លុប​បឹង ធ្វើ​ទីក្រុង​រណប​ថ្មី ក្នុង​តំបន់​បឹងទំពុន និង​ជើងឯក ទឹកប្រាក់វិនិយោគប្រមាណ ៧០០ លានដុល្លារ​
Posted On : ឧសភា, 31, 2015 | By សំឡេងទីក្រុង

ប្រភព៖ CEN, ថ្ងៃទី 28 ឧសភា 2015, ម៉ោង 01:00:PM) | ដោយ: កូ​ឡាប
ភ្នំពេញ: សាលា​រាជធានី​ភ្នំពេញ និង​ក្រុមហ៊ុន អាយ​អិន ជី ហូល​ឌី​ង ខូ​អិ​ល​ធី​ឌី បាន​សហការ​ចាប់ដៃគ្នា ក្នុងការ​អភិវឌ្ឍ​ន៍ទី​ក្រុង​រណប នៅ​តំបន់​បឹងទំពុន និង​តំបន់​ជើងឯក ដោយ​យោង​តាម​គោលការណ៍​ឯកភាព របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​ចំនួន ២៥៧២ ហិកតា​។​

​កាលពី​ព្រឹក ​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០១៥ នៅ​សាលា​រាជធានី​ភ្នំពេញ អាជ្ញាធរ​សាលា​រាជធានី​ភ្នំពេញ និង​ក្រុមហ៊ុន អាយ​អិន ជី ហូល​ឌី​ង ខូ​អិ​ល​ធី​ឌី បាន​កោះប្រជុំ ដើម្បី​ដោះស្រាយ​ផលប៉ះពាល់ និង​សំណើសុំ​គោលការណ៍ ដឹកនាំ​បន្ត​ចំពោះ​គម្រោង​អភិវឌ្ឍន៍​ទីក្រុង​រណប​តំបន់​បឹងទំពុន និង​តំបន់​ជើងឯក​។​

​លោក ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ បាន​មានប្រសាសន៍ថា តំបន់​អភិវឌ្ឍន៍​បឹងទំពុន និង​ជើងឯក នេះ ជាទី​ក្រុង​រណប​មួយ ហើយ​មាន​វិសាលភាព​ធំ​ជាង​គម្រោង​អភិវឌ្ឍន៍​ដទៃៗ​ទៀត ដូចជា កោះ​ពេជ្រ ជ្រោយចង្វា និង​ពោងពាយ ជាដើម ប៉ុន្តែ​តំបន់​នេះ​មាន​រហូតដល់ ២៥៧២ ហិកតា ហើយ​ធ្វើ​រាជធានី​ភ្នំពេញ កាន់តែ​ល្អ​លើ​គ្រប់ផ្នែក​។ ពេលនេះ មិនមែនជា​ការចាប់ផ្តើម​ទេ ប៉ុន្តែ​ជា​ពេល​រៀបចំ​ជំរុញ​ការអភិវឌ្ឍន៍ ហើយ​បាន​គោល​ការអភិវឌ្ឍន៍ តាំងពី​ដើមឆ្នាំ​២០០០ មក​ម្លេះ ហើយ​បាន​វិវឌ្ឍន៍ ជា​បណ្តើ​រហូតមកដល់​ពេលនេះ​។ តាម​គោលការណ៍​ដឹកនាំ ជា​បន្តបន្ទាប់ របស់​រាជរដ្ឋាភិបាល ក៏​ឈានដល់​ការ​សម្រេចចិត្តថា នឹងធ្វើ​ឲ្យ​តំបន់​នេះ​មាន​ស្ថេរភាព មាន​ភាពត្រឹមត្រូវ​ចាំបាច់ ត្រូវតែ​រៀបចំ​ជា​កញ្ចប់ មិនអាច​អនុវត្ត​ដាច់​ដោយ​ដុំ​បានទេ ដើម្បី​ខ្ចប់​តំបន់​តែមួយ​ធ្វើជា​ប្រព័ន្ធ​។

​តំណាង​ក្រុមហ៊ុន អាយ​អិន ជី ហូល​ឌី​ង ខូ​អិ​ល​ធី​ឌី បាន​លើកឡើងថា ផ្ទៃដី​សាងសង់​អគារ ទំហំ ១៤២៣ ហិកតា និង​ផ្ទៃដី​បឹង​ប្រឡាយ លំហ​បៃតង សំណង់​អគារ​សាធារណៈ ហេដ្ឋារចនាសម្ព័ន្ធ ដោះស្រាយ​ផលប៉ះពាល់​ទំហំ ១១៤៩ ហិកតា ស្មើ ៤៤,៦៧ ភាគរយ សរុប ២៥៧២ ហិកតា​។

IMG_6262

IMG_6279

​តំណាង​ក្រុមហ៊ុន បាន​បន្តថា ការប៉ាន់ស្មាន​តម្លៃ​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ ដូចជា ការសាងសង់​បណ្តាញ​លូទឹក​ភ្លៀង លូ​ជ្រុង​មហាវិថី​សម្តេច​តេ​ជោ​ហ៊ុន​សេន សាងសង់​បណ្តាញ​លូ​សំអុយ សាងសង់​មហាវិថី ផ្លូវ ការរៀបចំ​បណ្តាញ​អគ្គិសនី រៀបចំ​តំបន់​បៃតង សាងសង់​បឹង​រក្សាទុក រួមជាមួយ​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​ទៀត ក្នុង​គម្រោង​នេះ អស់​ទឹកប្រាក់​ចំនួន ៦៩៦.៤៥៤.០៩២ ដុល្លារ​។

​យ៉ាងណាក៏ដោយ តំណាង​ក្រុមហ៊ុន មិនបាន​បញ្ជាក់​អំពី​ទំហំ​ទឹកប្រាក់​ទាំងមូល នៃ​គម្រោង​អភិវឌ្ឍន៍​ទីក្រុង​រណប​ថ្មី​នេះ​ទេ​។ គម្រោង​អភិវឌ្ឍន៍​ទីក្រុង​រណប​ថ្មី​នេះ ស្ថិតនៅក្នុង​ខណ្ឌមានជ័យ​ជាង ១០០០ ហិកតា ខណ្ឌដង្កោ​ជាង ១២០០ ហិកតា រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ ខេត្តកណ្តាល ៣៧១ ហិកតា​។

​យោងតាម សជណ លេខ ១៩០ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី កាលពី​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០១៥ បានលើកឡើង​ពី​ការជំរុញ​ការ​ស្រង់​ទិន្នន័យ​ម្ចាស់​ក្បាលដី ដែលមាន​កម្មវិធី​ស្របច្បាប់ និង​កាន់កាប់​បណ្តោះអាសន្ន ដែល​ប៉ះពាល់​ដល់​គម្រោង​អភិវឌ្ឍន៍ ដើម្បី​មាន​មូលដ្ឋាន​សម្របសម្រួល​។ ចំំ​ពោះ​អ្នក​ដែល​បាន​គ្រប់គ្រង ផ្ទៃដី ពាក់ព័ន្ធ​នឹង​តំបន់​អភិវឌ្ឍន៍​ទាំងមូល ចាំបាច់​ត្រូវ​ចូលរួម​បដិភាគ ក្នុងការ​អភិវឌ្ឍន៍​គ​ម្រោ​ង​លើ ៣ ផ្នែក​។ ប្រគល់​សិទ្ធិ​ជូន​ក្រុមហ៊ុន អាយ​អិន ជី ហូល​ឌី​ង ខូ​អិ​ល​ធី​ឌី ចាក់​បំពេញ​ដី នៅ​តំបន់​អភិវឌ្ឍន៍ ទៅតាម​ទំហំ​ដី​ដែល​មានចែង​ក្នុង​អនុក្រឹត្យ និង​ផែនទី​ឧបសម្ព័ន្ធ​ដែល​បានកំណត់ ដើម្បី​រៀបចំ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ឲ្យ​បាន​លឿន ប្រជាពលរដ្ឋ​ដែល​រស់​នៅលើ​ផ្ទៃ​បឹង​ត្រូវ​បដិភាគ ២០ ភាគរយ ជាដើម​។​

​ សូមបញ្ជាក់ថា នាពេល​ឆាប់ៗ​ខាងមុខនេះ គម្រោង​អភិវឌ្ឍន៍​ទីក្រុង​រណប​ថ្មី​ធំជាងគេ​នៅ​ទីក្រុង នឹង​លេច​រូបរាង​ឡើង​។ ខណៈនោះ បឹងទំពុន នឹង​បាត់ឈ្មោះ​ពីលើ​កលោក​នេះ ដោយ​ក្លាយទៅជា​ទីក្រុង​រណប​ដ៏​ស្រស់ស្អាត សម្រាប់​អ្នកមាន ឯ​ប្រជាពលរដ្ឋ​ក្រីក្រ ដែល​កំពុង​ប្រកបមុខរបរ​អាជីវក​ម្ម ដាំ​ត្រ​គួ​ន កញ្ឆែត ភ្លៅកង្កែប ជីប​ន្លា និង​បន្លែ​ផ្សេងទៀត បាន​ត្រូវ​បាត់​មុខ​របស់ខ្លួន ហើយ​រត់ទៅរក​កន្លែង​ផ្សេង​ដើម្បី​ប្រកប​អា​ជី​កម្ម​របស់ខ្លួន​បន្តទៀត​៕

Related Posts

សំឡេងទីក្រុង!

សំឡេងទីក្រុង!