….យើងខ្ញុំចុះមកត្រួតពិនិត្យនេះក្នុងគោលបំណងជួយលើស្ថានប័នព្រះពុទ្ធសាសនា និងខិតខំធ្វើយ៉ាងណាអោយវត្តមានភាពត្រឹមត្រូវ ស្របច្បាប់ ព្រោះកន្លងមកឃើញមានការសុគត់ ព្រះសង្ឃមួយព្រះអង្គនៅក្នុងវត្តនេះដោយមានការសង្ស័យ…ដូច្នេះក្នុងនាមយើងជាអាជ្ញាធរ យើងត្រូវតែធ្វើការត្រួតពិនិត្យ និងដោះស្រាយបញ្ហានេះ “។

ផ្ទុយពីនេះវិញ ការគូសបញ្ជាក់របស់លោកអភិបាលរងសាលារាជធានីភ្នំពេញ គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ភាព​ចម្រូងចម្រាស​ពាក់ព័ន្ធ​អ្នក​​ នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌីម៉ង់ ដែលបាននិយាយ​ថា វត្ត​សាមគ្គីរង្សី អាច​ទៅ​ជា​តំបន់​អបគមន៍ កាលពីកន្លងទៅនេះ ។ ម្យ៉ាងទៀតលោក ឃួង ស្រេង មានការ​បដិសេធ​​ន៌ឆ្លើយតបជំនួសអ្នកនាំពាក្យសាលារាជធានីភ្នំពេញទៅវិញដែលមានវត្តមាននៅទីនេះដែរ ហាក់បីដូចជាការពារ អ្នកនាំពាក្យសាលាក្រុងរាជធានីភ្នំពេញលោក ឡង់ ឌីម៉ង់ ដែលពុំបានធ្វើការអធិប្បាយអំពី ព័ត៌មានរបស់លោក​ថា វត្ត​សាមគ្គីរង្សី គឺ​ជា​តំបន់​អបគមន៍ ដោយ​លោក​អះអាង​ថា អ្វី​ដែល​អាជ្ញាធរ​ចុះ​ពិនិត្យ​លើក​នេះ គឺ​ដើម្បី​ព្យាយាម​ធ្វើ​យ៉ាង​ណា​ឲ្យ​វត្ត​សាមគ្គីរង្សី​នេះ បាន​ទៅ​ជា​វត្ត​ដែល​ស្រប​ច្បាប់​ទៅវិញ ។

Urban Voice Cambodia

Urban Voice Cambodia