cen

សម្តេច​ ស​ ខេ​ង​៖​ រោងការ​ និង​រោង​បុណ្យ​សង់​នៅ​លើ​ទ្រូងផ្លូវ​បង្ក​ការ​ស្ទះចរាចរណ៍​

សម្តេចស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងថា ការសង់រោងការ និងរោងបុណ្យនៅលើទ្រូងផ្លូវនៅតែជាចំណោទបញ្ហាដែលស្មុគ្រស្មាញ នៅឡើយសម្រាប់ប្រទេសកម្ពុជា ។ មន្ត្រីនាំពាក្យសាលារាជធានីភ្នំពេញ ទទួលស្គាល់ការលើកឡើងរបស់ សម្ដេច ស ខេង ។ តែមន្ត្រីសង្គមស៊ីវិលថា មកពីមន្ត្រីមានអំណាច និង អ្នកមានប្រាក់ដែលធ្វើឱ្យមានទម្លាប់ដូចនេះ។

សម្តេច ស ខេង បានលើកឡើងពីបញ្ហាដែល ប្រជាពលរដ្ឋខ្មែរបានសង់រោងការ និង រោងបុណ្យនៅលើទ្រូងផ្លូវ ឬ ចំណីផ្លូវ ដែលបញ្ហានេះគឺជាកត្តាមួយផ្នែកនៃគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា។ សម្ដេចរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបាន លើកឡើងទៀតថា ប្រទេសគេ មិនមានទម្លាប់នេះទេ។

សម្តេចស ខេង ៖ «អ្នកបើកបរជាអ្នកប្រើប្រាស់ផ្លូវដែរ ហើយជួនអី អ្នកមានផ្ទះតាមដងផ្លូវនិងក៏ជាអ្នកប្រើប្រាស់ផ្លូវដែរ ហើយជួនអីទៀតមានពិធីផ្សេងៗ ដូចជាពិធីបុណ្យសពឬក៏ពិធីរៀបអាពាហ៍ពិពាហ៍ ។ ឥឡូវនេះគេថាយើងមិនទាន់កែទម្លាប់នេះបានទេ ដែលបណ្តាប្រទេសនានាវាគ្មានទេ ដែលយើងយកទ្រូងផ្លូវម៉ាចំហៀង ដើម្បីបិទទ្រូងផ្លូវម៉ាចំហៀង អាហ្នឹងមានតែនៅស្រុកយើងទេ ស្រុកគេវាគ្មានទេ »។

សម្តេច ស ខេង ចាត់ទុកថា ជាទម្លាប់មួយយ៉ាងអាក្រក់មួយតែ សម្ដេចថា ត្រូវចេះកែទម្លាប់បែបនេះ បន្តិចម្ដងៗ ។

ទាក់ទិននឹងរឿងនេះ លោក មាស ភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ មានប្រសាសន៍ថា ករណីបុណ្យសពជាដើម កម្ពុជាគឺមានប្រពៃណីមួយថា សាកសពគឺត្រូវដម្កល់នៅផ្ទះ ដែលលោកថាមិនអាចមានវិធានការណាទៅទប់ស្កាត់ឲ្យលុបបំបាត់តែម្តងនោះទេ តែត្រូវធ្វើឲ្យវាមានការថយចុះ។

លោក មាស ភក្តី ៖ «មួយចំនួនទៀតក៏មានការទទួចស្នើរសុំ ដោយតម្រូវឲ្យអាជ្ញាធរមានការយល់យោគខ្លះដូចជាករណីបុណ្យសព ដែលថាវាតម្រូវឲ្យមានការដម្កល់សាកសពនៅផ្ទះ អញ្ជឹងទៅវាជៀសមិនផុតតិចតួច »។
លោកបាទបន្តទៀតថា ចំពោះរោងអាពាហ៍ពិពាហ៍ជាដើម គេអាចយកទៅធ្វើនៅតាមភោជនីយ៍ដ្ធានជាដើម តែដោយឡែក ចំពោះរោងបុណ្យវិញ បច្ចុប្បន្ននេះកំពុងតែលើកទឹកចិត្តឲ្យមានការកាត់បន្ថយជាបណ្តើរៗ ហើយ ដែលនឹងកាត់បន្ថយទៅ ១/៣ នៃ ទ្រូងផ្លូវ»។

ចំណែក នាយកប្រតិបត្តិនៃអង្គការក្រុមការងារពិសេសសិទ្ធិលំនៅឋាន លោក សៀ ភារម្យ និយាយថាការសង់រោងអាពាហ៍ពិពាហ៍តាមទ្រូងផ្លូវគឺជារឿងមួយ ដែលលំបាកនិង ដោះស្រាយ ក៏ព្រោះថា ប្រជាពលរដ្ឋ បានយកគម្រូតាម លោកធំ និង អ្នកដែលមានអំណាចនៅកម្ពុជា ជាដើម។

លោក សៀ ភារម្យ ៖« បាទ! វាជារឿងមួយដែលលំបាកដែរ ប្រជាពលរដ្ឋលោកមើលគម្រូតាមអ្នកធំៗ អញ្ជឹងគាត់ឃើញអ្នកធំគាត់ធ្វើរោងការរោងបុណ្យនិងប្រកួតគ្នា សុទ្ធតែរាប់ម៉ឺនដុល្លា អញ្ជឹងអ្នកល្មមៗមធ្យមនិងគឺគាត់ត្រូវឧស្សាហ៍ធ្វើ ដែរ»។

ក្រៅពីលើកឡើងដូចនេះ សម្ដេចសខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បាន អំពាវនាវឱ្យពលរដ្ឋគោរព ច្បាប់ចរាចរណ៍ និង កុំ ទទួលទានគ្រឿងស្រវឹង បើ ត្រូវបើកបរ ៕

ប្រភព៖ wmc.org.kh

Leave a Reply