លោកប៉ា សុជាតិ​វង្ស ៖ អាជ្ញាធរ​ត្រូវ​ដោះស្រាយ​បញ្ហា ពលរដ្ឋ​ក្រីក្រ ប្រើ​ភ្លើង​ថ្លៃ ឯ​អ្នក​មានប្រើ​ភ្លើង​ថោក​
Posted On : February, 5, 2015 | By សំឡេងទីក្រុង

ដោយ: កូឡាប, ថ្ងៃទី 5 កុម្ភៈ 2015, CEN

ភ្នំពេញ​: នៅ​ព្រឹក​ថ្ងៃទី​៥ ខែកុម្ភៈ នៅ​សាលា​រាជធានី​ភ្នំពេញ អាជ្ញាធរ​រាជធានី​ភ្នំពេញ និង​អគ្គិសនី​កម្ពុជា បានរៀបចំ​កិច្ចប្រជុំ​បន្ទាន់​មួយ ដើម្បី​ពិភាក្សា​ការងារ ពាក់ព័ន្ធ​នឹង​កា​រត​បណ្តាញ​ភ្លើងអគ្គិសនី ចូល​ផ្ទះ​និង​បន្ទប់​ជួល របស់​កម្មករ នៅ​រាជធានី​ភ្នំពេញ ខណៈពេល​គិត​ត្រឹម​ថ្ងៃទី​៤ ខែកុម្ភៈ អគ្គិសនី​កម្ពុជា បាន​ត​ណ្តា​ញ​ភ្លើង ចូលក្នុង​បន្ទប់​ជ្ទះ​ជួល របស់​កម្មករ បាន​ប្រមាណ​ជិត ៥.០០០ បន្ទប់​ហើយ​។​

​លោកប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ បាន​ប្រសាសន៍ថាៈ “​ដើម្បី​ឲ្យ​តម្លៃ​ភ្លើង​ចុះថោក គឺត្រូវធ្វើ​យ៉ាងម៉េច ឲ្យ​ការផលិត​ភ្លើង​បាន​ច្រើន ទៅតាម​តម្រូវការ​របស់ ប្រជាពលរដ្ឋ ពេលនោះ តម្លៃ​ភ្លើង នឹង​ចុះថោក​ហើយ​”​។

​លោក​អភិបាល បានស្នើ​ឲ្យ​អាជ្ញាធរ​ខណ្ឌ​ទាំងអស់ ដែលមាន​កម្មករ ស្នាក់នៅ​ផ្ទះជួល ត្រូវ​ចុះ​ស្រង់​ស្ថិតិ ឲ្យ​បានច្បាស់លាស់ ដើម្បី​ផ្ទៀងផ្ទាត់ ឲ្យ​បាន​ត្រឹមត្រូវ ជាមួយ​អង្គការ​ជំនាញ ដោយសារ​មកដល់ពេលនេះ អគ្គិសនី​កម្ពុជា បាន​ចុះ​ត​បណ្តាញ​អគ្គិសនី ជូន​ដល់ផ្ទះ និង​បន្ទប់​ជួល របស់​កម្មករ ជា​បណ្តើរ​មកហើយ បាន​ប្រមាណ​ជិត ៥.០០០ បន្ទប់ ខណៈពេល​បន្ទប់​ជួល​កម្មករ នៅ​រាជធានី​មាន ៨២.៤៧៥ លើកលែងតែ​ខណ្ឌ​ព្រែក​ព្នៅ មិនទាន់មាន​របាយការណ៍ បន្ទប់​ជួល​កម្មករ​។

​លោក​បាន​បន្តថាៈ “​ដើម្បី​ឲ្យ​កម្មករ​ទទួលបាន​សេវា​ទឹក ភ្លើង ថោក ពី​គោលនយោបាយ​ថ្មី របស់​រាជរដ្ឋាភិបាល ដោយ​កន្លងមក សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជា​ឲ្យ​អង្គភាព​ជំនាញ​ទាំងនោះ បញ្ចុះតម្លៃ​ភ្លើង ផ្ទះជួល ទឹក ឲ្យ​កម្មករ និង​គិតគូរ​ពី​សុខ​ទុក​របស់​កម្មករ​”​។​

​ពាក់ព័ន្ធ​នឹង​កា​រត​បណ្តាញ ទឹក​ភ្លើង​នោះដែរ លោក​អភិបាល បាន​បញ្ជា​ឲ្យ​មន្ទីរ​ចំនួន​ពីរ ត្រូវ​ចុះ​ធ្វើការ​ជាមួយ​អាជ្ញាធរ​ខណ្ឌ និង​ក្រសួង​ជំនាញ គឺ​មន្ទីរ​ឧស្សាហកម្ម ទៅ​ផ្សាភ្ជាប់​ជាមួយ ក្រសួង​ឧស្សាហកម្ម រដ្ឋាករ​ស្វយ័ត អាជ្ញាធរ​ខណ្ឌ ក្នុងការ​បញ្ចុះតម្លៃ​ទឹក និង​មន្ទីរ​រ៉ែ និង​ថាមពល ត្រូវ​ផ្សាភ្ជាប់​ឲ្យ​ជិតស្និទ្ធ​ជាមួយ ក្រសួង​រ៉ែ និង​ថាមពល និង​អគ្គិសនី​កម្ពុជា ជាមួយ​អាជ្ញាធរ​ខណ្ឌ ដើម្បី​ជំរុញ​ការបញ្ចុះ​តម្លៃ​ភ្លើង​។​

​ជាមួយគ្នា​នោះដែរ លោក​អភិបាល បាន​ណែនាំ​ឲ្យ​អភិបាលខណ្ឌ​ទាំងអស់ ត្រូវ​ចុះ​ណែនាំ​ម្ចាស់​ផ្ទះជួល កុំ​ធ្វើការ​តម្លើងថ្លៃ​ផ្ទះជួល ខណៈពេលដែល​រាជរដ្ឋាភិបាល បាន​យកចិត្តទុកដាក់ លើ​ជីវភាព​របស់​កម្មករ ក្នុងការ​បញ្ចុះតម្លៃ​ភ្លើង នៅតាម​ផ្ទះ និង​បន្ទប់​ជួល របស់​កម្មករ​។​

​លោក​បាន​និយាយថា អាជ្ញាធរ​ខណ្ឌ ត្រូវ​ស្រង់​ស្ថិតិ​បន្ទប់​ផ្ទះជួល ឲ្យ​បាន​ត្រឹមត្រូវ ដោយ មាន​តួលេខ​ខុសគ្នា រវាង​អាជ្ញាធរ​ខណ្ឌ និង​រដ្ឋាករទឹក ព្រោះថា តួលេខ​របស់​អាជ្ញាធរ​ខណ្ឌ បន្ទប់​ផ្ទះជួល មាន​ជាង ៨១.៣៥៨ បន្ទប់ ចំណែក​តួលេខ​របស់​រដ្ឋាករទឹក មាន​ជាង ៩០.៤៧៨ បន្ទប់​ជួល​។​

​ជាការ​ឆ្លើយតប​នឹង​ការលើកឡើង របស់​អាជ្ញាធរ​ខណ្ឌ​ពោធិ​សែន​ជ័យ និង​ខណ្ឌដង្កោ អំពី​ការស្នើសុំ​ឲ្យ​មាន​ភ្លើង និង​ទឹក​ថោក សម្រាប់​ប្រជាពលរដ្ឋ​ក្រីក្រ នៅតាម​ជាយក្រុង ដែល​ទើប​កាត់​មកពី​ខេត្តកណ្តាល លោក​អភិបាល បាន​ថ្លែងថា អាជ្ញាធរ​ខណ្ឌ ត្រូវ​ចាត់ វិធានការ ត្រូវធ្វើ​យ៉ាងណា ឲ្យ​ប្រជាពលរដ្ឋ​ក្រីក្រ នៅតាម​ជាយក្រុង បាន​ប្រើប្រាស់​ភ្លើង ក្នុង​តម្លៃថោក​សមរម្យ ពីព្រោះ នៅពេល​បច្ចុប្បន្ននេះ ប្រជាពលរដ្ឋ​ក្រីក្រ​ហើយ បែរជា​ប្រើ​ភ្លើង​ថ្លៃ​ទៅវិញ​។ ចំណែកឯ​អ្នកមាន នៅក្នុង​ទីក្រុង​ភ្នំពេញ បែរជា​ប្រើប្រាស់​ភ្លើង​ថោក ដូច្នេះ​ត្រូវ​ធ្វើការ​កាត់​គម្លាត រវាង​អ្នកមាន និង​អ្នកក្រ​។​

​លោក កែវ រតនៈ ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ប្រធាន​អគ្គិសនី​កម្ពុជា បាន​និយាយ ថា ដោយមាន​ការសហការ​ល្អ រវាង​សាលាក្រុង និង​សាលាខណ្ឌ ចុះ​តាម​ផ្ទះជួល ធ្វើការ​កត់ត្រា​ផ្ទះជួល របស់​កម្មករ ហើយ​ក្នុងពេល​ចុះ​ត​បណ្តាញ នាពេល​កន្លងមក បានល្អ និង​ទទួលជោគជ័យ តាម​គោលការណ៍​ណែនាំ របស់​សម្តេច​តេ​ជោ​។ អគ្គិសនី​កម្ពុជា គឺ​អង្គភាព​ជំនាញ​មួយ បាន​ត្រៀម​សម្ភារៈ​បច្ចេកទេស និង​ថវិកា បាន​គ្រប់​ចំនួន​ហើយ សម្រាប់​ត​បណ្តាញ​ភ្លើង ឲ្យ​កម្មករ ដើម្បី​ឲ្យ​កម្មករ បាន​ប្រើប្រាស់​ភ្លើង ក្នុងតម្លៃ ៦១០ រៀល ក្នុង ១ គីឡូវ៉ាត់ម៉ោង ក្រោម ៥០ គីឡូវ៉ាត់ម៉ោង ក្នុង​មួយខែ​៕

Urban Voice Cambodia

Urban Voice Cambodia