រស់នៅភ្នំពេញតឹងទ្រូង
Posted On : October, 27, 2014 | By សំឡេងទីក្រុង
ដោយ ថ្មីៗ ថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០១៤
បើនិយាយជារួម ភ្នំពេញ គឺជារាជធានីដែលកំពុងត្រូវបានអភិវឌ្ឍជាបណ្តើរៗទៅមុខដោយគ្មានថ្ងៃត្រទ្បប់ថយក្រោយវិញឡើយ។ អគារធំៗ ផ្សារទំនើប ហាងស្អេកស្កះ ការ៉ាអូខេគ្រប់ទីកន្លែង រថយន្តទំនើប ផ្ទះវីឡា សកលវិទ្យាល័យ ប្រព័ន្ធអ៊ីនធឺណែត បង្ហាញវត្តមានកាន់តែច្រើនឡើងនៅទីក្រុងភ្នំពេញ ហើយនេះ គឺជាអ្វីដែលមិនធ្លាប់មានកាលពី៣៥ឆ្នាំមុនក្រោយការរលំរលាយនៃរបបខ្មែរក្រហមឆ្នាំ១៩៧៩ ។
បើទីក្រុងរីកចម្រើនដូច្នេះហើយ តើហេតុអ្វីបានជាគេនិយាយថា រាជធានីភ្នំពេញពិបាករស់នៅ?
ចំណុចអាក្រក់របស់ទីក្រុងភ្នំពេញដែលធ្វើអោយពលរដ្ឋពិបាករស់នៅ មានដូចជា៖
ទី១ វត្តមានសំរាមស្ទើរគ្រប់កន្លែង។
ទី២ គ្មានអគ្គិសនីគ្រប់គ្រាន់នៅតាមដងផ្លូវនានានៃទីក្រុងភ្នំពេញ។ នៅរាត្រីខ្លះ ផ្នែកខ្លះនៃទីក្រុងភ្នំពេញគ្របដណ្តប់ដោយស្បៃងងឹត។
ទី៣ ចរាចរណ៍កកស្ទះ។
ទី៤ ទឹកជំនន់លិចក្រុង ពេលមានភ្លៀងធ្លាក់ធំម្តង។
ទី៥ អ្នកថ្មើជើងគ្មានកន្លែងធ្វើដំណើរទេ ពីព្រោះចិញ្ចើមផ្លូវត្រូវបានគេធ្វើអាជីវកម្មអស់ហើយ។
ទី៦ គ្មានចំណតត្រឹមត្រូវ។ អាជីវកម្មនីមួយៗ គេហដ្ឋាននីមួយៗ ដណ្តើមយកទ្រូងផ្លូវដើម្បីចតយានជំនិះខ្លួនឯង។
ទី៧ ខ្សែភ្លើងមហាសែនរញ៉េរញ៉ៃ។
ទី៨ និយាយជារួម ទីក្រុងភ្នំពេញនៅកខ្វក់នៅឡើយ (Not clean yet)។
ទី៩ ផ្លូវក្នុងក្រុងជួសជុលហើយខូចទៅវិញ
ទី១០ ពលរដ្ឋមួយចំនួនគ្មានសតិសម្បជញ្ញៈក្នុងការលើកសោភ័ណភាពទីក្រុង។
តែទោះជាយ៉ាងណា ភ្នំពេញអាចត្រូវបានគេចាត់ទុកថា ជាទីក្រុងដែលមានសុវត្ថិភាពសន្តិសុខគ្រាន់បើជាងទីក្រុងមួយចំនួនធំនៅលើពិភពលោក៕