consruction

របាយ​ការណ៍ WB បង្ហាញ​ថា ការ​អភិវឌ្ឍ​ទីក្រុង​នៅ​កម្ពុជា​បង្កើន​គម្លាត​កាន់​តែ​ធំ​រវាង​អ្នក​មាន និង​អ្នក​ក្រ

ធនាគារពិភពលោក (WB) បានថ្លែងថា ប្រសិនបើគ្មានគម្រោងអភិវឌ្ឍន៍ទីក្រុងល្អប្រសើរជាងមុនទេនោះកម្ពុជានឹងជួបបញ្ហាគម្លាតរវាង អ្នកមាន និងអ្នកក្រកាន់តែធំ។

នៅក្នុងរបាយការណ៍មួយដែល មានចំណងជើងថា «បង្កើនឱកាសសម្រាប់ប្រជាជនក្រីក្រនៅទីប្រជុំជន» ធនាគារពិភពលោកបានរៀបរាប់ថា ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ និងការការពារសង្គមកិច្ចត្រូវតែបង្កើន និងពង្រឹងឲ្យបានកាន់តែល្អប្រសើរថែមទៀត ព្រមទាំងបង្កើនមុខរបរសម្រាប់ប្រជាជនរស់នៅទីក្រុងផងដែរ។ ជាមួយនឹងការកត់សម្គាល់ឃើញថា តំបន់អាស៊ីប៉ាស៊ីហ្វិក បូព៌ា កំពុងតែមានការអភិវឌ្ឍនៅតំបន់ទីក្រុងយ៉ាងឆាប់រហ័ស (ក៏ដូចជាក្នុងប្រវត្តិសាស្ត្រផងដែរ) របាយការណ៍នេះបានបង្ហាញថា អត្រាកំណើន៣ភាគរយ នាបច្ចុប្បន្នលើការអភិវឌ្ឍទីក្រុង គឺកំពុងតែចោទជាបញ្ហាដែលត្រូវការដំណោះស្រាយជាបន្ទាន់។

ដោយសម្គាល់ឃើញថា តំបន់នេះមានប្រជាជនក្រីក្រសរុបច្រើនជាងគេបង្អស់នៅលើពិភពលោក គឺរហូតដល់២៥០លាននាក់របាយការណ៍នេះបានបន្តថា ប្រជាជនក្រីក្រក្នុងតំបន់ប្រជុំជនទាំងនេះជួបនឹងបញ្ហាកង្វះអនាម័យ និងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់។ តំបន់ប្រជាជនក្រីក្រក្នុងតំបន់ប្រជុំជនភាគច្រើនស្ថិតនៅទីតាំងដែលងាយរងគ្រោះ ទឹកជំនន់ និងគ្រោះ ធម្មជាតិ ដែលធ្វើឲ្យប្រជាជនជាច្រើនងាយនឹងរងផលប៉ះពាល់។

ប្រសិនបើប្រទេសនានាក្នុងតំបន់នេះមិនផ្តល់ដំណោះស្រាយដែលល្អជាងនេះទៅដល់ប្រជាជនក្រីក្រទេនោះ ពួកគេនឹងធ្វើឲ្យប៉ះពាល់ដល់ការលូតលាស់សេដ្ឋកិច្ចជាមិនខាន។ ក្នុងផ្នែកខ្លះនៃតំបន់អាស៊ីបូព៌ាប្រជាជនភាគច្រើនចំណាយប្រាក់ខែរបស់ពួកគេដល់ ទៅ១ភាគ៣ លើការធ្វើដំណើរ។

លោក Victoria Kwakwa ជាអគ្គនាយករងប្រចាំតំបន់អាស៊ីខាងកើត និងអាស៊ីប៉ាស៊ីហ្វិក បានថ្លែងថា ៖ «ទីក្រុងនានាក្នុងតំបន់អាស៊ីបូព៌ាបានបង្ហាញនូវភាពលូតលាស់យ៉ាងខ្លាំងនៅក្នុងតំបន់នេះ។ ឧបសគ្គរបស់យើងដែលត្រូវដោះស្រាយ គឺការផ្តល់នូវឱកាសបន្ថែមទៀតទៅដល់អ្នករស់នៅទីក្រុងទាំងអស់រាប់ទាំងប្រជាជនចំណាកស្រុកមករស់នៅតាមជាយក្រុង និងកម្មកររោងចក្រ ដែលជួបការលំបាកក្នុងការបង់ថ្លៃឈ្នួលផ្ទះដើម្បីជួយឲ្យពួកគេអាចទទួលបានអត្ថប្រយោជន៍កាន់តែច្រើនពីការអភិវឌ្ឍទីក្រុងនិងជួយឲ្យការរីកលូតលាស់របស់សេដ្ឋកិច្ចកាន់តែល្អប្រសើរ»។

អត្រាការអភិវឌ្ឍនៃទីក្រុងរបស់ប្រទេសកម្ពុជា មានកំណើន ២,៦ភាគរយ ដែលជាតួលេខកំណើនយ៉ាងឆាប់រហ័សតែមិនទាន់រហ័សដល់កំណើនប្រចាំតំបន់ដែលមានចំនួនដល់ទៅ៣ភាគរយ។ យ៉ាងណាមិញរបាយការណ៍នេះក៏បានសរសេរថា ដង់ស៊ីតេប្រជាជនក្នុងទីក្រុងរបស់ប្រទេសនេះមានចំនួនកើនឡើងខ្ពស់ផងដែរ។ ជាមួយនឹងចំនួនប្រជាជន៨៦០០នាក់ក្នុង១គីឡូម៉ែត្រការ៉េ នេះគឺជាចំនួនកើនឡើងទ្វេដងបើធៀបនឹងដង់ស៊ីតេប្រទេសឡាវដែលមានចំនួនត្រឹមតែ៣៦០០នាក់ក្នុង១គីឡូម៉ែត្រការ៉េ។

«កំណើននៃការអភិវឌ្ឍយ៉ាងឆាប់រហ័សនេះជាឧបសគ្គផង និងជាឱកាសផងដែរ» នេះបើតាមសម្តីអ្នកនាង Judy Baker អ្នកជំនាញជាន់ខ្ពស់ផ្នែកអភិវឌ្ឍន៍ទីក្រុងរបស់ធនាគារពិភពលោក។ អ្នកនាងបានរៀបរាប់នូវអ្វីដែលត្រូវធ្វើដូចជា ៖ «ការផ្តល់ជូនប្រជាជនក្រីក្រនូវសេវាមធ្យោបាយធ្វើដំណើរ ដែលមានតម្លៃទាប ឬផ្ទះតម្លៃទាបដូច្នេះពួកគេអាចជួយឲ្យកុមារៗទទួលបានការសិក្សា។ ត្រូវធានាថា កម្មវិធីការពារសង្គមកិច្ចត្រូវបានរៀបចំដើម្បីជួយគ្រួសារនានាឲ្យមានលទ្ធភាពរស់នៅក្នុងពេលវេលាលំបាកដូចជាក្រោយពេលមានគ្រោះធម្មជាតិជាដើម។

ដំណោះស្រាយសម្រាប់ការលូតលាស់នៃការអភិវឌ្ឃទីក្រុងមិនអាចមានតែមួយ ហើយដោះស្រាយបានគ្រប់ឧបសគ្គនោះទេ ប៉ុន្តែពួកគេត្រូវតែអាចអនុវត្តជាក់ស្តែងបាន និងមានភាពចាំបាច់សម្រាប់ជាប្រយោជន៍រួម»។

ទីក្រុងធំៗចំនួន៦ក្នុងចំណោម១០លើពិភពលោក គឺស្ថិតនៅអាស៊ីបូព៌ា ប៉ុន្តែវាជាទីក្រុងលំដាប់ទី២ ដែលជួបបញ្ហាភាពក្រីក្រក្នុងទីក្រុងកាន់តែពិបាកនេះបើយោងតាមរបាយការណ៍នេះ។ ទីក្រុង និងតំបន់ប្រជុំជនធំៗនៅកម្ពុជា គឺទីក្រុងភ្នំពេញ ដែលមានប្រជាជនរស់នៅដល់ទៅ១,៦លាននាក់ ខណៈខេត្តសៀមរាប ២៦៤០០០នាក់ និង២២៩០០០នាក់នៅខេត្តបាត់ដំបង។

ប្រជាជន៨០ភាគរយ រស់នៅទីជនបទ ដែលជាចំនួនសមាមាត្រដ៏ទាបបំផុតក្នុងតំបន់នេះ។ បើទោះជាយ៉ាងណាកម្ពុជាកំពុងតែបោះជំហានទៅមុខលើការអភិវឌ្ឍទីក្រុងយ៉ាងឆាប់រហ័សដែលធ្វើឲ្យគម្រោងយុទ្ធសាស្ត្រអភិវឌ្ឍន៍ទីក្រុងបានល្អប្រសើរ និងមានសារៈសំខាន់។ របាយការណ៍នេះក៏បានរិះគន់លើការអភិវឌ្ឍនេះ ថា ៖ «កន្លែងណាដែលមានការអភិវឌ្ឍទីក្រុងទីនោះនឹងក្លាយជាតំបន់មួយមិនមានគម្រោងច្បាស់លាស់ និងពុំមានច្បាប់គ្រប់គ្រងត្រឹមត្រូវទេ។ ជាលទ្ធផលទីក្រុងភ្នំពេញ បានជួបនូវកំណើនបញ្ហាស្ទះចរាចរណ៍ ទឹកលិចផ្លូវ និងសំណង់អនាធិបតេយ្យព្រមទាំងប្រជាជនក្រីក្រច្រើនផងដែរ។

«ប្រសិនបើគ្មានការអន្តរាគមន៍ល្អលើបញ្ហានោះទេកម្ពុជានឹង នៅតែបន្តជួបបញ្ហាកាន់តែធំ និងគម្លាតសេដ្ឋកិច្ចនៅក្នុងទីក្រុងនេះ»។

ប្រជាជនដែលងាយរងផលប៉ះពាល់បំផុតនៅកម្ពុជាគឺស្ត្រី។ តួលេខផ្លូវការចុងក្រោយបង្អស់របស់ប្រទេសកម្ពុជា ក្នុងឆ្នាំ២០០៨ បានរកឃើញថា មានចំនួន១ ភាគ៤ នៃមេផ្ទះនៅកម្ពុជាទាំងអស់ជាស្ត្រីនៃតួលេខនេះ គឺបានកើនឡើងដល់ទៅ៣៨ភាគរយ ក្នុងសហគមន៍ក្រីក្រក្នុងតំបន់ប្រជុំជន។ របាយការណ៍នេះក៏បានលើកឡើងពីការសិក្សាថ្មីៗចំនួន២ និងបង្ហាញថា សមមាត្រនៃចំនួនប្រជាជនក្រីក្រក្នុងទីក្រុងភ្នំពេញ មានចំនួនជិត៣០ភាគរយ ដែលជាចំនួនលើសពីតួលេខលើកឡើងជាផ្លូវការរបស់រដ្ឋាភិបាលគឺមានត្រឹមតែ១២,៨០ភាគរយប៉ុណ្ណោះ។

ការសិក្សាទាំង២ស្តីអំពីភាពក្រីក្រដែលបានបញ្ចប់ក្នុងឆ្នាំ២០១២ និង២០១៤ ក៏បានរកឃើញថា ៖ ស្ទើរតែ១ភាគ៤នៃមេផ្ទះសរុបនៅកម្ពុជាមានកូនៗដែលងាយនឹងរងគ្រោះ(ដូចជាក្មេងកំព្រា ក្មេងដែលត្រូវឪពុកម្តាយបោះបង់ចោល ឬក្មេងពិការ)។ ១ភាគ៥មានសមាជិកគ្រួសារដែលមានជំងឺប្រចាំកាយ។

ប្រជាជននៅក្នុងសហគមន៍ក្រីក្រក្នុងតំបន់ប្រជុំជនភាគច្រើនបានទទួលការងារដែលមានជំនាញទាបខណៈ៦០ភាគរយនៃមេផ្ទះសរុបរកចំណូលបានតិចជាង៧៥ដុល្លារក្នុង១ខែ។

ប្រជាជនច្រើនជាង២ភាគ៣ ដែលក្រីក្រ និងរស់នៅតំបន់ប្រជុំជនជួបបញ្ហាជំពាក់បំណុល ដែលមានបន្ទុកបង់ប្រាក់បង់រំលស់ «ដែលជាចំណែកនៃការចំណាយប្រចាំខែដ៏ធំមួយ»។ ហើយការបង់ប្រាក់នេះភាគច្រើនគឺរំលស់តែការប្រាក់ប៉ុណ្ណោះជាជាងការរំលស់ដើម។

របាយការណ៍នេះក៏បានលម្អិតអំពីស្ថានភាពក្នុងទីក្រុងភ្នំពេញ ស្តីអំពីតំបន់អនាធិបតេយ្យ និងផ្ទះក្នុងទីក្រុង។ «ចាប់តាំងពីឆ្នាំ១៩៨០មក ការគ្រប់គ្រងផ្នែករដ្ឋបាលរបស់ប្រទេសកម្ពុជា បានរកឃើញសហគមន៍ក្រីក្រក្នុងតំបន់ប្រជុំជនផ្សេងៗចំនួន៥១៦កន្លែង។ ទីតាំងស្រដៀងៗគ្នានេះ គឺស្ថិតនៅបណ្តោយហេដ្ឋារចនាសម្ព័ន្ធធំៗ និងខ្សែមធ្យោបាយធ្វើដំណើរទាំងក្នុង និងក្រៅទីក្រុងរួមទាំងផ្លូវធំៗផ្លូវរថភ្លើង និងតាមប្រព័ន្ធលូផងដែរ។

«កន្លែងទាំងនេះភាគច្រើនជាដីរបស់រដ្ឋដែលម្ចាស់ផ្ទះបានសង់ផ្ទះមួយបន្ទប់សម្រាប់រស់នៅ។ ផ្ទះទាំងនេះត្រូវបានសង់នៅតំបន់ដែលងាយប្រឈមនឹងទឹកជំនន់»។

ខណៈដែលរដ្ឋាភិបាលបានធានាថា ប្រជាជនភាគច្រើនក្នុងទីក្រុងភ្នំពេញ មានផ្លូវថ្នល់សម្រាប់ធ្វើដំណើរប្រមាណ៩៦ភាគរយ, អគ្គីសនីមាន៩២ភាគរយ និងទឹកមាន៨៥ភាគរយ ប្រព័ន្ធលូ និងប្រព័ន្ធប្រមូលសំរាម ដែលមានប្រជាជនប្រមាណ៧២ភាគរយ និង៦០ភាគរយបានទទួលសេវាកម្មនេះ។

របាយការណ៍នេះបន្ត ៖ «ច្រើន ជាងនេះការយល់ដឹងអំពីបញ្ហាអនាម័យ និងបរិស្ថាននៅមានកម្រិតទាបនៅឡើយ ក្នុងបណ្តាសហគមន៍ក្រីក្រ និងមានទឹកកខ្វក់ ព្រមទាំងអនាម័យបរិស្ថាន ដែលនៅតែជាបញ្ហាចោទឡើងក្នុងតំបន់ក្រីក្រ»។ ការសាងសង់«ទីក្រុងរណបដែលមានឯករាជ្យភាព» ក្នុងតំបន់នានាជុំវិញទីក្រុង ក៏បង្កជាបញ្ហាកំពុងតែធ្វើឲ្យមានការបែងចែកភាពអវិជ្ជមានរវាងអ្នកមាន និងអ្នកក្រ។

របាយការណ៍នេះក៏បានសន្និដ្ឋានទៀតថា៖ «ប្រសិនបើគ្មានការជំរុញលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទីក្រុង ភ្នំពេញ កំពុងតែប្រថុយប្រថានដោយសារតែការអភិវឌ្ឍផ្តោតសំខាន់លើតែអ្នកមានទ្រព្យ។ បច្ចុប្បន្នទីក្រុងរណបទាំងនេះមិនត្រូវបានរួមបញ្ចូលក្នុងគម្រោងអភិវឌ្ឍន៍ហើយមិនបានរៀបចំហេដ្ឋារចនាសម្ព័ន្ធត្រឹមត្រូវដើម្បីឲ្យស៊ីចង្វាក់គ្នានឹងតំបន់ជិតខាងនោះទេ»។

មានការផ្តួចផ្តើមខ្លះត្រូវបានអនុវត្តដើម្បីជួយដល់ប្រជាជនខ្មែរ ដែលក្រីក្ររស់នៅតាមទីក្រុង។ មូលនិធិអភិវឌ្ឍន៍ភាពក្រីក្រតាមតំបន់ជាយក្រុងបានជួយដល់ប្រជាជនជាច្រើនពាន់នាក់ និងបានផ្តល់នូវប្រាក់កម្ចីជាមួយអត្រាការប្រាក់ទាបដល់ប្រជាជនក្រីក្រនៅតំបន់ប្រជាជនព្រមទាំងការវិនិយោគមួយចំនួនទៅលើហេដ្ឋារចនាសម្ព័ន្ធ។ ទោះជាយ៉ាងណារបាយការណ៍នេះក៏ទទួលស្គាល់ថា មានរឿងជាច្រើនទៀតដែលត្រូវធ្វើ៕

 

ប្រភព៖ Postkhmer

Leave a Reply