លោកប៉ាសុជាតិ​វង្ស៖ បឹងត្របែក​៧០ភាគរយ ត្រូវបានគេរំលោភយក
Posted On : February, 20, 2015 | By សំឡេងទីក្រុង

February 20, 2015, សារព័ត៌មានសេរី

រាជធានីភ្នំពេញ៖ លោក ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ កាលពីរសៀល​ថ្ងៃទី​១៩ ខែកុម្ភៈ បានដឹកនាំ​ អាជ្ញាធរ​មូលដ្ឋាន​ សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន ចុះ​ពិនិត្យមើល​ស្ថានភាព​ បឹង​ត្របែក ជាក់ស្តែង ដើម្បី​មាន​វិធានការ​បន្ត​ទៀត។លោក ប៉ា សុជាតិ​វង្ស បានថ្លែងថា បឹងត្របែកដែលជា​អាង​ស្តុ​ប​ទឹក​ដ៏​សំខាន់​មួយ​ មាន​ផ្ទៃក្រឡា​ទំហំ​ប្រមាណ​២៦​ហិកតា  ត្រូវបាន​គេ​រំលោភយក​អស់​ប្រមាណ ៧០ភាគរយ​។

លោក បន្តថា អាជ្ញាធរ​រាជធានី​ភ្នំពេញ បានកំណត់​នូវគោលការណ៍​ជាក់លាក់​មួយ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ជាមួយ​បងប្អូនដែលជា​អ្នករំលោភ​យក​បឹង​នេះ ដើម្បី​ស្តារ​បឹងត្របែក សម្រាប់ ​យក​ធ្វើជា អាង​ស្តុក​ទឹក កុំ​ឲ្យ​ជន់​លិចទីក្រុង​ភ្នំពេញ នៅ​រដូវវស្សា​។

លោក​ ប៉ា សុជាតិ​វង្ស បាន​បន្តទៀតថា ការរំលោភ​យក​បឹង​ត្របែក​នេះ​គឺ​មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ណាស់​ទៅដល់​គម្រោង​ឆ្លើយតប​ទៅ​នឹង​ការ​លិចលង់​ទីក្រុង​ភ្នំពេញ ដោយសារ​ទឹកភ្លៀង​។ ​ទីក្រុង​ភ្នំពេញ ប្រព័ន្ធ​រំដោះ​ទឹក​សម្រាប់​ដោះស្រាយ​បញ្ហា​លិចលង់​នេះ មាន​ផ្នែក​ខាងលិច ឆៀង​ខាងជើង ដែល​មាន​ស្ថានីយ​បូមទឹក​នៅ​កប់​ស្រូវ និង​ទួល​សំពៅ​។ ចំណែក​នៅ​ផ្នែក​ខាងកើត​ឆៀង​ខាងជើង មាន​ស្ថានីយ​បូមទឹក​នៅ​បឹងត្របែក​ជាមួយនឹង​បឹងទំពុន​។ ឥឡូវនេះ អាង​ស្តុក​ទឹក​បឹងត្របែក ដែល​មាន​ផ្ទៃក្រឡា រហូតដល់​ទៅ​២៦​ហិកតា មានការ​រំលោភ​ប្រមាណ​ជា ៧០​ភាគរយ ឯ​៣០​ភាគរយ​ទៀត ដោយសារ​អាជ្ញាធរ​មិនបាន​ស្ការ បាន​បណ្ដាល​ឲ្យ​គោក​ រាក់ បាន​ធ្វើ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទៅ​បោះបង្គោល និង​ចាក់​ដី​លប់​ដើម្បី​បញ្ជាក់​អំពី​ការ​កាន់​កាប់ ផ្ទៃ​បឹង​ត្របែក ដែល​អាជ្ញាធរ​រក្សាទុក​​។

​លោក​បាន​និយាយថា ស្ថានភាព​នេះ គ្រោះថ្នាក់​ណាស់ ព្រោះ​បើសិនជា​ទីក្រុង​ភ្នំពេញ បាត់​បង់​នូវ​អាង​ចម្រោះ​ទឹក​អាង​ស្តុក​ទឹក​បឹងត្របែក ប្រមាណ​ជាង​២៦​ហិកតា​នេះ វា​នឹង​រង​ផល​ប៉ះពាល់​លិច​រហូត​ទៅដល់​វិមានឯករាជ្យ និង​ព្រះបរមរាជវាំង រួម​ទាំង​ខណ្ឌដូនពេញ ខណ្ឌ​៧​មករា ខណ្ឌចំការមន ដែល​ពឹងពាក់​នូវ​ស្ថានីយ​បឹងត្របែក​។​

លោក​បាន​បញ្ជាក់​ថា អាជ្ញាធរ​បាន​ផ្ញើ​សារ​ជូន​បងប្អូន​ដែល​រស់នៅ​ទីនេះ​ជាច្រើនលើក ជា​ច្រើន​សារ​រួច​មក​ហើយ ដែល​ពាក់ព័ន្ធ​នៅ​តំបន់​បឹងត្របែក​នេះ និង​មាន​សេចក្តី​បញ្ជាក់​របស់​អភិបាល​ខណ្ឌ​ចំការមន​ពី​គម្រោង​ស្តា​បឹងត្របែក​នេះ​។ ជាទូទៅ សូម​ឲ្យ​បងប្អូន​បញ្ឈប់​ការ​ឈាន​ទៅ​កាន់​កាប់​គ្រប់គ្រង​បឹង ពង្រីក​ផ្ទៃដី និង​គ្រប់គ្រង​ការ​កាន់កាប់​របស់​ពួកគាត់​តទៅទៀត ហើយ​បញ្ឈប់​ការ​ចាក់ដី​ចូល​បឹង និង​សង់​ជា​ខ្ទម​ផ្ទះ​សម្រាប់​ជួល​។ ឥឡូវនេះ ទុក​ស្ថានភាព​នេះ​ឲ្យ​នៅ​ដដែល​សិន ដោយ​រង់​ចាំ​អាជ្ញាធរ​ធ្វើការ​សិក្សា​ឲ្យ​បាន​ម៉ត់ចត់ ហើយ​អាជ្ញាធរ​នឹង​ធ្វើ​កិច្ច​សហការ​គ្នា រៀបចំ​ឲ្យ​តំបន់​នេះ ពី​ព្រោះ​តំបន់​នេះ​មិនមែន​សម្រាប់​ឲ្យ​បងប្អូន​រស់នៅ​តែឯង​នោះ​ទេ វា​មាន​ពាក់ព័ន្ធ​ជាមួយ​ប្រជាជន​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ទាំងមូល​។ បើ​កន្លែង​នេះ​ដោះស្រាយ​មិនបាន មានន័យ​ស្មើនឹង​យើង​ធ្វើ​ឲ្យ​ទីក្រុង​ទាំងមូល​លិច​ទឹក​។ អីចឹង​អ្នក​ទីក្រុង​ទាំងអស់ គេ​មិន​សុខចិត្ត​ជាមួយ​អ្នក​ដែល​ធ្វើ​បាត់​ផល​ប៉ះពាល់​នូវ​តំបន់​នេះ​ទេ​។​

លោក​បាន​បញ្ជាក់​ថា បងប្អូន​មាន​សិទ្ធិ​ធ្វើការ​តវ៉ា បងប្អូន​មាន​សិទ្ធិ​សម្ដែង​មតិ ដើម្បី​មាន​កន្លែង​ស្នាក់នៅ ប៉ុន្តែ​មិន​អាច​មក​រំលោភ​យក​បឹង​នេះ​បាន​ឡើយ រំលោភ​យក​អាង​ស្តុក​ទឹក​នេះ​បាន​ឡើយ ប៉ុន្តែ​កាលណា រំលោភ​បាន​ធ្វើ​ទឹក​លិច​ភ្នំពេញ​។ ដល់​ទឹក​លិច​ភ្នំពេញ អ្នក​ដទៃទៀត គេ​ក៏​មាន​សិទ្ធិ​តវ៉ា​ជាមួយនឹង​ការ​កាន់កាប់​ខុសច្បាប់​របស់​បងប្អូន​នៅ​តំបន់​បឹងត្របែក​នេះ​ដែរ​។ អីចឹង​បញ្ហា ត្រូវ​តែ​មាន​ការ​សម្របសម្រួល​មួយ ដើម្បី​ដោះស្រាយ ដោយ​មិន​ប្រើ​រយៈពេល​យូរ​ឡើយ ដោយ​សាលា​រាជធានី​កំណត់​ជា​គោលការណ៍​មួយ​ច្បាស់លាស់ ថា​បងប្អូន​ដែល​ពាក់ព័ន្ធ​ទាំង​អស់​នេះ ត្រូវ​សម្របសម្រួល​បែប​ណា​? ហើយ​យើង​នឹង​អញ្ជើញ បងប្អូន​ពាក់ព័ន្ធ ដើម្បី​ពិគ្រោះ​យោបល់​ជាមួយគ្នា​៕

Urban Voice Cambodia

Urban Voice Cambodia