របាយការណ៍​ធនាគារ​ពិភព​លោក​បង្ហាញ​ភាព​ប្រឈម​ច្រើន​ពី​ការ​អភិវឌ្ឍ​ទីក្រុង​ក្នុង​រាជធានី​ភ្នំពេញ
Posted On : ធ្នូ, 21, 2017 | By Vantha

ធនាគារពិភពលោកនៅថ្ងៃទី២០ខែធ្នូនេះ បានចេញរបាយការណ៍មួយ ស្តីពីការអភិវឌ្ឍទីក្រុង ក្នុងរាជធានីភ្នំពេញ។ ការចេញរបាយការណ៍របស់ធនាគារពិភពលោកនៅពេលនេះ បានធ្វើឡើងបន្ទាប់ពីមានការសិក្សាបង្ហាញថា ទីក្រុងភ្នំពេញមានបញ្ហាប្រឈមមួយចំនួន ដូចជាបញ្ហាស្ថាប័ននិងអភិបាលកិច្ច កង្វះខាតបទដ្ឋានគតិយុទ្ធ និងផែនការពង្រឹងការអភិវឌ្ឍទីក្រុង ប្រកបដោយការគិតគូរគ្រប់ជ្រុងជ្រោយ។

នៅក្នុងសេចក្តីថ្លែងរបស់ខ្លួននៅថ្ងៃនេះ ធនាគារពិភពលោកប្រចាំនៅកម្ពុជា បានលើកឡើងពីការសិក្សាថ្មីមួយស្តីពីការអភិវឌ្ឍទីក្រុងនៅរាជធានីភ្នំពេញថា ការរីកលូតលាស់ដ៏ឆាប់រហ័សនៃក្រុងភ្នំពេញក្នុងរយៈពេល១០ឆ្នាំកន្លងមក បានរួមចំណែកក្នុងការបង្កើនឱកាសការងារនិងកាត់បន្ថយភាពក្រីក្រ។ ក៏ប៉ុន្តែការផ្តោតការយកចិត្តទុកដាក់ការលើកកម្ពស់ផែនការ ការគ្រប់គ្រងនិងហេដ្ឋារចនាសម្ព័ន្ធនៃទីក្រុង គឺត្រូវការជាចាំបាច់ ដើម្បីចៀសវាងការរីករាលដាលនៃភាពគ្មានសណ្តាប់ធ្នាប់ ការកកស្ទះចរាចរណ៍ និងការបំពុលផ្សេង។

របាយការណ៍ដដែលលើកឡើងថា មានភាពប្រឈមជាច្រើន ក្នុងការផ្តល់សេវាកម្មជាមូលដ្ឋាន ដែលរួមមាន ប្រព័ន្ធបង្ហូរទឹកស្អុយ ស្ថានីយ៍កែច្នៃទឹកស្អុយ សេវាដឹកជញ្ជូនសាធារណៈ និងការគ្រប់គ្រងកាកសំណល់រឹង។ ធនាគារពិភពលោកក៏បានកត់សម្គាល់ដែរថា ការគ្រប់គ្រងនិងការផ្តល់ហិរញ្ញប្បទានលើការរៀបចំក្រុង ការពង្រឹងអភិបាលកិច្ចនិងការផ្តល់សេវាកម្មក៏ជួបបញ្ហាប្រឈមដែរ។ ទោះបីជាមានដំណើរការរៀបចំក្រុងដែលមានស្រាប់ក៏ដោយ ក៏ការផ្តល់ហិរញ្ញប្បទាននិងសមត្ថភាពបច្ចេកទេស ជាញឹកញាប់បង្កនូវឧបសគ្គជាច្រើនដល់ផែនការអភិវឌ្ឍទីក្រុង និងផែនការប្រើប្រាស់ដី ជាពិសេសនៅថ្នាក់ខណ្ឌ និងសង្កាត់។

លោកស្រី Inguna Dobraja នាយិការគ្រប់គ្រងធនាគារពិភពលោកប្រចាំនៅកម្ពុជា បានថ្លែងថា រាជធានីភ្នំពេញប្រឈមនឹងឱកាសដ៏សំខាន់មួយក្នុងការកែខៃទីក្រុងជាវិជ្ជមានសម្រាប់អនាគតរបស់ខ្លួន ការបង្កើតការងារឲ្យបានច្រើនថែមទៀត និងការបង្កលទ្ធភាពឲ្យមានសេវាកម្ម កាន់ តែប្រសើរជាងមុន។

ជាមួយគ្នានេះ ធនាគារពិភពលោកតាមរយៈរបាយការណ៍របស់ខ្លួន ក៏បានផ្តល់ជាអនុសាសន៍ចំនួន៤ចំណុចដែរ ក្នុងនោះគឺត្រូវកែលម្អស្ថាប័ននិងអភិបាលកិច្ចដើម្បីឲ្យទីក្រុងអាចអភិវឌ្ឍន៍ទៅបានប្រកបដោយភាពសុខដុមនិងមានប្រសិទ្ធភាពជាងមុន។ ត្រូវកែលម្អផែនការរៀបចំទីក្រុងនិងពង្រឹងផែនការរៀបចំទីក្រុងដែលមានស្រាប់។ ត្រូវវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធទីក្រុងប្រកបដោយនិរន្តរភាព ដើម្បីលើកកម្ពស់កំរិតជីវភាពរស់នៅនិងការប្រកួតប្រជែង និងត្រូវធានា ការរៀបចំទីក្រុងដោយមានការគិតគូរឲ្យបានគ្រប់ជ្រុងជ្រោយដើម្បីចៀសវាងវិសមភាព៕

ប្រភព៖ RFI

សំឡេងទីក្រុង!

សំឡេងទីក្រុង!