6-2-3

រាជរដ្ឋាភិបាលផ្ដល់​ថវិកា​ឧបត្ថម្ភ​កម្មការិនី​សម្រាលកូន​ចំនួន​៦៧៨​នាក់​

ក្រោយពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាលដាក់ចេញនូវគោលការណ៍ពង្រឹងការគាំពារមាតា និងផ្តល់ថវិកាដល់កម្មការិនីសម្រាលកូននូវកញ្ចប់ថវិកាពីរាជរដ្ឋាភិបាលនោះ គឺបានរកឃើញថា ក្នុងរយៈពេលមួយសប្តាហ៍ពេញ មានកម្មការិនីចំនួន ៦៧៨ នាក់បានសម្រាលកូន ហើយទទួលបានថវិកាឧបត្ថម្ភសរុបចំនួន២៧៤.៤លានរៀល។

លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងនៅថ្ងៃទី៨ មករា ឆ្នាំ២០១៨ ថា ពេញមួយសប្តាហ៍ទីមួយ នៃការដាក់ឲ្យអនុវត្តកម្មវិធីថ្មី របស់រាជរដ្ឋាភិបាល សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការបើកផ្តល់សាច់ប្រាក់ជូនកម្មការិនីដែលសម្រាលកូននោះ បេឡាជាតិរបបសន្តិសុខសង្គមហៅកាត់ថា (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានទទួលបញ្ជីកម្មការិនីសម្រាលកូនសរុបចំនួន ៦៧៨នាក់ និងបញ្ជីទារកសរុបចំនួន ៦៨៦នាក់ និងបានបើកផ្តល់ថវិកាសរុបចំនួន ២៧៤.៤លានរៀល ។ ដោយឡែកសម្រាប់ថ្ងៃទី៧ ខែមករានេះ គឺមានកម្មការិនី ១៤៣នាក់ បានសម្រាលកូនចំនួន ១៤៦នាក់។

ជាមួយគ្នានោះអ្នកនាំពាក្យក៏បានគូសបញ្ជាក់ថា គិតចាប់ពីថ្ងៃទី១ មកដល់ថ្ងៃទី៧ ខែមករា នេះមានកម្មការិនីដែលសម្រាលបានកូនភ្លោះ២ មានចំនួន ៨នាក់។

សូមជម្រាបថា ដើម្បីជាការលើកទឹកចិត្ត ក៏ដូចជាលើកកម្ពស់កំលាំងពលកម្មដល់កម្មករកាត់ដេរ ក៏ដូចជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានដាក់ចេញនូវសារសំខាន់ៗ ៨ ចំណុច ដើម្បីឲ្យក្រសួងពាក់ព័ន្ធអនុវត្តឲ្យមានប្រសិទ្ធភាព ដែលក្នុងនោះចំណុចមួយក្នុងចំណុចជាច្រើនដែលត្រូវអនុវត្តន៍ គឺចំពោះកម្មការិនីសម្រាលបានកូន (១) គឺទទួលថវិកា៤០ម៉ឺនរៀល និងពិនិត្យផ្ទៃពោះដោយឥតគិតថ្លៃ។ បើសម្រាលបានកូនភ្លោះ (២) គឺទទួលបានថវិកា៨០ម៉ឺនរៀល។ បើសម្រាលបានកូន (៣) គឺទទួលបានថវិកា ១លាន ២សែនរៀល ហើយបូកប្រាក់ឧបត្ថម្ភចំនួន៥លានរៀលទៀតពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន៕

 

ប្រភព៖ kohsantepheapdaily.com.kh

Leave a Reply