លោក​គួច​ ចំរើន ​សុំឱ្យ​ប្រជា​ពលរដ្ឋ​​​ប្រយ័ត្ន​ភ្លើង​ធូប-​ទៀនក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ចិន​ខាង​មុខ
Posted On : February, 16, 2015 | By សំឡេងទីក្រុង

ដោយផ្កាយព្រឹក, កោះសន្តិភាព, ថ្ងៃអាទិត្យ ទី១៦ ខែកុម្ភៈ ឆ្នាំ២០១៥

រាជ​ធានី​ភ្នំពេញ​ ៖ សូមប្រជាពលរដ្ឋ​ទាំងអស់រក្សា​ការ​ប្រុង​ប្រយ័ត្ន​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ចិន​នា​ពេល​ខាង​មុខ​នេះ​ចំពោះ​​ភ្លើង​​ធូប​ ទៀន និង​​រួម​គ្នា​រក្សា​អនាម័យ​កុំ​ចោល​សំរាម​ពាស​វាល​ពាស​កាល​។ ​នេះ​ជា​ប្រសាសន៍​​​របស់​លោក​គួ​ច ចំរើន អភិបាល​នៃ​គ​ណៈអភិបាល​ខណ្ឌដូនពេញ​ក្នុង​ពី​ធី​ចែក​អត្តសញ្ញាណប័ណ្ណ​ដល់​ប្រជាពលរដ្ឋ​ចំនួន​១.១៤៥​នាក់​រស់នៅ​សង្កាត់​ផ្សារ​ចាស់​ ដែល​រៀបចំ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​១៦ ​​កុ​ម្ភៈ ​២០១៥​។

លោក​វ​រៈ​សេនីយ៍​ឯក ហួត ចាន់​យ៉ារ៉ាន់ អធិការ​នគរបាលខណ្ឌដូនពេញ​បានឱ្យ​ដឹង​ថា​​ នៅ​ក្នុង​ខណ្ឌទាំង​១១​សង្កាត់ មាន​ប្រជាពលរដ្ឋស្នាក់​នៅអចិន្ដ្រៃយ៍ សរុប​១៣.៨៩៧គ្រួសារ ដែល​មាន​ប្រជាពលរដ្ឋ សរុប​៧២.៤៣៧​នាក់ ហើយ​អ្នក​ដែលមាន​អាយុ​ចាប់ពី​១៨​ឆ្នាំ​ឡើង​ទៅ មាន​ចំនួន​៩.៥៨០​នាក់ ។ ប្រជាពលរដ្ឋ ដែល​មាន​អាយុ​១៥​ឆ្នាំឡើង​ទៅ និង​អ្នកមានអត្ដសញ្ញាណប័ណ្ណផុត​សុពលភាព​ដែល​បាន​ស្រង់ចូល​ក្នុង​បញ្ជី​ត្រូវ​ផ្ដល់​សរុប ៣៥.៦២២​នាក់ ក្នុង​នោះ​អ្នកគ្រប់​អាយុ​១៥​ឆ្នាំ ត្រូវ​ផ្ដល់​ចំនួន​២.១៩៤​នាក់ ។

​ដោយឡែក នៅ​សង្កាត់​ចំនួន​៤ ក្នុង​នោះ​មាន​ទាំង​សង្កាត់​ផ្សារ​ចាស់​ផង​ដែរ សម្រាប់​ជំហាន​ទី​២ អ្នក​ដែលបាន​បំពេញបែបបទ​រួច មាន​ចំនួន​៧.០៣១​នាក់​។ នៅ​ក្នុង​ពិធី​នោះ លោក​អភិបាល​ខណ្ឌ បាន​មាន​ប្រសាសន៍​ថា បងប្អូន​ដែល​បានទទួល​អត្តសញ្ញាណប័ណ្ណគំរូ​ថ្មី​នា​ពេល​នេះ ត្រូវ​ថែរក្សា​ទុក​ឲ្យ​បាន​ល្អ មិន​ត្រូវ​ធ្វេសប្រហែសឲ្យ​បាត់បង់​នោះ​ទេ ឬ​កុំ​ឲ្យ​ខូចខាតដោយប្រការ​ណាមួយ ពីព្រោះ​អត្ត​ស​ញ្ញ​ណ​ប័ណ្ណគំរូ​ថ្មី​នេះ គឺ​មាន​សារ​ប្រយោជន៍​ណាស់ ពីព្រោះ​វា​មាន​ស៊ី​ម​មួយជាប់​នៅ​នឹងអត្តសញ្ញាណប័ណ្ណ ដើម្បី​ផ្ទុក​ទិន្នន័យរបស់​យើង ហើយពេល​ដែល​មាន​បញ្ហា​អី គឺ​គ្រាន់តែ​ដាក់​ចូល​កុំព្យូទ័រវា​អាច​ដឹងអំពី​អត្តសញ្ញាណ​យើង​ភ្លាម​ៗ ។

លោក​អភិបាល​ខណ្ឌដូនពេញ​បាន​ថ្លែង​បញ្ជាក់​ថា​ អត្តសញ្ញាណប័ណ្ណ វា​មាន​សារសំខាន់​ណាស់សម្រាប់​យើង​ម្នាក់ៗ ដោយ​អាច​យក​ទៅរក​ការងារ​ធ្វើ​បាន ឬ​ក៏​អាច​ទៅ​ខ្ចីប្រាក់ធនាគារ​បាន ឬ​ក៏​បំពេញឯកសារ​ផ្សេង​ៗ​ជាច្រើន​ទៀត ដូច្នេះ​ហើយ​បងប្អូនត្រូវ​រក្សា​ទុក​​ឲ្យ​បាន​ល្អ ប៉ុន្តែ​ប្រ​សិនបើ​បាត់បង់ដោយ​ប្រការ​ណាមួយត្រូវ​ប្រញាប់​រាយការណ៍ប្រាប់​មក​នគរបាលដែល​នៅ​ជិតបងប្អូន​បំផុតដើម្បី​កុំ​ឲ្យ​ជនខិលខូចមួយ​ចំនួនយក​ទៅ​ប្រើប្រាស់ធ្វើ​ឲ្យ​មាន​ផល​លំបាកដល់​បងប្អូន​។​

ប្រជាពលរដ្ឋត្រូវ​ប្រយ័ត្នកុំ​ឲ្យ​ជ្រុះបាត់​អត្តសញ្ញាណប័ណ្ណ ហើយ​នៅ​ពេល​ដែល​បាត់​ត្រូវ​ដាក់​ពាក្យបណ្តឹង​នៅ​កន្លែង​នគរបាលដើម្បី​បង្កា​រទុកជា​មុនខ្លាច​ជន​ឆ្លៀតឱកាសរើស​បានយក​ទៅ​ប្រើប្រាស់​ខុស​ទិស​ដៅនាំ​ឲ្យ​យើង​មាន​បញ្ហា​៕

Urban Voice Cambodia

Urban Voice Cambodia