លូ​ដោះស្រាយ​បញ្ហា​ទឹក​ជន់​លិច លើ​មហាវិថី​ព្រះ​ម៉ៅ​សេទុង សម្រេចបាន ៩៧ ភាគរយ
Posted On : January, 21, 2015 | By សំឡេងទីក្រុង

ថ្ងៃទី 21 មករា 2015, ដោយ: កូ​ឡាប​, CEN

ភ្នំពេញ: ការដ្ឋាន​បណ្តាញ​លូ​លើ​សាច់​ផ្លូវ​មហាវិថី​ព្រះ​ម៉ៅ​សេទុង ចំនួន ១ ខ្សែ ទំហំ​អង្កត់ផ្ចិត​លូ ១,៥ ម៉ែត្រ ដើម្បី​ដោះស្រាយ​បញ្ហា​ទឹក​ជន់​លិច នៅ​មហាវិថី​ម៉ៅ​សេទុង នា​រដូវវស្សា ចំណុច​មុខ​ស្ថានទូត​ចិន គិត​ត្រឹម​ថ្ងៃទី​២១​ខែមករា ឆ្នាំ​២០១៥ សម្រេចបាន ៩៧ ភាគរយ នៃ​គំរោង ហើយ​បើតាម​ផែនការ គម្រោង​នឹងត្រូវ​បព្ចាប់​នៅ​ថ្ងៃទី​៣១​ខែមករា​ឆ្នាំ​២០១៥ ខាងមុខ​។

​ក្នុង​ផែនការ​ដោះស្រាយ​បញ្ហា​ទឹក​ជន់​លិច​នៅ​រដូវវស្សា​នៅ​ឆ្នាំ​២០១៥ ក្រុមការងារ​ការដ្ឋាន​របស់​សាលា​រាជធានី​ភ្នំពេញ បាននិងកំពុង​ជំរុញ​
​ការដ្ឋាន​ដាក់​បណ្តាញ​លូ​លើ​សាច់​ផ្លូវ​មហាវិថី​ព្រះ​ម៉ៅ​សេទុង ចំនួន ១ ខ្សែ​ទំហំ​អង្កត់ផ្ចិត​លូ ១,៥ ម៉ែត្រ ប្រវែង ៤៧៩ ម៉ែត្រ ចាប់ពី​ផ្លូវ​លេខ​១៩៣ ដល់​ផ្លូវ​លេខ​១៧៣ ដើម្បី​ដោះស្រាយ​បញ្ហា​ទឹក​ជន់​លិច​នៅ​មហាវិថី​ម៉ៅ​សេទុង ចំណុច​មុខ​ស្ថានទូត​ចិន សង្កាត់​ទួល​ស្វាយព្រៃ​ទី​១ សង្កាត់​ទួល​ស្វាយព្រៃ​ទី​២ សង្កាត់​អូឡាំពិក ក្នុង​ខណ្ឌចំការមន​។

​សាលា​រាជធានី​ភ្នំពេញ បានប្រកាសថា បណ្តាញ​លូ​ថ្មី​នេះ នឹង​ទទួល​ទឹក​ពី​បណ្តាញ​លូ​ផ្លូវ​លេខ​១៧៣ និង​ផ្លូវ​លេខ​១៩៣ រួច​បង្ហូរ​ចូលទៅ​បណ្តាញ​លូ​ផ្លូវ​លេខ​១៨៣ មុននឹង​ហូរ​ចូល​ប្រឡាយ​ស្ទឹងមានជ័យ​។ គិត​ត្រឹម​ថ្ងៃទី​២១​ខែមករា ឆ្នាំ​២០១៥ ការដ្ឋាន​នេះ​ដាក់លូ​រួច​សម្រេចបាន ៩៧ ភាគរយ នៃ​គំរោង ហើយ​ដែល​តាម​ផែនការ​នឹងត្រូវ​បព្ចាប់​នៅ​ថ្ងៃទី​៣១​ខែមករា​ឆ្នាំ​២០១៥​ខាងមុខ​។
​សាលា​រាជធានី​ភ្នំពេញ ស្នើសុំ​ការយោគយល់​និង​អធ្យាស្រ័យ​ពី​សំណាក់​ប្រជាពលរដ្ឋ ដែល​បណ្តាលមកពី​ការរំខាន​នៃ​សកម្មភាព​ការដ្ឋាន​
​ការប៉ះពាល់​នៃ​លំហូរ​ចរាចរ​និង​ការធ្វើ​អាជីវកម្ម​ផ្សេងៗ​៕

Urban Voice Cambodia

Urban Voice Cambodia